ក្រុម​យុវជន​ចង់​ឲ្យ​លោក ហ៊ុន សែន ចំណាយ​ពេល​អាន​សៀវភៅ​ទស្សនទាន​បណ្ឌិត កែម ឡី

ដោយ ថា កិត្យា
2016.10.16
សៀវភៅ កែម ឡី ៨៥៥ ពលរដ្ឋ​អាន​សៀវភៅ​ដែល​ចងក្រង​អំពី​ទស្សនៈ​របស់​បណ្ឌិត កែម ឡី ឈ្មោះ "អ្នក​រូត​វាំងនន​សង្គម" នៅ​វត្ត​ចាស់ ក្នុង​សង្កាត់​ជ្រោយចង្វារ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៦។
RFA/Cheu Sideth

ក្រុម​អ្នក​ចងក្រង​សៀវភៅ​ទស្សនទាន​លោក​បណ្ឌិត កែម ឡី អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​អ្នក​នយោបាយ ជាពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែ​ម្តង គួរ​តែ​ចំណាយ​ពេល​អាន​សៀវភៅ​ទស្សនទាន​លោក​បណ្ឌិត កែម ឡី ទាំង​ពីរ​ភាគ។ ពួក​គេ​ថា សៀវភៅ​នេះ​មាន​យុទ្ធសាស្ត្រ​ល្អៗ​សម្រាប់​ចូលរួម​ដោះស្រាយ​បញ្ហា​សង្គម​ជាតិ។

មូលហេតុ​ដែល​ក្រុម​យុវជន​ប្រាថ្នា​ចង់​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​អ្នក​ដឹកនាំ​ប្រទេស​អាន​សៀវភៅ​ទស្សនទាន​លោក​បណ្ឌិត កែម ឡី នោះ ព្រោះ​ពួក​គេ​យល់​ថា សៀវភៅ​នេះ​ឆ្លុះ​បញ្ចាំង​ពី​តថភាព​សង្គម​កម្ពុជា ពិត​ជាក់ស្ដែង និង​បង្ហាញ​ពី​ដំណោះស្រាយ​បញ្ហា​ក្នុង​សង្គម​ទៀត​ផង។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ជា​សមាជិក​ក្រុម​ចងក្រង​សៀវភៅ គឺ​លោក មួង សូនី និយាយ​ថា គំនិត​ទស្សនទាន​លោក​បណ្ឌិត កែម ឡី នៅ​ក្នុង​សៀវភៅ​នេះ ពិត​ជា​មាន​តម្លៃ និង​មាន​ខ្លឹមសារ​ល្អ​ណាស់​សម្រាប់​ឲ្យ​សាធារណជន ក៏ដូចជា​អ្នក​នយោបាយ ជាពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន យក​ទៅ​សិក្សា​ស្វែងយល់​ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម«សូម​អំពាវនាវ​ទៅ​ដល់​មិន​ថា​គណបក្ស​នយោបាយ តំណាង​រាស្ត្រ​ក្នុង​សភា ជាពិសេស​នាយក​រដ្ឋមន្ត្រី​យើង​តែ​ម្តង និង​រដ្ឋមន្ត្រី​តាម​ក្រសួង​នានា បើ​គាត់​បាន​អាន​សៀវភៅ​នេះ នឹង​ដឹង​អំពី​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ព្រោះ​សៀវភៅ​នេះ​និយាយ​ពី​តថភាព​ក្នុង​សង្គម ស្ថានភាព​ក្នុង​សង្គម ហើយ​មាន​ដំណោះស្រាយ​ទាំងអស់​រាល់​ការ​អភិវឌ្ឍ​ជាតិ»

លោក មួង សូនី បន្ថែម​ថា បើ​ក្រសួង ឬ​ស្ថាប័ន​រដ្ឋាភិបាល​ត្រូវ​ការ​សៀវភៅ​ទាំង​ពីរ​ភាគ​នេះ លោក​នឹង​ចំណាយ​ថវិកា​បោះពុម្ព​សៀវភៅ​ជូន​ដោយ​មិន​គិត​ថ្លៃ​ឡើយ។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ទេ​នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា ដោយសារ​ទូរស័ព្ទ​មិន​អាច​ទំនាក់ទំនង​បាន។

សៀវភៅ​ទស្សនទាន​លោក​បណ្ឌិត កែម ឡី ចែក​ចេញ​ជា​ពីរ​ភាគ ដោយ​ភាគ​ទី​១ មាន​ចំណង​ជើង​ថា "អ្នក​រូត​វាំងនន​សង្គម" និង​ភាគ​ទី​២ គឺ "ទស្សនៈ​សង្គម និង​នយោបាយ" ដែល​កត់ត្រា​ទុក​អំពី​ទស្សនទាន​របស់​បណ្ឌិត កែម ឡី ជុំវិញ​បញ្ហា​នយោបាយ សេដ្ឋកិច្ច និង​សង្គមកិច្ច ការ​អប់រំ បរិស្ថាន ធម្មជាតិ បូរណភាព​ទឹកដី ជាដើម។

ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នៃ​ពិធី​បុណ្យ​ខួប ១០០​ថ្ងៃ​ជូន​លោក​បណ្ឌិត កែម ឡី នៅ​វត្ត​ចាស់ រាជធានី​ភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៥ ខែ​តុលា គឺ​ក្រុម​យុវជន​បាន​លក់​សៀវភៅ​អស់​ចំនួន ៦.៥០០​ក្បាល។

រីឯ​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី សង្កេត​ឃើញ​ថា ចរិត​អ្នក​នយោបាយ ជាពិសេស​អ្នក​ដឹកនាំ​ខ្មែរ​បច្ចុប្បន្ន ហាក់​ដូចជា​មិន​សូវ​ទទួល​យក​មតិ ឬ​គំនិត​ពី​ខាង​ក្រៅ​ឡើយ។ លោក មាស នី បន្ត​ថា ថ្វីត្បិតតែ​គំនិត​របស់​លោក កែម ឡី មិន​ត្រឹមត្រូវ​ទាំងអស់​ក្តី ប៉ុន្តែ​មាន​គំនិត​ភាគច្រើន​ល្អ​ត្រឹមត្រូវ ដែល​រដ្ឋាភិបាល​គួរ​តែ​យក​ទៅ​សិក្សា​ពិចារណា​សម្រាប់​ដោះស្រាយ​បញ្ហា​សង្គម​ក្នុង​ពេល​បច្ចុប្បន្ន និង​អនាគត«រាល់​ចំណុច​ទាំងអស់​ដែល​លោក កែម ឡី លើក​យក​មក​ហ្នឹង វា​មិន​មែន​ជា​រឿង​ដែល​យក​មក​បំផ្លើស​ពីណាៗ​មក​ទេ គឺ​ជា​រឿង​ដែល​គាត់​ចុះ​ទៅ​ជួប​ជាមួយ​ប្រជាពលរដ្ឋ ជួប​ជាមួយ​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ សូម្បី​មន្ត្រី​រដ្ឋាភិបាល​ក៏​មាន​ការ​ពិភាក្សា​ទៅ​តាម​ជំនាញ​អី​ដែរ។ អ៊ីចឹង​ទៅ ចំណុច​ទាំងនេះ គឺ​ជា​កញ្ចប់​សម្រាប់​ឆ្លុះ​បញ្ចាំង​ទៅ​លើ​ស្ថានភាព​ពិត​នៃ​សង្គម​សេដ្ឋកិច្ច នយោបាយ​ខ្មែរ​បច្ចុប្បន្ន»

ក្រោយ​ពី​ប្រមូល​ចងក្រង​គំនិត និង​ស្នាដៃ​របស់​លោក​បណ្ឌិត កែម ឡី ឲ្យ​ចេញ​ជា​សៀវភៅ​ហើយ​នោះ គឺ​ក្រុម​អ្នក​ចងក្រង នឹង​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​ការ​សិក្សា​ស្រាវជ្រាវ​ទាំងឡាយ​របស់​បណ្ឌិត កែម ឡី ដែល​លោក​ធ្លាប់​បាន​ធ្វើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​ស្ថាប័ន​រដ្ឋ​ដើម្បី​ទុក​ជា​ឯកសារ​រឹងមាំ​សម្រាប់​អ្នក​ចង់​សិក្សា​ស្វែងយល់​អំពី​បញ្ហា​នានា​ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា និង​ដឹង​អំពី​ដំណោះស្រាយ​បញ្ហា​ទាំងអស់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។