មន្ត្រី​ពន្ធនាគារ​បញ្ជូន​សមាជិក​ខ្មែរ​ថាវរៈ កញ្ញា សូ មេត្តា មក​ពិនិត្យ​របួស​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី

ដោយ ហេង រស្មី
2020.11.27
សូ មេត្តា កញ្ញា សូ មេត្តា សមាជិក​យុវជន​ខ្មែរ​ថាវរៈ ពេល​ធ្វើ​បាតុកម្ម​នៅ​រាជធានី​ភ្នំពេញ មុន​ពេល​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី៧ ខែ​កញ្ញា ឆ្នាំ២០២០ និង​ខាង​ស្ដាំ ថត​នៅ​ពេល​ហែ​ក្បួន​តវ៉ា កាល​ពី​ខែ​កក្កដា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក

អាជ្ញាធរ​ពន្ធនាគារ​បញ្ជូន​សមាជិក​យុវជន​ខ្មែរ​ថាវរៈ កញ្ញា សូ មេត្តា ទៅ​ព្យាបាលរ​បួស​នៅ​មន្ទីរពេទ្យ​រុស្ស៊ី នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា​នេះ ក្រោយពេល​យុវជន​រូប​នេះ​ដួល​នៅ​ក្នុង​បន្ទប់ទឹក​ពន្ធនាគារ របួស​ជើង​រលាត់​ដល់​ឆ្អឹង​។ ប្អូនស្រី​កញ្ញា សូ មេត្តា អះអាង​ថា បងស្រី​របស់​ខ្លួន​ដួល និង​រង​ការឈឺចាប់ តាំងពី​ថ្ងៃ​ទី​១៦ វិច្ឆិកា មក​ម្ល៉េះ ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ​មិន​បាន​បញ្ជូន​មក​មន្ទីរ​ពេទ្យ​ភ្លាមៗ​នោះ​ទេ ដោយ​ទុក​រហូត​នាង​មាន​អាការៈ​ធ្ងន់ធ្ងរ​។ មន្ត្រី​សិទ្ធិមនុស្ស​យល់ថា មន្ត្រី​ពន្ធនាគារ​មិន​គួរ​យឺតយ៉ាវ​ក្នុង​ការ​បញ្ជូន​អ្នក​ជាប់ឃុំ​មក​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាង​ក្រៅ​បែប​នេះ​ទេ។

ប្អូនស្រី​កញ្ញា សូ មេត្តា គឺ​កញ្ញា អេង វ៉ាន់ឌី ឲ្យ​អាស៊ីសេរី​ដឹង​ថា បងស្រី​របស់​នាង​បាន​រអិលដួល​ក្នុង​បន្ទប់ទឹក ប៉ះទង្គិច​ជើង បណ្ដាល​ឲ្យ​របួស​ជ្រៅ​ដល់​ឆ្អឹង ជាច្រើន​ថ្ងៃ​មក​ហើយ​។ កញ្ញា​ថា គ្រូពេទ្យ​នៅ​ក្នុង​ពន្ធនាគារ​បាន​ដេរ​របួស​ជើង​ឱ្យ​កញ្ញា សូ មេត្តា ដោយ​មិនបាន​ចាក់​ថ្នាំស្ពឹក​នោះ​ទេ ធ្វើ​ឱ្យ​បងស្រី​នាង​ឈឺចាប់​មុខរបួស​ជា​ខ្លាំង រហូត​ហូរ​ទឹកភ្នែក និង​គេង​ពុំ​លក់​នោះ​ទេ​។ កញ្ញា​បន្ត​ថា នៅ​ពន្ធនាគារ​ពុំ​មាន​ថ្នាំ​គ្រប់គ្រាន់​ផ្ដល់​ឲ្យ​បងស្រី​នាង ដើម្បី​លេប​បំបាត់​ការឈឺចាប់​ឡើយ ហើយ​មន្ត្រី​ពន្ធនាគារ​ទៀតសោត​ក៏​មិនសូវ​អើពើ​នឹង​អាការៈ​របួស​របស់​កញ្ញា សូ មេត្តា ដែរ ដោយ​ទុក រហូត​ជើង​របស់​នាង​ឡើង​ហើម មាន​ខ្ទុះ​នៅ​តាម​មុខរបួស ហើយ​ដើរ​មិន​រួច ទើប​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ក្រៅ​ពន្ធនាគារ។

កញ្ញា អេង វ៉ាន់ឌី លើកឡើង​ទៀត​ថា កញ្ញា​បាន​ទៅ​សួរសុខទុក្ខ​បងស្រី​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី ដោយ​មាន​មន្ត្រី​ពន្ធនាគារ​យាមកាម​យ៉ាង​តឹងរ៉ឹង​។ កញ្ញា​បន្ថែម​ថា កញ្ញា​អាណិត​បងស្រី​ជា​ខ្លាំង នៅ​ពេល​ឃើញ​បងស្រី​មាន​សភាព​ស្លេកស្លាំង ជើង​មាន​របួស ហើយ​ស្គម​ជាង​មុន និង​មាន​កន្ទួល​រមាស់​លើ​ផ្ទៃមុខ និង​ដង​ខ្លួន៖ «គាត់​ក៏​ព្យាយាម​សួរ​ពេទ្យ​ថា គាត់​បាន​មុត​ដល់​ឆ្អឹង ហើយ​ទៅ​គាត់​ខ្លាច​ប៉ះពាល់​ដល់​សរសៃ​គាត់​អញ្ចឹង ហើយ​ទៅ​ពេទ្យ​ដូច​អត់​មាន​ប្រាប់​ដល់​គាត់​ក្បោះក្បាយ​អ៊ីចឹង​។ គ្រាន់តែ​ថា អត់​អី​ទេ អាការៈ​ហ្នឹង​វា​អត់​សូវ​អី​ទេ ចាំ​ព្យាបាល​ទៅជា​ហើយ គាត់​អត់​ប្រាប់​ដិត​ដល់ៗ​បង​ខ្ញុំ​ទេ​។ អ៊ីចឹង​បង​ខ្ញុំ​បារម្ភ​ខ្លាំង​ណាស់​បង។ ជើង​គាត់​ហ្នឹង​ឥឡូវ​ដើរ​អត់​រួច​ទេ ទាល់តែ​គេ​គ្រា​ម្នាក់ ឬក៏​២​នាក់​អី​ហើយ ទៅ​ការ​មើលថែ​គាត់​ក៏​អត់​សូវ​ដិតដល់​ដែរ​បង»

មន្ត្រី​ពន្ធនាគារ​បាន​បញ្ជូន​កញ្ញា សូ មេត្តា ត្រឡប់​ទៅ​មន្ទីរ​ឃុំឃាំង​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ វិច្ឆិកា​ដដែល ក្រោយ​ក្រុម​គ្រូពេទ្យ​ពិនិត្យ និង​ឆ្លុះ​មើល​ជើង​របស់​នាង​រួច ដោយ​មិន​អនុញ្ញាត​ឲ្យ​សម្រាក​ព្យាបាល​នោះ​ទេ។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​លោក នុត សាវនា បញ្ជាក់​ថា ការ​មិន​អនុញ្ញាត​ឱ្យ​សម្រាក​ព្យាបាល​នេះ គឺ​ដោយសារ​អាការៈ​របួស​របស់​កញ្ញា សូ មេត្តា ពុំ​មាន​សភាព​ធ្ងន់ធ្ងរ​ដែល​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នោះ​ទេ៖ «​ពេទ្យ​នៅ​ប៉ុស្តិ៍​សុខភាព​យើង​ហ្នឹង​គឺ​បាន​ជួយ​ពិនិត្យ​ព្យាបាល​គាត់​នៅ​ប៉ុស្តិ៍​ហ្នឹង តែ​គាត់​ខ្លួនឯង​គាត់​ស្នើសុំ​ទៅ​ពិនិត្យ​ព្យាបាល​នៅ​ខាង​ពេទ្យ​ខាងក្រៅ អ៊ីចឹង​ក៏​ដើម្បី​ឲ្យ​គាត់​អស់ចិត្ត យើង​ក៏បាន​បញ្ជូន​គាត់​ទៅ​ពេទ្យ​ទៅ​ខាង​ក្រៅ​ហ្នឹង ដើម្បី​ពិនិត្យ​ព្យាបាល​ជើង​គាត់​ហ្នឹង ប៉ុន្តែ​អត់​មាន​បញ្ហា​អី​ធ្ងន់ធ្ងរ​ទេ ខ្ញុំ​សួរ​អស់​ហើយ»

កន្លងមក សកម្មជន ប្រជាពលរដ្ឋ និង​អង្គការ​ផ្នែក​សិទ្ធិមនុស្ស​មួយ​ចំនួន ធ្លាប់​បាន​រិះគន់​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ជុំវិញ​ការអនុវត្ត​ស្តង់ដារ​ពីរ​ចំពោះ​អ្នក​ជាប់ឃុំ​ដែល​ក្រីក្រ និង​អ្នកមាន​លុយ​មានអំណាច​។ អ្នក​ជាប់ឃុំ​ក្រីក្រ និង​អ្នកទោស​មនសិការ មិន​ងាយ​ទទួល​បាន​ការអនុញ្ញាត​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាងក្រៅ​ឡើយ ទោះជា​ពួកគេ​មាន​ជំងឺ​ធ្ងន់ធ្ងរ ឬក៏​ស្នើសុំ​ច្រើនដង​បែប​ណា​ក្តី​។ ផ្ទុយទៅវិញ អ្នក​ជាប់ឃុំ​ខ្លះ​ដែល​ជា​ឧក្រិដ្ឋជន តែ​មាន​លុយ ឬ​មានអំណាច អាច​ទទួល​បាន​ការអនុញ្ញាត​ឱ្យ​សម្រាក​ព្យាបាល​រយៈពេល​វែង​នៅ​មន្ទីរពេទ្យ​ខាង​ក្រៅ​ពន្ធនាគារ។

ជា​ឧទាហរណ៍ បងប្រុស​បង្កើត​របស់​ឧកញ៉ា គិត ម៉េង គឺ​ឧកញ៉ា គិត ធាង ដែល​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​នោះ ត្រូវ​អាជ្ញាធរ​បញ្ជូន​ចេញពី​ពន្ធនាគារ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​តាំងពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៩ មក​ម្ល៉េះ ក្រោម​ហេតុផល​ថា មាន​ជំងឺ​សួត និង​ស្ទះ​ដង្ហើម បន្ទាប់ពី​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ប៉េ​ហ្ស៊ី (PJ) រយៈពេល​ប្រមាណ​កន្លះ​ខែ​។ បុគ្គលិក​ពេទ្យ​រស្ស៊ី​ធ្លាប់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា លោក គិត ធាង គ្មាន​ជំងឺ​អ្វី​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ចាក់​ថ្នាំ ឬ​ឱ្យ​ថ្នាំលេប​នោះ​ទេ ប៉ុន្តែ​លោក គិត ធាង មិន​ព្រម​ត្រឡប់​ទៅវិញ ព្រោះ​លោក​មាន​សមត្ថភាព​ជួល​បន្ទប់​ពិសេស​របស់​មន្ទីរពេទ្យ ដើម្បី​ស្នាក់នៅ​ដែល​អាច​ងាយស្រួល​ជាង​ការរស់នៅ​ក្នុង​ពន្ធនាគារ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា មន្ត្រី​ពន្ធនាគារ​ត្រូវ​អនុវត្ត​ឲ្យ​ស្មើភាព​គ្នា​ចំពោះ​អ្នក​ជាប់ឃុំ ឬ​អ្នកទោស​ទាំងអស់​នៅ​ក្នុង​ពន្ធនាគារ ដោយ​មិន​ត្រូវ​រឹតត្បិត​លើ​អ្នក​ទោស​នយោបាយ ហើយ​ផ្តល់​សិទ្ធិ​សេរីភាព​ឲ្យ​អ្នកទោស ឬ​ឧក្រិដ្ឋជន​ធំៗ ដែល​មាន​លុយ មានអំណាច រស់នៅ​យ៉ាង​ស្រួល ខុស​ពី​អ្នក​ជាប់ឃុំ​ធម្មតា​នោះ​ទេ៖ «ខ្ញុំ​ស្នើ​ដល់​ខាង​មន្ត្រី​ជាពិសេស​អគ្គនាយកដ្ឋាន​ពន្ធនាគារ សូម​លោក​ពិនិត្យមើល​នៅ​ក្នុង​បញ្ហា​ទាំងអស់​នេះ​ឡើងវិញ មិន​គួរ​ឲ្យ​កកើត​មាន​របៀប​ហ្នឹង​ជា​បន្ត​ទៀត​ទេ ពីព្រោះ​បញ្ហា​ទាំងអស់​នេះ គឺ​តែងតែ​មាន​ការរិះគន់​ជា​បន្តបន្ទាប់​មក​ហើយ អ៊ីចឹង​គួរតែ​មានការ​ពិនិត្យមើល និង​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​អំពី​រឿង​ទាំង​អស់ហ្នឹង ហើយ​ធ្វើការ​កែ​លំអរ​ឲ្យ​វា​កាន់តែ​ល្អ​ប្រសើរ​ឡើង កុំ​ឲ្យ​រង​ការរិះគន់​បែប​ហ្នឹង​តទៅ​ទៀត ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​មុខមាត់​របស់​រាជរដ្ឋាភិបាល​ផង ហើយ​ប៉ះពាល់​ទៅដល់​ខាង​ពន្ធនាគារ​ហ្នឹង​ផង​ដែរ រួម​ទាំង​ថ្នាក់ដឹកនាំ​ខាង​ពន្ធនាគារ​ផង​ដែរ»

កញ្ញា សូ មេត្តា ដែល​មាន​ឈ្មោះ​ពិត​ថា អេង ម៉ាឡៃ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​៧ កញ្ញា នៅ​ខណ្ឌ​ច្បារអំពៅ ហើយ​បញ្ជូន​ទៅ​តុលាការ ដោយ​ចោទប្រកាន់​ពី​បទ​ញុះញង់​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម​។ ការ​ចាប់ខ្លួន​នេះ ក្រោយពេល​កញ្ញា សូ មេត្តា និង​យុវជន​ដទៃ​ទៀត ព្យាយាម​ប្រមូល​ផ្ដុំគ្នា​តវ៉ា​សម្ដែង​មតិ នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី នៅ​ខណ្ឌ​ឫស្សីកែវ​។ ប៉ុន្តែ​គម្រោង​នេះ​បាន​បរាជ័យ ដោយសារ​ការរារាំង​ពី​អាជ្ញាធរ​។ គិត​ពី​ខែ​មករា រហូត​ដល់​ចុងខែ​វិច្ឆិកា​នេះ របប​លោក ហ៊ុន សែន បាន​ចាប់ខ្លួន​សកម្មជន អ្នកនយោបាយ យុវជន​និង​មន្ត្រី​សង្គម​ស៊ីវិល ដាក់​ពន្ធនាគារ​ជាង ៤០​នាក់ ហើយ ដោយ​ចោទប្រកាន់​ពួកគេ​ពី​បទ​ញុះញង់ បទ​រួម​គំនិត​ក្បត់ ឬ​បទ​ប្រមាថ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។