អតីតមន្ត្រីយោធាម្នាក់រស់នៅខេត្តសៀមរាបបានរងគ្រោះពិការភ្នែកម្ខាងដោយសារតែសង្គ្រាម ច្បាំងជាមួយកងទ័ពខ្មែរក្រហម អំឡុងទសវត្សរ៍ទៅ៨០។ បច្ចុប្បន្នលោកដើររើសអេតចាយ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត។
អតីតមន្ត្រីយោធារូបនេះអះអាងថា លោកបាក់ទឹកចិត្ត លោកតស៊ូយកជីវិតទៅប្ដូរ ដើម្បីការពារជាតិ ក៏ប៉ុន្តែបែរជារដ្ឋាភិបាលទុកលោកចោល។
បើគេធ្វើដំណើរនៅតាមដងផ្លូវមួយចំនួន ក្នុងក្រុងសៀមរាប ជាពិសេសនៅក្បែរវត្តរាជបូព៌ គេតែងតែប្រទះឃើញបុរសវ័យចំណាស់ម្នាក់ ពិការភ្នែកម្ខាង រុញរទេះដើររើស និងទិញអេតចាយតែម្នាក់ឯង ស្ទើរជារៀងរាល់ព្រឹក។
បុរសកម្សត់ម្នាក់នោះ គឺលោក ហេង ភាព វ័យ ៦១ឆ្នាំ។ លោកជាអតីតមន្ត្រីយោធាក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ហើយបានប្រកបមុខរបររើសអេតចាយ ចិញ្ចឹមជីវិតជាច្រើនឆ្នាំមកហើយ ក្រោយពីលោកបានលាឈប់ពីកងទ័ពក្នុងឆ្នាំ១៩៩៣។
បុរសមានរូបរាងស្គមសម្បុរខ្មៅស្រអែមរូបនេះ រៀបរាប់ថា លោកបានចូលបម្រើកងទ័ព រយៈពេល ១៣ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៨០ រហូតដល់ឆ្នាំ១៩៩៣ ឈរជើងនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដែលសំបូរទៅដោយព្រៃភ្នំក្នុងខេត្តប៉ៃលិន ដើម្បីបម្រើឱ្យរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលមានប្រទេសវៀតណាមជាអ្នកលើកបន្តុប និងគាំទ្រពីក្រោយ។
ក្នុងស្លៀកសំលៀកបំពាក់ចាស់រហែកដោយអន្លើ ទឹកមុខស្រពោន និងកំពុងរៀបចំសម្ភារៈអេតចាយតាមដងផ្លូវ ដែលគាត់ប្រមូលទិញពីប្រជាពលរដ្ឋ អតីតមន្ត្រីយោធារូបនេះរៀបរាប់បន្តថា លោកពិការភ្នែកម្ខាងនៅអំឡុងឆ្នាំ១៩៩៣ ក្នុងពេលដែលលោកច្បាំងគ្នាក្នុងព្រៃ ជាមួយកងទ័ពខ្មែរក្រហម នៅតំបន់កៀកព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តប៉ៃលិន។
លោកថា ក្នុងស្ថានភាពការងារបម្រើកងទ័ពអស់រយៈពេល ១៣ឆ្នាំ ភាគច្រើន លោករស់នៅតែក្នុងព្រៃភ្នំ ប្រឈមនឹងជំងឺគ្រុនចាញ់ និងសត្វសាហាវ នៅពេលចុះល្បាតតាមតំបន់ព្រំដែនម្តងៗ។ លោកអះអាងថា មានកងទ័ពខ្មែររាប់រយនាក់បានស្លាប់ជាបន្តបន្ទាប់ដោយសារជំងឺគ្រុនចាញ់ ហើយលោកប៊ិះនឹងស្លាប់ចំនួន ៣ដងមកហើយ ដោយសារជំងឺនេះ។
ក្រោយពីកែវភ្នែករបស់លោកត្រូវអំបែងគ្រាប់បែក បណ្ដាលឱ្យលោកខ្វាក់ភ្នែកម្ខាងចំហៀងខាងឆ្វេង។ លោកត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមួយកន្លែង ម្តុំវត្តភ្នំ ក្នុងក្រុងភ្នំពេញ ហើយមេបញ្ជាការរបស់លោក ទុកលោកចោល គ្មានការយកចិត្តទុកដាក់ថែទាំសុខភាព និងផ្តល់ប្រាក់ឧបត្ថម្ភនោះឡើយ។
ទង្វើនេះហើយ ធ្វើឱ្យលោកឈឺចាប់ដក់ក្នុងចិត្ត និងសម្រេចចិត្តលាឈប់ធ្វើជាកងទ័ព ហើយដើររើសអេតចាយចិញ្ចឹមជីវិតជំនួសវិញ ចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកទល់ពេលនេះ។
ការងារជាអ្នករើសអេតចាយ និងទិញលក់អេតចាយ ថ្វីត្បិតតែមិនអាចមានជីវភាពធូរធារ តែលោករីករាយនឹងប្រកបមុខរបរនេះ ដោយសារមានពេលវេលាច្រើនជួបជុំក្រុមគ្រួសារ មើលថែកូនៗ និងណែនាំឱ្យពួកគាត់ខំរៀនសូត្រ ធ្វើជាមនុស្សល្អ។
លោក ហេង ភាព ថា លោកអន់ចិត្តនឹងរដ្ឋាភិបាល ដែលមិនយកចិត្តទុកដាក់ ជួយដល់គ្រួសារយោធា ដែលលះបង់ជីវិតខ្លួនឯង និងសេចក្ដីសុខផ្ទាល់ខ្លួន ដើម្បីការពារជាតិរហូតរងគ្រោះបាត់បង់ភ្នែកម្ខាង ធ្លាក់ខ្លួនក្រីក្រលំបាក។ បន្ថែមពីនេះទៀត ក្រោយពីលោកត្រូវគ្រាប់បែកខ្វាក់ភ្នែកម្ខាង ពុំមានមន្ត្រីរដ្ឋាភិបាលណា ឬក៏មេបញ្ជាការណាមួយ មកសួរសុខទុក្ខ ផ្តល់ប្រាក់ឧបត្ថម្ភនោះឡើយ គឺទុកលោកចោល ក្នុងមន្ទីរពេទ្យ ខ្វះអាហារ និងការយកចិត្តទុកដាក់មើលថែ៖
លោក ហេង ភាព៖ «អស់ទឹកចិត្តដែលយើងត្រូវរបួសគេមិនមកយក ដល់ពេលស្រុកមានសង្គ្រាមគេមកចាប់ចងយើង វាយខ្មាំង គេមិនគិតគូរ។ ខ្ញុំដេកពេទ្យគេមិនជួយយើងផង ដាក់ចោល ហូបបាយទឹកពេទ្យហ្នឹងទៅ»។
អតីតមន្ត្រីយោធារូបនេះ ដើររើស និងទិញអេតចាយដោយក្នុងមួយថ្ងៃអាចរកប្រាក់កម្រៃបានចន្លោះពី ៣ម៉ឺនរៀល ដល់ជាង ៤ម៉ឺនរៀល ដើម្បីផ្គត់ផ្គង់ជីវភាព និងបង់ថ្លៃសិក្សាឱ្យកូនៗរបស់លោក។
លោកមានស្រុកកំណើត ក្នុងឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ហើយបច្ចុប្បន្នលោកជួលផ្ទះគេមួយកន្លែង ក្នុងក្រុងសៀមរាបដើម្បីរស់នៅ និងចិញ្ចឹមកូនៗ ៣នាក់ ដែលកំពុងសិក្សានៅវិទ្យាល័យ និងមហាវិទ្យាល័យ។
លោកមានកូនប្រុស ២នាក់ និងស្រីម្នាក់ ដោយកូនប្រុសច្បងកំពុងរៀននៅសកលវិទ្យាល័យមួយ នៅរាជធានីភ្នំពេញ។ ឯកូនទី២ ធ្វើជាកម្មករនៅប្រទេសថៃ ហើយកូនទី៣ ជាស្ត្រី កំពុងរៀនថ្នាក់ទី១០ នៅវិទ្យាល័យអង្គរ ក្រុងសៀមរាប។
អតីតមន្ត្រីយោធារូបនេះបន្ថែមថា ទោះបីជាគ្រួសារលោកទីទ័លក្រក្តី ក៏ប៉ុន្តែលោកតែងតែគាំទ្រឱ្យកូនៗ របស់លោក រៀនបានខ្ពស់ ដើម្បីយកចំណេះដឹងជួយសង្គមជាតិ។ លោកបន្ថែមថា ក្រោយពីការងាររើសអេតចាយលោកឆ្លៀតចិញ្ចឹមសត្វមាន់ និងធ្វើស្រែលើផ្ទៃដីជាង ១ហិកតារ ដែលជាដីកេរឪពុកម្ដាយ។
លោក ហេង ភាព៖ «យោធាក៏មកពីបក្សស៊ីស្តូប៉ិចស៊ីក៏មានគោលនយោបាយដូចគ្នា សុទ្ធតែក្របខណ្ឌកងយោធពលខេមរភូមិន្ទទាំងអស់ យើងអត់មានរើសអើងទេ។ គ្រាន់មិនបានបំពេញបែបបទផ្សេងៗ មានពីណាទៅតាមរកគាត់»។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការអធិប្បាយរឿងនេះ ពីអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន លោក តូច ចាន់នី បាននៅឡើយទេ នៅថ្ងៃទី៧ កក្កដា ដោយទូរស័ព្ទហៅចូលច្រើនដង។
ចំណែកប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ក៏មិនទាន់អាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
ក៏ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា រដ្ឋាភិបាលយកចិត្តទុកដាក់ ក្នុងការផ្តល់ប្រាក់សោធននិវត្តន៍ដល់យោធា ដោយមានក្រសួងសង្គមកិច្ចជាសេនាធិការចាត់ចែងរឿងនេះ។
លោកសង្ស័យថា មន្ត្រីយោធារូបនេះ អាចនឹងមិនបានទៅបំពេញបែបបទផ្សេងៗ និងបង្ហាញខ្លួនទៅតាមអង្គភាពដើមរបស់គាត់ ដែលមានឈ្មោះ និងបញ្ជីផ្លូវការរបស់កងទ័ព ទើបជួបបញ្ហានេះ។
លោក សុខ ឥសាន៖ «ចំណុចនេះខ្ញុំគិតថា រដ្ឋាភិបាលគួរតែពិនិត្យឡើងវិញ អាចទំនាក់ទំនងទៅគាត់ផ្ទាល់ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ ចំពោះបងៗទាហានជួយជាតិបម្រើសង្គម ការពារទឹកដី»។
ទាក់ទងករណីនេះ សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន លោក ម៉ា ចិត្រា យល់ថា រដ្ឋាភិបាលគួរតែគិតគូរដល់ជីវភាពគ្រួសារអតីតមន្ត្រីយោធាទាំងឡាយណា ដែលលះបង់ការពារទឹកដី ធ្លាក់ខ្លួនពិការ បាត់បង់សមត្ថភាពការងារ ដោយសារតែសង្គ្រាម។
លោក ម៉ា ចិត្រា៖ «ចំណុចនេះ ខ្ញុំគិតថា រដ្ឋាភិបាលគួរតែពិនិត្យមើលឡើងវិញ អាចទំនាក់ទំនងគាត់ផ្ទាល់ ដើម្បីធ្វើការផ្តល់ប្រាក់បៀវត្សឱ្យគាត់ឡើងវិញ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ ជូនបងៗទាហាន ដែលពួកគាត់ខំបម្រើជាតិ និងសង្គមការពារទឹកដី»។
ជុំវិញរឿងនេះប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសន័រវេ (Norway) លោក លោក ម៉ែន ណាត សង្កេតឃើញថា មានភាពមិនប្រក្រតីជាច្រើន ដែលអតីតមន្ត្រីយោធាជាច្រើននាក់ យកជីវិតទៅប្ដូរ ដើម្បីប្រទេសជាតិ បែរជារងភាពអយុត្តិធម៌ ធ្លាក់ខ្លួនក្រីក្រ ខ្លះដើរសុំទាន ដោយសារតែខ្វះការយកចិត្តទុកដាក់ពីរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
លោកមើលឃើញថា កន្លងទៅរដ្ឋាភិបាលខ្វល់តែមន្ត្រីយោធាណា ដែលបម្រើគណបក្សកាន់អំណាច និងក្រុមគ្រួសារត្រកូលហ៊ុន ហើយមើលរំលងទុក្ខវេទនា អតីតមន្ត្រីយោធា ដែលរងគ្រោះដោយសារសង្គ្រាម បាត់បង់សមត្ថភាព។
លោក លោក ម៉ែន ណាត៖ «ទ្រឹស្ដីអរគុណសន្តិភាពការពារត្រកូលហ៊ុនហូរដូចទឹក តែការពិតគ្មានបានជួយស្អីដល់យោធារងគ្រោះ បាត់បង់សមត្ថភាព និងពិការ។ សូម្បីតែយោធិននៅមានសមត្ថភាពធ្វើការ ក្រីក្រ ប្រាក់ខែគេស៊ីដាច់ទៀត»។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់ធ្វើជាកងទ័ពខ្មែរក្រហម ពិការភ្នែកម្ខាង ដោយសារតែសង្គ្រាម គួរតែយល់ពីអារម្មណ៍ឈឺចាប់មួយនេះ ហើយប្តូរឥរិយាបថ យកចិត្តទុកដាក់ដល់ជនពិការដូចគ្នា ដែលលះបង់ការពារជាតិ។
ក្រោយឆ្នាំ១៩៧៩ អំឡុងឆ្នាំ១៩៨០ ក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត ដួលរលំក្នុងរាជធានីភ្នំពេញ កម្ពុជាបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាម និងរដ្ឋាភិបាលនិយមហាណូយ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលដឹកនាំដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រីឯរដ្ឋាភិបាលនិរទេសដែលបង្កើតឡើង ផ្សំចូលគ្នា ដោយអ្នកនយោបាយកម្ពុជាចំនួន ៣ក្រុម រួមមាន គណបក្សហ៊្វុនស៊ិនប៉ិច ដឹកនាំដោយសម្តេចព្រះ នរោត្តម សីហនុ គណបក្សកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយខ្មែរក្រហម និងរណសិរ្សរំដោះជាតិប្រជាជនខ្មែរ (រ.រ.ជ.ប.ខ.) ដឹកនាំដោយលោក សឺន សាន។
ក្នុងឆ្នាំ១៩៩១ បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា កងទ័ពទាំងឡាយបានរួមបញ្ចូលគ្នាតែមួយ ក្លាយជាកងយោធពលខេមរភូមិន្ទ រហូតមកទល់ពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។