ពលករ​ខ្មែរ​ម្នាក់​ធ្លាក់ខ្លួន​ពិការ​បន្ទាប់​ពី​រងគ្រោះថ្នាក់​ការងារ​ក្នុង​ពេល​ធ្វើការ​នៅ​ថៃ

0:00 / 0:00

ពលករ​ខ្មែរ​ម្នាក់​ធ្លាក់ខ្លួន​ជា​ជន​ពិការ​ទាំង​វ័យក្មេង បន្ទាប់ពី​រូបគេ​ជួប​គ្រោះថ្នាក់​ក្នុង​ពេល​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​២៣ ធ្នូ។ ពលករ​រូប​នេះ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​ក្នុង​មន្ទីរពេទ្យ​ក្បែរ​ទីក្រុង​បាងកក​ដោយ​គ្មាន​សាច់ញាតិ​នៅ​មើលថែ​ឡើយ។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា រឿង​នេះ​ពលករ​មាន​សិទ្ធិ​បាន​ទទួល​ការ​ព្យាបាល​របួស​ដោយ​ឥតគិតថ្លៃ និង​បាន​ប្រាក់​សំណង​ពី​ថៅកែ។

ពលករ​មាន​ស្រុកកំណើត​នៅ​ខេត្ត​ព្រៃវែង លោក ឈុន ឌី ឱ្យ​អាស៊ីសេរី​ដឹង​ក្នុង​ពេល​សម្រាក​ព្យាបាល​របួស​ថា ដៃ​ស្ដាំ​របស់​គាត់​ចូល​ក្នុង​ម៉ាស៊ីន​កាត់​ក្រដាស​ដាច់​ម្រាម ៤​ចំពាក់​កណ្ដាល​បាតដៃ ក្នុង​ពេល​លោក​បំពេញការងារ​សំអាត​ម៉ាស៊ីន​នៅ​ចុង​ម៉ោង​ធ្វើការ កាលពី​រសៀល​ថ្ងៃ​ទី២៣ ធ្នូ។ពលករ​វ័យ​២២​ឆ្នាំ​រូប​នេះ​បន្ត​ថា នៅ​ពេល​នោះ​លោក​ដួល​សន្លប់​ដោយ​ដៃ​របស់​លោក​ជាប់​នៅ​ក្នុង​ម៉ាស៊ីន​កាត់​ក្រដាស ដោយមាន​ខ្មែរ​នៅ​ធ្វើការ​ក្បែរ​នោះ​មក​ជួយ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​នៅ​ឆាក់ឈើងសៅ (Chhak Cheurng Sao) ចម្ងាយ​ប្រមាណ​៦០​គីឡូម៉ែត្រ​ពី​ទីក្រុង​បាងកក​។ ពលករ​រូប​នេះ​និយាយ​ដោយ​សំឡេង​ខ្សាវៗ​ថា ស្ថានភាព​របួស​របស់​លោក​បាន​ធូរស្រាល​ខ្លះ​ហើយ បន្ទាប់ពី​សម្រាក​ព្យាបាល​អស់​រយៈពេល ៥​ថ្ងៃ ក៏ប៉ុន្តែ​លោក​បាន​ក្លាយ​ខ្លួន​ជា​ជនពិការ បន្ទាប់ពី​គ្រូពេទ្យ​កាត់​ម្រាមដៃ​ទាំង​៤​របស់​លោក​ចេញ ដើម្បី​ព្យាបាល​ឱ្យ​ឆាប់​ជាសះស្បើយ៖ «ម៉ាស៊ីន​ហ្នឹង​វា​វិល​ទៅ​ខ្ញុំ​មើល​អត់​ឃើញ​ទៅ​ម៉ាស៊ីន​ទាញ​ដៃ​ខ្ញុំ​ចូល​ក្នុង​ម៉ាស៊ីន​បណ្ដោយ វា​គាប​បែក​ខ្ទេច។ ខ្ញុំ​នៅតែ​ឈឺ ហើយ​បើ​ឈឺ​ខ្លាំង​ហៅ​ពេទ្យ​មក​ចាក់​ថ្នាំ​ឱ្យ។ ខ្ញុំ​មក​ធ្វើការ​ស្រុក​ថៃ​ចង់​ស្គាល់​ប្រទេស​គេ ដល់​មក​ទៅ​ជួប​គ្រោះថ្នាក់​អីចឹង​។ ម៉ាក់​ខ្ញុំ​កាល​ដំបូង​គាត់​សន្លប់ ដល់​ពេល​ឥឡូវ​គាត់​លែង​អី​ហើយ គាត់​កាត់​ចិត្តបាន គាត់​អត់​អាច​មក​កើត​ទេ គ្រាន់​អ្នក​នៅ​ថៃ​នេះ​ចង់​មក​លែង​គេ​អត់​ឱ្យ​ចូល​ផង»។

ទោះជា​យ៉ាងណា លោក ឈុន ឌី មិន​ទាន់​សម្រេចចិត្ត​យ៉ាងណា​នៅឡើយ​ទេ ដោយ​រង់​ចាំ​មើល​ការ​ដោះស្រាយ​របស់​ភាគី​ក្រុមហ៊ុន​សិន ទើប​លោក​ពិភាក្សា​ជាមួយ​ឪពុកម្ដាយ​នៅ​ស្រុក​ខ្មែរ​នៅ​ពេល​ក្រោយ។

ពលករ​រូប​នេះ​ធ្វើការ​នៅ​ប្រទេស​ថៃ​ជា​លើកដំបូង​ដោយ​ស្របច្បាប់​ក្នុង​រោងចក្រ​ក្រដាស​នៅ​ខេត្ត​ឆាក់​ឈើងសៅ (Chhak Cheurng Sao)​កាល​ពី​ចុងឆ្នាំ​២០១៨ រហូតដល់​ថ្ងៃ​គ្រោះថ្នាក់​មិន​ទាន់​បាន​ត្រឡប់​ទៅ​ផ្ទះ​នៅឡើយ​ទេ​។ លោក ឈុន ឌី ឱ្យ​ដឹង​ថា ក្នុង​ពេល​សម្រាក​ព្យាបាល​របួស​នោះ បាន​ពលករ​ខ្មែរ​ម្នាក់​នៅ​កំដរ​តាំងពី​ថ្ងៃ​ដំបូង​រហូត​មក ដោយ​ពុំ​មាន​សាច់ញាតិ​មក​មើលថែ​លោក​នោះ​ទេ ដោយសារ​អំឡុង​ពេលនេះ​អាជ្ញាធរ​កម្ពុជា និង​ថៃ​បិទ​ច្រកទ្វារ​ព្រំដែន​ប្រទេស​ទាំងពីរ​បណ្ដាល​មក​ពី​វិបត្តិ​ជំងឺ​កូវីដ១៩។

ពលករ​ខ្មែរ​មាន​ស្រុកកំណើត​នៅ​កំពង់ធំ​ដែល​នៅ​កំដរ​ជនរងគ្រោះ ប្រាប់​អាស៊ីសេរី​ថា លោក​រន្ធត់ចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​ឃើញ​ជនរងគ្រោះ​ពិការ​ដៃ​ទាំង​វ័យក្មេង​បែបនេះ​។ ពលករ​វ័យ​៣០​ឆ្នាំ​រូប​នេះ​ប្រាប់​ថា ក្នុង​ថ្ងៃ​កើត​ហេតុ​នោះ លោក​ធ្វើការ​ចម្ងាយ​ប្រមាណ ១៥​ម៉ែត្រ​ពី​ជនរងគ្រោះ និង​បាន​ឮ​សំឡេង​លោក ឈុន ឌី ស្រែកហៅ​ឱ្យ​គេ​ជួយ ដោយ​ប្រាប់​ថា ដៃ​របស់​គាត់​ចូល​ក្នុង​ម៉ាស៊ីន​ហើយ​។ លោក​និយាយ​ថា ភ្លាមៗ​នេះ​លោក​បាន​ទៅ​ជួយ និង​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ជាមួយ​បុគ្គលិក​រោងចក្រ​មួយ​ចំនួន​ទៀត ជា​ពលករ​ខ្មែរ​ដូចគ្នា៖ «ខ្ញុំ​ភ័យ​ហើយ​ណា គឺ​អាណិត​ក្មេង​ណាស់​គ្នា​អត់​មាន​អ្វី​ជា​ជំហរ​ទៀត​ទេ ទៅ​អនាគត​ព្រោះ​អី​គ្នា​ខូចដៃ​ហើយ​ទៅ​ធ្វើ​អី​កើត បើ​ធ្វើការ​គ្រប់យ៉ាង​គឺ​ដៃ​ស្ដាំ​ហ្នឹង​យើង។ ដល់ពេល​អីចឹង​ខ្ញុំ​មានតែ​ការ​សោកស្ដាយ​ប៉ុណ្ណឹង​ហ្នឹង ព្រោះ​អី​ខ្ញុំ​មិន​អាច​ជួយ​អី​ឱ្យ​លើស​ពី​ហ្នឹង​ទៀត​បាន។ ដល់ពេល​អីចឹង​ខ្ញុំ​សុខចិត្ត​បណ្ដោះ​ពី​ការងារ​មក​ជួយ​មើលថែ​អីចឹង​ទៅ ដល់ពេល​បាន​គ្រាន់​អាច​នៅ​ក្នុង​ពេទ្យ​ម្នាក់ឯង​បាន​ឬក៏​អាច​ជា​ចេញ​បណ្ដោយ​អាហ្នឹង​ចាំ​គិត​ត​ទៅ​មុខ​ទៀត»។

លោក​ឱ្យ​ដឹង​ថា ថៅកែ​រោងចក្រ​ធានា​ចេញថ្លៃ​ព្យាបាល​របួស​ដល់​ជនរងគ្រោះ​រហូតដល់​ជាសះស្បើយ ក៏ប៉ុន្តែ​លោក​ពុំ​ដឹង​ថា ខាង​ក្រុមហ៊ុន​មួយ​នេះ​នឹង​ផ្ដល់​សំណង​ជា​ប្រាក់​ប៉ុន្មាន​ដល់​ជនរងគ្រោះ​នោះ​ទេ។ ទោះជា​យ៉ាងណា​លោក​ថា កន្លងមក​មាន​ជនជាតិ​ថៃ​ជួប​គ្រោះថ្នាក់​ការងារ​ដូចគ្នា​ដែរ ដោយ​ទទួល​បាន​ប្រាក់​សំណង​ពី​ថៅកែ​រោងចក្រ៖ «ប៉ុន្តែ​រោងចក្រ​គេ​និយាយ​ដែរ​ថ្លៃ​ថ្នាំ ថ្លៃ​សម្រាក​ពេទ្យ​ហ្នឹង​គេ​ចេញ​ឱ្យ​ទាំងអស់ ហើយ​ដល់ពេល​ដៃ​ហើយ​គេ​ឱ្យ​ធ្វើការ​នៅ​កន្លែង​គេ​ហ្នឹង​មួយ​ជីវិត​។​យើង​ចង់​ធ្វើ​មួយ​ជីវិត​ក៏​ធ្វើ​ទៅ ហើយ​ជា​ដៃ​ហើយ​យើង​ចង់​ទៅ​ផ្ទះ​វិញ​ក៏​ទៅ​។ ប៉ុន្តែ​គេ​ថា​ឱ្យ​យើង​នៅ​ធ្វើ​ហ្នឹង​រហូត​យើង​មិនបាច់​ចេញទៅ​ណា គេ​ដើរ​រឿង​ឱ្យ​យើង​នៅ​ធ្វើការ​ហ្នឹង​រហូត ប៉ុន្តែ​រឿង​លុយ​សំណង​គេ​អត់​និយាយ​ត្រូវ។ ថៅកែ​អត់​ទាន់​មក​ផ្ទាល់​ទេ តែ​អ្នក​រង​ថៅកែ​រោងចក្រ​គេ​មក​និយាយ​អីចឹង»។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ និង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាងកក ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៧​ធ្នូ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​មន្ត្រី​ស្ថានទូត​ខ្មែរ​នៅ​ទីក្រុង​បាងកក​ទទួលបន្ទុក​ផ្នែក​ពលករ លោក គឹម ចំរើន និយាយ​នៅ​ក្នុង​ហ្វេសប៊ុក​ស្ថានទូត​នៅ​រសៀល​ថ្ងៃ​ទី​២៧ ធ្នូ ថា អំឡុង​ពេល​ជំងឺ​កូវីដ​១៩​កំពុងតែ​ផ្ទុះ​លើក​ទី​២ នៅ​ប្រទេស​ថៃ​នេះ ប្រសិនបើ​ពលករ​ខ្មែរ​ណា​មាន​បញ្ហា​អ្វី​អាច​ទាក់ទង​មន្ត្រី​ស្ថានទូត​តាមរយៈ​ហ្វេសប៊ុក​ទីប្រឹក្សា​ស្ថានទូត​ទទួលបន្ទុក​ពលករ​ប្រចាំ​នៅ​ប្រទេស​ថៃ ដើម្បី​ផ្ដល់​ប្រឹក្សា​និង​ជួយ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​របស់​ពលករ​គ្រប់ពេលវេលា។

ទាក់ទិន​បញ្ហា​ពលករ​គ្រោះថ្នាក់​ការងារ​នេះ អ្នកបកប្រែ​ភាសា​ថៃ និង​ជា​អ្នកការពារ​សិទ្ធិ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ លោក ប្រាក់ ចិត្រា មាន​ប្រសាសន៍​ថា ពលករ​ខ្មែរ​ដែល​ជួប​គ្រោះថ្នាក់​ការងារ និង​រង​ការរំលោភ​សិទ្ធិ​ការងារ​ពី​សំណាក់​ថៅកែ ភាគច្រើន​មិន​ហ៊ាន​ប្ដឹង​រក​យុត្តិធម៌​នោះ​ទេ ដោយ​ខ្លាច​មាន​បញ្ហា​ដល់​ពួកគេ​ទៅ​ថ្ងៃក្រោយ។ លោក​ថា ការ​ធ្វើ​បែបនេះ​ជា​រឿង​មិនល្អ​ឡើយ ពីព្រោះ​ធ្វើ​ឱ្យ​ពលករ​ខាតបង់​អត្ថប្រយោជន៍ ហើយ​ងាយ​រង​ការ​រំលោភបំពាន​សិទ្ធិ​ការងារ​ពី​សំណាក់​ថៅកែ​។ លោក ឱ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០២០​នេះ មាន​ពលករ​ខ្មែរ​ប្រមាណ​៣០​នាក់ បាន​ស្នើ​ឱ្យ​លោក​ជួយ​អន្តរាគមន៍​ដល់​ពួកគេ ក្នុង​នោះ​មាន​ពលករ​ខ្មែរ​៦​នាក់​ប៉ុណ្ណោះ ដែល​ទទួល​បាន​យុត្តិធម៌ ចំណែក​អ្នក​ផ្សេង​ទៀត​បាន​ដក​ខ្លួន​វិញ ដោយ​មិន​ហ៊ាន​ប្រឈមមុខ​ជាមួយ​ថៅកែ​ឡើយ៖ «ចំពោះ​ករណី​នេះ​ខ្ញុំ​ចង់​ឱ្យ​ពលករ​ហ្នឹង​ព្យាបាល​ឱ្យ​ជា​រួចរាល់​សិន តើ​ខាង​ភាគី​ក្រុង​ហ្នឹង​ដំណើរការ​បែប​ណា​ដល់​គាត់​។ បើសិន​ខាង​ក្រុមហ៊ុន​មិន​ផ្ដល់​សំណង ឬ​មិន​ផ្ដល់​យុត្តិធម៌​ដល់​ពលករ គាត់​អាច​ទំនាក់ទំនង​ដល់​អង្គការ​អិលភីអ៊ិន​ (LPN)​ បាន​ដើម្បី​ឱ្យ​អង្គការ​ហ្នឹង​ចុះ​ទៅ​ពិនិត្យ​ករណី​នេះ។ ពីព្រោះ​នៅ​ពេល​នេះ​គឺជា​ស្ថានភាព​មួយ​ដែល​ជំងឺ​កូវីដ​កំពុងតែ​រាតត្បាត កាលណា​ពលករ​មាន​គ្រោះថ្នាក់​អី​គាត់​មិន​អាច​ដំណើរ​រឿងរ៉ាវ​បាន​ទេ ហើយ​សាច់ញាតិ​មក​មើលថែ និង​មក​តាមដាន​គាត់​វា​លំបាក»។

ចំណែក​មន្ត្រី​អង្គការ​សង់ត្រាល់​(CENTRAL) លោក ឌី ថេហូយ៉ា និយាយ​ថា ច្បាប់​ការងារ​របស់​ថៃ គឺ​ពលករ​ស្របច្បាប់​នៅ​ពេល​ពួកគេ​ជួប​គ្រោះថ្នាក់​ការងារ ថៅកែ​ត្រូវ​ចេញថ្លៃ​ព្យាបាល​របួស​និង​ផ្ដល់​ប្រាក់​សំណង​ដល់​ពួកគេ​។ លោក​បន្ថែម​ថា រឿង​នេះ ប្រសិនបើ​ភាគី​ក្រុមហ៊ុន​មិន​បាន​អនុវត្ត​តាម​ច្បាប់​ការងារ​ទេ ជនរងគ្រោះ​ត្រូវ​ប្ដឹង​ទៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាងកក ឬ​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ពួកគាត់​។ បន្ថែម​ពី​នេះ​លោក​ថា ពលករ​ដែល​មាន​បញ្ហា​ក្នុង​ពេល​ធ្វើ​ការងារ​គួរតែ​បង្ហោះ​ព័ត៌មាន​ពី​ទុក្ខ​លំបាក​របស់​ពួកគេ ដើម្បី​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ដឹង​និង​ចុះទៅ​ជួយ​ពួកគេ​ឱ្យ​ទាន់​ពេល​វេលា៖ «លំបាក​ហ្នឹង​គឺ​ទីមួយ​គឺ​កើត​ចេញ​ពី​គាត់​ខ្លួនឯង​ផ្ទាល់​តែម្ដង អត់​ដឹង​ថា ទាក់ទង​ទៅ​អ្នកណា​ស្ថាប័ន​ណា​អាច​ជួយ​គាត់​បាន​។ ទី​២​ការ​ឆ្លង​តប​របស់​អង្គការ​រដ្ឋ​លើ​បញ្ហា​កើតឡើង​របស់​ពលករ​ខ្មែរ ទី​៣​រដ្ឋ​ទទួល​ហ្នឹង​គឺ​មិនសូវ​យកចិត្ត​ទុក​ស្វែងរក​យុត្តិធម៌​ឱ្យ​ជនរងគ្រោះ​ទេ។ កត្តា​បី​ហ្នឹង​ដែល​ជា​ឧបសគ្គ​ដល់​ពលរដ្ឋ​ខ្មែរ​យើង​និយាយ​រួមការ​ទទួល​បាន​យុត្តិធម៌​ហ្នឹង​ហាក់ដូចជា​ជួប​បញ្ហា​លំបាក»។

របាយការណ៍​អង្គការ​សង់ត្រាល់ ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ធ្វើការ​ស្របច្បាប់​និង​មិន​ស្របច្បាប់​ប្រមាណ ២​លាន​នាក់​នៅ​ប្រទេស​ថៃ៕