ជនជាតិ​ចិន​ម្នាក់​ប្រព្រឹត្ត​អំពើ​ចាប់​ជំរិត​ទារ​ប្រាក់​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ

0:00 / 0:00

ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដោះលែង​ជនជាតិ​ចិន​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ការ​ប្រព្រឹត្ត​បទល្មើស​ជំរិត​ទារ​ប្រាក់​ពី​ជនជាតិ​ចិន​ដូចគ្នា​ឱ្យ​នៅ​ក្រៅ​ឃុំ។ មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកវិភាគ រិះគន់ ចំពោះ​ការ​ដោះលែង​ជនល្មើស​ជា​ជនជាតិ​ចិន​នេះ និង​ចាត់​ទុក​ករណី​នេះ​ថា ជា​រឿង​គួរ​ឱ្យ​ព្រួយបារម្ភ​សម្រាប់​សន្តិសុខ​ជាតិ ចំណែក​ពលរដ្ឋ​នឹង​កាន់​តែ​អស់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។

អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា លើកឡើង​ថា វា​ពុំ​មែន​ជា​រឿង​ពិបាក​ឡើយ​សម្រាប់​ក្រុម​ឧក្រិដ្ឋជន​អាច​រួច​ខ្លួន​ពី​ការ​អនុវត្ត​ទោស​ក្នុង​ប្រទេស​ដោយ​ងាយៗ​នោះ។

ពួកគាត់​មើល​ឃើញ​ថា ករណី​បែប​នេះ​កើត​មាន​ឡើង ដោយសារ​តែ​ប្រទេស​កម្ពុជា មាន​មេដឹកនាំ​តាម​ផ្ដាច់ការ មាន​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ និង​មាន​អ្នកមាន​អំណាច​ចាំ​ជួយ​អន្តរាគមន៍​ក្រុម​ឧក្រិដ្ឋជន​ទាំង​នោះ។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃទី១៥ ខែ​កក្កដា ថា លោក​មិន​ភ្ញាក់ផ្អើល ចំពោះ​តុលាការ​ដែល​ដោះលែង​ជន​ជាប់​ចោទ ជនជាតិ​ចិន​ម្នាក់​ក្នុង​សំណុំ​រឿង​ចាប់​ជំរិត​នោះ​ទេ។ លោក​បន្ត​ថា ជនជាតិ​ចិន​មួយ​ចំនួន​ដែល​មក​រឿង​ស៊ី​បែប​ផ្លូវ​ងងឹត ឬ​ប្រកប​អាជីវកម្ម​ខុស​ច្បាប់​នៅ​កម្ពុជា​ពួកគេ​មាន​ឥទ្ធិពល ដ្បិត​ពួកគេ​ទាំង​នោះ​តែងតែ​មាន​ក្រុម​ឧកញ៉ា និង​មន្ត្រី​គ្រាក់ៗ​ឈរ​កាង​ការពារ​ពី​ក្រោយ។

អ្នកវិភាគ​នយោបាយ​រូប​នេះ​បន្ថែម​ថា ការណ៍​ដែល​កម្ពុជា និង​ចិន កន្លង​មក​តែងតែ​អះអាង​ថា បង្កើន​កិច្ច​សហប្រតិបត្តិការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​លើ​ក្រុម​ឧក្រិដ្ឋជន​ឆ្លងដែន​គឺ​គ្រាន់​ជា​ខែល​បាំង​មុខ​មហាជន​តែ​ប៉ុណ្ណោះ ខណៈ​ជនជាតិ​ចិន​មួយ​ចំនួន​ប្រព្រឹត្ត​បទល្មើស​នៅ​កម្ពុជា លោក គឹម សុខ ថា ពួកគេ​តែងតែ​ដោះស្រាយ​បញ្ហា​ដោយ​ប្រើ​លុយ​ជាមួយ​អាជ្ញាធរ ឬ​អនុវត្ត​ច្បាប់ ដើម្បី​ជា​ថ្នូរ​ឱ្យ​ពួកគេ​រួច​ផុត​ពី​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា។

លោក គឹម សុខ៖«ខ្ញុំ​អត់​មាន​ការ​ភ្ញាក់ផ្អើល​ទេ ឮ​ថា​មាន​ការ​ដោះលែង​ជនជាតិ​ចិន​នោះ ពី​ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​ករណី​ជនជាតិ​ចិន នៅ​ប្រទេស​កម្ពុជា​ទោះបី​ជា​ប្រព្រឹត្ត​បទល្មើស​អ្វី​ក៏​ដោយ តូច ឬ​ធំ ខុស ឬ​ត្រូវ​កាល​ណា​គេ​ចាប់​ដាក់​គុក ត្រូវ​តែ​ប្រើ​លុយ ដើម្បី​បញ្ចប់​បញ្ហា។ វិធី​មួយទៀត​គឺ​ថា ប្រើ​បក្ខពួក​ក្នុង​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​សក្ដានុពល​រក​ស៊ី​ងងឹត​ជំនួញ​ជាមួយ​គ្នា​ហ្នឹង។ ជនជាតិ​ចិន​នៅ​ប្រទេស​កម្ពុជា​យើង មាន​អំណាច​ណាស់ គេ​បង្ក​សាច់​រឿង​គ្រប់​បែប​យ៉ាង ប៉ុន្តែ​ដោះស្រាយ​បញ្ហា ដោយ​ងាយ តាម​វិធី​លុយ និង​បក្ខពួក​របស់​ក្រុម​គ្រួសារ ហ៊ុន»។

ប្រតិកម្ម​របស់​អ្នកវិភាគ​នយោបាយ​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ កាល​ពី​ថ្ងៃទី១០ កក្កដា បាន​ចេញ​លិខិត​មួយ​បង្គាប់​ឲ្យ​ដោះលែង​ជន​ត្រូវ​ចោទ​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ ប៉ៃ ហ្វូជុន (BAI FUJUN) ក្នុង​សំណុំ​រឿង​ជំរិត​ទារ​ប្រាក់ ១០លាន​ដុល្លារ​ឱ្យ​នៅ​ក្រៅ​ឃុំ និង​ស្នើ​ដល់​អគ្គស្នងការ​នគរបាល​ជាតិ​លោក នេត សាវឿន ឱ្យ​បណ្ដេញ​ជនជាតិ​ចិន​រូប​នេះ​ចេញ​ពី​កម្ពុជា។

កាល​ពី​យប់​ថ្ងៃ​ទី១៣ ខែ​មេសា កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ដង្កោ និង​ក្រុម​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​ចារកម្ម និង​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​បង្ក្រាប​បាន​ជនជាតិ​ចិន ៥​នាក់ ក្រោយ​ពី​ពួកគេ​បាន​ដេញ​វាយ​ជនជាតិ​ចិន​ម្នាក់ ដើម្បី​ជំរិត​ទារ​ប្រាក់ ១០​លាន​ដុល្លារ​ដែល​ស្ថិត​ក្នុង​អាសយដ្ឋាន​ជនរងគ្រោះ​ស្ថិត​នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧មករា។ នគរបាល​យុត្តិធម៌​បាន​កសាង​សំណុំ​រឿង​នេះ​បញ្ជូន​ទៅ​តុលាការ​ក្រុងភ្នំពេញ​ដោយ​ចោទ​ប្រកាន់​ជនជាតិ​ចិន​ទាំង ៥នាក់ ពាក់ព័ន្ធ​ករណី​ចាប់​បង្ខាំង​មនុស្ស ដើម្បី​ជំរិត​ទារ​ប្រាក់។ តំណាង​អយ្យការ​សាលាដំបូង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី២១ ខែមេសា សម្រេច​ចោទ​ប្រកាន់​ជនជាតិ​ចិន​ទាំង ៥នាក់ ពី​បទ​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់ ធ្វើ​ទារុណកម្ម​ដើម្បី​ជំរិត​ទារ​ប្រាក់ និង​កាន់​កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​បង្គាប់​ឱ្យ​ចៅក្រម​ចេញ​ដីកា​ឃុំខ្លួន​ជន​ជាប់​ចោទ ទាំង ៥នាក់​នៅ​មណ្ឌល​កែ​ប្រែ​ទី១។

លិខិត​ចៅក្រម​ស៊ើបសួរ លោក ធាម ច័ន្ទពិសិដ្ឋ បាន​បញ្ជាក់​ប្រាប់​លោក នេត សាវឿន ថា ក្រោយ​មាន​បើក​ការ​សាក​សួរ​ជន​ជាប់​ចោទ​ឈ្មោះ​ប៉ៃ ហ្វូជុន (BAI FUJUN) ពុំ​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​តាម​ការ​ចោទប្រកាន់​របស់​តំណាង​អយ្យការ​សាលា​ដំបូង​ក្រុង​ភ្នំពេញ​នោះ​ទេ។ ជន​ជាប់​ចោទ​ឈ្មោះ​ប៉ៃ ហ្វូជុន (BAI FUJUN) ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ចេញ​ដីកា​លើកលែង​ការ​ចោទ​ប្រកាន់ និង​ដោះលែង កាល​ពី​ថ្ងៃ​ទី៥ ខែកក្កដា។ ទោះ​បី​ជា​យ៉ាងណា នីតិវិធី​ដោះលែង​ជន​ជាប់​ចោទ​ជនជាតិ​ចិន​រូប​នេះ មជ្ឈដ្ឋាន​មួយ​ចំនួន​អះអាង​ថា ដោយសារ​តែ​មាន​អ្នក​រត់​ការ​ជួយ​អន្តរាគមន៍។

វិទ្យុអាស៊ីសេរី មិន​អាច​ទាក់ទង​ចៅក្រម​ស៊ើបសួរ លោក ធាម ច័ន្ទពិសិដ្ឋ និង​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ ដើម្បី​បញ្ជាក់​អំពី​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១៥ ខែ​កក្កដា។ ចំណែក អ្នកនាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក កែវ វណ្ណថន ក៏​មិន​អាច​ទាក់ទង​បាន​ដែរ។

រីឯ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សវនា លោក​ពុំ​បាន​ដឹង​អំពី​ការ​ដោះលែង​ជនជាតិ​ចិន​នោះ​ទេ ដ្បិត​លោក​ថា ការ​ចាប់​បញ្ជូន​មនុស្ស​ចូល និង​ការ​ដោះលែង​ឱ្យ​មនុស្ស​ចេញ​ប្រែប្រួល​ជា​រៀងរាល់​ថ្ងៃ។

លោក នុត សវនា៖«ការ​នៅ​ក្រៅ​ឃុំ​អី​ខ្ញុំ​អត់​ដឹង​ទេ​រឿង​ហ្នឹង អ្នកណា​ទៅ​ដឹង​ស៊ីជម្រៅ​ដល់​ប៉ុណ្ណឹង។ គ្រាន់​ថា បើ​នីតិវិធី​ការ​ដោះលែង​អា​ហ្នឹង នៅ​ពេល​ដែល​ចៅក្រម​ស៊ើបសួរ ឬ​អង្គ​ជំនុំ​ជម្រះ​គេ​ពិនិត្យ​ឃើញ​ថា អាច​ដោះលែង​បាន អង្គ​ហេតុ​អង្គ​ច្បាប់​គេ​ពិនិត្យ​អស់​ទៅ គេ​អាច​ចេញ​សេចក្ដី​សម្រេច​មួយ ឱ្យ​នៅ​ក្រៅ​ឃុំ​ដោយ​មាន​លក្ខខណ្ឌ បន្ត​នីតិវិធី​តុលាការ​ដោយ​ដាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​តាម​ការ​ឃ្លាំ​មើល អ៊ីចឹង​ទៅ ហើយ​បាន​គេ​ចេញ​ដីកា​ដោះលែង បញ្ជូន​មក​ពន្ធនាគារ។ ពន្ធនាគារ​យក​ដីកា​មក​អនុវត្ត​ទៅ យើង​អត់​មាន​អី​លើស​ពី​ហ្នឹង​ទេ ការ​សម្រេច​មិនមែន​លើ​ខាង​ខ្ញុំ​ផង»។

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ កាល​ពី​ថ្ងៃទី១០ ខែមេសា មន្ត្រី​យោធា​ម្នាក់​ឈ្មោះ ហុន ឆរ័ត្ន រង​ការ​ចោទ​ប្រកាន់​ថា បាន​ជួយ​អន្តរាគមន៍​ដោះលែង​ជន​សង្ស័យ​ជនជាតិ​ចិន និង​វៀតណាម​សរុប ១២នាក់ ក្រោយ​ពី​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ពួកគេ ជាមួយ​គ្រឿងញៀន​ជិត ១ពាន់​គ្រាប់​ស្ថិត​ក្នុង​កាស៊ីណូ គ័ងហ្វា កាឡាក់ស៊ី (Kung Fu Galaxy) ក្នុង​ក្រុង​ព្រះសីហនុ។

ជុំវិញ​រឿង​នេះ​ដែរ ប្រធាន​អង្គការ​សម្ព័ន្ធ​ភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា សង្កេត​ឃើញ​ថា ការណ៍​ដែល​មាន​អ្នកមាន​អំណាច​ជួយ​អន្តរាគមន៍​ដោះលែង​ជនល្មើស​នេះ​ពុំ​មែន​ជា​ករណី​ថ្មី​នោះ​ទេ ស្រប​ពេល​ដែល​រដ្ឋាភិបាល​រង​ការ​រិះគន់​ថា​បរាជ័យ​ក្នុង​ការ​ចាត់​វិធានការ​លើ​មន្ត្រី​ប្រព្រឹត្ត​អំពើ​ពុករលួយ តាមរយៈ​ទទួល​លុយ​សំណូក​ពី​ជនល្មើស។ លោក​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​រដ្ឋាភិបាល​ថ្នាក់ដឹកនាំ​កំពូល​ពុំ​មាន​ការ​ធានា​អំពី​ការ​អនុវត្ត​ការងារ​មន្ត្រី​អាជ្ញាធរ​នោះ​ទេ នោះ​បញ្ហា​កំពុង​កើត​មាន​ក្នុង​សង្គម​មិន​អាច​ដោះស្រាយ​បាន​ឡើយ។

លោក រស់ សុដ្ឋា៖«ហើយ​បញ្ហា​ហ្នឹង​ស្ដាប់​ទៅ​ដូចជា​ដដែលៗ​មាន​មន្ត្រី​រត់​ការ ពាក់ព័ន្ធ​បទល្មើស ជនជាតិ​ចិន​ប្រព្រឹត្ត​ល្មើស​ច្បាប់​ហ្នឹង​វា​ដូចជា​មាន​អត់​ចប់។ ដូច្នេះ ខ្ញុំ​រំពឹង​តែ​ថ្នាក់​ដឹកនាំ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទេ ប្រសិន​ជា​ថ្នាក់​ដឹកនាំ​លោក​មិន​អាច​មាន​វិធានការ​ឱ្យ​បាន​ច្បាស់លាស់​ទេ បញ្ហា​ហ្នឹង​នៅ​តែ​បន្ត​អូស​បន្លាយ​បន្ត​ទៅ​ទៀត នឹង​មាន​ហូរហែ​បន្ត​ទៀត»។

អ្នក​ឃ្លាំមើល លើកឡើង​ថា ការណ៍​ដែល​មន្ត្រី​តុលាការ​ដោះលែង​ឱ្យ​ជនល្មើស​រួច​បំផុត​ពី​ការ​អនុវត្ត​ច្បាប់​ដោយ​ពុំ​មាន​ការ​បកស្រាយ​ឱ្យ​បាន​ច្បាស់លាស់​នោះ តុលាការ​ក៏​ទំនង​មិន​អាច​ជៀស​ផុត​អំពី​ការ​រិះគន់​ថា គ្មាន​ឯករាជ្យ​ភាព ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​ធ្វើ​ការ​តាម​តែ​ការ​ចង្អុល​របស់​អ្នកមាន​លុយ​មាន​អំណាច។ លើស​ពី​នេះ ក្រុម​ឧក្រិដ្ឋជន​មួយ​ចំនួន​ទៀត​ដែល​កំពុង​បើក​អាជីវកម្ម​ខុស​ច្បាប់​ក្រោម​ស្លាក​អភិវឌ្ឍ និង​ក្រុម​បង​តូច​បងធំ​នៅ​កម្ពុជា​ក៏​ទំនង​មិន​ខ្លាច​ញញើត​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​នោះ​ទេ ដ្បិត​អ្នក​អនុវត្ត​ច្បាប់​ជាន់​ឈ្លី​ច្បាប់ និង​យក​ច្បាប់​ធ្វើ​ជា​ឧបករណ៍​សម្រាប់​បម្រើ​អ្នកនយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។