ពលករ​ខ្មែរ​​​​មួយ​គ្រួសារ​រស់​នៅ​វេទនា​​ក្រោយ​​​ប្ដី​ឈឺ​ធ្ងន់​ដោយសារ​គ្រោះ​ថ្នាក់​ការ​ងារ​នៅ​ប្រទេស​ថៃ

ដោយ មាន ឫទ្ធិ
2021-04-01
Share
ពលករ​ខ្មែរ​​​​មួយ​គ្រួសារ​រស់​នៅ​វេទនា​​ក្រោយ​​​ប្ដី​ឈឺ​ធ្ងន់​ដោយសារ​គ្រោះ​ថ្នាក់​ការ​ងារ​នៅ​ប្រទេស​ថៃ លោក សាន់ មក់ ពលករ​ខ្មែរ​ ធ្លាក់​ខ្លួន​ពិការ​ ដោយសារ​គ្រោះថ្នាក់​ពេល​បំពេញ​ការងារ​នៅ​រោងចក្រ​ផលិត​ក្រដាស ​ខេត្ត​សាមុត​ប្រាកាន (Samut Prakan) ប្រទេស​ថៃ។ រូប​ថត​ថ្ងៃ​ទី៣១ ខែ​មីនា ឆ្នាំ២០២១។
រូប៖ ពលករ​

ពលករ​ខ្មែរ​មួយ​គ្រួសារ​កំពុង​រស់​នៅ​លំបាក​វេទនា​​ក្នុង​​ប្រទេស​ថៃ ​ដោយសារ​​បុរស​ជា​ប្ដី​មាន​គ្រោះថ្នាក់​ក្នុង​ពេល​ធ្វើ​ការងារ​បណ្ដាល​ឱ្យ​ធ្លាក់​ខ្លួន​​ឈឺ​ធ្ងន់​​​​។​​ពលករ​មួយ​គ្រួសារ​នេះ​​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​នៅ​​ខេត្ត​​ជាប់​ទីក្រុង​បាងកក។​ ពួក​គេ​មាន​ជីវភាព​តោកយ៉ាក​​​​គ្មាន​ប្រាក់​ព្យាបាល​ជំងឺ​​ប្ដី​ដោយសារ​ពួកគេ​មិន​បាន​ធ្វើ​ការ​អស់​ជា​ច្រើន​ខែ​មក​ហើយ​។ ​មន្ត្រី​សង្គម​ស៊ីវិល​ យល់​ថា ​រឿង​នេះ​រដ្ឋាភិបាល​ខ្មែរ​​គួរតែ​អន្តរាគមន៍​ដល់​ពួកគាត់​ជា​បន្ទាន់​ ដើម្បី​កុំ​ឱ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ជាង​នេះ​។​

ពលករ​មាន​ស្រុក​កំណើត​នៅ​ស្រុក​មោង​ឫស្សី​ខេត្ត​បាត់ដំបង អះអាង​ថា ថៅកែ​ជនជាតិ​ថៃ​មិន​​ទទួល​ខុស​ត្រូវ​ចំពោះ​គ្រោះ​ថ្នាក់​ការងារ​របស់​លោក​នោះ​ឡើយ ដែល​ធ្វើ​ឱ្យ​លោក​ត្រូវ​រស់​នៅ​ក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន។

ពលករ​ធ្វើ​ការ​រោងចក្រ​ផលិត​ក្រដាស​នៅ​ខេត្ត​សាមុត​ប្រាកាន (Samut Prakan) លោក សាន់ មក់ ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី១ មេសា​ថា លោក​ធ្លាក់​ខ្លួន​ឈឺ​ដេក​នៅ​លើ​កន្ទេល​អស់​ជា​ច្រើន​ខែ​មក​ហើយ។ លោក​បន្ត​ថា គ្រោះ​ថ្នាក់​ការងារ​នោះ កើត​ឡើង​ដោយសារ​លោក​រអិល​ជើង​ដួល បណ្ដាល​ឱ្យ​បែក​ឆ្អឹង​ខ្នង​ក្នុង​ពេល ដែល​លោក​កាត់​ស្មៅ​សំអាត​ក្នុង​រោង​ចក្រ កាល​ពី​ខែ​តុលា ឆ្នាំ២០២០។ ពលករ​វ័យ ៤១ឆ្នាំ​រូប​នេះ បញ្ជាក់​ថា ​ថៅកែ​ជនជាតិ​ថៃ​​បាន​ជួយ​ចេញ​ប្រាក់​ព្យាបាល​ជំងឺ ៥ម៉ឺន​បាត ឬ​ប្រហែល ១ពាន់ ៧០០ដុល្លារ និង​ផ្ដល់​ប្រាក់ ៥ម៉ឺន​បាត​ដល់​លោក រួច​មិន​ទទួល​ខុស​ត្រូវ​អ្វី​ទៀត​ទេ។ ពលករ​រូប​នេះ​បាន​ទាមទារ​ឱ្យ​ថៅកែ​ជួយ​ចេញ​ថ្លៃ​ព្យាបាល​ជំងឺ រហូត​ដល់​ជា​សះ​ស្បើយ ប៉ុន្តែ​ត្រូវ​បាន​ថៅកែ​បដិសេធ។ លោក​និយាយ​ថា រឿង​នេះ​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក​ មិន​អើ​ពើ​ជួយ​អន្តរាគមន៍​ដល់​លោក​នោះ​ទេ៖ «ខ្ញុំ​អន់​ចិត្ត​ខ្លាំង​ណាស់​ ព្រោះ​ខ្ញុំ​គិត​ថា ស្ថានទូត​សម្រាប់​បងប្អូន​ពលករ​ឆ្លងដែន​ដែល​ជួប​ការ​លំបាក ព្រោះ​ស្ថានទូត​នេះ​ដូច​ឪពុក​ម្ដាយ​ដែល​ជួយ​បងប្អូន​ខ្មែរ​ទាំង​​អស់​គ្នា ប៉ុន្តែ​ស្ថាន​បែប​ជា​និយាយ​មិន​ជួយ​អ្វី​ទាំង​អស់​ដល់​ខ្ញុំ​។ជួយ​ឱ្យ​មើល​ខ្ញុំ​បាន​វះកាត់​ ដើរ​ដូច​ដើម​ធម្មតា​ដើម្បី​ចិញ្ចឹម​កូន​ប្រពន្ធ​បន្ត​ទៅ​មុខ​ទៀត។ព្រោះ​អី​ខ្ញុំ​ដេក​តែ​មួយ​មុខ​គត់​ដើរ​ក៏​មិន​បាន អីចឹង​មិន​មាន​ពី​ណា​គេ​ចិញ្ចឹម​ប្រពន្ធ​កូន​តទៅ​មុខ​ទៀត»

ពលករ​រូប​នេះ​ឱ្យ​ដឹង​ថា លោក​មាន​កូន ២នាក់ ក្នុង​នោះ​កូន​ប្រុស​អាយុ ១២ឆ្នាំ​ស្នាក់​នៅ​ជា​មួយ​លោក​ក្នុង​ប្រទេស​ថៃ និង​កូន​ស្រី​អាយុ ១៤ឆ្នាំ​ម្នាក់​ទៀត ស្នាក់​នៅ​ជាមួយ​ជីដូន​នៅ​កម្ពុជា។

ប្រពន្ធ​របស់​ជនរងគ្រោះ​លោកស្រី ហាក់ សុខ ថ្លែង​ថា លោក​ស្រី​ហាក់​អស់​សង្ឃឹម​ក្នុង​ជីវិត ពី​ព្រោះ​ចាប់​តាំង​ពី​ប្ដី​ធ្លាក់​ខ្លួន​ឈឺ​មក ​លោក​ស្រី​មិន​បាន​ធ្វើ​ការងារ​រក​ប្រាក់​ចំណូល​ឡើយ ដោយ​រវល់​មើល​ថែ​ប្ដី​ជា​រៀង​រាល់​ថ្ងៃ។ស្ត្រី​វ័យ ៤៦ឆ្នាំ​រូប​នេះ​ព្រួយបារម្ភ ខ្លាច​ស្ថានភាព​ជំងឺ​របស់​ប្ដី​កាន់​តែ​ធ្ងន់ធ្ងរ​​មើល​មិន​ជា ហើយ​​ស្លាប់​នៅ​ប្រទេស​ថៃ ចោល​កូន និង​ប្រពន្ធ ដោយសារ​គ្មាន​ប្រាក់​ព្យាបាល​ជំងឺ៖ «ខ្ញុំ​អត់​បាន​ធ្វើ​អី​ផង​ ខ្ញុំ​ចង់​ឱ្យ​គេ​ជួយ​វេះ​កាត់​ឱ្យ​ប្ដី​ខ្ញុំ​ជា​បាន​ដើរ​រួច​ទៅ​ក្រែង​ខ្ញុំ​បាន​ទៅ​​គាត់ ក៏​ដើរ​បាន​ស្រួល​ ចូល​បន្ទប់​ទឹក​បាន​ខ្លួន​ឯង​ ហូប​បាយ​បាន​ខ្លួន​ឯង​ ឥឡូវ​បាន​តែ​ដេក​ហូប​ហ្នឹង​ ទាល់​តែ​ខ្ញុំ​ដាំ​បាយ​នៅ​មើល​ថែ​។​កាល​ពី​ដំបូង​គាត់​លំបាក​គាត់​អាចម៍​ដាក់​ខោ​ដាក់​អី​មួយ​ថ្ងៃ​ៗ​ខ្ញុំ​មិន​ទៅ​ណា​រួច​អត់​បាន​ដេក​អត់​បាន​ពួន ឡើង​ស្គម។ កូន​ក៏​នៅ​តូចៗ ទាំង​អស់​ហើយ​ខ្ញុំ​ដេក​តែ​គិត​មិន​ដឹង​ថា​គិត​យ៉ាង​ណា​ បើ​គាត់​មិន​ជា​មិន​អី​អីចឹង​ហើយ​អនាគត​កូន​ហើយ​វា​នៅ​តូច​អត់​ចេះ​ដឹង​អត់​ទាន់​រក​អី​បាន»

បច្ចុប្បន្ន ពលករ​ខ្មែរ​មួយ​គ្រួសារ​នេះ អាច​បន្ត​ស្នាក់​នៅ​ប្រទេស​ថៃ​បាន ដោយ​សារ​មាន​ពលករ​ខ្មែរ និង​ជនជាតិ​ថៃ​មួយ​ចំនួន​ឧបត្ថម្ភ​ស្បៀង​អាហារ​បន្តិចបន្តួច​ប៉ុណ្ណោះ។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ទី​ក្រុង​បាងកក​ និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ លោក ហេង សួរ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១​មេសា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​មន្ត្រី​ស្ថានទូត​បាន​ប្រាប់​ពលករ​រងគ្រោះ​ លោក សាន់ មក់ ថា ខាង​ស្ថានទូត​មិន​អាច​ជួយ​អន្តរាគមន៍​ដល់​លោក​បាន​ទេ ដោយសារ​​ភាគី​រោងចក្រ​​បាន​ផ្ដល់​ប្រាក់​ដល់​លោក​​សម​ល្មម​ហើយ​។ បន្ថែម​ពី​នេះ​លោក​ថា មន្ត្រី​ស្ថានទូត​បាន​បង្ខំ​ឱ្យ​លោក​​នាំ​ប្រពន្ធ​និង​កូន​ត្រឡប់​ទៅ​មើល​ជំងឺ​នៅ​កម្ពុជា​វិញ​ ព្រោះ​ប្រសិន​បើ​ប្ដឹង ក៏​មិន​ឈ្នះ​គេ​ដែរ។

ទោះ​ជា​យ៉ាង​ណា​មន្ត្រី​អង្គការ​សង់ត្រាល់ (Central) ទទួល​បន្ទុក​ផ្នែក​ពលករ​ លោក ឌី ថេហូ​យា​ យល់​ថា​ ​ការ​បង់​ប្រាក់​១០​ម៉ឺន​បាត​​ដល់​ពលករ​រងគ្រោះ​គឺ​ជា​រឿង​អយុត្តិធម៌​ព្រោះ​តាម​ច្បាប់​ការងារ​របស់​ថៃ​ នៅ​ពេល​ដែល​ពលករ​​មាន​គ្រោះ​ថ្នាក់​ការងារ​គឺ​ថៅកែ​​ និង​ បេឡា​ជាតិ​សន្តិសុខ​សង្គម​របស់​ថៃ​ឬ​ហៅ​ថា​ប..ស ជា​អ្នក​​ទទួល​ខុស​ត្រូវ​​​​ព្យាបាល​ជំងឺ​​ពលករ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បញ្ជាក់​ថា រឿង​នេះ មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ​គួរតែ​ជួយ​អន្តរាគមន៍​​ដល់​ពលករ​ជា​បន្ទាន់​ ដើម្បី​​នាំ​​​ជន​រង​គ្រោះ​ទៅ​ព្យាបាល​ជំងឺ​ឱ្យ​បាន​ទាន់​ពេលវេលា៖ «អីចឹង​ហើយ​អា​ចំណុច​មិន​មាន​ការ​ឆ្លើយ​តប​អី​យ៉ាង​ហ្នឹង ពលរដ្ឋ​ដែល​រង​អំពើ​អយុត្តិធម៌​ជា​ពិសេស​ការ​គ្រោះ​ថ្នាក់​ការងារ​ហ្នឹង​ត្រូវ​តែ​បញ្ចេញ​សំឡេង​របស់​ខ្លួន​ជា​សាធារណៈ​យ៉ាង​ហោច​ណាស់ ក៏​ចង់​ឱ្យ​មហា​ជន​បាន​ដឹង។​ព្រោះ​សព្វ​ថ្ងៃ​នេះ​រឿង​ខ្លះ​បើ​ត្រឹមតែ​ស្ងៀមស្ងាត់​ឈឺចាប់​ម្នាក់​ឯង​មហាជន​មិន​បាន​ដឹង​ទេ ហាក់​ដូច​មិន​ជំរុញ​លើក​ទឹក​ចិត្ត​អ្នក​ដដែល​ទទួល​ខុស​ត្រូវ​ហ្នឹង​ឱ្យ​ទទួល​ខុស​ត្រូវ​ទេ ហើយ​អ្នក​ទទួល​ខុស​ត្រូវ​ភាគ​ច្រើន​ហ្នឹង​ចាប់​អារម្មណ៍​យក​តែ​រឿង​ណា​ដែល​មហាជន​ដឹង​អីចឹង​ដែរ​។អីចឹង​ហើយ​បាន​ជា ការ​ធ្វើ​របៀប​នេះ​មិន​មែន​ការ​ធ្វើការ​តាម​លក្ខណៈ​ប្រព័ន្ធ​ទេ គឺ​តាម​លក្ខណៈ​ខ្យល់»

លោក ឌី ថេហូយ៉ា ​បន្ត​ថា ​ជា​រឿយៗ ពលករ​ខ្មែរ​ដែល​រងគ្រោះ​ក្នុង​ពេល​ធ្វើ​ការងារ​មិន​ទទួល​បាន​ការ​​ព្យាបាល​ត្រឹមត្រូវ​ពី​សំណាក់​ថៅកែ​ឡើយ ដោយសារ​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​ថៃ​មិន​សូវ​អើពើ​ជួយ​ដល់​ពួកគេ​។ ​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ និយាយ​ថា រឿង​នេះ​ប្រសិន​បើ​​​​រដ្ឋាភិបាល​​​ខ្មែរ​និង​ថៃ​​មិនបាន​​ដោះស្រាយ​ទេ​នោះ​ នឹង​​ធ្វើ​ឱ្យ​ថៅកែ​ថៃ​បាន​ចិត្ត ហើយ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ពលករ​ជា​បន្តបន្ទាប់​ទៀត។

របាយការណ៍​អង្គការ​សង់ត្រាល់​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ធ្វើ​ការងារ​ស្របច្បាប់​និង​មិន​ស្រប​ច្បាប់​ប្រមាណ ១លាន ៨សែន​នាក់ ធ្វើ​ការ​នៅ​ប្រទេស​ថៃ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល