ពលករខ្មែរមួយគ្រួសារកំពុងរស់នៅលំបាកវេទនាក្នុងប្រទេសថៃ ដោយសារបុរសជាប្ដីមានគ្រោះថ្នាក់ក្នុងពេលធ្វើការងារបណ្ដាលឱ្យធ្លាក់ខ្លួនឈឺធ្ងន់។ពលករមួយគ្រួសារនេះស្នាក់នៅក្នុងបន្ទប់ជួលនៅខេត្តជាប់ទីក្រុងបាងកក។ ពួកគេមានជីវភាពតោកយ៉ាកគ្មានប្រាក់ព្យាបាលជំងឺប្ដីដោយសារពួកគេមិនបានធ្វើការអស់ជាច្រើនខែមកហើយ។ មន្ត្រីសង្គមស៊ីវិល យល់ថា រឿងនេះរដ្ឋាភិបាលខ្មែរគួរតែអន្តរាគមន៍ដល់ពួកគាត់ជាបន្ទាន់ ដើម្បីកុំឱ្យមានបញ្ហាធ្ងន់ធ្ងរជាងនេះ។
ពលករមានស្រុកកំណើតនៅស្រុកមោងឫស្សីខេត្តបាត់ដំបង អះអាងថា ថៅកែជនជាតិថៃមិនទទួលខុសត្រូវចំពោះគ្រោះថ្នាក់ការងាររបស់លោកនោះឡើយ ដែលធ្វើឱ្យលោកត្រូវរស់នៅក្នុងស្ថានភាពយ៉ាប់យ៉ឺន។
ពលករធ្វើការរោងចក្រផលិតក្រដាសនៅខេត្តសាមុតប្រាកាន (Samut Prakan) លោក សាន់ មក់ ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី១ មេសាថា លោកធ្លាក់ខ្លួនឈឺដេកនៅលើកន្ទេលអស់ជាច្រើនខែមកហើយ។ លោកបន្តថា គ្រោះថ្នាក់ការងារនោះ កើតឡើងដោយសារលោករអិលជើងដួល បណ្ដាលឱ្យបែកឆ្អឹងខ្នងក្នុងពេល ដែលលោកកាត់ស្មៅសំអាតក្នុងរោងចក្រ កាលពីខែតុលា ឆ្នាំ២០២០។ ពលករវ័យ ៤១ឆ្នាំរូបនេះ បញ្ជាក់ថា ថៅកែជនជាតិថៃបានជួយចេញប្រាក់ព្យាបាលជំងឺ ៥ម៉ឺនបាត ឬប្រហែល ១ពាន់ ៧០០ដុល្លារ និងផ្ដល់ប្រាក់ ៥ម៉ឺនបាតដល់លោក រួចមិនទទួលខុសត្រូវអ្វីទៀតទេ។ ពលកររូបនេះបានទាមទារឱ្យថៅកែជួយចេញថ្លៃព្យាបាលជំងឺ រហូតដល់ជាសះស្បើយ ប៉ុន្តែត្រូវបានថៅកែបដិសេធ។ លោកនិយាយថា រឿងនេះមន្ត្រីស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក មិនអើពើជួយអន្តរាគមន៍ដល់លោកនោះទេ៖ «ខ្ញុំអន់ចិត្តខ្លាំងណាស់ ព្រោះខ្ញុំគិតថា ស្ថានទូតសម្រាប់បងប្អូនពលករឆ្លងដែនដែលជួបការលំបាក ព្រោះស្ថានទូតនេះដូចឪពុកម្ដាយដែលជួយបងប្អូនខ្មែរទាំងអស់គ្នា ប៉ុន្តែស្ថានបែបជានិយាយមិនជួយអ្វីទាំងអស់ដល់ខ្ញុំ។ជួយឱ្យមើលខ្ញុំបានវះកាត់ ដើរដូចដើមធម្មតាដើម្បីចិញ្ចឹមកូនប្រពន្ធបន្តទៅមុខទៀត។ព្រោះអីខ្ញុំដេកតែមួយមុខគត់ដើរក៏មិនបាន អីចឹងមិនមានពីណាគេចិញ្ចឹមប្រពន្ធកូនតទៅមុខទៀត » ។
ពលកររូបនេះឱ្យដឹងថា លោកមានកូន ២នាក់ ក្នុងនោះកូនប្រុសអាយុ ១២ឆ្នាំស្នាក់នៅជាមួយលោកក្នុងប្រទេសថៃ និងកូនស្រីអាយុ ១៤ឆ្នាំម្នាក់ទៀត ស្នាក់នៅជាមួយជីដូននៅកម្ពុជា។
ប្រពន្ធរបស់ជនរងគ្រោះលោកស្រី ហាក់ សុខ ថ្លែងថា លោកស្រីហាក់អស់សង្ឃឹមក្នុងជីវិត ពីព្រោះចាប់តាំងពីប្ដីធ្លាក់ខ្លួនឈឺមក លោកស្រីមិនបានធ្វើការងាររកប្រាក់ចំណូលឡើយ ដោយរវល់មើលថែប្ដីជារៀងរាល់ថ្ងៃ។ស្ត្រីវ័យ ៤៦ឆ្នាំរូបនេះព្រួយបារម្ភ ខ្លាចស្ថានភាពជំងឺរបស់ប្ដីកាន់តែធ្ងន់ធ្ងរមើលមិនជា ហើយស្លាប់នៅប្រទេសថៃ ចោលកូន និងប្រពន្ធ ដោយសារគ្មានប្រាក់ព្យាបាលជំងឺ៖ «ខ្ញុំអត់បានធ្វើអីផង ខ្ញុំចង់ឱ្យគេជួយវេះកាត់ឱ្យប្ដីខ្ញុំជាបានដើររួចទៅក្រែងខ្ញុំបានទៅគាត់ ក៏ដើរបានស្រួល ចូលបន្ទប់ទឹកបានខ្លួនឯង ហូបបាយបានខ្លួនឯង ឥឡូវបានតែដេកហូបហ្នឹង ទាល់តែខ្ញុំដាំបាយនៅមើលថែ។កាលពីដំបូងគាត់លំបាកគាត់អាចម៍ដាក់ខោដាក់អីមួយថ្ងៃៗខ្ញុំមិនទៅណារួចអត់បានដេកអត់បានពួន ឡើងស្គម។ កូនក៏នៅតូចៗ ទាំងអស់ហើយខ្ញុំដេកតែគិតមិនដឹងថាគិតយ៉ាងណា បើគាត់មិនជាមិនអីអីចឹងហើយអនាគតកូនហើយវានៅតូចអត់ចេះដឹងអត់ទាន់រកអីបាន » ។
បច្ចុប្បន្ន ពលករខ្មែរមួយគ្រួសារនេះ អាចបន្តស្នាក់នៅប្រទេសថៃបាន ដោយសារមានពលករខ្មែរ និងជនជាតិថៃមួយចំនួនឧបត្ថម្ភស្បៀងអាហារបន្តិចបន្តួចប៉ុណ្ណោះ។
អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក និងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១មេសា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ប៉ុន្តែមន្ត្រីស្ថានទូតបានប្រាប់ពលកររងគ្រោះ លោក សាន់ មក់ ថា ខាងស្ថានទូតមិនអាចជួយអន្តរាគមន៍ដល់លោកបានទេ ដោយសារភាគីរោងចក្របានផ្ដល់ប្រាក់ដល់លោកសមល្មមហើយ។ បន្ថែមពីនេះលោកថា មន្ត្រីស្ថានទូតបានបង្ខំឱ្យលោកនាំប្រពន្ធនិងកូនត្រឡប់ទៅមើលជំងឺនៅកម្ពុជាវិញ ព្រោះប្រសិនបើប្ដឹង ក៏មិនឈ្នះគេដែរ។
ទោះជាយ៉ាងណាមន្ត្រីអង្គការសង់ត្រាល់ (Central) ទទួលបន្ទុកផ្នែកពលករ លោក ឌី ថេហូយា យល់ថា ការបង់ប្រាក់១០ម៉ឺនបាតដល់ពលកររងគ្រោះគឺជារឿងអយុត្តិធម៌ព្រោះតាមច្បាប់ការងាររបស់ថៃ នៅពេលដែលពលករមានគ្រោះថ្នាក់ការងារគឺថៅកែ និង បេឡាជាតិសន្តិសុខសង្គមរបស់ថៃឬហៅថាប.ស.ស ជាអ្នកទទួលខុសត្រូវព្យាបាលជំងឺពលករ។ មន្ត្រីសង្គមស៊ីវិលរូបនេះ បញ្ជាក់ថា រឿងនេះ មន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃគួរតែជួយអន្តរាគមន៍ដល់ពលករជាបន្ទាន់ ដើម្បីនាំជនរងគ្រោះទៅព្យាបាលជំងឺឱ្យបានទាន់ពេលវេលា៖ «អីចឹងហើយអាចំណុចមិនមានការឆ្លើយតបអីយ៉ាងហ្នឹង ពលរដ្ឋដែលរងអំពើអយុត្តិធម៌ជាពិសេសការគ្រោះថ្នាក់ការងារហ្នឹងត្រូវតែបញ្ចេញសំឡេងរបស់ខ្លួនជាសាធារណៈយ៉ាងហោចណាស់ ក៏ចង់ឱ្យមហាជនបានដឹង។ព្រោះសព្វថ្ងៃនេះរឿងខ្លះបើត្រឹមតែស្ងៀមស្ងាត់ឈឺចាប់ម្នាក់ឯងមហាជនមិនបានដឹងទេ ហាក់ដូចមិនជំរុញលើកទឹកចិត្តអ្នកដដែលទទួលខុសត្រូវហ្នឹងឱ្យទទួលខុសត្រូវទេ ហើយអ្នកទទួលខុសត្រូវភាគច្រើនហ្នឹងចាប់អារម្មណ៍យកតែរឿងណាដែលមហាជនដឹងអីចឹងដែរ។អីចឹងហើយបានជា ការធ្វើរបៀបនេះមិនមែនការធ្វើការតាមលក្ខណៈប្រព័ន្ធទេ គឺតាមលក្ខណៈខ្យល់ » ។
លោក ឌី ថេហូយ៉ា បន្តថា ជារឿយៗ ពលករខ្មែរដែលរងគ្រោះក្នុងពេលធ្វើការងារមិនទទួលបានការព្យាបាលត្រឹមត្រូវពីសំណាក់ថៅកែឡើយ ដោយសារស្ថានទូតខ្មែរនៅប្រទេសថៃមិនសូវអើពើជួយដល់ពួកគេ។ មន្ត្រីសង្គមស៊ីវិលរូបនេះ និយាយថា រឿងនេះប្រសិនបើរដ្ឋាភិបាលខ្មែរនិងថៃមិនបានដោះស្រាយទេនោះ នឹងធ្វើឱ្យថៅកែថៃបានចិត្ត ហើយមិនទទួលខុសត្រូវចំពោះពលករជាបន្តបន្ទាប់ទៀត។
របាយការណ៍អង្គការសង់ត្រាល់ឱ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរធ្វើការងារស្របច្បាប់និងមិនស្របច្បាប់ប្រមាណ ១លាន ៨សែននាក់ ធ្វើការនៅប្រទេសថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។