សត្វកណ្តុរហិតមីន ឈ្មោះ ម៉ាហ្គាវ៉ា (Magawa) ដែលទទួលបានពានរង្វាន់មេដាយមាស ក្នុងការស្វែងរកមីនបង្កប់ក្នុងដី បានងាប់ ក្នុងអាយុ ៨ឆ្នាំ កាលពីចុងសប្តាហ៍កន្លងមកនេះ។
សេចក្តីថ្លែងការណ៍របស់អង្គការស្ម័គ្រចិត្តដោះមីន អាប៉ូឡូ (APOPO) កាលពីថ្ងៃទី១១ ខែមករា ឲ្យដឹងថា៖ «ពួកយើងមានការសោកស្តាយជាខ្លាំងចំពោះការបាត់បង់និងការងារដ៏វិសេសវិសាលរបស់សត្វកណ្តុរហិតមីនម៉ាហ្គាវ៉ានេះ»។
សេចក្តីថ្លែងការណ៍បន្តថា ម៉ាហ្គាវ៉ា នៅប៉ុន្មានថ្ងៃមុនស្លាប់ ហាក់នៅស្ងាត់ស្ងៀម ដេកច្រើន និងមិនសូវស៊ីចំណីនោះឡើយ សូម្បីអាហារដែលវាចូលចិត្តបំផុត មានដូចជា ចេក និងសណ្តែកដីជាដើម។
កណ្ដុរហិតមីន ដែលទទួលមេដាយមាសពីប្រទេសអង់គ្លេសបានដាក់ឱ្យចូលនិវត្តន៍ កាលពីខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីបានបំពេញបេសកកម្មដោះមីននៅក្នុងខេត្តសៀមរាប និងខេត្តព្រះវិហារ អស់រយៈពេលជាង ៥ឆ្នាំ ក្នុងទំហ៊ំដី ប្រមាណជាង ២២ហិកតារឬស្មើតារាងបាល់ទាត់ ចំនួន ៤២តារាង។
ការស្លាប់ ម៉ាហ្គាវ៉ានេះ កើតឡើងក្រោយពេល អ្នកជំនាញដោះមីន៣នាក់ បានស្លាប់ក្នុងហេតុការណ៍ផ្ទុះមីនតោននៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី១០ ខែមករា។
អ្នកទាំងបីនាក់នោះ គឺជាអ្នកជំនាញកម្ទេចគ្រឿងផ្ទុះរបស់អង្គការដោះមីនកម្ពុជា ហៅកាត់ថា CSDH (Cambodian Self Help Demining) ឬអង្គការ អាគីរ៉ា។ ក្នុងនោះរួមមាន ប្រធានក្រុមដោះមីនតោន លោក ស៊ុន វង់ អាយុ ២៩ឆ្នាំ អនុប្រធានក្រុម លោក ម៉ា ស៊ីម៉េត អាយុ ៣២ឆ្នាំ និងលោក ម៉ន ចក់ អាយុ ៣២ឆ្នាំ។
របាយការណ៍របស់ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) ឱ្យដឹងថា ចន្លោះពីឆ្នាំ១៩៩៣-១៩៩៨ គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានសម្លាប់ និងធ្វើឱ្យរងរបួសប្រជាជនកម្ពុជា ប្រមាណជាង ៤.០០០ពាន់នាក់ ក្នុង ១ឆ្នាំៗ ដែលនេះអាចចាត់ទុកថា ជាឃាតកលេខ១ នៅកម្ពុជា។ ចំនួនអ្នកស្លាប់ បានថយចុះបន្តបន្ទាប់ ដោយសារការងារបោសសម្អាតមីន។ ក្នុងនោះមកដល់ឆ្នាំ២០១៩ ចំនួនជនរងគ្រោះធ្លាក់ចុះមកនៅតិចជាង ១០០នាក់ ក្នុង ១ឆ្នាំ។
កម្ពុជាបានដាក់គោលដៅបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមឱ្យអស់ នៅត្រឹមឆ្នាំ២០២៥ ខាងមុខ ដែលនឹងត្រូវការថវិកាប្រមាណជាង ៤០៦លានដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។