អតីតទាហានខ្មែរក្រហមដែលពិការជើងម្ខាង ដោយសារសង្គ្រាមនៅខេត្តសៀមរាប ប្រឹងប្រែងដើរសុំទាន ស្ទើររាល់ថ្ងៃដើម្បីយកលុយផ្គត់ផ្គង់ការសិក្សារបស់កូន។ លោកថា ការប្រឹងប្រែងរបស់លោក ដោយលះបង់ការខ្មាសអៀននេះ ព្រោះតែមិនចង់ឃើញកូនលំបាកនៅពេលអនាគត។
នៅពេលព្រឹកព្រលឹមស្រាងៗ បុរសពិការជើងម្ខាង លោក អ៊ូ ខន បានជិះរទេះ កម្ពស់ប្រមាណ១តឹក ធ្វើជាមធ្យោបាយសម្រាប់ជិះចាប់ពីម៉ោង៥ព្រឹក រហូតដល់៥រសៀល ដើម្បីដើរសុំលុយគេ យកមកទិញស្បៀងសម្រាប់បរិភោគខ្លះ និងខ្លះទៀតចំណាយលើការសិក្សារបស់កូន ដោយពុំគិតពីការនឿយហត់។
លោក អ៊ូ ខន ជាអតីតទាហានខ្មែរក្រហម ប្រចាំស្រុកសំឡូត ខេត្តបាត់ដំបង។ ជើងម្ខាងរបស់លោកត្រូវពិការនៅឆ្នាំ១៩៨៣ អំឡុងពេលសង្គ្រាមស៊ីវិលនៅកម្ពុជា ។ ចាប់តាំងពីសង្គ្រាមត្រូវបញ្ចប់ លោកធ្លាក់ខ្លួនក្រីក្រ គ្មានផ្ទះសម្បែង ចំណែកប្រពន្ធបានស្លាប់ចោលនៅឆ្នាំ២០២២ ដែលធ្វើឱ្យលោក ត្រូវចិញ្ចឹមកូនពីរនាក់ដោយលំបាក។
បុរសវ័យ ៦២ឆ្នាំរូបនេះ ត្រូវធ្វើដំណើរដោយប្រើរទេះឈើទ្រុឌទ្រោម ក្នុងចម្ងាយផ្លូវ ជិត២០គីឡូម៉ែត្រ ជារៀងរាល់ថ្ងៃ ដើម្បីសុំទាន។
កំពុងអង្គុយលើរទេះ និងមានញើសហូរលើផ្ទៃមុខ លោក អ៊ូ ខន ប្រាប់វិទ្យុអាស៊ីសេរីថា លោកពុំចង់ប្រកបរបរនេះទេ ប៉ុន្តែ លោកពុំមានជម្រើសឡើយ ក្រោយពីប្រពន្ធរបស់លោកបានស្លាប់ចោល។ ការណ៍ដែលលោកដើរសុំទានគេ ព្រោះតែចង់ឱ្យកូនបានរៀនសូត្រ និងមានការងារធ្វើសមរម្យ នៅពេលអនាគត។
លោក អ៊ូ ខន៖ «រកលុយមកដើម្បីចិញ្ចឹមកូន ឱ្យកូនរៀនឱ្យបានខ្ពង់ខ្ពស់ ព្រោះខ្ញុំមិនចេះអក្សរ មិនបានរៀនបានសូត្រនឹងគេទេ។ កាលជំនាន់ខ្ញុំក្មួយអើយ ធ្លាក់ពីសង្គមចាស់មក មានអី រត់គេចតែគ្រាប់ផ្លោង»។
លោក អ៊ូ ខន មានកូនប្រាំនាក់ ហើយ៣នាក់ មានគ្រួសារ ចំណែក២នាក់ទៀត អាយុ ១៤ និង ១៥ ឆ្នាំ កំពុងតែរៀននៅអនុវិទ្យាល័យ។ លោក អ៊ូ ខន ប្រកបរបរដើរសុំទាននេះជាង៥ឆ្នាំមកហើយ។ កាលពីមុន លោក និងប្រពន្ធ ដើររើសអេតចាយលក់ ប៉ុន្តែរបរនេះ រកលុយពុំសូវបាន អំឡុងពេលវិបត្តិជំងឺកូវីដ-១៩ ហើយលោកក៏ចាប់របរសុំទានគ្រាន់បានថវិកាខ្លះ ចិញ្ចឹមកូនរហូតដល់បច្ចុប្បន្ន។
លោក អ៊ូ ខន៖ «រាល់ថ្ងៃរកទាំងផ្សងព្រេងទេក្មួយអើយ។ ចេះតែប្រឹងទៅ បានតិចតូច ដើម្បីចំណាយលើថ្លៃផ្ទះផង និងថ្លៃកូនស៊ីផង»។
និយាយទាំងទឹកមុខអស់សង្ឃឹម លោក អ៊ូ ខន ថា លោកអាចរកបានពីការសុំទាន ពី៣ ទៅ៤ម៉ឺនរៀលក្នុងមួយថ្ងៃ។ យ៉ាងណា លោកទទូចឱ្យអាជ្ញាធរពាក់ព័ន្ធជួយផ្ដល់ស្បៀង និងថវិកាខ្លះ ដល់គ្រួសារលោកជាជាងហាមឃាត់ មិនឱ្យដើរសុំទាននៅទីក្រុង ក្នុងតំបន់ទេសចរណ៍។

ទាក់ទងបញ្ហាជនមានពិការភាព ជួបប្រទះជីវភាពលំបាក ស្នើសុំឱ្យអាជ្ញាធរជួយនៅពេលនេះ អភិបាលរងខេត្តសៀមរាប លោក លី សំរិទ្ធិ លើកឡើងថា ករណីនេះលោកពុំទាន់មាន ដំណោះស្រាយនោះទេ ប៉ុន្តែ លោកនឹងឱ្យអ្នកជំនាញពិចារណារកដំណោះស្រាយនៅពេលខាងមុខ។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តសៀមរាប លោក អ៊ិន គង់ជិត ប្រាប់វិទ្យុអាស៊ីសេរីថា ករណីពលរដ្ឋ ដែលមានពិការភាព ដោយសារតែសង្គ្រាមនេះ អាជ្ញាធរពាក់ព័ន្ធគួរតែផ្ដល់លំនៅឋានសមរម្យជូនពួកគាត់ ហើយផ្ដល់ការគាំទ្រ ដូចជាស្បៀង និងថវិកាខ្លះ ដល់កូនៗ ពួកគាត់ឱ្យទទួលបានការអប់រំបានពេញលេញ។
លោក អ៊ិន គង់ជិត៖ «គួរតែរកកន្លែងសម្រាប់ពួកគាត់ដែល បានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីជាតិ។ ចំណែក កូនពួកគាត់គួរតែរកកន្លែងណាដែលអាចឱ្យពួកគាត់បានសិក្សា ឱ្យបានជ្រៅជ្រះ»។
អតីតទាហានខ្មែរក្រហម លោក អ៊ូ ខន ពុំដែលគិតថា ស្ដាយក្រោយ ចំពោះការបាត់បង់ជើងម្ខាង ដោយសារតែ សង្គ្រាមនោះទេ ព្រោះថា លោកចូលធ្វើទាហាន គឺជាការស្ម័គ្រចិត្ត ដើម្បីការពារទឹកដី កុំឱ្យសត្រូវរំលោភយក។ ប៉ុន្តែ អ្វីដែលលោកសោកស្ដាយនោះ គឺថាអ្នកក្លាហាន ក្នុងសមរភូមិប្រយុទ្ធ ដូចជាលោក ត្រូវបានមេដឹកនាំទុកចោល ចំណែកអ្នកចេះដឹងពូកែអែបអប បែរជាឡើងបុណ្យស័ក្ដិ។
លោកចាំមិនភ្លេចទេពាក្យថា «ស្រុកសង្គ្រាម ត្រូវការអ្នក ក្លាហាន ស្រុកសាន្តត្រាណ ត្រូវការអ្នកចេះដឹង»។ លោកថា ពាក្យនេះពុំអាចឱ្យលោកបោះបង់ ការខិតខំប្រឹងប្រែងចិញ្ចឹមជីវិតនោះទេ។ ជាក់ស្ដែងលោកថា នឹងប្ដេជ្ញាចិត្តរកលុយគ្រប់មធ្យោបាយដើម្បីឱ្យកូនបានរៀនសូត្រ រួចផុតពីភាពក្រីក្រ និងអវិជ្ជា រហូតដល់ដង្ហើមចុងក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។