កូដករ​ណាហ្គាវើលដ៍​ម្នាក់ ប្រឈម​នឹង​ការ​រលូត​កូន ក្រោយ​ពី​អាជ្ញាធរ​បាន​បង្ក្រាប​ដោយ​ហិង្សា

0:00 / 0:00

កូដករ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ (NagaWorld) ម្នាក់​ដែល​មាន​ផ្ទៃពោះ​ជាង ១ខែ​នោះ កំពុង​តែ​ប្រឈម​បញ្ហា​រលូត​កូន ក្រោយ​ពី​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រើ​អំពើ​ហិង្សា​រុញ​ច្រាន​បោក​ខ្ទប់​នឹង​រថយន្ត ពេល​ដែល​លោកស្រី​ចេញ​តវ៉ា​ទាមទារ​ឱ្យ​ថៅកែ​បញ្ឈប់​ការ​រំលោភ​ច្បាប់​កម្ពុជា និង​សិទ្ធិ​កម្មករ​នៅ​កន្លែង​ធ្វើ​ការងារ។ មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស បន្ត​ស្នើ​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច​ឱ្យ​ចាត់​វិធានការ​លើ​មន្ត្រី ដែល​អនុវត្ត​តួនាទី​ផ្ទុយ​ពី​ច្បាប់ ដើម្បី​ទប់​ស្កាត់​នូវ​ទម្រង់​ហិង្សា និង​ការ​រំលោភ​បំពាន​លើ​ស្ត្រី​ភេទ​ទន់​ខ្សោយ​ត​ទៅ​ទៀត។

កូដករ​ម្នាក់​ក្នុង​ចំណោម​កូដករ​ជាង ២០០នាក់ ដែល​កំពុង​តស៊ូ​មតិ​សិទ្ធិ​ការងារ​នៅ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ លោកស្រី សុខ រតនា ឱ្យ​ដឹង​ថា ក្រោយ​ពី​អាជ្ញាធរ​បាន​រុញច្រាន​បោក​ខ្ទប់​នឹង​រថយន្ត កាល​ពី​ថ្ងៃ​ទី១១ ឧសភា លោកស្រី​មាន​អាការៈ​ចុក​ពោះ និង​ធ្លាក់​ឈាម។

លោកស្រី សុខ រតនា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៧ ឧសភា​ថា ក្រោយ​ពី​លោកស្រី​បាន​ទៅ​ពិនិត្យ​ផ្ទៃពោះ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​កន្លែង ដោយ​គ្រូពេទ្យ​សន្និដ្ឋាន​ថា កូន​លោកស្រី​ក្នុង​ផ្ទៃ​មាន​សង្ឃឹម​រស់​ត្រឹម​តែ ៥០ភាគរយតែប៉ុណ្ណោះ ដោយសារ​តែ​មាន​ដុំ​ឈាម​កក​ស្ថិត​នៅ​ចំណុច​ក្បែរ​កូន​ក្នុង​ផ្ទៃ។ លោកស្រី​ឱ្យ​ដឹង​ថា មុន​មាន​បញ្ហា​ប្រឈម​ដល់​កូន​ក្នុង​ផ្ទៃ​នេះ កាល​ពី​ថ្ងៃ​ទី១១ ឧសភា អាជ្ញាធរ​បាន​រុញច្រាន​លោកស្រី​ទាំង​កម្រោល​បោក​ខ្ទប់​នឹង​រថយន្ត​ក្រុង ក្នុង​នោះ​អាជ្ញាធរ និង​ជន​ស៊ីវិល ក៏​បាន​ប្រើ​អំពើ​ហិង្សា​ទាត់​ធាក់ ព្រម​ទាំង​ជេរ​ប្រមាថ​លើ​កូដករ ដែល​ភាគ​ច្រើន​ជា​ស្រ្តី។ លោកស្រី​ថា មក​ដល់​ពេល​នេះ​នៅ​តែ​មាន​អាការៈ​ចុក​ត្រង់​បរិវេណ​ពោះ ខ្សោះ​អស់​កម្លាំង និង​ត្រូវ​តាមដាន​សុខភាព​កូន​ក្នុង​ផ្ទៃ​ពី​សំណាក់​គ្រូពេទ្យ​បន្ត​ទៅ​ទៀត៖ « ខ្ញុំ​បាន​អេកូ​ម្សិលមិញ​ ខ្ញុំ​បាន​ធ្លាក់​ឈាម​ពេល​ព្រឹក​បន្ទាប់​មក​ខ្ញុំ​ក៏​បាន​ទៅ​អេកូ​ពេទ្យ​ថែ​សុខភាព។ លទ្ធផល​ចេញ​មក​គឺ ៥០ភាគ​រយ។ មាន​ន័យ​ថា កូន​អាច​អត់​នៅ ៥០ភាគរយ អាច​នៅ ៥០ភាគ​រយ ដោយសារ​តែ​នៅ​ក្នុង​ស្បូន​ខ្ញុំ​ហ្នឹង​វា​មាន​ឈាម។ ខ្ញុំ​ប៉ះពាល់​តាំង​ពី​ថ្ងៃ​ទី១១ ឧសភា​មក​ម្ល៉េះ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ឆ្អល់ៗ តែ​ខ្ញុំ​ចាប់​អារម្មណ៍​ថា ប៉ះពាល់​ដល់​ថ្នាក់​ហ្នឹង។ ប្រសិន​ជា កូន​ខ្ញុំ​មាន​បញ្ហា​ ព្រោះ​យើង​ជា​ស្ត្រី ស្ត្រី​ក៏​មាន​សិទ្ធ​ដែរ ក៏​ជា​មនុស្ស​ដែរ។ នេះ​មិនមែន​តែ​ប្រើ​អំពើ​ហិង្សា​តែ​លើ​ខ្ញុំ​ទេ គឺ​ប៉ះពាល់​ដល់​កូន​ខ្ញុំ​ទៀត។ អ៊ីចឹង​ខ្ញុំ​នឹង​មាន​គម្រោង​ប្ដឹង ប្រសិន​ជា​កូន​ខ្ញុំ​អត់​នៅ »

លោកស្រី សុខ រតនា ចាត់​ទុក​ការ​ចំណាត់​ការ​របស់​អាជ្ញាធរ​ថា កំពុង​តែ​អនុវត្ត​តួនាទី​ផ្ទុយ​ពី​ច្បាប់។ លោកស្រី​បន្ថែម​ថា ការ​ទាមទារ​របស់​កូដករ​កន្លង​មក​នេះ​តែ ក្រុម​កូដករ​តែង​តែ​អនុវត្ត​តាម​គោលការណ៍​ច្បាប់​ជាតិ និង​អន្តរជាតិ ហើយ​ការ​ធ្វើ​កូដកម្ម​ទាមទារ​សិទ្ធិ​សេរីភាព​ការងារ ក៏​មិន​មែន​ជា​បទ​ឧក្រិដ្ឋ ដែល​ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​បែប​នេះ​ដែរ៖ « ព្រោះ​យើង​មាន​ច្បាប់​ទាំងអស់។ យើង​មាន​ច្បាប់​ការងារ​ ច្បាប់​សហជីព ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​មាន​ច្បាប់​ធ្វើ​កូដកម្ម​ទៀត។ ចុះ​ហេតុ​អី​ក៏​នៅ​តែ មក​បង្ក្រាប​ពួក​ខ្ញុំ​ជា​ស្ត្រី​ជា​កូដករ ដដែលៗ វាយ​ធ្វើ​បាប រុញ​ច្រាន បោច​សក់​ ទាត់​ធាក់​មាន​គ្រប់​ទម្រង់ ប៉ុន្មាន​ខែ​នេះ គឺ​ទក់​អស់​ហើយ។ ជើង​ស្រី​វិញ​គឺ​ជាំ​អស់​ហើយ។ ខ្ញុំ​ផ្ទាល់​ក៏​ត្រូវ​បាន​គាត់ ( អាជ្ញាធរ ) រុញ​ច្រាន សម្រាប់​កូដករ​ស្រី​ ផ្សេងៗ ត្រូវ​បាន ( អាជ្ញាធរ ) អូស​ទៅ​អូស​មក បង្វិល​ទៅ​បង្វិល​មក ដូច​បាល់​អ៊ីចឹង។ ប្រសិន​បើ​មាន​ការ​បាត់បង់​កូន ខ្ញុំ​ពិត​ជា​មាន​ការ​សោកស្ដាយ​ណាស់​ ព្រោះ​ស្រុក​យើង​មាន​ច្បាប់​មាន​ទម្លាប់​ត្រឹមត្រូវ »

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក សាន សុខសីហា និង​អភិបាល​រាជធានី​ក្រុង​ភ្នំពេញ លោក ឃួង ស្រេង ដើម្បី​បក​ស្រាយ​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ នៅថ្ងៃទី១៧ខែឧសភា។

ប៉ុន្តែ​កន្លង​ទៅ លោក សាន សុខសីហា និង​រដ្ឋបាល​ក្រុង​ភ្នំពេញ​បាន​ចាត់ការ​ធ្វើ​កូដកម្ម​របស់​ក្រុម​កូដករ​ថា ជា​ការ​ធ្វើ​បាតុកម្ម​ខុស​ច្បាប់។ លើស​ពី​នេះ លោក សាន សុខសីហា ក៏​ធ្លាប់​បាន​លើក​ឡើង​ថា សមត្ថកិច្ច​មិន​បាន​ប្រើ​អំពើ​ហិង្សា​ណា​មួយ​ណា​លើ​ក្រុម​កូដករ​ឡើយ ផ្ទុយ​ទៅ​វិញ​ក្រុម​កូដករ​ទាំង​នោះ​តែងតែ​បង្កើត​រូបភាព​រុញ​ច្រាន​មក​លើ​សមត្ថកិច្ច ដើម្បី​បំភ័ន្ត​ភ្នែក​មហាជន។

ទោះ​ជា​យ៉ាង​ណា​ក្ដី មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​សហជីព មើល​ឃើញ​ថា ចំណាត់​ការ​របស់​អាជ្ញាធរ​បាន​រំលោភ​សិទ្ធិ​កូដករ​ទាំង​ស្រុង ដោយសារ​តែ​អាជ្ញាធរ​បាន​បង្ក្រាប​កូដករ​ជា​សាធារណៈ និង​មាន​លក្ខណៈ​រៀបចំ​ជា​ប្រព័ន្ធ។ ក្រៅ​ពី​នេះ រូបភាព​ដែល​អាជ្ញាធរ​បាន​បង្ក្រាប​កូដករ​កន្លង​មក​នេះ ត្រូវ​បាន​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ពួក​គេ​សុទ្ធសឹងតែ​មាន​ស្លាកស្នាម​ជាំ​នៅ​លើ​ដង​ខ្លួន។ ទោះ​ជា​បែប​នេះ​ក្ដី មក​ដល់​ពេល​នេះ គ្មាន​ស្ថាប័ន​ពាក់ព័ន្ធ​ណា​កោះ​ហៅ​មន្ត្រី​ដៃដល់​ទាំង​នោះ​ធ្វើ​ការ​អប់រំ ឬ​មាន​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​នោះ​ដែរ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADO) លោក អំ សំអាត សោក​ស្ដាយ ដែល​វិវាទ​ការងារ​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ​នៅ​តែ​បន្ត​អូស​បន្លាយ​ពេល ដែល​បណ្ដាល​ឱ្យ​កូដករ​បន្ត​ទទួល​រង​អំពើ​ហិង្សា។ លោក អំ សំអាត បារម្ភ​ថា បើ​ការ​ដោះ​ស្រាយ​វិវាទ​ការងារ​នេះ​នៅ​តែ​គ្មាន​ច្រក​ចេញ គឺ​ក្រុម​កូដករ​នៅ​តែ​រង​នូវ​ភាព​អយុត្តិធម៌ និង​ការ​ធ្វើ​ទុក​បុក​ម្នេញ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត​ពី​សំណាក់​អាជ្ញាធរ៖ « អ្វី​ដែល​ការ​សោកស្ដាយ ​និង​កាន់​តែ​បារម្ភ បើ​ដូច​ជា​ការ​លើក​ឡើង​របស់​កូដករ​រហូត​ដល់​មាន​រង​នូវ​អំពើ​ហិង្សា ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ ដែល​មិន​ទាន់​ដឹង​ក្ដី​ផង​នោះ នេះ​ជា​បញ្ហា​ប្រឈម​មួយ​ទៀត​ដែល​អាជ្ញាធរ​មាន​ការ​គិត​គូរ​ឡើង​វិញ។ ចំពោះ​ការ​ប៉ះទង្គិច រវាង​អាជ្ញាធរ​ជាមួយ​នឹង​កូដករ ព្រោះ​បើ​ជា​ការ​ប៉ះទង្គិច មាន​ភាព​ធ្ងន់ធ្ងរ បង្ក​ឱ្យ​មាន​បញ្ហា​ព្យសនកម្ម​ធ្ងន់ធ្ងរ​បន្ត​ទៀត »

លោក អំ សំអាត បន្ថែម​ថា ការ​ប្រើ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​កូដករ​នា​ពេល​កន្លង​មក​នេះ រដ្ឋាភិបាល​មិន​បាន​ផល​ចំណេញ​អ្វី​ឡើយ ក្រៅ​ពី​ទទួល​រង​ការ​រិះគន់ និង​ថ្កោលទោស​ពី​សហគមន៍​ជាតិ អន្តរជាតិ។ លោក​បន្ត​ស្នើ​យ៉ាង​ទទូច​ដល់​ក្រសួង​ការងារ​ថា គួរ​ឈរ​លើ​ចំណុច​កណ្ដាល រក​ដំណោះស្រាយ​សម​ស្រប​ឱ្យ​គូ​ភាគី​ទាំង​សងខាង ដើម្បី​បញ្ចប់​រាល់​បញ្ហា​ប្រឈម​នានា របស់​ក្រុម​កូដករ។

ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​ធ្វើ​កូដកម្ម របស់​ក្រុម​កូដករ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​ជាង ៥ខែ​កន្លង​មក​នេះ ពួកគាត់​មិន​ត្រឹមតែ​គ្មាន​ដំណោះស្រាយ​សមរម្យ​នោះ​ទេ​ ប៉ុន្តែ​បែរ​ជា​ទទួល​រង​ការ​ប្រើ​អំពើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​ថែម​ទៀត។ ទន្ទឹម​នឹង​នេះ ថៅកែ​ក្រុមហ៊ុន​នៅ​តែ​បន្ត​បដិសេធ​មិន​ព្រម​ទទួល​យក​កម្មករ​ចំនួន ២០០នាក់ ឱ្យចូលបម្រើការងារវិញឡើយ ដោយ​ភាគី​ក្រុមហ៊ុន​អះអាង​ថា បុគ្គលិក​ក្នុង​ក្រុមហ៊ុន​មាន​ចំនួន​លើស​ពី​តម្រូវការ។ ប៉ុន្តែ ក្រុម​កម្មករ​ថា ក្រុមហ៊ុន​បនល្បែង​មួយ​នេះ​កំពុង​តែ​ផ្សាយ​រើស​បុគ្គលិក​បន្ថែម ដោយ​ពួក​គាត់​យល់​ថា ភាគី​ក្រុមហ៊ុន​ពិត​ជា​មាន​ចេតនា​ចង់​រំលាយ​សំឡេង​សហជីព។ ក្រុម​កូដករ​នៅ​តែ​ប្រកាន់​ជំហរ​ថា នឹង​បន្ត​ចេញ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​បញ្ឈប់​ការ​រើសអើង​សហជីព និង​ត្រូវ​ទទួល​យក​បុគ្គលិក​ចំនួន ២០០នាក់​ឱ្យ​ចូល​បម្រើ​ការងារ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។