អតីតមន្ត្រីប៉ូលិសម្នាក់នៅខេត្តបន្ទាយមានជ័យ ចោទប្រកាន់ស្នងការនគរបាលខេត្តនេះ ថាបញ្ជូនឈ្មោះរបស់គាត់ទៅក្រសួងមហាផ្ទៃ កាត់ចេញពីក្របខ័ណ្ឌនគរបាលជាតិដោយអយុត្តិធម៌។ ស្នងការនគរបាលខេត្តបញ្ជាក់យ៉ាងខ្លីថា ការកាត់ឈ្មោះនេះធ្វើឡើងទៅតាមវិន័យរបស់នគរបាលជាតិ។
អតីតមន្ត្រីប៉ូលិសប្រចាំការនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ លោក ស៊ឺ ចាន់ណារិទ្ធ ថ្លែងនៅថ្ងៃទី២៦ ធ្នូ ថា មន្ត្រីនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានកាត់ឈ្មោះរបស់លោកចេញពីក្របខ័ណ្ឌកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ក្រោមហេតុផលបំពេញការងារមិនទៀងទាត់។
លោកអះអាងថា ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បញ្ជូនឈ្មោះរបស់លោកទៅក្រសួងមហាផ្ទៃ ដើម្បីកាត់ឈ្មោះចេញពីក្របខ័ណ្ឌនេះ ធ្វើឡើងដោយអយុត្តិធម៌។ លោកថា ដោយសារមិនពេញចិត្តដែលលោកបានបង្ហោះវីដេអូឃ្លីបតាមហ្វេសប៊ុក (Facebook) កាលពីដើមឆ្នាំ២០១៦ អំពីការប្ដូរទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមួយកន្លែងនៅស្រុកអូរជ្រៅ ចេញពីទីប្រជុំជនដែលមានមនុស្សរស់នៅច្រើន ទៅដាក់នៅទីដាច់ស្រយាលចម្ងាយប្រមាណ ១០គីឡូម៉ែត្រ ដែលគ្មានទឹក និងគ្មានចរន្តអគ្គិសនីប្រើប្រាស់។ លោកអះអាងថា ចាប់តាំងពីពេលនោះមក ខាងស្នងការនគរបាលខេត្ត ចាប់ផ្ដើមរកកំហុសលោកជាបន្តបន្ទាប់៖ « គិត មើលទៅ ការ កាត់ឈ្មោះ នេះបើត្រូវ តាមបច្ចេកទេស ក៏ខ្ញុំមិនតវ៉ាដែរ បើគាត់ហៅខ្ញុំ ធ្វើការ អប់រំនៅ អធិការដ្ឋានម្ដង ជា ២ដង ខ្ញុំមិន រាងចាល ហើយ បញ្ជូនមក ណែនាំនៅស្នងការដ្ឋានណែនាំ ដាក់វិន័យ ខ្ញុំ ហើយបញ្ជូនឈ្មោះទៅក្រសួងដើម្បីធ្វើការដាក់វិន័យ ហើយបញ្ឈរជើងខ្ញុំនៅក្រសួង ប្រសិនបើ ខ្ញុំមិនគោរពតាម វិន័យទេ ហើយក្រសួងធ្វើលិខិតដេញខ្ញុំចោល គឺខ្ញុំ មិនតូច ចិត្តទេ »។
ឆ្លើយតបនឹងការចោទប្រកាន់នេះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក អាត់ ខែម មានប្រសាសន៍យ៉ាងខ្លីថា បញ្ហានេះគឺជាការងាររបស់នគរបាលជាតិ ហើយពុំមានអ្វីត្រូវបកស្រាយវែងឆ្ងាយនោះទេ។ ទោះជាយ៉ាងនេះក្ដី លោកអះអាងថា ការកាត់ឈ្មោះចេញពីក្របខ័ណ្ឌ គឺធ្វើឡើងចំពោះតែមន្ត្រីទាំងឡាយណាដែលមានកំហុសតាមវិន័យរបស់នគរបាលជាតិប៉ុណ្ណោះ៖ « ការធ្វើមិនមែនខ្ញុំអត្តនោម័តិម្នាក់ឯងទេ គឺមាន ក្រុមប្រឹក្សាវិន័យ របស់គេ ព្រោះនគរបាលគេមានអង្គភាពក្រុមប្រឹក្សាវិន័យរបស់គេ ទាក់ទងទៅនឹងមន្ត្រីដែលខុសឆ្គង ដែល មិនអាច ទទួលយកបាន ឬសេរី ឬនៅពេលណាមានបញ្ហាជាមួយប្រជាពលរដ្ឋ គឺគេដោះស្រាយបញ្ហានោះហើយ »។
ទោះបីជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ករណីនេះ អគ្គស្នងការនគរបាលជាតិ គួរតែពិនិត្យឡើងវិញឲ្យបានច្បាស់លាស់ ពីព្រោះអតីតមន្ត្រីនគរបាលរូបនោះធ្លាប់បានបំពេញការងារជូនសង្គមជាតិជាច្រើនឆ្នាំមកហើយ។ លោកបន្ថែមថា ប្រសិនបើរកមិនឃើញកំហុសធំដុំដែលអាចបញ្ឈប់គាត់បានទេ គឺអគ្គស្នងការនគរបាលជាតិ ត្រូវតែផ្ដល់ឱកាសឲ្យគាត់បានបំពេញការងារដូចដើមឡើងវិញ៖ « ព្រោះថា យើងឃើញ កន្លងមក សូម្បីអតីតស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោក ហ៊ុន ហ៊ាន ហើយ ស្នងការរង និង បក្ខពួក ជាច្រើននាក់ទៀត ត្រូវបាន តុលាការ ផ្ដន្ទាទោសដាក់ពន្ធនាគារហើយ តែឈ្មោះ ពួកគាត់ មិនទាន់ កាត់ឈ្មោះ ចេញពី បញ្ជីពីអង្គភាពនគរបាល នោះទេ ហើយទទួលបានប្រាក់បៀវត្សរ៍រៀងរាល់ខែទៀត ព្រោះតុលាការមិនបានចេញសេចក្ដីសម្រេចណាមួយថា បញ្ឈប់គាត់ចេញពីនគរបាលជាតិទេ »។
អតីតមន្ត្រីប៉ូលិសដែលកាត់ចេញពីក្របខ័ណ្ឌរដ្ឋ ចូលបម្រើការងារជាមន្ត្រីនគរបាលនៅខេត្តបន្ទាយមានជ័យ តាំងពីឆ្នាំ១៩៩៤ មក។ កាលពីដើមឆ្នាំ២០១៦ លោកមានតួនាទីជានាយរងសេនាធិការនគរបាលស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ អតីតមន្ត្រីប៉ូលិសរូបនេះអះអាងថា កន្លងមក លោកធ្លាប់ទៅសុំអន្តរាគមន៍ពីក្រសួងមហាផ្ទៃ ដើម្បីឲ្យជួយដោះស្រាយបញ្ហានេះដែរ ប៉ុន្តែពុំទទួលបានលទ្ធផលនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។