ប្រជា​ពល​រដ្ឋ​ម្នាក់​នៅ​ខេត្ត​ប៉ៃលិន​បើក​ត្រាក់ទ័រ​ជាន់​មីន​តោន​ផ្ទុះ​របួស​ធ្ងន់

0:00 / 0:00

ប្រជា​ពល​រដ្ឋ​ម្នាក់​នៅ​ខេត្ត​ប៉ៃលិន​ បើកបរ​ត្រាក់ទ័រ​ភ្ជួរ​ដី​ស្រែ​ជាន់​មីន​តោន​ផ្ទុះ​បណ្ដាល​ឱ្យ​របួស​ធ្ងន់ នៅ​ភូមិ​ភ្នំ​ស្ពង់​ ឃុំ​សាលា​ក្រៅ​ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន នៅ​ព្រឹកថ្ងៃទី១៥ ខែឧសភា ​ ខណៈ​កំពុង​ភ្ជួរ​ដី​ស្រែ​ពលរដ្ឋ​រង​គ្រោះ​ឈ្មោះ​ មឿន សិលា​ ភេទ​ ប្រុស​ អាយុ​២៥ឆ្នាំ​រស់​នៅ​ភូមិ​ភ្នំ​កុយ​ឃុំ​សាលា​ក្រៅ​។

ប្រធាន​អង្គ​ភាព​កំចាត់​មីន​ម៉ាពូ​​ (Mapou)​ ខេត្ត​ប៉ៃលិន​លោក ឈឹម សម្បត្តិ​ ប្រាប់​អាស៊ីសេរីនៅ​​ថ្ងៃ​ទី​១៥​ ខែឧសភា ​ថា​ ពលរដ្ឋ​រង​គ្រោះ​រង​របួស​​ដាច់​ក​ជើង​ខាងឆ្វេង អំបែង​គ្រាន់​មីន​ត្រូវ​ដង​ខ្លួន និង​បែកក្បាល។ លោក​បន្ថែម​ថា ​បច្ចុប្បន្ន​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់​ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ហើយ៖ « វាអ៊ីចេះ ព្រោះអាហ្នឹងវាពាក់ព័ន្ធនឹង បច្ចេកទេសនៃម៉ាស៊ីន។ ចង់និយាយថា ពេលខ្លះការរាវមីនរបស់យើងហ្នឹងអី ម៉ាស៊ីនរបស់យើងហ្នឹងចាប់ជម្រៅបានរយៈ គិតត្រឹម១តឹកឬ ១ តឹកកន្លះអ៊ី ចឹងទៅ​​តែដល់ពេលមីនតោនគាត់កប់ជ្រៅមីនតោនខ្លះគាត់កប់ជម្រៅកន្លះ​ ម៉ែត្រ មក ធ្លាប់ជួបប្រទះមាន ១ម៉ែត្រក៏មានដែរនៅក្នុងហ្នឹង មានឈើទល់អ៊ី ចឹង​​ ហើយអត់ដល់ទំងន់វាអត់ផ្ទុះទេ អាមីនតោនហ្នឹងនោះ​»

លោក​បន្ត​ថា​ការ​ផ្ទុះ​គ្រាន់​មីន​នេះ​ ជា​មីន​កប់​ក្នុង​ដី​ដែល​នៅ​សេស​ពី​សម័យ​សង្គ្រាម​របាយ​ការណ៍របស់​ប្រធាន​អង្គភាព​កម្ចាត់​​មីន​ម៉ាពូ ​(Mapou)​ ​ខេត្ត​ប៉ៃលិន​បាន​ឱ្យ​ដឹង​ថា ​ក្នុង​ឆ្នាំ​២០២១ ​មាន​ចម្ការ​មីន​សរុប​ជិត ​១.១៩២ចម្ការ ​ស្មើ​ផ្ទៃ​ដី​ជាង ​១ពាន់ ​៩០០ហិកតារ ​ក្នុង​នោះ​ដោះ​មីន​បាន​ជាង​ ៧៧៨ចម្ការ រំដោះ​បាន​ផ្ទៃ​ដី​ ​៥.១៤៦ហិកតា​រ ​របាយការណ៍​ដដែល​ឱ្យ​ដឹង​ទៀត​ថា ​ចាប់​តាំង​ពីឆ្នាំ២០០០ ​រហូត​ដល់​ឆ្នាំ២០២០ ​មាន​ជនរងគ្រោះ​ដោយ​សារ​គ្រាប់មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ ៦៧២​នាក់ ក្នុង​នោះ​ស្រី​ ៧៧នាក់​ ហើយ​នៅ​ឆ្នាំ​២០២១​ និង​ឆ្នាំ២០២២ ទើបតែមាន ១ករណីនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។