វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ដែលអូសបន្លាយជាងមួយឆ្នាំ នៅមិនទាន់ឈានដល់ចំណុចបញ្ចប់
2022.03.21

សហជីព និងក្រុមបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ខកចិត្តចំពោះក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ ដែលនៅតែបន្តបដិសេធមិនទទួលយកបុគ្គលិក និងសមាជិកសហជីពឲ្យចូលធ្វើការងារវិញ តាមការទាមទាររបស់ក្រុមបុគ្គលិក និងសហជីព។
ប្រតិកម្មនេះ កើតឡើងបន្ទាប់ពីតំណាងបុគ្គលិកចំនួន ៥នាក់ បានចូលតុចរចាជាមួយតំណាងក្រុមហ៊ុនណាហ្គាវើលដ៍ មានចំនួន៥នាក់ ដោយមានការសម្របសម្រួលពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២១ ខែមីនា។
វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ដែលបានអូសបន្លាយជិត ១ឆ្នាំមកហើយ រវាងកម្មករ និងថៅកែបនល្បែងដ៏ធំមួយនេះ នៅមិនទាន់អាចបញ្ចប់ បាននៅឡើយទេ ដោយសារភាគីទាំងពីរ នៅតែបដិសេធរាល់ការស្នើសុំរបស់ភាគីពិភាក្សា។
ភាគីកម្មករទាមទារឲ្យលើកយកការស្នើសុំឲ្យបុគ្គលិកជាង ២០០នាក់ចូលធ្វើការងារវិញ មកពិភាក្សាមុនគេ និងលើកយកជម្រើសដោះដូរបុគ្គលិកជាង ៣០០នាក់ ដែលសុខចិត្ត លាឈប់ពីការងារ ដើម្បីប្តូរឲ្យបុគ្គលិកជាង ២០០នាក់នោះបានចូលធ្វើការ។ ប៉ុន្តែសំណើពីខាងកម្មករទាំងនេះ ត្រូវបានភាគីក្រុមហ៊ុនបដិសេធ មិនពិចារណានោះទេ។
តំណាងក្រុមបុគ្គលិក កញ្ញា ឈឹម ស៊ីថរ ថ្លែងថា ក្រុមកម្មករខកចិត្ត ចំពោះលទ្ធផលចរចាថ្ងៃនេះ ដែលផ្ទុយពីក្តីសង្ឃឹមរបស់តំណាងសហជីព ដែលរំពឹងថា ការចរចានេះអាចនឹងទទួលបានជោគជ័យទាំងភាគីកម្មករ និងភាគីក្រុមហ៊ុន។
កញ្ញា ឈឹម ស៊ីថរ អះអាងថា ភាគីកម្មករបានសម្បទានជាច្រើន ក្នុងការចរចាបញ្ចប់វិវាទមួយនេះ រួមទាំងការសរសេរលិខិតឲ្យបាននៅក្រៅឃុំ ដើម្បីចរចា និងសន្យាមិនដឹកនាំការតវ៉ាជាដើម៖ «ហើយការសម្បទានធំមួយទៀតគឺ យើងចរចាទាំងគេមិនទាន់ ទម្លាក់បទចោទ... ប៉ុន្តែយើងនៅតែសម្បទាន ដើម្បីទទួលបានដំណោះស្រាយ»។
បន្ថែមពីលើនេះ កញ្ញា ឈឹម ស៊ីថរ បានរិះគន់ក្រសួងការងារ ដែលមានតួនាទីសម្របសម្រួលវិវាទនេះថា បានចេញមុខអារកាត់ជំនួសភាគីក្រុមហ៊ុន ដែលកញ្ញា ឈឹម ស៊ីថរ ចាត់ទុកទង្វើនេះថា ជាការការពារក្រុមហ៊ុនឲ្យនៅតែរក្សាជំហរច្រានចោលសំណើសុំពីខាងកម្មករ។
កញ្ញា ឈឹម ស៊ីថរ ថ្លែងថា នៅពេលដែលក្រុមកម្មករលើកឡើងអំពីជម្រើសដោះដូរបុគ្គលិក ភាគីក្រសួងបានឆ្លើយកាត់មុខភាគីក្រុមហ៊ុនថា ការសម្រេចចិត្តជួលបុគ្គលិកណាម្នាក់ គឺជាជម្រើសរបស់ក្រុមហ៊ុន៖ «ខ្ញុំមិនដឹងថា ឯកឧត្ដមមានចេតនាយ៉ាងណាទេ ប៉ុន្តែការលើកឡើងបែបនេះ គឺយើងឮពីមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់»។
តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ ឲ្យដឹងថា ក្រុមហ៊ុននឹងមិនជជែកលើសំណើសុំ ទទួលយកបុគ្គលិកចូលធ្វើការងារវិញនោះទេ ដោយសារចំណុចនេះ ពាក់ព័ន្ធជាមួយក្រុមបុគ្គលិកមួយចំនួនតូចប៉ុណ្ណោះ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏មិនពិចារណា ចំពោះជម្រើសនៃការដោះដូរបុគ្គលិកចំនួន ៣០០នាក់ដែលស្ម័គ្រចិត្តលាឈប់ ដើម្បីឲ្យកូដករជាង២០០នាក់បានចូលធ្វើការនោះទេ ប៉ុន្តែក្រុមហ៊ុនអះអាងថា បើបុគ្គលិកទាំងនោះស្ម័គ្រចិត្តលាឈប់ នោះក្រុមហ៊ុននឹងបំពេញតាមបំណងរបស់ពួកគេ។
ក្រសួងការងារជំរុញភាគីទាំងពីរឱ្យដាក់ពាក្យប្ដឹងទៅតុលាការ ប្រសិនបើការចរចានេះ នៅតែមិនអាចដោះស្រាយបាន។
ទោះជាយ៉ាងណាក្ដី តំណាងបុគ្គលិក និងភាគីក្រុមហ៊ុន បានព្រមព្រៀងគ្នាថា នឹងជួបចរចាគ្នាជាថ្មីទៀត នៅរសៀលថ្ងៃពុធ ទី២៣ ខែមីនាខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។