សមត្ថកិច្ចថៃបានបញ្ជូនសាកសពពលករខ្មែរ ២នាក់ទៅធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យ បន្ទាប់ពីលិចទូកស្លាប់នៅខេត្តត្រាត (Trat) ប្រទេសថៃ កាលពីរសៀលថ្ងៃទី១៨ មិថុនា។
អ្នកបកប្រែប្រចាំនៅអង្គការលើកកម្ពស់គុណភាពពលករ (LPN) ប្រចាំនៅខេត្តសមុទ្រសាខន (Samut Sakhon) ប្រទេសថៃ លោក ប្រាក់ ភត្ត្រា ប្រាប់អាស៊ីសេរី នៅរសៀលថ្ងៃទី២០ មិថុនាថា ជនរងគ្រោះជាបុរសទាំងអស់ រួមមានឈ្មោះ ណេង នី អាយុ ២២ឆ្នាំ និងឈ្មោះ កៅ ប៊ុនថៃ អាយុ ២៤ឆ្នាំ បានលិចទូកស្លាប់នៅក្នុងទឹកសមុទ្រនៅស្រុកកោះកូត ខេត្តត្រាត (Trat)។ លោកបន្តថា នៅលើកទូកនេសាទនោះ មានកម្មករចំនួន ១៥នាក់ គឺពលករខ្មែរចំនួន១២ និងថៃ ៣នាក់ ក្នុងនោះខ្មែរ ២នាក់ និងថៃម្នាក់បានស្លាប់នៅក្នុងទឹកសមុទ្រ។ លោកបន្ថែមថា នៅថ្ងៃទី១៩ មិថុនា កងទ័ពជើងទឹករបស់ថៃបានរកឃើញសាកសពអ្នកទាំង២ និងបានជួយសង្គ្រោះមនុស្សចំនួន ១២នាក់រួចពីគ្រោះថ្នាក់៖ «បាទទាំងអស់ ១៥នាក់ ដោយខាងទាហានជើងទឹកថៃគេជួយអន្តរាគមន៍បាន ១២នាក់ ទូកភាគច្រើនដែលគ្រោះថ្នាក់ដោយសារបើកបរនៅពេលយប់ ដូចជាវាទៅបុកថ្ម និងទៅជលគ្នាជាមួយទូកគេផ្សេងទៀត ព្រោះអីករណីកន្លងមក វាមានកប៉ាល់ផ្សេងបុកលិចច្រើនលិចជាច្រើនដងមកហើយ ដោយឡែកករណីនេះ វាអត់មានអីទេ ប្រហែលជាគ្រោះថ្នាក់ដោយចៃដន្យ»។
លោកបន្តថា សមត្ថកិច្ចនៅមិនទាន់ដឹងមូលហេតុពីការលិចទូកនេះនៅឡើយទេ តែសន្និដ្ឋានថា អាចបណ្ដាលមកពីបើកបុកថ្មក្រឡាប់។ លោកបន្តថា សមត្ថកិច្ចថៃបានបញ្ជូនសាកសពពលករខ្មែរទៅធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យក្នុងស្រុកក្លងយ៉ៃ (Khlong Yai) ខេត្តត្រាតរបស់ថៃ ហើយមកទល់ព្រឹកថ្ងៃទី២០ មិថុនា ខាងថៃមិនទាន់ប្រគល់សាកសពទៅឱ្យសាច់ញាតិនៅកម្ពុជាយកទៅធ្វើបុណ្យនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។