អង្គភាពប្រឆាំងអំពើពុករលួយប្រកាសហាមករណីបក្សពួកនិយមក្នុងស្ថាប័នរដ្ឋ
2014.03.31

អង្គការសង្គមស៊ីវិលឃ្លាំមើលអំពើពុករលួយនៅកម្ពុជា បានរិះគន់អង្គភាពប្រឆាំងអំពើពុករលួយថា អង្គភាពនេះនៅមិនទាន់ចាត់វិធានការឲ្យមានប្រសិទ្ធភាពប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយនៅឡើយទេ។ អង្គភាពនេះបានដោះស្រាយ និងស៊ើបអង្កេតតែលើករណីអំពើពុករលួយបង្កឡើងដោយមន្ត្រីរដ្ឋាភិបាលតូចតាចមួយចំនួនតែប៉ុណ្ណោះ។
អង្គការសង្គមស៊ីវិលស្នើឲ្យអង្គភាពនេះត្រូវចាត់វិធានការ និងផ្ដន្ទាទោសលើមន្ត្រីជាន់ខ្ពស់និងតូចតាច ដោយមិនយោគយល់ពីនិន្នាការនយោបាយឡើយ។
អង្គភាពប្រឆាំងអំពើពុករលួយ កាលពីសប្ដាហ៍មុនបានប្រកាសហាមឃាត់ករណីបក្សពួកនិងគ្រួសារនិយមក្នុងស្ថាប័នរដ្ឋ មានន័យថា ប្រសិនបើមានឪពុកជាអ្នកដឹកនាំក្នុងស្ថាប័នរដ្ឋនោះ គឺមិនត្រូវមានកូន ឬសមាជិកគ្រួសារធ្វើការក្នុងស្ថាប័នជាមួយគ្នាឡើយ។
ការហាមឃាត់កើតឡើងក្រោយពីមានបណ្ដឹងមួយចំនួនចោទប្រកាន់ថា មន្ត្រីរាជការនៅខេត្តឧត្តរមានជ័យ មានឪពុកជាប្រធានមន្ទីរ ចំណែកកូនជាប្រធានគណនេយ្យ។ កាលពីដើមខែមីនា អង្គភាពប្រឆាំងអំពើពុករលួយក៏ទទួលបានករណីចោទប្រកាន់ពីអំពើពុករលួយស្រដៀងគ្នានេះដែរ ប៉ុន្តែអង្គភាពនេះមានវិធានការដោះស្រាយផ្សេងទៅវិញ។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយ ផ្សាយកាលពីថ្ងៃទី១៤ មីនា បញ្ជាក់ថា អង្គភាពនេះទទួលបានពាក្យបណ្ដឹងជាបន្តបន្ទាប់ពីការចោទប្រកាន់កូនប្រុសរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង គឺលោក ហោ សុធន ដែលជាអគ្គលេខាធិការពាក់ព័ន្ធនឹងភាពមិនប្រក្រតីមួយចំនួនក្នុងការបំពេញតួនាទីនៅឯក្រសួង។ ប៉ុន្តែអង្គភាពនេះ មិនបានស៊ើបអង្កេតករណីនេះឡើយ ផ្ទុយទៅវិញ បានអនុញ្ញាតឲ្យលោក ហោ សុធន ឆ្លើយតបចំពោះការចោទប្រកាន់នេះវិញ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល មានប្រសាសន៍ថា កន្លងមកលោកសង្កេតឃើញថា អង្គភាពប្រឆាំងអំពើពុករលួយបានស៊ើបអង្កេត និងចាប់ខ្លួនមន្ត្រីតូចតាចមួយចំនួន ប៉ុន្តែនៅមិនទាន់អាចចាត់វិធានការដោះស្រាយប្រឆាំងនឹងអំពើពុករលួយពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបាននៅឡើយ។ លោកបន្តថា បណ្ដឹងពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាលនៅតាមក្រសួងភាគច្រើន បានត្រឹមតែផ្លាស់ប្ដូរតួនាទីតែប៉ុណ្ណោះ។
កាលពីថ្ងៃទី២៣ មីនា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានឆ្លើយតបចំពោះការរិះគន់ថា អង្គភាពនេះ បានស៊ើបអង្កេតល្អិតល្អន់អំពីពាក្យប្ដឹងប្រឆាំងនឹងលោក ហោ សុធន ពីបទរំលោភអំណាច និងពុករលួយ ប៉ុន្តែគ្មានភស្តុតាងគ្រប់គ្រាន់។ លោកបន្តថា អង្គភាពបានអនុញ្ញាតឲ្យដើមបណ្ដឹងរកភស្តុតាងកាន់តែរឹងមាំបន្ថែមទៀតជុំវិញករណីនេះ។
ចំណែកករណីមន្ត្រីក្រសួងសុខាភិបាលប្រព្រឹត្តអំពើពុករលួយប្រាក់ជំនួយរបស់មូលនិធិសកល (Global Fund) វិញ ក៏មិនមានការផ្ដន្ទាទោសនៅឡើយទេ។
លោក ឱម យ៉ិនទៀង មានប្រសាសន៍ថា អង្គភាពនេះបានបង្គាប់មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល សងប្រាក់ទៅឲ្យមូលនិធិសកលវិញ ហើយអង្គភាពបានបិទបញ្ចប់ការស៊ើបអង្កេតករណីនេះ។ លោក ឱម យ៉ិនទៀង បន្តថា រដ្ឋាភិបាលមិនប្ដឹងមន្ត្រីក្រសួងសុខាភិបាល ដែលប្រព្រឹត្តអំពើពុករលួយទៅកាន់តុលាការឡើយ ដោយសារតែមន្ត្រីទាំងនោះបានកសាងគុណសម្បត្តិ កម្ចាត់ជំងឺគ្រុនចាញ់ និងជំងឺអេដស៍នៅកម្ពុជា។
មូលនិធិសកល បានចេញរបាយការណ៍ស៊ើបអង្កេតមួយ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយបង្ហាញភស្តុតាងជាច្រើនទាក់ទងនឹងបណ្ដាញប្រព្រឹត្តអំពើពុករលួយក្នុងក្រសួងសុខាភិបាល។
របាយការណ៍ស៊ើបអង្កេតកម្រាស់ ៨៣ទំព័រ របស់មូលនិធិសកល រកឃើញថា មជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺគ្រុនចាញ់ បានទទួលប្រាក់សគុណចំនួនជិត ៥សែនដុល្លារ ពីក្រុមហ៊ុនផ្គត់ផ្គង់មុងចំនួនពីរនៅបរទេស។ ក្រុមហ៊ុនទាំងពីរបានផ្ដល់ប្រាក់សគុណជូនមន្ត្រីទាំងនេះជាថ្នូរនឹងកិច្ចសន្យាជាមួយក្រសួងសុខាភិបាល។
របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលផ្សព្វផ្សាយនៅលើគេហទំព័រអង្គភាពនេះ បានបង្ហាញថា មន្ត្រីនៅតាមមូលដ្ឋាន នៅតាមក្រសួងរដ្ឋ បានចូលរួមបង្ហាញពីអំពើពុករលួយជាច្រើនករណី។ ភាគច្រើននៃបណ្ដឹងតូចតាចទាំងនោះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយដោះស្រាយ ឬបំភ្លឺ។
កាលពីខែឧសភា ឆ្នាំ២០១៣ អង្គភាពប្រឆាំងអំពើពុករលួយបានព្រមានចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ប្រសិនបើព្រះអង្គមិនព្រមប្រកាសទ្រព្យសម្បត្តិ។ ការព្រមាននេះ ត្រូវបានមើលឃើញថា ជាគំនាបនយោបាយប្រឆាំងនឹងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នៅពេលព្រះអង្គចូលរួមនឹងគណបក្សសង្គ្រោះជាតិ។
មន្ត្រីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក កែវ រ៉េមី បានបិទទូរស័ព្ទមិនឆ្លើយតបនឹងសំណួររបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៣១ ខែមីនា នៅពេលសាកសួរ។
លោក ព្រាប កុល ស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយត្រូវចាត់វិធានការប្រឆាំងនឹងអំពើពុករលួយទាំងមូល ដោយមិនត្រូវប្រកាន់នឹងនិន្នាការនយោបាយ ឬមន្ត្រីជាន់ខ្ពស់ ឬមន្ត្រីតូចតាចឡើយ។
ទោះបីជាយ៉ាងក៏ដោយ លោកកត់សំគាល់ថា ពលរដ្ឋជាច្រើនបច្ចុប្បន្នស្វែងយល់ពីពីបញ្ហាអំពើពុករលួយ ហើយកំពុងចូលរួមបំបាត់អំពើនេះ ចំណែកមន្ត្រីពុករលួយមួយចំនួនក៏កំពុងប្រព្រឹត្តអំពើពុករលួយ ដោយបិទបាំងមិនចំហដូចកាលពីមុនឡើយ។
របាយការណ៍ឆ្នាំ២០១២ របស់អង្គការតម្លាភាពអន្តរជាតិនៅកម្ពុជា ស្ដីពីអំពើពុករលួយ បានរកឃើញថា អំពើពុករលួយនៅកម្ពុជា មានលក្ខណៈធ្ងន់ធ្ងរស្ថិតនៅក្នុងលំដាប់លេខ ១៥៧ ក្នុងចំណោមប្រទេសសរុប ១៧៦ប្រទេស ដែលអង្គការនេះ បានសិក្សា។ របាយការណ៍បង្ហាញថា ចំណាត់កម្ពុជា ប្រសើរជាងប្រទេសឡាវ ជាប់ចំណាត់ថ្នាក់លេខ ១៦០ និងប្រទេសមីយ៉ាន់ម៉ា ឬភូមា ជាប់ចំណាត់ថ្នាក់ ១៧២៕