ស្ថាប័នអភិវឌ្ឍជាច្រើនបានចាត់ទុកថា វិស័យកសិកម្មជាក្បាលម៉ាស៊ីនសម្រាប់កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ច ប៉ុន្តែបច្ចុប្បន្នវិស័យនេះមិនមែនជាកត្តាចម្បងសម្រាប់ជំរុញការអភិវឌ្ឍទៀតឡើយ ដោយសារតែវិស័យនេះបង្កើតតម្លៃបន្ថែមតិចតួចជាងវិស័យផ្សេងទៀត។
ការិយាល័យធនាគារអភិវឌ្ឍន៍អាស៊ីបានចេញរបាយការណ៍ថ្មីមួយនៅថ្ងៃទី១២ វិច្ឆិកា ថាវិស័យសេវាកម្មបានក្លាយជាកម្លាំងចលករយ៉ាងសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ។ របាយការណ៍នោះមានចំណងជើងថា អភិវឌ្ឍវិស័យសេវាកម្មឲ្យក្លាយជាចលករកំណើនសម្រាប់អាស៊ីប្រចាំឆ្នាំ២០១៣ នឹងធ្វើឲ្យអ្នកចំណូលទាបនៅអាស៊ី រួមទាំងប្រទេសកម្ពុជា ទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់។
ប្រទេសកម្ពុជា បានទទួលប្រយោជន៍ច្រើនពីវិស័យសេវាកម្ម រួមមានវិស័យទេសចរណ៍ សណ្ឋាគារ និងភោជនីយដ្ឋាន រួមទាំងហិរញ្ញវត្ថុ។ ជាក់ស្ដែងនៅត្រីមាសទីមួយ ប្រចាំឆ្នាំ២០១៣ អ្នកទេសចរណ៍បានចូលមកក្នុងប្រទេសកម្ពុជា មានចំនួនជាងពីរលាននាក់ ដែលទ្រទ្រង់ដល់ការពង្រីកអាជីវកម្មសណ្ឋាគារភោជនីយដ្ឋាន ឧស្សាហកម្មលក់ដុំ លក់រាយ សហគ្រាសផ្ដល់សេវាកម្មដឹកជញ្ជូន និងសារគមនាគមន៍។
សេដ្ឋវិទូថ្នាក់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា លោក ឌួង ពូលឡង់ មានប្រសាសន៍ថា វិស័យសេវាកម្មនៅកម្ពុជា បានចូលរួមចំណែកក្នុងទំហំសេដ្ឋកិច្ចជាតិប្រមាណ ៤០% សមាមាត្រនឹងទឹកប្រាក់ប្រមាណ ៦០០លានដុល្លារអាមេរិក ប៉ុន្តែចំណូលនេះ តិចជាងប្រទេសជិតខាង។
លោកបញ្ជាក់ទៀតថា វិស័យកសិកម្មបានបង្កើតតម្លៃនៅក្នុងទំហំសេដ្ឋកិច្ចជាតិប្រមាណ ៣០០លានដុល្លារអាមេរិក និងវិស័យឧស្សាហកម្មបង្កើតចំណូលប្រមាណ ៥០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៖ «ខ្ញុំថាបើនិយាយដោយខ្លីទៅ ការរួមចំណែកទៅដល់ផលិតផលក្នុងស្រុកសរុបរបស់វិស័យសេវាកម្មហ្នឹង ចន្លោះពី ៤០% ទៅ ៤២% វាអាស្រ័យលើការធ្វើមធ្យមភាគ។ អ៊ីចឹងបើយើងយកគុណនឹងអ្វីដែលយើងផលិតបានក្នុងមួយឆ្នាំ។ បើយើងគិតថា ២០១២ យើងមាន ១៤ពាន់លានដុល្លារ ជាតម្លៃផលិតផលក្នុងស្រុកសរុប។ អ៊ីចឹងទៅ យើងធ្វើលេខគុណចែក យើងដឹងថា វិស័យសេវាកម្ម ផលិតបានប៉ុន្មាន»។
លោក ឌួង ពូលឡង់ មានប្រសាសន៍បន្ថែមថា ស្របពេលដែលវិស័យសេវាកម្មមានសក្ដានុពលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ប៉ុន្តែឧបសគ្គជាច្រើនរាំងស្ទះដល់ការអភិវឌ្ឍវិស័យនេះនៅឡើយ។
របាយការណ៍ថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានរកឃើញថា កត្តាដែលរាំងស្ទះដល់វិស័យសេវាកម្មរួមមាន កង្វះហេដ្ឋារចនាសម្ព័ន្ធ ការចំណាយថ្លៃអគ្គិសនីខ្ពស់ ការចំណាយលើផ្នែកដឹកជញ្ជូន លើកដាក់ទំនិញ ការអនុវត្តច្បាប់ និងលិខិតបទដ្ឋាននានា នៅមិនមានគ្រប់គ្រាន់។
របាយការណ៍ដដែលបានគូសបញ្ជាក់ថា ការដោះស្រាយឧបសគ្គទាំងនោះ នឹងបន្តឲ្យមានការកាត់បន្ថយការចំណាយការធ្វើអាជីវកម្ម និងបង្កើនភាពប្រកួតប្រជែងរបស់វិស័យសេវាកម្ម។
ទោះជាយ៉ាងណាក៏ដោយ អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា លោក ភីធើ ប្រ៊ីមបល (Peter Brimble) មានប្រសាសន៍ថា ការផ្ដល់ការលើកទឹកចិត្តដល់អ្នកវិនិយោគលើវិស័យសេវាកម្មនៅមានកម្រិត។ ការវិនិយោគភាគមួយចំនួនជាការវិនិយោគផ្ដាច់មុខ ឬរួមគ្នាផ្ដាច់មុខលើវិស័យសេវាកម្ម។ លោកបញ្ជាក់ទៀតថា ការរួមទុនវិនិយោគរវាងអ្នកវិនិយោគបរទេស និងអ្នកវិនិយោគក្នុងស្រុក ភាគច្រើនប្រតិបត្តិផ្ដាច់មុខ វិនិយោគលើវិស័យសេវាកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕