ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez - Davidson) ហៅកាត់លោក អាឡិច អះអាងថា នៅពេលនេះ លោកកំពុងរង់ចាំចម្លើយជាផ្លូវការពីរបបលោក ហ៊ុន សែន ជុំវិញភាពមិនប្រក្រតីដែលអង្គការលោកទើបនឹងរកឃើញ ពាក់ព័ន្ធនឹងការនាំចូលមាសដ៏ច្រើនសន្ធឹកសន្ធាប់ដែលមានតម្លៃរហូតដល់ទៅ ១ ម៉ឺន ៥ ពាន់លានដុល្លារអាមេរិក ពីសិង្ហបុរី ក្នុងចន្លោះពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៨។ លោកព្រមានថា លោកត្រៀមខ្លួនរួចជាស្រេច បន្តលាតត្រដាងភាពមិនប្រក្រតីផ្សេងៗទៀត ដែលបានកើតមានក្នុងរបបលោក ហ៊ុន សែន បន្ថែមពីលើករណីនាំចូលមាសនេះ។
ស្របពេលដែលសង្គមស៊ីវិលចង់ឃើញរបបក្រុងភ្នំពេញបង្ហាញភស្តុតាងជុំវិញភាពមិនប្រក្រតីនៃករណីនាំមាសចូលដល់ទៅ ១៥ពាន់លានដុល្លារអាមេរិកពីសិង្ហបុរីនេះ ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិច ដែលជាអ្នករកឃើញករណីនេះ ថ្លែងថា បើទោះជាលោកកំពុងរង់ចាំចម្លើយផ្លូវការពីរបបក្រុងភ្នំពេញដែលនៅមិនទាន់ហួសពេលក៏ដោយ ក៏ប៉ុន្តែលោកសង្ឃឹមតិចតួចណាស់ថា របបនេះនឹងហ៊ានចេញមុខបកស្រាយការពិតលើការរកឃើញរបស់លោក៖ «ខ្ញុំសង្ឃឹមតិចទេដែលរដ្ឋាភិបាល ឬរបបម៉ាហ្វីយ៉ានិយមរបស់លោក ហ៊ុន សែន នឹងរកដំណោះស្រាយ។ ប៉ុន្តែបើយើងមើលជាទូទៅនៅប្រទេសណាដែលកាន់នីតិរដ្ឋពិតប្រាកដហ្នឹង គឺត្រូវតែមាននាយកដ្ឋានឯករាជ្យពីរដ្ឋាភិបាល ដើម្បីត្រួតពិនិត្យទៅលើឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។ នៅកម្ពុជា មានហើយ ប៉ុន្តែជានាយកដ្ឋានមួយ អាចថាខ្មោច ខ្យល់ នៅក្រោមឱវាទរបស់ធនាគារជាតិ ដែលមានតួនាទីត្រួតពិនិត្យការលាងលុយកខ្វក់។ ប៉ុន្តែកន្លងមកតាំងពីឆ្នាំ២០០៨ មិនបានស៊ើបអង្កេតរឿងណាមួយទាល់តែសោះ ជាង ១០ឆ្នាំមកហើយ » ។
លោក អាឡិច ថ្លែងយ៉ាងដូច្នេះនៅក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី១២ តុលា គឺក្រោយពេលអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីនៃរបបលោក ហ៊ុន សែន លោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរីថា របបរបស់លោកនឹងមិនមានចំណាត់ការជាក់ស្ដែងណាមួយឡើយលើករណីនេះទេ ព្រោះលោកថា ការរកឃើញរបស់អង្គការមាតាធម្មជាតិនេះ គឺគ្រាន់តែជាការចោទប្រកាន់តែប៉ុណ្ណោះទៅលើការដឹកនាំរបស់របបក្រុងភ្នំពេញ ខណៈអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក សៀង ថៃ អះអាងថា អាចមានជាប់ពាក់ព័ន្ធនឹងការនាំចេញបន្ត ដោយលោកបានប្រៀបធៀបទៅករណីនាំដំឡូងមីចេញពីកម្ពុជាទៅប្រទេសថៃ ហើយភាគីថៃអាចធ្វើការនាំចេញបន្តទៅកាន់ប្រទេសទីបី។ លោក អាឡិច ហៅការបកស្រាយនេះ ថាគឺជាការមើលងាយដល់ប្រជាពលរដ្ឋខ្មែរ និងថាជារឿងគួរឲ្យអស់សំណើច ៖ «ហើយទាក់ទងនឹងអ្វីដែលអ្វីដែលអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបាននិយាយហ្នឹង ខ្ញុំមិនចង់មើលងាយគាត់ទេ។ ប៉ុន្តែខ្ញុំគិតថា ចំណេះដឹងរបស់គាត់មានកម្រិតទាបមែនទែន។ នាំចូលមាស ឬក៏នាំចូលរបស់ណាមួយគឺត្រូវតែមានការកត់ត្រា បើសិនជានាំចូល ដើម្បីនាំចេញត ក៏ត្រូវតែកត់ត្រា ទាំងនាំចូលផង ទាំងនាំចេញផង។ អ៊ីចឹង គួរឲ្យអស់សំណើច ដែលយកមនុស្សអត់មានចំណេះដឹងអីប៉ុន្មានមកធ្វើជាអ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្ម។ លើកនេះ ១ ម៉ឺន ៥ ពាន់លានដុល្លារ គាត់មកប្រៀបធៀបជាមួយនឹងដំឡូងមី។ អាហ្នឹងគឺ វាមើលងាយដល់ប្រជាជនខ្មែរ ហើយជារឿងមួយដូចជាកំប្លុកកំប្លែង ដូចបាយឡុកបាយឡបាទ»។
បន្ថែមពីលើការលើកឡើងរបស់លោក អាឡិច នេះ លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ចាត់ទុកថា រាល់ការរកឃើញណាមួយ ដែលត្រូវបានបដិសេធ ឬទាត់ចោល មិនបើកការស៊ើបអង្កេតដោយប្រទេសដែលមានការពាក់ព័ន្ធក្នុងការនាំចូលនេះ គឺជារឿងគួរឲ្យសោកស្ដាយ និងជារឿងអភព្វសម្រាប់ប្រជាពលរដ្ឋខ្មែរ៖ « ខ្ញុំគិតថា ជារឿងមួយដែលគួរឲ្យសោកស្ដាយ ហើយជារឿងមួយដែលអភព្វណាស់ នៅពេលដែលយើងឮថា គេមិនរវីរវល់នោះ ពីព្រោះរឿងនេះ ជាទំហំនៃទឹកប្រាក់ដ៏ធំធេងមួយ នៅក្នុងការនាំមាសចេញពីសិង្ហបុរី ហើយប្រទេសទទួលច្បាស់ណាស់នឹងមានប្រយោជន៍ពីការនាំចូលមាសដ៏សន្ធឹកសន្ធាប់នេះតាមរយៈការគិតពន្ធគយ »
លោក សន ជ័យ ពន្យល់ថា ការមិនខ្ចីរវីរវល់បើកការស៊ើបអង្កេតនេះ នាំឲ្យប្រទេសកម្ពុជាអាចខាតបង់ប្រយោជន៍ពន្ធគយ ហើយធ្វើឲ្យបទល្មើសនេះ នឹងបន្តកើនឡើងថែមទៀត កាន់តែធំជាងលើកមុនៗ។ លោកនៅតែមានមន្ទិលថា កម្រិតនៃការរំលោភអំណាចក្នុងបទល្មើសនេះ អាចមានសភាពធំធេង។
បន្ថែមពីលើនេះ លោក អាឡិច សង្កត់ធ្ងន់ថា ទំហំទឹកប្រាក់រហូតដល់ទៅ ១ ម៉ឺន ៥ ពាន់លានដុល្លារនេះ មិនមែនជារឿងធម្មតានោះទេ។ លោកបានប្រៀបធៀបថា ជាមួយនឹងទឹកប្រាក់ដ៏មហាសាលនេះ គេអាចយកទៅជួយផ្គត់ផ្គង់ដល់មន្ទីរពេទ្យគន្ធបុប្ផា បានរហូតដល់ជាង ៣៥០ ឆ្នាំឯណោះ។ លោកបញ្ជាក់ថា នៅប្រទេសភាគច្រើន មានការយកពន្ធខ្ពស់ពីការនាំចូលមាសពីបរទេស គឺក្នុងរង្វង់ពី ៥ ទៅ ១០ ភាគរយ ហើយប្រសិនបើប្រទេសកម្ពុជាយកពន្ធទៅលើការនាំចូលមាស ត្រឹមតែ ១០ ភាគរយ នោះកម្ពុជាអាចរកបានចំណូលពីការនាំចូលមាសនេះយ៉ាងច្រើនសន្ធឹកសន្ធាប់។ ក៏ប៉ុន្តែ លោកថា របបលោក ហ៊ុន សែន មិនត្រឹមតែមិនកត់ត្រាតួលេខនាំចូលមាសនោះទេ តែថែមទាំងមិនតម្រូវឲ្យបង់ពន្ធទៀតផង ដោយគ្រាន់តែមានអាជ្ញាប័ណ្ណជាការស្រេច។ លោក អាឡិច ក៏បានបង្ហើបផងដែរថា ករណីនេះ អាចមានជាប់ព័ន្ធនឹងបុគ្គលអ្នកមានអំណាចមួយចំនួនទាំងក្នុងរបបលោក ហ៊ុន សែន និងទាំងក្នុងវិស័យឯកជន ៖ «សំខាន់បំផុតខ្ញុំថា អ្នកដែលពាក់ព័ន្ធធំជាងគេ គឺមិនមែនក្រុមហ៊ុនឯកជនទេ គឺរដ្ឋអំណាចតែម្ដង ព្រោះជាឧក្រិដ្ឋកម្មហិរញ្ញវត្ថុដែលរដ្ឋអំណាចបានរៀបចំ » ។
លោក អាឡិច ព្រមានថា លោកនឹងបន្តលាតត្រដាងបន្ថែមទៀតនាពេលឆាប់ៗខាងមុខនេះ ដែលមិនមែនមានតែវិស័យនាំចូលមាសតែមួយមុខប៉ុណ្ណោះទេ គឺអាចពាក់ព័ន្ធនឹងរបរនាំចេញនាំចូលក្នុងវិស័យដទៃទៀត។ លោកលើកទឹកចិត្តឲ្យប្រជាពលរដ្ឋកម្ពុជាទូទៅពីគ្រប់មជ្ឈដ្ឋាន ត្រូវមានភាពក្លាហាន ហ៊ាននិយាយ និងចូលរួមឲ្យបានកាន់តែសកម្ម លើការស៊ើបអង្កេតលើករណីទាំងនេះ និងករណីផ្សេងៗទៀត ទាក់ទងនឹងរឿងអំពើពុករលួយប្រព្រឹត្តិដោយរដ្ឋអំណាច ដើម្បីជាប្រយោជន៍ដល់សង្គមកម្ពុជាទាំងមូល៕