តារាភាពយន្តហូលីវ៉ូដ​នឹង​​ទៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំក្រោយ​ដើម្បី​បង្កើត​កម្មវិធី​ចិញ្ចឹម​ឃ្មុំសំរាប់​ស្ត្រី

0:00 / 0:00

តារាភាពយន្ត​ល្បីល្បាញ​ហូលីវ៉ូដ(Hollywood)​អ្នកស្រី អេនហ្យឺលីណា យូលី (Angelina Jolie)​ មាន​គំរោង​ទៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ២០២២ ខាងមុខ​ដើម្បី​​បង្កើត​កម្មវិធី​​ចិញ្ចឹម​ឃ្មុំ​សំរាប់​ស្ត្រី ​នៅ​តំបន់​សំឡូត ខេត្តបាត់ដំបង។

ទីភ្នាក់ងារ​សារព័ត៌មាន Cross Road Today ចុះផ្សាយ​កាល​ពី​ថ្ងៃទី១៨ ខែកញ្ញា ឲ្យដឹងថា អ្នកស្រី អេនហ្យឺលីណា យូលី (Angelina Jolie)​​ អាយុ ៤៦ ឆ្នាំ មានគំរោង​ហ្វឹកហាត់​ដល់​ស្ត្រីខ្មែរ​ចំនួន ​៥០ ​នាក់ពី​ការ​ចិញ្ចឹម​ថែរ​ក្សាឃ្មុំក្នុង​អំឡុង ​៥ ​ឆ្នាំ​ខាង​មុខ។ កម្មវិធីនេះ គ្រោង​បង្កើត​សំបុក​ឃ្មុំ​ចំនួន​ ២ពាន់៥រយ​កន្លែង​ដែល​អាច​ផ្ទុក​សត្វឃ្មុំ​ប្រមាណ​ជាង​ ១២៥ ​លាន​ឃ្មុំនៅក្នុង​ជីវមណ្ឌល​ចំនួន​ ២៥​នៅតាម​បណ្តា​ប្រទេស​មួយ​ចំនួន​និង​នៅ​ប្រទេស​កម្ពុជា។ អ្នក​ស្រី​បន្ត​ថាកម្មវិធី​ចិញ្ចឹម​ឃ្មុំនេះ​អ្នកស្រី​នឹង​សហការ​ជា​មួយ​អង្គការ​យូណេស្កូ​ (UNESCO)​ ដើម្បី​ពិនិត្យ​មើល​ពី​លទ្ធភាព​ដើម្បី​ពង្រីក​ជីវមណ្ឌល​ចិញ្ចឹម​ឃ្មុំនៅ​ប្រទេស​ផ្សេងៗ​ទៀត។

អ្នកស្រី​សង្ឃឹម​ថាការហ្វឹកហាត់​និង​រៀនសូត្រពី​របៀប​ចិញ្ចឹម​ឃ្មុំ​នេះ​នឹង​ជួយ​ពង្រឹង​សមត្ថភាព​របស់​ស្ត្រី​ដើម្បី​អាចរក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​ក្នុង​គ្រួសារ ​និង​សហគមន៍​របស់​ពួកគេ។

កាលពី​ឆ្នាំ២០០២តារា​ភាពយន្ត​ល្បីល្បាញ​រូប​នេះបាន​យក​កូន​ខ្មែរ​ម្នាក់​មក​ចិញ្ចឹម​ដោយ​ដាក់​ឈ្មោះ​ថា​ Maddox តាំង​ពី​កុមារ​រូប​នោះ​អាយុបាន​៧​ខែពី​មជ្ឈមណ្ឌល​កុមារ​កំព្រា។ ​បច្ចុប្បន្ន អ្នកស្រី​ក៏​មាន​ផ្ទះ​នៅ​សំឡូត​ផងដែរ។បន្ថែម​ពី​នេះ អ្នកស្រី អេនហ្យឺលីណា យូលី ក៏បាន​បង្កើត​មូល​និធិ​អឹមចេភី (MJP)​ដោយ​ដាក់​ឈ្មោះ​កូន​ប្រុស​នោះកាល​ពី​ឆ្នាំ២០០៣ក្នុង​គោលបំណង​អភិរក្ស​និង​អភិវឌ្ឍ​សហគមន៍​នៅ​ក្នុង​តំបន់​ការពារ​សំឡូត​ ខេត្តបាត់ដំបង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។