អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ប្ដេជ្ញា​បង្ក្រាប​ការ​នាំ​ចូល និង​ចរាចរ​គ្រឿងញៀន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២២

អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ប្ដេជ្ញា​បង្ក្រាប​ការ​នាំ​ចូល និង​ចរាចរ​គ្រឿងញៀន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២២​នេះ​។ ការ​ប្ដេជ្ញា​ចិត្ត​នេះ ធ្វើ​ឡើង​ស្របពេល​ដែល​ករណី​បទល្មើស​គ្រឿងញៀន​ធំៗ កំពុងតែ​កើនឡើង​យ៉ាង​ពេញបន្ទុក​នៅ​កម្ពុ​ជានា​រយៈពេល​ចុងក្រោយ​នេះ​។ អាជ្ញាធរ​អះអាង​ថា កាល​ពី​ឆ្នាំ​២០២១ សមត្ថកិច្ច​ចាប់​បាន​ជនល្មើស​ជាង ១​ម៉ឺន​នាក់ ក្នុង​នោះ ៣០% ជា​អ្នកប្រើប្រាស់ និង ៧០% ជា​អ្នក​ប្រព្រឹត្ត​បទល្មើស​។ ទន្ទឹម​នឹង​នេះ យ៉ាងហោចណាស់ គ្រឿងញៀន​ប្រមាណ ៤​តោន​កន្លះ ត្រូវ​បាន​សមត្ថកិច្ច​រឹប​អូស​បាន​ក្នុង​ឆ្នាំ​ដដែល​នេះ។

ការ​បង្ក្រាប​គ្រឿងញៀន​ក្នុង​ឆ្នាំ​២០២១ បាន​កើនឡើង​រហូតដល់​ប្រហែល ៣០% បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០២០​កន្លងទៅ​។ នេះ​បើ​តាម​ការ​អះអាង​របស់​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ទទួល​បន្ទុក​ប្រឆាំង​គ្រឿងញៀន លោក ម៉ក់ ជីតូ ហើយ​ដែល​ត្រូវ​សារព័ត៌មាន​ក្នុងស្រុក វីអូឌី (VOD) យក​មក​ចុះផ្សាយ​នៅ​ថ្ងៃទី​២ ខែមករា។ សារព័ត៌មាន​ដដែល​នេះ បាន​ស្រង់​ប្រសាសន៍​លោក ម៉ក់ ជីតូ ដែល​លោក​ប្ដេជ្ញា​ថា ក្នុង​ឆ្នាំ​២០២២​នេះ កម្ពុជា​នឹង​បង្ក្រាប​មិន​ឱ្យ​មានការ​នាំចូល​គ្រឿងញៀន​មក​កម្ពុជា​នោះ​ទេ​។ លោក​ថា អាជ្ញាធរ​នឹង​បង្ក្រាប​នៅ​លើ​ផ្ទៃ​ប្រទេស តាមរយៈ​ការ​សហការ​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ ប៉ូលិស​អន្តរជាតិ អាំងទែប៉ូល ដើម្បី​តាម​ចាប់​ជនល្មើស​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

កន្លង​ទៅ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ធ្លាប់​បាន​ទទួល​ស្គាល់ និង​ព្រួយ​បារម្ភ​ចំពោះ​ស្ថានភាព​កុមារ​កម្ពុជា​កាន់តែ​ច្រើន​ឡើង កំពុង​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។ តាម​របាយការណ៍ លោក ស ខេង លើកឡើង​ថា ចំនួន​អនីតិជន​កំពុង​ជាប់​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស មាន​ជាង ១​ពាន់ ៤​រយ​នាក់ ក្នុង​នោះ អនីតិជន​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន មាន​ចំនួន​ជិត ៥​រយ​នាក់ ស្មើនឹង​ជិត ៤០​ភាគរយ។

ឧក្រិដ្ឋកម្ម​គ្រឿងញៀន​ធំៗ​ក្នុង​ឆ្នាំ​២០២១​កន្លង​ទៅ ភាគច្រើន​ប្រព្រឹត្ត​ដោយ​មេខ្លោង​ជា​ជន​ជាតិចិន និង​តែង​មាន​អ្នក​មាន​អំណាច​នៅ​ពីក្រោយ​។ ជាក់ស្តែង កាល​ពី​ចុងឆ្នាំ​២០២១ សមត្ថកិច្ច​បាន​បើក​យុទ្ធនាការ​បង្ក្រាប​រោងចក្រ​ផលិត​គ្រឿងញៀន​ដ៏​ធំ​មួយ​នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ដោយ​រឹបអូស​បាន​គ្រឿងញៀន​ប្រភេទ​កេតាមីន ជិត ១​តោន​កន្លះ និង​រក​ឃើញ​សារធាតុ​គីមី​ផ្សំ​កែច្នៃ​ទៅ​ជា​គ្រឿងញៀន​រហូត​ដល់​ទៅ​ប្រមាណ ៨០​តោន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។