សាលា​ឧទ្ធរណ៍​ច្រាន​ចោល​សំណើ​សុំ​នៅ​​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ​របស់​ថ្នាក់​ដឹកនាំ​ និង​​សមាជិក​​សហជីព​​ណាហ្គាវើលដ៍ ៨នាក់

0:00 / 0:00

សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​របស់​ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​ថ្នាក់​ដឹកនាំ​ និង​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើលដ៍ (LRSU) ៨នាក់ ដោយ​តម្កល់​សេចក្ដី​សម្រេច​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទុក​នៅ​ដដែល។ ក្រុម​មេធាវី និង​សង្គម​ស៊ីវិល​សោយ​ស្ដាយ​នឹង​ការ​សម្រេច​របស់​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ ព្រោះ​ពួកគេ​ទាំង​អស់​នោះ គ្រាន់​តែ​ប្រើ​ប្រាស់​សិទ្ធិ​ត្រឹម​ត្រូវ​តាម​ច្បាប់ ​ទាមទារ​ដំណោះស្រាយ​ការងារ​នៅ​កន្លែង​ធ្វើ​ការ គឺ​មិន​បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​ដូច​ការ​ចោទ​ប្រកាន់​ទេ។

ចៅ​ក្រម​នៃ​សភា​ស៊ើប​សួរ​នៃ​សាលា​ឧទ្ធរណ៍​ លោក ឃុន​ លាង​ម៉េង នៅ​ថ្ងៃ​ទី​១០ មីនា សម្រេច​​បន្ត​ឃុំ​ខ្លួន​ប្រធាន​សហជីព​ និង​សមាជិក​សហជីព​ណាហ្គាវើលដ៍​ ៨​នាក់ នៅ​ពន្ធនាគារ​ព្រៃស​ដដែល​ ក្រោម​ហេតុ​ផល​ថា​ រក្សា​ជន​ជាប់​ចោទ​ដើម្បី​ឲ្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បន្ត​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​ឲ្យ​ចប់។

សេចក្ដី​សម្រេច​នេះ ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​អ្នក​ជាប់​ឃុំ​ទាំង​ ៨​នាក់ ​នៅ​ក្នុង​បន្ទប់​សវនាការ​អសាធារណៈ​ ដោយ​មិន​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល​ដែល​តាម​សំណុំ​រឿង​នេះ​ចូល​ស្ដាប់​បាន​ឡើយ។

បន្ទាប់​ពី​​​តុលាការ​ប្រកាស​សាល​ដីកា​ចប់ មន្ត្រី​ពន្ធនាគារ​បាន​ដឹក​អ្នក​ទាំង ​៨​នាក់​ ក្នុង​សំលៀក​បំពាក់​ពណ៌​ស្លា​ទុំ​ តាម​រថយន្ត​ទៅ​ពន្ធនាគារ​វិញ ដើម្បី​បន្ត​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ ក្រោម​បទ​ចោទ​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជាអាទិ៍។ ក្នុង​នោះ​មាន​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៏ (LRSU) កញ្ញា ឈឹម ស៊ីថរ​ លេខា​សហជីព អ្នកស្រី ឈឹម សុខន ​សមាជិក​សហជីព មាន​អ្នកស្រី ហៃ សុភាព អ្នកស្រី ឃ្លាំង​ សុបិន្ត អ្នកស្រី រី សុវណ្ណឌី អ្នកនាង ស៊ុន ស្រី​ពេជ្រ អ្នកនាង ទូច សេរីមាស និង​អតីត​សមាជិក​សហជីព លោក សុខ ណា​រិទ្ធ។

មេធាវី​ការពារ​ឲ្យ​ជន​ជាប់​ទាំង​ ៨​នាក់​ លោក សំ ចំរើន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១០ មីនា​ថា ​សាលា​ឧទ្ធរណ៍​ មិន​ខ្វាយ​ខ្វល់​ពី​ទុក្ខ​លំបាក​របស់​កូន​ក្ដី​លោក​ទេ ក្រៅ​ពី​ប្រើ​ហេតុ​ផល​ស្រដៀង​គ្នា​នឹង​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ឃុំ​ខ្លួន​ពួកគេ​បន្ថែម​ទៀត។

លោក​បញ្ជាក់​ថា មេធាវី​នឹង​ពិភាក្សា​ជាមួយ​កូនក្ដី និង​ពិនិត្យ​មើល​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​ឡើង​វិញ រួច​ប្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល ​ដើម្បី​ឲ្យ​ពួកគេ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន៖ «ហេតុ​ផល​នោះ​គ្មាន​​ហេតុ​អ្វី​ចម្លែក​ទេ គ្មាន​ហេតុ​ផល​ចាំបាច់​ទេ​។ យើង​ដាក់​បណ្ដឹង​សិន ហើយ​យើង​ពិនិត្យ​មើល​ខ្លឹម​សារ​នៃ​សាល​ដីកា​មើល៍ តើ​មាន​ចំណុច​ឆ្គាំឆ្គង​កន្លែង​ណា ឬ​ចំណុច​ធ្វេស​ប្រហែស​កន្លែង​ណា​ ដើម្បី​យើង​ត្រូវ​ធ្វើ​ការ​សន្និដ្ឋាន​នៅ​មុខ​តុលាការ​កំពូល​ត​ទៅ​ទៀត»។

ទាក់​ទង​នឹង​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត សោក​ស្ដាយ​ការ​សម្រេច​របស់​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ ដោយ​មិន​បាន​ពិចារណា​​ឲ្យ​បាន​ច្បាស់លាស់ ក្នុង​​សំណុំ​រឿង​នេះ ដែល​ផ្ដើម​ចេញ​ពី​វិវាទ​ការ​ងារ​​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​គ្មាន​ដំណោះស្រាយ​ជាង ​១​ឆ្នាំ​មក​ហើយ។

លោក​យល់​ថា អ្នក​ទាំង​អស់​នោះ​សម​ទទួល​បាន​ការអនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​ ជួប​ជុំ​ក្រុម​គ្រួសារ​ឡើង​វិញ ព្រោះ​ពួកគេ​ គ្រាន់​តែ​ប្រើ​ប្រាស់​សិទ្ធិ​ធ្វើ​កូដកម្ម​ជា​ជម្រើស​ចុង​ក្រោយ​តាម​ផ្លូវ​ច្បាប់ ដើម្បី​ទាមទារ​ដំណោះ​ស្រាយ​ពី​ថៅកែ​ក្រុមហ៊ុន​ មិន​គួរ​រង​ការ​ចោទ​ប្រកាន់​ធ្ងន់ធ្ងរ​តាម​ផ្លូវ​តុលាការ​បែប​នេះ​ឡើយ៖ «ម្សិល​មិញ​មានការ​ដឹកនាំ​ប្រជុំ​ដោយ​ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​វិវាទ​ការងារ​ណាហ្គាវើលដ៍​ដោយ​សន្តិវិធី។ អ៊ីចឹង ! ចំណុច​ដែល​ចាប់​ផ្ដើម​ដំបូង​វា​គួរតែ​មាន​ការ​ដោះលែង​អ្នក​ទាំង​អស់​ឲ្យ​មាន​សេរីភាព ហើយ​បន្ត​ក្នុង​ការ​ចរចា​ដោយ​សន្តិវិធី​ដើម្បី​បញ្ចប់​វិវាទ​ការងារ​ហ្នឹង។ ហ្នឹង​គឺ​ជា​រឿង​ត្រូវ​ចាំ​បាច់​។ ហើយ​ការ​មិន​អនុញ្ញាត​ឲ្យ​ក្រៅ​ឃុំ​នេះ ក៏​វា​មិន​អាច​ស្វែង​រក​ដំណោះស្រាយ​បញ្ចប់​វិវាទ​ការងារ​រវាង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ និង​កូដករ​ហ្នឹង​បាន​ដែរ»។

ក្នុង​ពេល​តុលាការ​បើក​សវនាការ យ៉ាង​ហោច​ណាស់​ក៏​មាន ​ក្រុម​កម្មករ​ណាហ្គវើលដ៍​ប្រមាណ ​៥០​នាក់ ឈរ​លើក​ទឹក​ចិត្ត​ដល់​តំណាង​របស់​ពួកគេ និង​ស្រែក​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​អស់​ឲ្យ​មាន​សេរីភាព​វិញ។

Around_50_NagaWorld_workers_monitor_hearing_of_8_union_leaders.jpg
​ក្រុម​កម្មករ​ណាហ្គវើលដ៍​ (NagaWorld) ប្រមាណ ​៥០​នាក់ ឈរ​លើក​ទឹក​ចិត្ត​ដល់​តំណាង​របស់​ពួកគេ នៅ​ខាង​មុខ​ច្រក​ចូល​សាលាឧទ្ធរណ៍ នៅថ្ងៃ​ទី១០ ខែមីនា ឆ្នាំ២០២២ និង​ស្រែក​ទាមទារ​តុលាការ​ឱ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​អស់​ឲ្យ​មាន​សេរីភាព​វិញ។ រូបភាពពីពលរដ្ឋ

កម្មករ​ម្នាក់​ក្នុង​ចំណោម​នោះ លោកស្រី ​សុខ រតនា ថ្លែង​ថា ពួកគាត់​នឹង​ចេញ​ធ្វើ​កូដកម្ម​ជា​ថ្មី​ទៀត រហូត​ដល់​មាន​ការ​ដោះលែង​តំណាង​សហជីព​និង​បុគ្គលិក​សរុប​ចំនួន​១១​នាក់ ហើយ​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ត្រូវ​ចេញ​មុខ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​មួយ​នេះ​ឲ្យ​បាន​ឆាប់៖ «វិវាទ​នេះ​ជា​វិវាទ​ការងារ​ កុំ​ព្យាយាម​បង្វែរ​ពួក​ខ្ញុំ​ឲ្យ​ទៅ​ឈ្មោះ​ជាមួយ​ក្រុម​អាជ្ញាធរ​។ ទៅ​ឈ្លោះ​ជាមួយ​ក្រសួង​ផ្សេង​វា​អត់​ល្អ​ទេ។ កុំ​ព្យាយាម​ទាញ​ក្រសួង​ផ្សេងៗ មក​ពាក់ព័ន្ធ។ វិវាទ​នេះ មាន​តែ​ពីរ​ បី​ទាំង​ក្រសួង​ការងារ។ ទី១ តំណាង​ពួក​ខ្ញុំ ដែល​ជា​ក្រុម​កូដករ​ ទី២ ថៅកែ​ណាហ្គាវើលដ៍ ទី៣ ក្រសួង​ការងារ​ ដែល​ឈរ​នៅ​ចំណុច​កណ្ដាល ដែល​គួរ​ដោះស្រាយ​វិវាទ​នេះ​បាន»។

កាល​ពី​ខែ​មករា ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក​ អ៊ឹម វណ្ណៈ សម្រេច​ឃុំ​ខ្លួន​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព​ណាហ្គាវើលដ៍ (NagaWorld) ៨នាក់​ដាក់​ពន្ធនាគារ​ព្រៃ​ស ក្រោម​បទ​ចោទ "ញុះញង់​បង្ក​ឲ្យ​មាន​វឹក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម" ក្រោយ​ពី​កម្មករ​ណាហ្គាវើលដ៍​ជាង ១ពាន់​នាក់ ចេញ​ធ្វើ​កូដកម្ម​នៅ​ខាង​ក្រុមហ៊ុន​បន​ល្បែង​ ទាមទារ​ឲ្យ​ថៅកែ​ទទួល​យក​បុគ្គលិក​ជាង​៣​រយ​នាក់​ចូល​ធ្វើ​ការ​វិញ និង​ទទួល​ស្គាល់​វត្ត​មាន​សហជីព​នៅ​កន្លែង​ការងារ។

គិត​ត្រឹម​ថ្ងៃ​ទី១០ មីនា ថ្នាក់ដឹកនាំ និង​សមាជិក​សហជីព​នៃ​កម្មករ​ណាហ្គាវើលដ៍ ៨នាក់ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​អស់​រយៈពេល ៧០ថ្ងៃ​ហើយ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​នេះ ហាក់​ផ្ទុយ​ពី​ស្មារតី​នៃ​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​របស់​អន្តរក្រសួង និង​អាជ្ញាធរ​ពាក់ព័ន្ធ​ ធ្វើ​ឡើង​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នៅ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៩ មីនា ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​ការងារ​​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍។ គិត​មក​ពេល​នេះ លទ្ធផល​នៃ​កិច្ច​ប្រជុំ​នោះ នៅ​មិន​ទាន់​មាន​ប្រភព​ណា​មួយ​ទម្លាយ​ឲ្យ​សាធារណជន​ដឹង​នៅ​ឡើយ​ទេ។

សង្គម​ស៊ីវិល​ស្នើ​សុំ​ស្ថាប័ន​តុលាការ និង​ក្រសួង​ពាក់ព័ន្ធ​ទាំង​អស់​ ពន្លឿន​ដំណោះស្រាយ​រឿង​នេះ ដោយ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ រួច​ដោះ​លែង​តំណាង​សហជីព សមាជិក​សហជីព និង​កម្មករ​ណាហ្គាវើលដ៍​ចំនួន ១១នាក់ ឲ្យ​មាន​សេរីភាព​វិញ ដើម្បី​វិល​ចូល​តុចរចា​ជាមួយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បញ្ចប់​វិវាទ​ការងារ​នេះ​ដោយ​សន្តិវិធី​ ទើប​ជា​ដំណោះស្រាយ​ល្អ​ប្រសើរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។