ក្រសួងការងារអំពាវនាវដល់ថៅកែរោងចក្រ និងសហគ្រាសទាំងឡាយនៃវិស័យកាត់ដេរ ដែលរងផលប៉ះពាល់ពីកង្វះវត្ថុធាតុដើម ដោយសារវិបត្តិជំងឺកូវីដ ១៩ (COVID-19) ថា អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ទាក់ទងនឹងការព្យួរកិច្ចសន្យាការងាររបស់កម្មករ។ សហជីពឯករាជ្យថា ក្រៅពីការអំពាវនាវ ក្រសួងត្រូវតែមានវិធានការតឹងរ៉ឹងជាងនេះ ដើម្បីកុំឱ្យនិយោជកប្រព្រឹត្តល្មើសច្បាប់។
ក្រសួងការងារព្រមានចាត់វិធានការផ្លូវច្បាប់លើម្ចាស់រោងចក្រ និងសហគ្រាសទាំងឡាយណា ដែលឆ្លៀតឱកាសប្រែក្លាយការព្យួរកិច្ចសន្យាការងារ ទៅជាការបញ្ចប់កិច្ចសន្យាការងារ ឬផ្លាស់ប្ដូរប្រភេទកិច្ចសន្យាការងារចំពោះកម្មករ។ ជាមួយគ្នានេះ ក្រសួងបានហាមមិនឱ្យបញ្ចប់កិច្ចសន្យាការងារ ដោយរើសអើងថ្នាក់ដឹកនាំសហជីពនោះឡើយ ព្រោះនេះជាទង្វើខុសច្បាប់។
ក្រសួងការងារលើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី៦ មីនា ថា ម្ចាស់រោងចក្រសហគ្រាស ដែលប៉ះពាល់ពីកង្វះវត្ថុធាតុដើមដោយសារជំងឺកូវីដ១៩ ត្រូវអនុវត្តតាមបញ្ញត្តិច្បាប់ស្ដីពីការងារ ពាក់ព័ន្ធនឹងនីតិវិធីព្យួរកិច្ចសន្យាការងារ។ លើសពីនេះ ក្រសួងតម្រូវឱ្យម្ចាស់រោងចក្រទាំងនោះ អនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងការងារចុះថ្ងៃទី២៨ កុម្ភៈ ស្ដីពីការព្យួរកិច្ចសន្យាការងារ ការចុះឈ្មោះចូលរៀនជំនាញ និងការផ្អាកបង់វិភាគទានបេឡាជាតិរបបសន្តិសុខសង្គម។
ថ្មីៗ នេះ រដ្ឋាភិបាលលោក ហ៊ុន សែន បានសម្រេចមិនយកពន្ធចំនួន ៦ខែដល់ ១ឆ្នាំ ពីរោងចក្រកាត់ដេរណា ដែលជួបបញ្ហាខ្វះខាតវត្ថុធាតុដើម និងរងផលប៉ះពាល់ពីការដក EBA ហើយម្ចាស់រោងចក្រទាំងនោះ ក៏រួចកាតព្វកិច្ចបង់វិភាគទានចូលបេឡាជាតិរបបសន្តិសុខសង្គម (បសស) ក្នុងអំឡុងពេលព្យួរអាជីវកម្មរបស់ខ្លួនដែរ។ ទោះជាបែបនេះក្តី រោងចក្រដែលផ្អាកការផលិតរយៈពេលខ្លី ដោយខ្វះវត្ថុធាតុដើមនោះ ត្រូវបង់ថវិកា ៤០% ហើយរដ្ឋាភិបាលនឹងជួយចេញ ២០% បន្ថែមទៀត នៃប្រាក់ខែគោលចំនួន ១៩០ដុល្លារក្នុងមួយខែ សម្រាប់កម្មករដែលរងការព្យួរការងារ។ គិតជាសរុបកម្មករដែលរងការព្យួរការងារនឹងទទួលបានប្រាក់ឈ្នួលប្រហែល ១២០ដុល្លារអាមេរិក សម្រាប់រយៈពេល ៦ខែ ដើម្បីទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្ថែម និងអំឡុងពេលរកការងារថ្មី។
ប្រធានសហភាពការងារ លោក អាត់ ធន់ មានប្រសាសន៍ថា សេចក្ដីអំពាវនាវនេះជាការល្អ ដើម្បីបំពេញបន្ថែមលើសេចក្ដីណែនាំលើកមុន កុំឱ្យថៅកែរោងចក្រខ្លះឆក់ឱកាសនេះ បញ្ចប់កិច្ចសន្យាកម្មករ ដែលមានអតីតភាពយូរឆ្នាំ ឬបញ្ឈប់ថ្នាក់ដឹកនាំសហជីព។ ទោះជាយ៉ាងណាក្ដី លោកកត់សម្គាល់ថា មកដល់ពេលនេះ មានករណីមួយចំនួនហើយ ដែលម្ចាស់រោងចក្រ ព្យាយាមមិនអនុវត្តតាមច្បាប់ និងសេចក្ដីណែនាំរបស់ក្រសួងការងារ។ ដូច្នេះ លោកថា ទាល់តែក្រសួងដាក់ចេញនូវវិធានការតឹងរ៉ឹងជាងនេះ ទើបក្រុមហ៊ុនមួយចំនួនមិនហ៊ានបំពានច្បាប់៖ «ក្រុមហ៊ុនមុននឹងធ្វើការអ្វីមួយ វាមានអ្នកឱ្យយោបល់ មេធាវី ឬក៏មន្ត្រីណាមួយហើយ បានជាហ៊ានធ្វើ ឬក៏បើធ្វើឆៅតែម្ដង ក៏វាអាចមានអ្វីប៉ះប៉ូវដែរ។ អ៊ីចឹងអ្វីដែលខ្ញុំស្នើ បើរកឃើញ ក្រុមហ៊ុនមានបញ្ហាហ្នឹងត្រូវហាមដាច់ខាត បើមិនអ៊ីចឹងត្រូវពិន័យ ឬក៏បិទចោល អាហ្នឹងប្រហែលមិនអីទេ។ តែបើគ្រាន់តែធ្វើសេចក្ដីណែនាំ ហើយបន្ទាប់មកឱ្យពួកគេអនុវត្តនោះ គឺខ្ញុំគិតថា កន្លងមកមិនសូវមានប្រសិទ្ធភាពទេ»។
ថ្នាក់ដឹកនាំសហជីពរូបនេះ យល់ថា វិធានការរបស់រដ្ឋាភិបាលក្នុងការជួយដល់រោងចក្រដែលរងផលប៉ះពាល់រឿងខ្វះវត្ថុធាតុដើម អាចដោះស្រាយបញ្ហាបានតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ លោកថា បើស្ថានភាពបែបនេះត្រូវអូសបន្លាយរយៈពេលយូរ រោងចក្រទាំងនោះនឹងជួបវិបត្តិធ្ងន់ធ្ងរ ហើយបើសេចក្ដីសម្រេចដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ចូលជាធរមាននៅខែសីហាទៀតនោះ លោកជឿថា រោងចក្រមួយចំនួននឹងត្រូវបិទទ្វារ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានអះអាងកាលពីពេលថ្មីៗ នេះថា គិតត្រឹមចុងខែកុម្ភៈ មានរោងចក្រចំនួន ១០ហើយ ដែលបានដាក់សំណើសុំព្យួរការងារផ្នែកខ្លះរបស់កម្មករ។ លោកបញ្ជាក់ទៀតថា ឥទ្ធិពលនៃជំងឺកូវីដ១៩ អាចនឹងធ្វើឱ្យរោងចក្រប្រមាណ២០០ ប្រឈមមុខនឹងការបិទទ្វារនៅក្នុងខែមីនានេះ ដោយសារតែកង្វះវត្ថុធាតុដើមនាំចូលពីប្រទេសចិន ហើយបញ្ហានេះ នឹងធ្វើឱ្យកម្មកររោងចក្រជិត ១៦ម៉ឺននាក់ បាត់បង់ការងារធ្វើ។
ទោះជាយ៉ាងណា សហជីពឯករាជ្យមើលឃើញថា ហានិភ័យនៃការបិទទ្វាររោងចក្រដ៏ច្រើននេះ មិនមែនបណ្ដាលមកពីរឿងខ្វះវត្ថុធាតុដើមពីប្រទេសចិនតែមួយមុខនោះទេ ប៉ុន្តែក៏ដោយសារតែវិធានការដកហូតការអនុគ្រោះពន្ធ EBA របស់គណៈកម្មការអឺរ៉ុបផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។