ក្រុម​អង្គការ​សង្គមស៊ីវិល ​និង​យុវជន​ធ្វើ​ពិធី​រម្លឹក​ខួប​៦​ឆ្នាំ​នៃ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី​

0:00 / 0:00

ក្រុម​អង្គការ​សង្គម​ស៊ីវិល ​និង​ក្រុមយុវជន​ដែល​ឈឺឆ្អាល​បញ្ហា​សង្គម​ នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែកក្កដា ​បាន​និមន្ត​ព្រះសង្ឃ​ធ្វើ​ពិធី​តាម​បែប​ព្រះពុទ្ធ​សាសនា ​និង​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​ដ៏​ល្បី​មួយ​រូប​បណ្ឌិត កែម ឡី​ ដែល​ត្រូវ​ឃាតករបាញ់​សម្លាប់​លោក​អស់រយៈពេល៦ឆ្នាំ​កន្លង​មក ​នៅស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់​តិច​ (Caltex) ស្តុប​បូកគោ រាជធានី​ភ្នំពេញ​។ មន្រ្តី​សង្គម​ស៊ីវិល ​និង​ក្រុមយុវជន​ ថា​ក្រៅពី​ការ​ប្រារព្ធ​ពិធី​រម្លឹក​ខួប​ចងចាំ​នៃ​វីរជនស្នេហាជាតិ​បណ្ឌិត កែម ឡី​ ប៉ុន្តែ​វា​ក៏​ជាសារ​មួយ​សម្រាប់​ដាស់តឿន​ទៅ​កាន់​រដ្ឋាភិបាល​ឱ្យ​ស៊ើបអង្កេត​ចាប់ខ្លួន​អ្នក​ដែល​ពាក់ព័ន្ធទាំង​អស់​លើ​ករណី​ឃាតកម្ម​ដ៏​កក្រើក​មួយ​នេះ​ ដើម្បី​ផ្តល់​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ។

NGO and Kem Ley in 6 years on 10-07-2022-keo Raksmey.jpg
កញ្ញា ភួន កែវរស្មី ស្លៀកពាក់សរកាន់រូបថតរបស់លោកបណ្ឌិត កែម ឡី ដើរឆ្ពោះទៅកាន់ហាងស្តាម៉ា (Star Mart) ស្ថានីយ៍ប្រេងឥន្ធនៈ កាល់តិចស្តុបបូកគោ ដើម្បីរម្លឹកខួប៦ឆ្នាំនៃឃាតកម្មលើបណ្ឌិត កែម ឡី។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

ក្រុម​អង្គការ​សង្គម​ស៊ីវិល ​យុវជន​ស្មារតី​កែម ឡី​និយម​ និង​មន្រ្តី​សហជីព​មក​ពី​វិស័យ​ជា​ច្រើនទៀត​ ព្រម​ទាំង​ប្រជាពលរដ្ឋ​ប្រមាណ​ជិត១រយ​ (១០០)​ បាន​ជួបជុំគ្នា​ដើម្បី​សម្តែង​មតិ​ទាមទារ​យុត្តិធម៌ ​និង​គោរពវិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី​ នៅ​កន្លែង​ឃាតករ​បាញ់​សម្លាប់​ ស្ថិត​នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់​តិច (Caltex) ស្តុប​បូកគោ​ រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី១០ ​ខែកក្កដា។ អង្គការ​សង្គមស៊ីវិល​ដែល​ចូលរួម​ប្រារព្ធ​ពិធី​នេះ​មាន​ជា​អាទិ៍​ដូចជា ​អង្គការ​ ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ (LICAHDO) សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​(ADHOC) សហភាព​សហជីព​កម្ពុជា​ សមាគម​បណ្តាញ​យុវជន​កម្ពុជា​ (CYN) សកម្មជន​ការពារ​បរិស្ថាន​ និង​សិទ្ធិ​មនុស្ស​ ព្រម​ទាំង​ព្រះសង្ឃ។

ជា​មួយគ្នា​នេះ ​មន្រ្តី​សង្គម​ស៊ីវិល​ សហជីព ​និង​សកម្មជន​សង្គម​ចំនួន ​៦នាក់​ ក៏​បាន​ស្លៀក​ពាក់​ពណ៌ស​ និង​ចង​ក្រណាត់​ខ្មៅ​នៅ​លើ​ក្បាល​ក្នុង​ខួប៦ឆ្នាំ​នៃ​ករណីឃាតកម្ម​លើ​បណ្ឌិត​កែម ឡី ​ផង​ដែរ។ បន្ទាប់​មក​ ពួកគាត់​ ក៏​បាន​សម្តែង​ពិធី​គារវៈកិច្ច​ដាក់​កម្រង​ជូន​លោក​បណ្ឌិត​កែម ឡី ​នៅ​កន្លែង​ឃាតកបាញ់​សម្លាប់​ និង​មាន​ពិធី​សូត្រមន្ត​តាម​បែប​ព្រះពុទ្ធ​សាសនា ​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាក្ខន្ធ​បណ្ឌិត​ កែម ឡី​។

NGO and Kem Ley in 6 years on 10-07-2022-NGO.jpg
លោក រ៉ុង ឈុន (ពាក់ម៉ាសទី១រាប់ពីឆ្នេង) ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកបណ្ឌិត កែម ឡី ខួប៦ឆ្នាំ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ នៅមុខហាងស្តាម៉ា (Star Mart) ស្ថានីយ៍ប្រេងឥន្ធនៈ កាល់តិចស្តុបបូកគោ ដើម្បីរម្លឹកខួប៦ឆ្នាំនៃឃាតកម្មលើបណ្ឌិត កែម ឡី។(រូប៖ ពលរដ្ឋផ្តល់ឱ្យ)

សកម្មជន​ការពារ​បរិស្ថាន​ កញ្ញា ភួន កែវរស្មី​ ដែល​បាន​ស្លៀក​សំលៀក​បំពាក់​ស​ និង​ចងក្រណាត់​ពណ៌ខ្មៅ​លើ​ក្បាល ​ប្រាប់​វិទ្យុអាស៊ីសេរី​ថា​ មូលហេតុ​កញ្ញា​ស្លៀក​សំលៀក​បំពាក់​ស​នេះ ​ដោយសារ​កញ្ញា​នៅ​តែ​មាន​ក្ដី​សោក​សង្រេង​ ដែល​លោក​បណ្ឌិត​ កែម ឡី ត្រូវ​បាន​ឃាតករ​ឆក់​យក​ជីវិត​អស់​រយៈពេល៦ ​ឆ្នាំ​កន្លង​មក​នេះ។ កញ្ញា​បន្ត​ថា ​ថ្វី​ដ្បិត​រយៈពេល ​៦ឆ្នាំ​កន្លង​មក​នេះ​ រដ្ឋាភិបាល​មិន​បាន​ស្វែង​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ​ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​ និង​យុវជន​នៅ​តែ​ចងចាំ​ និង​អនុវត្ត​តាម​គំរូវីរភាព​របស់​បណ្ឌិត​កែម ឡី៖ « ពួកយើង​ ចង់​បង្ហាញ​ថា​ បើ​ទោះបី​ជា​បច្ចុប្បន្ន​ នាង​ខ្ញុំ​ និង​យុវជន​ដទៃទៀត​យើង​ជា​ក្មេង​ជំនាន់​ក្រោយ ​យើង​បាន​ឃើញ​រូបភាព​នៃ​ការ​បាញ់​សម្លាប់​លោក​ ហើយ​ក៏​ដូចជា​នាង​ខ្ញុំ​ជាប់​ពន្ធនាគារ​១៤ខែ។ ប៉ុន្តែ​ មក​ដល់​ពេល​នេះ​ គឺ​យើង​អត់​ដេក​ផ្ទះ​ទេ។ យើង​នៅ​តែ​ចេញ​ក្រៅ​ផ្ទះ​ យើង​នៅ​តែ​សម្តែង​មតិ​ យើង​នៅតែ​ធ្វើ​ការ​គោរព​បូជា​ ទៅ​ដល់​វីរបុរស​របស់​យើង​ ដូចជា​លោក​បណ្ឌិត កែម ឡី​ ដែល​ជានិមិត្ត​សញ្ញា​នៃ​ការ​តស៊ូ​មតិ »

NGO and Kem Ley in 6 years on 10-07-2022-Khmer Thavarak.jpg
ក្រុមយុវជនខ្មែរថាវរៈ ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកបណ្ឌិត កែម ឡី ខួប៦ឆ្នាំ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ នៅមុខហាងស្តាម៉ា (Star Mart) ស្ថានីយ៍ប្រេងឥន្ធនៈ កាល់តិចស្តុបបូកគោ។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

ចំណែក​ សមាជិក​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ កញ្ញា សូ មេត្តា​ ដែល​បាន​ស្លៀក​សំលៀក​បំពាក់​ស ​ក្នុង​ខួប៦ ឆ្នាំ​នៃ​ករណី​ឃាតកម្ម​លើ​បណ្ឌិត​កែម ឡី​ ដែរ​ លើក​ឡើង​ថា ​កញ្ញា​បាន​ប្តេជ្ញា​ចិត្ត​ និង​ត្រឹមខ្លួន​ជានិច្ច​ក្នុងការ​បន្ត​សកម្មភាព​តស៊ូ​មតិ​ទោះបី​មាន​ឧបសគ្គ​យ៉ាង​ណា​ក្ដី។ កញ្ញា​បន្ត​ថា ​ការ​រម្លឹក​ខួប៦ឆ្នាំ​នៃ​ឃាតកម្ម​លើ​បណ្ឌិត​កែ​ម ឡី​ ក៏​ជា​សារដាស់តឿន​ជាថ្មី​ទៀត​ទៅ​កាន់​រដ្ឋាភិបាល​ ឱ្យ​ស៊ើបអង្កេត​រក​អ្នក​ពាក់​ព័ន្ធ​ទាំងអស់ ​និង​ឃាតក​ពិតប្រាកដ​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ​ និង​សង្គម​ជាតិ​ទាំង​មូល៖ «កាលណា​​ ប្រទេស​ជាតិ​របស់​ខ្ញុំ​នៅតែ​រង​យុត្តិធម៌​ មេដឹកនាំ​អសមត្ថភាព ​មេដឹកនាំ​ដែល​គាត់​ក្រាញ់​អំណាច​ គាត់​នៅ​តែ​ជិះជាន់​បំពាន​ធ្វើ​បាបរាស្ត្រ​ជា​បន្តបន្ទាប់​ ខ្ញុំ​នឹង​ជម្នះ​ឱ្យ​ខ្លាំង​ព្រោះ​សង្គម​បច្ចុប្បន្ន​នេះគឺ​គេដឹកនាំ​ទៅ​ដោយ​ គេ​ធ្វើឱ្យ​ប្រជារាស្រ្ត​ចាប់​ផ្តើម​ភ័យខ្លាច ​ល្ងង់ខ្លៅ ​ស្រែក​ឃ្លាន។ កាន់​តែ​រឹតត្បិត​ កាន់​តែ​ធ្វើ​បាប​ ខ្ញុំ​កាន់​តែ​ចង់​រើបម្រាស់​ព្រោះខ្ញុំ​អត់​ចង់​រស់នៅ​ក្នុង​សង្គម​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​អនាធិបតេយ្យ​ទេ»

NGO and Kem Ley in 6 years on 10-07-2022-So Meta.jpg
កញ្ញា សូ មេត្តា ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកបណ្ឌិត កែម ឡី ខួប៦ឆ្នាំ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ នៅមុខហាងស្តាម៉ា (Star Mart) ស្ថានីយ៍ប្រេងឥន្ធនៈ កាល់តិចស្តុបបូកគោ ដើម្បីរម្លឹកខួប៦ឆ្នាំនៃឃាតកម្មលើបណ្ឌិត កែម ឡី។(រូប៖ ពលរដ្ឋផ្តល់ឱ្យ)

ក្នុង​ឱកាស​ខួប ៦ឆ្នាំ​ ក្នុង​ការ​ដាក់​កម្រង​ផ្កា​របស់​ក្រុម​យុវជន​ និង​មន្រ្តី​សង្គមស៊ីវិល​ នៅ​កន្លែង​ឃាតករ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី​ នេះ ​មាន​អាជ្ញាធរ​ស្លៀកពាក់​ឯក​សណ្ឋាន​ស៊ីវិល ​និង​ប្រជា​ការពារ​សន្តិសុខ​ប្រមាណ​ជាង៣០នាក់​ ចូល​ឃ្លាំមើល​ និង​ថត​រូប​ភាព។ ប៉ុន្តែ ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​មិន​បាន​រារាំងក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​យុវជន​នោះ​ទេ​។

ទាក់​ទង​នឹង​រឿង​នេះដែរ​ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន​ លើកឡើង​ថា​ អាជ្ញាធរ​មិន​គួរ​រារាំង​បំបិទ​សិទ្ធិ​ការ​រម្លឹក​ខួប​លើ​ឃាតកម្ម​លើ​បណ្ឌិត​កែមឡីតាំង​ពី​ដំបូង​មក​ម្ល៉េះ។ ជាពិសេស ​លោក​ថា​ ការ​ប្រមូល​ផ្តុំ​របស់​ពលរដ្ឋ​សម្តែង​មតិ​ជាច្រើន​ទៀត​ដែល​កំពុង​កើត​មាន​ឡើង​ អាជ្ញាធរ​ក៏​មិន​គួរដាក់​កម្លាំង​មក​រារាំង​ពួកគាត់​ដែល​ដោយសារ​ការ​សម្តែង​មតិ​របស់​ប្រជាពលរដ្ឋ​ស្រប​តាម​ច្បាប់​ និង​គោល​ការណ៍​ប្រជា​ធិបតេយ្យ៖ « ពី​ព្រោះគាត់​ ក៏​ត្រូវ​បាន​គិត​ដែរ​។ ពីព្រោះ​គាត់​អ្នក​ដឹកនាំ​គាត់ធ្វើ​មក​អស់​ចិត្ត​ហើយ ​គាត់​បង្រ្កាប​ផង​ ចាប់​មនុស្ស​ទៅ​ដាក់​គុកផង​។ ប៉ុន្តែ​ ចរន្ត​នៃ​ប្រជា​ធិបតេយ្យ ​ប្រជាពលរដ្ឋ​ យុវជន​ មិន​រាថយ​ទេ​ទោះ​ បី​ថា​ការ​បង្ក្រាប​គំរាបកំហែង​បែប​ណា​ក៏​ដោយ។ ពួកគាត់​នៅ​តែ​ងើបឡើង​នៅ​តែ​តស៊ូ​យ៉ាង​ស្វះស្វែង​ ទាំងអស់​ហ្នឹង​ហើយ​ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​អ្នក​ដឹកនាំ​គិត »

NGO and Kem Ley in 6 years on 10-07-2022-Rong Chhunn.jpg
លោក រ៉ុង ឈុន និងលោក អាត់ ធន់ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលោកបណ្ឌិត កែម ឡី ខួប៦ឆ្នាំ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ នៅមុខហាងស្តាម៉ា (Star Mart) ស្ថានីយ៍ប្រេងឥន្ធនៈ កាល់តិចស្តុបបូកគោ ដើម្បីរម្លឹកខួប៦ឆ្នាំនៃឃាតកម្មលើបណ្ឌិត កែម ឡី។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

អ្នកនាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​(ADHOC)លោក ស៊ឹង សែនករុណា ​មាន​ប្រសាសន៍​ថា ​ករណី​ឃាតកម្ម​លើ​បណ្ឌិត​កែម ឡី​ ដែល​តុលាការ​សម្រេច​ផ្តន្ទាទោស​ឃាតករ​តែ​ម្នាក់​គឺ​ឈ្មោះ ​​ជួប​ សម្លាប់​នោះ​ មិន​ទាន់​ឱ្យ​មហាជន​អស់​មន្ទិល​សង្ស័យ​នៅ​ឡើយ។ លោក​នៅ​តែ​ទទូច​ ដល់​រដ្ឋាភិបាល​ និង​តុលាការ​ឱ្យ​បន្តការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​លើ​សំណុំរឿង​ទីពីរ​នៃ​ករណី​ឃាតកម្ម​បណ្ឌិត​កែម ឡី ​ក្នុងការ​វែក​មុខ​រក​អ្នក​ដែល​ពាក់ព័ន្ធ​ ជាពិសេស​អ្នក​ដែល​បញ្ជា​ឱ្យ​មក​បាញ់​សម្លាប់​បណ្ឌិត កែម ឡី៖ « ក្នុង​នាម ​យើង​ជា​ក្រុម​អង្គការ ​សង្គម​ស៊ីវិល ​ក៏​ដូចជា ​ប្រជាពលរដ្ឋ​ និង​យុវជន ​ផ្សេង​ទៀត ​យើង​នៅ​តែ​ទន្ទឹង​រង់ចាំ ​យុត្តិធម៌​សម្រាប់​លោក​បណ្ឌិត​កែម ឡី។ ក៏​ដូចជា​ក្រុម​គ្រួសារ​របស់​លោក ​ដែល​បាត់បង់​ រូប​លោក ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ និង​អង្គការ​សង្គម​ស៊ីវិល​ដែល​បាត់បង់​រូប​លោក​អ៊ីចឹង​ដែរ។ អ៊ីចឹង​យើង​ទាំង​អស់​គ្នា​កំពុង​ទន្ទឹង​រង់ចាំ​ ហើយ​យើង​ក៏​សង្ឃឹម​ថា​ សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​នឹង​មាន​ចំណាត់ការ​ ដើម្បី​ធ្វើ​ឱ្យ​ពួកយើង​មាន​ការ​ជឿទុកចិត្ត​ទៅ​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​ប្រទេស​កម្ពុជា​យើង​ហ្នឹង​ឡើង​វិញ​ ដើម្បី​កុំឱ្យ​មាន​ការ​កើតឡើង​នូវ​អំពី​និទណ្ឌភាព​ដដែលៗ​មក​លើ​ប្រទេស​កម្ពុជា​យើង »

NGO and Kem Ley in 6 years on 10-07-2022-Sithar.jpg
កញ្ញា ឈឹម ស៊ីថរ តំណាងសហជីពណាហ្គាវើលដ៍ (NagaWorld) ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលោកបណ្ឌិត កែម ឡី ខួប៦ឆ្នាំ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ នៅមុខហាងស្តាម៉ា (Star Mart) ស្ថានីយ៍ប្រេងឥន្ធនៈ កាល់តិចស្តុបបូកគោ ដើម្បីរម្លឹកខួប៦ឆ្នាំនៃឃាតកម្មលើបណ្ឌិត កែម ឡី។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

ស្រដៀង​គ្នា​នេះ​ដែរ​ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ(LICAHDO) ​លោក អំ សំអាត​ លើក​​ឡើង​ថា​ រយៈពេល ៦ឆ្នាំ​កន្លង​មក​នេះ ​តុលាការ​ និង​រដ្ឋាភិបាល​ មិន​បាន​បង្ហាញ​ពី​វិសាលភាព​ក្នុង​ការ​ស៊ើបអង្កេត​រក​ឃាតកពិត​ប្រាកដ​យក​កាត់​ទោស ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​លោក​បណ្ឌិត​កែម ឡី នៅ​ឡើយ​។ លោក​ នៅ​តែ​អំពាវនាវ​ដល់​ស្ថាប័ន​តុលាការ​ និង​រដ្ឋាភិបាល​ ឱ្យ​បន្ត​ការ​ស៊ើបអង្កេត​ដោយ​តម្លាភាព ​លើ​ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី​ ដោយ​នាំ​ខ្លួន​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​មក​កាត់ទោស ដើម្បី​ឱ្យ​មហាជន​មាន​ជំនឿ​លើ​ប្រព័ន្ធ​ច្បាប់​កម្ពុជា៖ «អ៊ីចឹង​រយៈពេល៦ឆ្នាំ​ផុត​ទៅ​មែន​ ប៉ុន្តែ​ស្មារតី​ ក៏ដូចជា​វីរភាព​របស់​លោក​បណ្ឌិត​កែម ឡី ​គឺ​ដិតជាប់​ជា​មួយ​ នឹង​យុវជន​បងប្អូន​ដែល​និយម​ស្រឡាញ់​លោក​បណ្ឌិត​កែម ឡី។ ក៏​ដូចជា​ អង្គការ​សង្គមស៊ីវិល​សហជីព​ សមាគម​ យុវជន​គ្រប់រូប​នៃ​វីរភាព​របស់​លោក​បណ្ឌិត​កែម ឡី ​ហើយ​ពួកគេ​នឹង​ដើរ​តាម​អ្វី​ដែល​លោក​បណ្ឌិត​កែម ឡី​ បាន​ត្រួស​ត្រាយផ្លូវ​ ហើយ​និង​ជា​បណ្តាំ​របស់​លោក »

NGO and Kem Ley in 6 years on 10-07-2022-NGO-01.jpg
ក្រុមអង្គការសង្គមស៊ីវិល និងយុវជន ក្រោយពីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលោកបណ្ឌិត កែម ឡី ខួប៦ឆ្នាំ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ នៅមុខហាងស្តាម៉ា (Star Mart) ស្ថានីយ៍ប្រេងឥន្ធនៈ កាល់តិចស្តុបបូកគោ ដើម្បីរម្លឹកខួប៦ឆ្នាំនៃឃាតកម្មលើបណ្ឌិត កែម ឡី។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

ក្រោយ​ការ​ប្រារព្ធ​ពិធី​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី​ នៅ​កន្លែង​ឃាតកបាញ់​សម្លាប់​ចប់​សព្វ​គ្រប់​ មន្រ្តី​សង្គម​ស៊ីវិល ​សហជីព​ និង​ក្រុម​យុវជន​ ក៏​បាន​បន្ត​មក​ជួបជុំគ្នា​នៅ​ផ្ទះ​សាមគ្គី​ ដើម្បី​រាប់​បាត្រ​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​ និង​ធ្វើ​បុណ្យ​ឧទ្ទិសកុសល​ជូន​លោក​បណ្ឌិត កែម ឡី​ និង​វីរជន​ស្នេហាជាតិ​ផ្សេងៗ​ទៀត​ដូចជា​ លោក ឈុត វុទ្ធី​ និង​លោក ជា វិជ្ជា​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។