កម្ពុជា​នឹង​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី​តាម​អនុសញ្ញា​​ឆ្នាំ​១៩៥

0:00 / 0:00

ក្រសួង​ការបរទេស​បញ្ជាក់​ថា កម្ពុជា​នឹង​អនុវត្ត​អនុសញ្ញា​ស្ដី​អំពី​ជន​ភៀស​ខ្លួន​ឆ្នាំ​១៩៥១ ដើម្បី​ជ្រើស​រើស និង​ទទួល​យក​ជនភៀសខ្លួន​ដែល​មាន​បំណង​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​អូស្ត្រាលី ប៉ុន្តែ​ត្រូវ​អូស្ត្រាលី បដិសេធ​ទទួល​យក។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់​មន្ត្រី​សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ បាន​រិះគន់​កម្ពុជា​ថា ការ​យល់​ព្រម​ទទួល​យក​សំណើ​របស់​អូស្ត្រាលី គឺ​ដើម្បី​ប្តូរ​យក​ជំនួយ​នៅ​ពេល​ដែល​កម្ពុជា មិន​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ទទួល​ជន​ភៀស​ខ្លួន​នៅ​ឡើយ។

​​នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) បញ្ជាក់​ថា ជំនួយ​ជា​ថវិកា​របស់​អូស្ត្រាលី​ជា​មូលហេតុ​សំខាន់​មួយ​ដែល​បណ្ដាល​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទទួល​យក​ជនភៀសខ្លួន​ដែល​ត្រូវ​បាន​បដិសេធ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​អូស្ត្រាលី។ បច្ចុប្បន្ន កម្ពុជា​មាន​ជនភៀសខ្លួន​ចំនួន ៦៩​នាក់ ប៉ុន្តែ​ពួកគេ​កំពុង​ប្រឈម​បញ្ហា​ក្នុង​ការ​ប្រកប​របរ​រស់​នៅ ហើយ​កំពុង​មាន​ជីវភាព​ដុនដាប។

លោក ហ្វីល រ៉ូប៊ើតសុន៖ «ក្តី​កង្វល់​របស់​យើង គឺ​ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា មិន​អាច​ផ្តល់​ការ​ការពារ និង​ផ្តល់​សេវាកម្ម​ផ្សេងៗ​ទៀត​ដល់​ជនភៀសខ្លួន​មក​ពី​អូស្ត្រាលី។ កម្ពុជា​ក៏​មិន​បាន​ផ្តល់​ការពារ​សិទ្ធិមនុស្ស​ដល់​ជនភៀស​ខ្លួន​ឡើយ កាល​ពី​ពេល​អតីតកាល​ខ្មែរ​កម្ពុជា​ក្រោម ដែល​រត់​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​វៀតណាម​វិញ ហើយ​ចំណែក​ជនភៀសខ្លួន អ៊ុយហ្គរ៍ ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ចិន វិញ​ដែរ។ កម្ពុជា មិន​មែន​ជា​ប្រទេស​ដែល​អាច​ផ្ទេរ​ការ​ទទួល​សុខ​ត្រូវ​ផ្នែក​ជន​ភៀស​ខ្លួន​បាន​ឡើយ»

​កាល​ពី​ថ្ងៃ​អង្គារ ទី​៣ មិថុនា លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ត្រូវ​បាន​សារព័ត៌មាន​អូស្ត្រាលី ឈ្មោះ Fairfax Media ដក​ស្រង់​សម្ដី​ថា កម្ពុជា​នឹង​ស៊ើប​អង្កេត​ប្រវត្តិរូប​ជន​ភៀស​ខ្លួន និង​តម្រូវ​ឲ្យ​ពួកគេ​ចុះ​ហត្ថលេខា​យល់ព្រម​ដោយ​ស្ម័គ្រចិត្ត​មក​រស់នៅ​កម្ពុជា មុន​ពេល​កម្ពុជា ព្រម​ទទួល​យក​ជនភៀសខ្លួន​ទាំង​នោះ។ កម្ពុជា​នឹង​អនុវត្ត​អនុសញ្ញា​ស្ដី​អំពី​ជន​ភៀស​ខ្លួន​ឆ្នាំ​១៩៥១ ដើម្បី​ជ្រើស​រើស និង​ទទួល​យក​ជនភៀសខ្លួន។

​មន្ត្រី​តស៊ូ​មតិ​ផ្នែក​ជនភៀសខ្លួន​ឲ្យ​ដឹង​ថា មាន​ជនភៀសខ្លួន​ប្រមាណ​មួយ​ពាន់​នាក់ ដែល​ព្យាយាម​ជិះ​ទូក​ទៅ​ប្រទេស​អូស្ត្រាលី ហើយ​ត្រូវ​បាន​ចាប់​ឃុំ​នៅ​ប្រទេស​ណាវរ៉ូ ត្រូវ​បាន​រដ្ឋាភិបាល​អូស្ត្រាលី គ្រោង​នឹង​បញ្ជូន​មក​រស់​នៅ​កម្ពុជា។

លោក កុយ គួង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី កំពុង​បន្ត​ចរចា​បន្ថែម​ទៀត​មុន​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដីពី​ការ​យល់​ព្រម​ទទួល​យក​ជនភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី។

​ចំណែក​សារព័ត៌មាន The Sydney Morning Herald ក៏​បាន​ដក​ស្រង់​សម្ដី​រដ្ឋមន្ត្រី​អន្តោប្រវេសន៍​អូស្ត្រាលី ថា កិច្ច​ចរចា​ស្ដីពី​ជនភៀសខ្លួន​កំពុង​មាន​ដំណើរ​ការ​ល្អ ប៉ុន្តែ​មិន​ទាន់​មាន​លទ្ធផល​នៅ​ឡើយ។

​លោក ហ្វីល រ៉ូប៊ើតសុន បន្ថែម​ទៀត​ថា តាម​ប្រភព​ព័ត៌មាន​មួយ​ចំនួន​ដែល​មិន​ទាន់​ជា​ផ្លូវការ​បង្ហាញ​ថា កម្ពុជា​នឹង​ទទួល​បាន​លុយ​ពី​ប្រទេស​អូស្ត្រាលី ជា​ថ្នូរ​នឹង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន៖ «ការ​ដែល​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស​ដែល​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា មិន​ទទួល​បាន​ជំនួយ​ពី​អូស្ត្រាលី​ជា​ថ្នូរ​នៃ​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី គឺ​មិន​មែន​ជា​ការ​ពិត​ទេ។ គាត់​ចង់​បង្ហាញ​ថា កិច្ច​សហប្រតិបត្តិការ​មិន​អាច​ទិញ​បាន​ទេ ប៉ុន្តែ​បទពិសោធន៍​បង្ហាញ​ថា លុយ​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​រដ្ឋាភិបាល​នេះ ហើយ​ប្រសិន​បើ​មាន​លុយ​នោះ រដ្ឋាភិបាល​នឹង​ងាក​ទៅ​រក​ហើយ ដោយ​មិន​បាន​គិត​ថា សំណើ​នោះ​ល្អ​ឬ​អាក្រក់​ឡើយ»

​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក កុយ គួង អះអាង​ថា កម្ពុជា​នឹង​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ជន​ភៀស​ខ្លួន។ លោក​បដិសេធ​ការ​លើក​ឡើង​របស់​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ដែល​ចោទ​ថា កម្ពុជា​ទទួល​បាន​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ជា​ថ្នូរ​នឹង​ជន​ភៀស​​ខ្លួន។

សារព័ត៌មាន The Sydney Morning Herald កាល​ពី​ថ្ងៃ​អង្គារ ទី​៣ មិថុនា ក៏​ដក​ស្រង់​សម្ដី​ជនភៀសខ្លួន​ម្នាក់​ដែល​កំពុង​ជាប់ឃុំ​នៅ​ប្រទេស​ណាវរ៉ូ ថា ជនភៀសខ្លួន​ស្វែង​រក​កិច្ច​ការពារ​ពី​រដ្ឋាភិបាល​អូស្ត្រាលី មិន​មែន​ទៅ​រស់​នៅ​ប្រទេស​កម្ពុជា​ឡើយ។ ជនភៀសខ្លួន​រូប​នោះ​បន្ត​ទៀត​ថា កម្ពុជា​ជា​ប្រទេស​មិន​ទាន់​អភិវឌ្ឍន៍ និង​ក្រីក្រ​ថែម​ទៀត។ ប្រទេស​នេះ​មិន​អាច​ថែរក្សា​ជន​ភៀស​ខ្លួន​បាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។