ជនរងគ្រោះ សោកស្ដាយចំពោះអាជ្ញាធររាជធានីភ្នំពេញក្នុងការលើកពេលធ្វើបុណ្យខួប ១០ឆ្នាំ នៃព្រឹត្តិការណ៍ជាន់គ្នាស្លាប់ នៅស្ពានពេជ្រ ដោយសារហេតុផលវិបត្តិជំងឺកូវីដ១៩ (Covid-19)។ សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាល ធ្វើបុណ្យខួបនេះ ឲ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ និងត្រូវអញ្ជើញសាច់ញាតិរបស់ជនរងគ្រោះមកចូលរួមផង។
យុវជនរងគ្រោះម្នាក់នៅលើស្ពានពេជ្រ កាលពីឆ្នាំ២០១០ លោក ឃី ពិសី ជឿថា អាជ្ញាធរអាចគ្រប់គ្រង និងប្រារព្ធពិធីបុណ្យខួបគម្រប់១០ឆ្នាំបាន ប្រសិនបើមានឆន្ទៈ ព្រោះអាជ្ញាធរមានលទ្ធភាពគ្រប់គ្រាន់ក្នុងការការពារជំងឺកូវីដ១៩។ លោកសង្ស័យថា អាជ្ញាធរមានចេតនាចង់បន្សាបព្រឹត្តិការណ៍នេះឲ្យតូចទៅ ៗ ទើបលែងចង់ប្រារព្ធខួបនេះ។
លោក ឃី ពិសី ដែលមានបងថ្លៃស្រីម្នាក់ស្លាប់ក្នុងព្រឹត្តិការណ៍នោះ និយាយថា លោកនៅតែមិនអស់ចិត្ត និងចង់ឃើញអ្នកទទួលខុសត្រូវ ក្នុងព្រឹត្តិការណ៍នោះ ព្រោះ ករណីនេះ ជារឿងធំដែលមានមនុស្សរាប់រយនាក់ ស្លាប់ និងរបួស៖ «ការស្លាប់នេះជាការស្លាប់ធំ លំដាប់ទី១ហើយ បន្ទាប់ពីរបបប៉ុលពត ដួលទៅ។ អ៊ីចឹង ការស្លាប់ហ្នឹង គួរតែរៀបចំជាព្រឹត្តិការណ៍ណាមួយ ដែលជាការចងចាំសម្រាប់មនុស្សគ្រប់ជំនាន់តែម្ដងទៅណា ឲ្យដឹងថា ព្រឹត្តិការណ៍ហ្នឹងកើតឡើងដោយការធ្វេសប្រហែលរបស់អាជ្ញាធរជាអ្នករៀបចំ សណ្ដាប់ធ្នាប់ក្រុង។ អ៊ីចឹង អត់គួរណា ធ្វើព្រឹត្តិការណ៍នេះ ឲ្យតូចទៅៗ ទេ។ អ៊ីចឹង ខ្ញុំមើលឃើញថា អាចេតនាហ្នឹងវាហាក់ដូចជាចង់បំភ្លេចការចងចាំរបស់អ្នកជំនាន់ក្រោយថា រឿងហេតុការណ៍ហ្នឹង កើតឡើងដោយកំហុសរបស់ខ្លួន»។
នៅខួបទី១០ឆ្នាំ នៃព្រឹត្តិការណ៍ជាន់គ្នាស្លាប់ លើស្ពានពេជ្រ នៅថ្ងៃទី២២ វិច្ឆិកាអាជ្ញាធររាជធានីភ្នំពេញ មិនបានប្រារព្ធពិធីសូត្រមន្ត រាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ៣៥០នាក់ ដូចរាល់ឆ្នាំទេ ដោយសំអាងថា ដោយសារវិបត្តិជំងឺកូវីដ-១៩។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានប្រាប់សារព័ត៌មានក្នុងស្រុក (Thmeythmey.com) ថា ព្រឹត្តិការណ៍ ៣ វិច្ឆិកាទើបតែបញ្ចប់ ដូច្នេះសាលារាជធានីមិនរៀបចំពិធីបុណ្យឡើយ ដោយចាត់តាំងឲ្យរដ្ឋបាលខណ្ឌជាអ្នករៀបចំវិញ តែក្នុងទ្រង់ទ្រាយតូច។ លោកថា អាជ្ញាធរ លើកពេលប្រារព្ធខួប១០ឆ្នាំនេះ ជាទ្រង់ទ្រាយធំ ទៅពេលខាងមុខ ប៉ុន្តែមិនទាន់កំណត់ថ្ងៃរៀបចំច្បាស់លាស់ឡើយទេ។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីលោក ម៉េត មាសភក្ដី បានទេ នៅថ្ងៃទី២២ វិច្ឆិកា ដោយសារលេខទូរស័ព្ទរបស់លោក មិនអាចទំនាក់ទំនងបាន
ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ គឺជាខួប ១០ឆ្នាំនៃព្រឹត្តិការណ៍ជាន់គ្នានៅលើស្ពានពេជ្រ ឆ្លងទៅកោះពេជ្រ ក្នុងថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូកកាលពីឆ្នាំ២០១០។ ហេតុការណ៍កាលណោះ បានធ្វើឲ្យមនុស្សចំនួន ៣៥៣នាក់ស្លាប់ និង ៣៩៥នាក់រងរបួស។ រហូតមកដល់ពេលនេះ ក្រៅពីឧបត្ថម្ភជាទឹកប្រាក់នោះ មិនមានអាជ្ញាធរ ឬមន្ត្រីរដ្ឋាភិបាលណាម្នាក់ចេញមុខទទួលខុសត្រូវចំពោះហេតុការណ៍ដែលកើតឡើងនេះទេ គឺឃើញតែសម្ដែងការសោកស្ដាយនូវអ្វីដែលបានកើតឡើងប៉ុណ្ណោះ។
ទោះជាយ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាងប្រាប់អាស៊ីសេរីមុននេះមួយថ្ងៃថា អាជ្ញាធររដ្ឋបានទទួលខុសត្រូវ ជាសាធារណៈរួចរាល់អស់ហើយ ខណៈរដ្ឋាភិបាលក៏បានបង្កើនការគ្រប់គ្រងក្នុងពិធីបុណ្យជាតិធំៗឲ្យមានភាពប្រសើរ។
នាយករង ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស អង្គការលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ ថា ការធ្វើបុណ្យខួបជារៀងរាល់ឆ្នាំ ដើម្បីរំលឹកព្រឹត្តិការណ៍ជាន់គ្នាស្លាប់ នៅលើស្ពានពេជ្រ ថ្ងៃទី២២ វិច្ឆិកា ជារឿងល្អ ព្រោះជាការដាស់ស្មារតីនិងរំលឹកឲ្យបង្កើនការប្រុងប្រយ័ត្ន។ លោក អំ សំអាតយល់ថា ការធ្វើបុណ្យតាមបែបសាសនាផ្សេងៗ ក្នុងទម្រង់បែបណា គឺអាស្រ័យលើថវិការបស់រដ្ឋាភិបាល។ ប៉ុន្តែ លោកចង់ឲ្យមានការចូលរួមពីសាច់ញាតិរបស់ជនរងគ្រោះ៖ «ខ្ញុំមិនហ៊ានឆ្លើយជំនួសរដ្ឋាភិបាលទេ ទាក់ទងនឹងការធ្វើហ្នឹង វាអាស្រ័យទៅលើថវិកាឬក៏អ្វីផ្សេង។ ក៏ប៉ុន្តែយើងជាសង្គមស៊ីវិលយើងចង់ឲ្យធ្វើយ៉ាងណា គឺក្រុមគ្រួសារអ្វីទាំងអស់ហ្នឹង ដែលតាមប្រពៃណី ដែលគាត់អាចចូលរួមនៅក្នុងរំលឹកវិញ្ញាណក្ខន្ធ ( ជនរងគ្រោះ ) របស់ពួកគាត់ហ្នឹង ហើយនិងធ្វើឲ្យមានព្រឹត្តិការណ៍ដែលធ្វើឲ្យប្រជាពលរដ្ឋ អាចនឹងចងចាំ និងអាចចូលរួម ធ្វើយ៉ាងណាទប់ស្កាត់អំពើទាំងអស់ហ្នឹង»។
រាល់ឆ្នាំ ឲ្យតែដល់ថ្ងៃខួប២២ វិច្ឆិកា អាជ្ញាធររាជធានីភ្នំពេញ តែងនិមន្តព្រះសង្ឃរៀបចំពិធីបុណ្យបង្សុកូល សូត្រមន្តឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះ និងបានអញ្ជើញសាច់ញាតិ មកចូលរួមពិធីបុណ្យដើម្បីរំលឹកដល់ឧបទ្ទវហេតុ នៃការជាន់គ្នាស្លាប់នៅលើស្ពានពេជ្រ ។ អាជ្ញាធរ បានធ្វើបុណ្យនៅចំណុចស្តូបរំលឹកវិញ្ញាណក្ខន្ធ ជំនួសឲ្យទីតាំងស្ពានពេជ្រដែលត្រូវបានវាយកម្ទេច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។