អាជ្ញាធរប្រឆាំងបទល្មើសគ្រឿងញៀន ចាប់ជនល្មើសជនជាតិចិនម្នាក់ពាក់ព័ន្ធនឹងករណីជួញដូរ គ្រឿងញៀនជិត ៥០គីឡូក្រាម។ មន្ត្រីសង្គមស៊ីវិល លើកឡើងថា វត្តមានជនជាតិចិនមួយចំនួននៅកម្ពុជាកំពុងបង្កភាពវឹកវរដល់សន្តិសុខសង្គម ជាពិសេសពាក់ព័ន្ធនឹងនាំចូលគ្រឿងញៀន និងបន្តពង្រីករោងចក្រផលិតគ្រឿងញៀន នៅកម្ពុជា។
អាជ្ញាធរបង្ក្រាបបទល្មើសគ្រឿងញៀន ឱ្យដឹងថា ក្នុងការបង្ក្រាបជនជាតិចិនដែលពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ក្រុមសមត្ថកិច្ចបើកការស៊ើបតាំងពីថ្ងៃទី២១ កក្កដា ៤គោលដៅផ្សេងគ្នា ក្នុងនោះ ៣គោលដៅស្ថិតនៅទីតាំងអគារខុនដូអូឡាំព្យា និងមួយគោលដៅទៀតស្ថិតនៅទីតាំងសណ្ឋាគារចយ (Joy Hotel) ក្នុងសង្កាត់អូរឫស្សី រាជធានីភ្នំពេញ។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៥ កក្កដា បង្ហាញថា ជនសង្ស័យគ្រឿងញៀនជនជាតិចិនដែលសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះ ហូ ហ្វេងវ៉េន (HU FENGWEN)។ គ្រឿងញៀនដែលសមត្ថកិច្ចរឹបអូសបានមានជាប្រភេទ នីមេតាហ្សេប៉ាម (NIMETAZEPAM) អ៊ិចស្តាស៊ី (MDMA) មេតំហ្វេតាមីន(ICE) និងកេតាមីន(KETAMIN) សរុបជិត ៥០ គីឡូក្រាម។ ក្រៅពីនេះ ក៏មានជញ្ជីងថ្លឹងគ្រឿងញៀន និងឧបករណ៍សម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនធំ។
អាជ្ញាធរប្រឆាំងល្មើសគ្រឿងញៀន អះអាងថា សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យឈ្មោះ ហូ ហ្វេងវ៉េន ទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធីរួចរាល់ហើយ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកប្រឆាំងបទល្មើសគ្រឿងញៀន លោក ម៉ក់ ជីតូ ដើម្បីសុំការបញ្ជាក់បន្ថែមជុំវិញរឿងនេះបាននៅឡើយទេ នៅថ្ងៃទី២៥ កក្កដា។ ចំណែក ប្រធានតុលាការក្រុងភ្នំពេញ លោក តាំង ស៊ុនឡាយ ក៏មិនអាចទាក់ទងបានដែរនៅថ្ងៃដដែលនេះ។
ទោះបីជាយ៉ាងណា លោក ម៉ក់ ជីតូ ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា បទល្មើសគ្រឿងញៀននៅកម្ពុជា នៅមិនទាន់មានភាពថមថយនៅឡើយទេ។ លោកទទួលស្គាល់ថា ថ្វីដ្បិតអាជ្ញាធរមិនអាចទប់ស្កាត់បញ្ហាគ្រឿងញៀននេះឱ្យមានប្រសិទ្ធិភាពយ៉ាងណាក្ដី ក៏សមត្ថកិច្ចជំនាញតែងចុះបង្ក្រាបទីតាំងរបស់ក្រុមឧក្រិដ្ឋជនបានទាន់ពេល។
ជុំវិញរឿងនេះ មន្ត្រីអង្គការសង្គមស៊ីវិល ចង់ឃើញអាជ្ញាធរជំនាញមានចំណាត់ការទប់ស្កាត់បទល្មើសគ្រឿងញៀននេះ ឱ្យមានប្រសិទ្ធិជាងការបង្ក្រាប។ ជាមួយគ្នានេះ ពួកគេ នៅតែបន្តស្នើយ៉ាងទទូចដល់អាជ្ញាធរឱ្យបើកការស៊ើបអង្កេតដោយឯករាជ្យដើម្បីចាប់មេខ្លោងធំៗ និងអ្នកជាប់សង្ស័យពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀននេះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICAHDO) លោក អំ សំអាត មានប្រសាសន៍ថា លំហូរគ្រឿងញៀនចូលកម្ពុជាច្រើនសន្ធឹកសន្ធាប់កន្លងមកនេះ បានបង្កការគំរាមកំហែងសន្តិសុខសង្គម ជាពិសេសទៅដល់ក្រុមយុវជន ដែលជាធនធានសម្រាប់អភិវឌ្ឍប្រទេសទៅថ្ងៃអនាគត។ លោក ស្នើដល់អាជ្ញាធរត្រូវតែពង្រឹងការអនុវត្តច្បាប់លើជនបរទេស ជាពិសេសជនជាតិចិនដែលចេះតែបន្តជួញដូរ និងបើករោងចក្រផលិតគ្រឿងញៀននៅកម្ពុជា៖ « បញ្ហាគ្រឿងញៀននេះក៏វាសាបព្រោះពេញទីក្រុង រហូតទៅដល់ជនបទ ដែលយើងបារម្ភខ្លាំង។ ព្រោះកម្ពុជាយើង យើងឃើញហើយមានការលួចបើកគ្រឿងញៀនដោយខុសច្បាប់នៅការផលិតគ្រឿងញៀន នាំគ្រឿងញៀនចូលអ៊ីចឹង។ អ្វីដែលសំខាន់ ហ្នឹងគឺការទប់ស្កាត់ ការបង្ក្រាបទៅលើករណីចរាចរលើការជួញដូរគ្រឿងញៀន។ ជាពិសេសមន្ត្រីទាំងអស់ត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀនត្រូវតែមានការអនុវត្តឱ្យបានតឹងរ៉ឹងចំពោះច្បាប់។ ជាពិសេសការនាំចូលទាំងវត្ថុធាតុដើមដែលជាសារធាតុញៀន ហើយនឹងគ្រឿងញៀនចូលមកកម្ពុជា » ។
ថ្មីៗនេះ ក្រសួងយុត្តិធម៌ អះអាងថានឹងខិតខំប្រឹងប្រែងប្រឆាំងអំពើលាងកខ្វក់ ខណៈអង្គការឃ្លាំមើលអំពើលាងលុយកខ្វក់នៅលើពិភពលោកឈ្មោះក្រុមការងារហិរញ្ញវត្ថុ (FATF) កាលពី
ខែមីនា កន្លងទៅបានសម្រេចបន្តដាក់កម្ពុជាស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសមានហានិភ័យខាងអំពើលាងលុយកខ្វក់ ដែលពិភពលោកត្រូវបង្កើនការតាមដាន។
លោក អំ សំអាត យល់ថា បើកម្ពុជាស្ថិតក្នុង «បញ្ជីប្រផេះ» និងអាចបន្តស្ថិតក្នុង «បញ្ជីខ្មៅ» នៃប្រទេសលាងលុយកខ្វក់ នោះ កម្ពុជានឹងមានការប្រឈមបញ្ហាកាន់តែច្រើនទៀតពាក់ព័ន្ធនឹងការអភិវឌ្ឍប្រទេស។ លោក បន្ថែមថា អាជ្ញាធរជំនាញគួរពង្រឹងសមត្ថភាពចំពោះការត្រួតពិនិត្យដល់មន្រ្តីតាមច្រកទ្វារព្រំដែន និងត្រូវមានកម្លាំងអាជ្ញាធរជំនាញចុះត្រួតពិនិត្យនៅតាមរោងចក្រសហគ្រាសជាប្រចាំ ដើម្បីទប់ស្កាត់ជនបរទេសដែលលួចបើករោងចក្រផលិតគ្រឿងញៀននៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។