អាជ្ញាធរ​​ចាប់ខ្លួន​​ជនជាតិថៃ​​ម្នាក់​ដឹក​ជញ្ជូន​​គ្រឿងញៀន​​ឆ្លង​ដែន​​ចូល​​កម្ពុជា

0:00 / 0:00

អាជ្ញាធរ​​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន សហការ​ជា​មួយ​​សមត្ថកិច្ច គយ និង​​រដ្ឋាករ​ប្រចាំ​អាកាស​យានដ្ឋាន​​អន្តរជាតិ​ភ្នំពេញ​​ចាប់​ខ្លួ​ន​​ស្ត្រីជនជាតិ​ថៃ​​ម្នាក់​​ដឹកជញ្ជូន​​គ្រឿងញៀន​​ឆ្ល​ង​ដែន​​ចូល​​កម្ពុជា។

ស្ត្រីជនជាតិថៃ​ដែលចាប់​ខ្លួននោះឈ្មោះ ស៊ីនី សៃស៊ូវ៉ាន់ (SINEE SAISUWAN) អាយុ ៦២ឆ្នាំ បាន​ដកហូត​គ្រឿងញៀន ប្រភេទកូកាអ៊ីន (COCAINE) ទម្ងន់​ជាង​១គីឡូក្រាម លាក់បង្កប់​នៅបាតវ៉ាលី។

បច្ចុប្បន្ន ជនសង្ស័យ​ព្រមទាំង​វត្ថុតាង ត្រូវបានអាជ្ញាធរប្រឆាំងការជូញដូរ​​គ្រឿងញៀន កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានីភ្នំពេញ​តាមច្បាប់។

ពាក់ព័ន្ធ​នឹងបញ្ហានេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​និងសន្តិភាពលោក យង់ គឹមអេង យល់​ឃើញ​ថា ​បញ្ហាគ្រឿងញៀន​កាន់តែ​កើនឡើង ដែល​ជា​រឿងគួរ​ឱ្យ​បារម្ភ​សម្រាប់កម្ពុជា ដោយសារតែ​ខ្វះវិធានការ​សកម្មភាព​ដែល​មានប្រសិទ្ធភាព​ក្នុងការប្រយុទ្ធប្រឆាំង​គ្រឿងញៀន និងមូលហេតុ​សំខាន់​មួយទៀត​គឺមន្ត្រី​ដែល​មានអំណាច​មួយចំនួន​លួចឃុបឃិត​ជាមួយ​ឧក្រិដ្ឋជន៖ «បញ្ហាគ្រឿងញៀន​ដែល​បង្ក​វិនាសកម្ម ជាពិសេស​ទៅដល់​យុវជន វាមាន​ទំហំ​កាន់​តែ​ធំជាងមុន វារីករាលដាល​រហូតដល់​ជនបទ។ កាលពីមុន យើងឃើញថា​ វាមានតែ​នៅទីក្រុង ទីប្រជុំជនប៉ុណ្ណោះ»។

លោក​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ពង្រឹង​អនុត្តច្បាប់ ដោយ​ដាក់ទោសទណ្ឌ​ទៅលើ​មន្ត្រី​​ណា​ដែល​ពាក់ព័ន្ធ​ករណីជួញដូរ​គ្រឿងញៀនឱ្យបានធ្ងន់ធ្ងរតាមច្បាប់។

បញ្ហា​គ្រឿង​ញៀន​ត្រូវបាន​គេ​ចាត់ទុក​ថា ជាវិបត្តិ​សង្គម​ធ្ងន់ធ្ងរមួយ​នៅកម្ពុជា​បច្ចុប្បន្ន។ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២១ អាជ្ញាធរកម្ពុជា​បានឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធនឹង​គ្រឿង​ញៀន​ជិត​មួយ​ម៉ឺន​នាក់ (៩៨២៨នាក់) និងគ្រឿងញៀនសរុប ជាង​មួយ​តោន (១០៤៩គីឡូក្រាម)។ ក្នុងចំណោមជនសង្ស័យទាំងនោះ មានមនុស្ស​ជាង​ប្រាំមួយ​ពាន់​នាក់ (៦០៤៤នាក់) ជាប់ពាក់ព័ន្ធ​នឹងការជួញដូរ​គ្រឿងញៀន ហើយមនុស្ស​ជាង​បីពាន់នាក់ (៣.៧៨៤នាក់) រួមទាំង​ជនបរទេស ២១៧នាក់ទៀត ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​គ្រឿង​ញៀន។

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​បានបណ្ដេញចេញ​ជនជាតិចិន​សរុបចំនួន ៧៥នាក់ ក្នុង​នោះ​មាន​ស្ត្រីចំនួន ៨នាក់ ក្នុង​រយៈពេល​៣ខែ នៅដើម​ឆ្នាំ២០២១ នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។