ក្នុងពេលស្ថានភាពការឆ្លងរាតត្បាតជំងឺកូវីដ១៩ (Covid-19) នៅតាមរោងចក្រមានសភាពកាន់តែច្រើនឡើង ថៅកែរោងចក្រខ្លះបានសម្រេចចិត្តរៀបចំបន្ទប់ ឬ កន្លែងស្នាក់នៅក្នុងរោងចក្រ ឲ្យកម្មករស្នាក់នៅបណ្ដោះអាសន្ន។
ជាមួយគ្នានេះ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តពោធិ៍សាត់កាលពីថ្ងៃទី២៨ ខែមេសា បានចេញលិខិតណែនាំឱ្យកម្មករកម្មការិនីរបស់រោងចក្រ តៃអ៊ីហ្ស៊ី (អត់ស្គាល់ឡាតាំង) ដែលធ្វើដំណើរ ចល័តមកពីខេត្តកំពង់ឆ្នាំងជិតបួនរយ (៣៩៦) នាក់ ត្រូវស្នាក់នៅបន្ទប់ជួល ដោយឥតគិតថ្លៃ រៀបចំដោយភាគីរោងចក្រ។
អាជ្ញាធរ បញ្ជាក់ថា ការតម្រូវនេះ គឺដើម្បីបញ្ចៀសការធ្វើដំណើរទៅមកតាមយានយន្តរួម និងជាការចូលរួមទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។ ក្នុងករណី កម្មករមិនព្រមស្នាក់នៅក្នុងបរិវេណរោងចក្រតាមការរៀបចំ ឬផ្ទះបងប្អូន ដែលនៅជិតរោងចក្រទេ ខាងរោងចក្រ នឹងផ្អាកការងារកម្មករទាំងនោះ ហើយកម្មករ មិនអាចទទួលបានផលប្រយោជន៍ពីថៅកែរោងចក្រឡើយ។
ប៉ុន្តែកម្មកររស់នៅខេត្តកំពង់ឆ្នាំងជាច្រើន មិនពេញចិត្ត នឹងការតម្រូវនេះទេ ហើយពួកគាត់ សុខចិត្តលាឈប់ពីការងារ ដើម្បីបានរស់នៅជួបជុំក្រុមគ្រួសារ ក្នុងស្រុកកំណើត។
កម្មការិនីម្នាក់រស់នៅស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំងលោកស្រី ផល ចាន់រ៉ុង បានដាក់ពាក្យលាឈប់ពីការងារ ក្រោយពេលមានការតម្រូវឲ្យកម្មករស្នាក់នៅក្នុងរោងចក្រ។ លោកស្រីប្រាប់អាស៊ីសេរីថា លោកស្រី មានកូនតូច៤នាក់ និងម្ដាយចាស់ជរាម្នាក់នៅផ្ទះ ដូច្នេះ លោកស្រីមិនអាចស្នាក់នៅក្នុងរោងចក្រ តាមការតម្រូវបានទេ។

ម្យ៉ាងទៀតលោកស្រី អះអាងថា ការស្នាក់នៅក្នុងរោងចក្រ មិនមានលក្ខណៈល្អប្រសើរទេ ព្រោះថៅកែ បានដាក់ឲ្យកម្មករស្នាក់នៅតាមបន្ទប់តូចចង្អៀត រស់នៅប្រជ្រៀតគ្នាច្រើននាក់ក្នុងមួយបន្ទប់ និងគ្មានបណ្ដាញទឹកភ្លើង ប្រើប្រាស់ត្រឹមត្រូវទេ។ លោកស្រីឲ្យដឹងថា កម្មករភាគច្រើន បានដាក់ពាក្យលាឈប់ តែខាងរដ្ឋបាលបដិសេធពាក្យលាឈប់នេះ៖ « នៅម្ដេចកើត ម្ដាយក៏ចាស់ ប្ដីក៏ជាប់គុកផង ហើយកូនតូចៗឲ្យរញង់ នៅអត់កើតទេ។ អ៊ីចឹង មានជម្រើសមួយ គឺកុំឲ្យពាក់ព័ន្ធជាមួយគេ ក៏ដាក់ក្រដាសសុំលាឈប់។ តែដល់ពេលគេអត់ឲ្យឈប់ មិនដឹងធ្វើម្ដេច ? ឲ្យតែជុំកូន កុំឲ្យបែកកូន។ បើគេបិទ គេបិទ៣ខែ។ តែមិនដឹងគេបិទប៉ុន្មាន ចុះបើដូចភ្នំពេញទៅ។ ពួកខ្ញុំ បែកម៉ែ បែកកូន បាននរណាមើលកូន។ គេមិនឲ្យយើងនៅទេ។ អ្នកនិយាយចេះតែនិយាយស្រួលហើយ។ គេអ្នកទៅនៅមុន ប្អូនៗខ្ញុំ ជិះឡានជាមួយខ្ញុំថា ទៅនៅផ្ទះជួលគេរៀបចំឲ្យ ដល់ពេលទៅ ទឹកក៏មិនមានប្រើគ្រប់គ្រាន់ ហើយផ្ទះជួល ក៏ចង្អៀត។ ទៅនៅតាមភូមិ ក៏គេឲ្យយើងបញ្ជាក់តាមភូមិឃុំ ស្រុកគេ។ យើងមិនមែនចេះទៅនៅឯណាស្រួលៗ»។
កម្មការិនីរស់នៅខេត្តកំពង់ឆ្នាំងម្នាក់ទៀត គឺលោកស្រី ស៊ុម សុភាព ក៏បដិសេធការស្នាក់នៅក្នុងរោងចក្រដែរ ដោយសារមូលហេតុប្រហាក់ប្រហែលគ្នាដែរ។ កម្មការិនីរូបនេះ គ្មានកូនតូចក្នុងបន្ទុកទេ ប៉ុន្តែលោកស្រីយល់ថា ការស្នាក់នៅបន្ទប់តូចចង្អៀតក្នុងរោងចក្រ គឺគ្មានសុវត្ថិភាពដូចគ្នា។ ដូច្នេះលោកស្រី សុខចិត្តប្រឈមការធ្វើដំណើរទៅធ្វើការ ព្រឹកល្ងាចដដែល បើពុំដូច្នេះទេលោកស្រី សុខចិត្តលាឈប់ ដើម្បីបានរស់នៅជួបជុំក្រុមគ្រួសារវិញ៖ « ព្រោះអ្វីនៅរោងចក្រ ក៏ដូចតែគ្នា។ ពេលខ្លះនៅរោងចក្រពិបាកជាងជិះឡានទៀត។ ពេលចេញមក ដល់ម៉ោងចេញហូបបាយ ឬម៉ោងចេញទៅផ្ទះអ្វីដើរប្រជ្រៀតគ្នា ហើយអត់មានជួរអ្វីតម្រង់ទេ ដើរប្រជ្រៀតគ្នាយកបណ្ដោយ ហើយកម្មកររាប់ម៉ឺននាក់ មកជួបគ្នានៅឯហ្នឹង ហើយបើឲ្យកម្មករទៅនៅផ្ទះជួល ក៏ដូចគ្នា។ បន្ទប់មួយ មិនមែនឲ្យនៅម្នាក់ ឬ២នាក់ឯណា។ ៣ ទៅ៤នាក់ ទៅ៥នាក់»។
នៅព្រឹកថ្ងៃទី០១ ខែឧសភា អាជ្ញាធរខេត្តពោធិ៍សាត់ បានរារាំងរថយន្តដឹកកម្មកររោងចក្រតៃអ៊ីហ្ស៊ី ច្រើនគ្រឿង នៅចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ មិនឱ្យធ្វើដំណើរឆ្លងខេត្ត ក្នុងហេតុផល ទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។ ក្រោយការរារាំងនេះ កម្មករច្រើនឡាន បានត្រលប់មកផ្ទះវិញ នៅខេត្តកំពង់ឆ្នាំង។
កម្មករឲ្យដឹងថា ខាងរោងចក្រ បានអនុញ្ញាតឲ្យពួកគេឈប់សម្រាក នៅថ្ងៃទី០១ ខែឧសភា មួយថ្ងៃ ដោយសារ ការខកខាននេះ តែតម្រូវឲ្យកម្មករទៅធ្វើការសង នៅថ្ងៃអាទិត្យ ទី០២ ឧសភា នេះវិញ។

ពាក់ព័ន្ធនឹងការរៀបចំឲ្យកម្មករស្នាក់នៅក្នុងរោងចក្រនេះ ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តពោធិ៍សាត់លោក កុល ប៊ុនធឿន ប្រាប់អាស៊ីសេរី យ៉ាងខ្លីថា ទីតាំងទាំងអស់នោះ ខាងរោងចក្រជាអ្នករៀបចំ តែកម្មករខ្លះបដិសេធ ដោយសារជាប់មើលថែកូនតូចនៅផ្ទះ៖ « រោងចក្របានរៀបចំឲ្យកម្មករស្នាក់នៅឯហ្នឹង។ តែមានកម្មករមួយចំនួន គាត់អត់ព្រមស្នាក់នៅ។ គាត់សុំចល័តទៅមក ដោយសារគាត់មានកូនតូចអ៊ីចឹងណា»។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីខាងថៅកែរោងចក្រ តៃអ៊ីហ្សី បានទេ នៅថ្ងៃដដែល។ គិតត្រឹមដើមខែឧសភានេះ មិនទាន់មានករណីឆ្លងជំងឺកូវីដ១៩ ក្នុងរោងចក្រនៅខេត្តពោធិ៍សាត់ទេ។ ប៉ុន្តែ មានពលរដ្ឋរស់នៅខេត្តពោធិ៍សាត់ចំនួន១៣នាក់ ឆ្លងជំងឺកូវីដ១៩។ ចំណែក នៅខាងខេត្តកំពង់ឆ្នាំងវិញ មានពលរដ្ឋ និងកម្មកររោងចក្រចំនួន១៦នាក់ បានឆ្លងជំងឺកូវីដ១៩។ តួលេខនេះ គិតត្រឹមចុងខែមេសា។
កម្មកររោងចក្រ នៅតាមខេត្តផ្សេងទៀតក៏កំពុងប្រឈម ការឆ្លងជំងឺកូវីដ១៩ដែរ។ នៅថ្ងៃទី០១ ឧសភានេះ អាជ្ញាធរខេត្តព្រះសីហនុ បានប្រកាសឲ្យផ្អាកដំណើរការរោងចក្រមួយចំនួន ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនៅស្រុកព្រៃនប់មួយរយៈសិន ដោយសាររកឃើញកម្មករមានឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់។
កម្មករម្នាក់ ធ្វើការក្នុងរោងចក្រមួយនៃស្រុកព្រៃនប់លោក ពេជ្រ ពិសិដ្ឋ ឲ្យដឹងថា មានកម្មករខ្លះ បានដាក់ពាក្យលាឈប់ ដោយសារខ្លាចឆ្លងជំងឺ។ ឯកម្មករផ្សេងទៀត ស៊ូទ្រាំទៅធ្វើការទាំងអារម្មណ៍ភ័យខ្លាច ព្រោះជាប់ជំពាក់បំណុលធនាគារច្រើន។
កម្មកររូបនេះបារម្ភថា ការឆ្លងជំងឺនេះ នឹងកើតឡើងក្នុងពេលធ្វើដំណើររួមគ្នាមកធ្វើការ ព្រោះកម្មករ នៅតែបន្តឈរលើឡានរួមគ្នា ទៅនិងមក រោងចក្រដដែល។ លោក ពិសិដ្ឋ ស្នើសុំឲ្យអាជ្ញាធរ រកវិធីកាត់បន្ថយហានិភ័យនេះ ឬ អាចផ្ដល់ប្រាក់ឧបត្ថម្ភខ្លះ ហើយអនុញ្ញាតឲ្យកម្មករឈប់សម្រាកមួយរយៈ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩៖ « ខ្ញុំគិតថា វាជាវិបត្តិទាំងអស់គ្នា។ មិនមែនតែវិបត្តិតែក្រុមហ៊ុន ឬវិបត្តិតែកម្មករទេ។ តែគេឲ្យ៥០ % ខ្ញុំគិតថា វាជារឿងមួយ ដែលជួយចែករំលែកគ្នាហើយ ព្រោះអ្វី គាត់ក៏មានវិបត្តិ ខ្ញុំក៏មានវិបត្តិ។ នេះជាទស្សនៈរបស់ខ្ញុំ»។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ហេង សួរ បានទេ នៅថ្ងៃទី០១ ខែឧសភា។ តែយ៉ាងណាលោក ហេង សួរ ធ្លាប់បង្ហាញក្ដីរំពឹងថា កម្មករនឹងមានសុវត្ថិភាព ក្រោយពេលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានគ្រប់គ្នារួចរាល់។
អនុប្រធានសហព័ន្ធសហជីពកម្ពុជាអ្នកស្រី ម៉ន ចាន់ណា គាំទ្រចំពោះការរៀបចំទីតាំង ដែលមានលក្ខណៈប្រសើរឲ្យកម្មករស្នាក់នៅក្នុងរោងចក្រ។ ប៉ុន្តែ អ្នកស្រី ស្នើសុំឲ្យខាងរោងចក្រ ត្រូវអនុញ្ញាតឲ្យកម្មករ ដែលមានកូនតូច និងម្ដាយឪពុកចាស់ជរា បានត្រលប់ទៅស្នាក់នៅតាមផ្ទះវិញ។
សហជីពរូបនេះ ក៏ជំរុញឲ្យរដ្ឋាភិបាល និងថៅកែ ឧបត្ថម្ភប្រាក់ឲ្យកម្មករខ្លះ ដើម្បីផ្អាកដំណើរការរោងចក្រមួយរយៈ ក្នុងគោលបំណងកាត់បន្ថយការចម្លងជំងឺកូវីដ១៩ កាន់តែច្រើនជាងនេះទៀត៖ « រោងចក្រមួយចំនួនគាត់ធ្វើរួចហើយ។ អ៊ីចឹងណា គឺកម្មករឈប់ឲ្យកម្មករឈប់ចំនួន១៤ថ្ងៃ។ តែគាត់ឲ្យប្រាក់ឈ្នួលកម្មករហ្នឹង ៥០ % ។ រោងចក្រហ្នឹងក៏គួរតែផ្ដល់អាអ៊ីចឹងដែរ។ ព្យួរឈ្មោះ គាត់ទៅ ហើយផ្ដល់ឲ្យ៥០ % ទៅ»។
គិតត្រឹមចុងខែ (២៨) មេសា មានរោងចក្រ សហគ្រាស ជាងពីររយ (២៥៦) ហើយ បានផ្អាកដំណើរការបណ្ដោះអាសន្ន ដោយសារកម្មករឆ្លងជំងឺកូវីដ១៩។ កម្មករ និង និយោជិត ជិតពីរពាន់ (១.៦៦៣) នាក់ ធ្វើការនៅរោងចក្រជាង២០០ (២០៦) បានឆ្លងជំងឺកូវីដ-១៩។ ចំណែក កម្មករ និយោជិត រងផលប៉ះពាល់ពីវិបត្តិនេះ មានជាងមួយលាន (ប្រមាណ១លាន២សែន) នាក់៕