អាជ្ញាធរដុតបំផ្លាញគ្រឿងញៀនជាង ៤តោន
2024.06.15
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដុតបំផ្លាញគ្រឿងញៀនជាង ៤តោន ដែលមានទំហំទឹកប្រាក់ជាង ៦៦លានដុល្លារ។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សយល់ឃើញថា ការបង្ក្រាបដែលធ្វើឡើងតែទៅលើជនល្មើសតូចតាច មិនអាចទប់ស្កាត់ការជួញដូរគ្រឿងញៀនបានឡើយ។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៤ ខែមិថុនា បានដុតបំផ្លាញគ្រឿងញៀនជាង៤តោននៅឡឥដ្ឋមួយកន្លែងស្ថិតក្នុងរាជធានីភ្នំពេញ និងគ្រឿងញៀនជាង៣តោនផ្សេងទៀតនឹងត្រូវបំផ្លាញដោយវិធីសាស្ត្រ បន្សាបនូវសារធាតុគីមីផ្សំ។ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វិរិទ្ធ បញ្ជាក់ថា គ្រឿងញៀនជាង ៤តោននេះមានតម្លៃប្រមាណ ២២លានដុល្លារ ជាតម្លៃជួញដូរនៅលើទីផ្សារ ខណៈតម្លៃចែកចាយទៅដល់ដៃអ្នកប្រើប្រាស់មានទំហំទឹកប្រាក់ប្រមាណ ៦៦លានដុល្លារ។ លោក មាស វិរិទ្ធ បន្ថែមថា គ្រឿងញៀនដែលកម្លាំងសមត្ថកិច្ចកម្ពុជាបង្ក្រាបបានកន្លងទៅ មានប្រមាណ ៨៥ភាគរយ គឺមានប្រភពមកពីតំបន់ត្រីកោណមាស ហើយយកកម្ពុជាធ្វើជាតំបន់ឆ្លងកាត់។
លោក មាស វិរិទ្ធ ទទួលស្គាល់ថា ជនល្មើសដែលបង្ក្រាបបានក្នុងប្រតិបត្តិការកន្លងមក គឺជាផ្នែកមួយនៃក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងច្បាស់លាស់ ហើយការបង្ក្រាបអាចកាត់ផ្ដាច់ផ្នែកខ្លះរបស់ក្រុមឧក្រិដ្ឋជនទាំងនោះ។
ទោះជាយ៉ាងណា ឃ្លាំមើលសិទ្ធិមនុស្សមើលឃើញថា អំពើពុករលួយ ការអនុវត្តច្បាប់ធូររលុង និងកង្វះសមត្ថភាពរបស់សមត្ថកិច្ចមួយចំនួន នៅតែជាឧបសគ្គរារាំងដល់បង្ក្រាបគ្រឿងញៀន ហើយកម្ពុជាបច្ចុប្បន្នបានក្លាយជាជម្រកសម្រាប់ឧក្រិដ្ឋជនជួញដូរគ្រឿងញៀនខុសច្បាប់។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៤ ខែមិថុនា ថា លោកសាទរចំពោះការបង្ក្រាបគ្រឿងញៀនដ៏ច្រើនបែបនេះ ប៉ុន្តែលោកយល់ឃើញថា ការបង្ក្រាបគ្រឿងញៀនតែទៅជនល្មើសតូចតាចគឺមិនមានប្រសិទ្ធភាពនោះទេ។ លោកសង្កេតឃើញថា បើទោះបីជាអាជ្ញាធរដឹងពីប្រភពនៃចែកចាយគ្រឿង និងការនាំចូលក្ដី ក៏អាជ្ញាធរនៅតែមិនអាចចាប់ខ្លួនមេក្លោង និងឧក្រិដ្ឋជនជួញដូរគ្រឿងញៀន។
លោក នី សុខា៖ «ពិសេសអ្នកជាប់ពន្ធនាគារច្រើនមែនទែននោះគឺថា ច្រើនដែលអ្នកប្រើប្រាស់ ឬក៏ជួញដូរតូចតាច ដែលយើងអាចហៅថាជនរងគ្រោះទៀតផងដោយបញ្ហាហ្នឹង។ ដោយឡែកអ្នកផលិតទ្រង់ទ្រាយធំ ឬក៏អ្នកដែលជួញដូរក្នុងកម្រិតទ្រង់ទ្រាយធំមិនសូវជាមានការចាប់ខ្លួនយកមកផ្ដន្ទាទោសទេ ហើយបើទោះជាមានការចាប់ខ្លួនក៏យើងមើលឃើញថា តិចតួច»។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបង្ហាញថា រយៈពេលជាង៥ខែ ដើម២០២៤ នេះកម្លាំងសមត្ថកិច្ចបាន បង្ក្រាបបទល្មើសគ្រឿងញៀនបានជាង៤ពាន់ករណី និងឃាត់ខ្លួនមនុស្សប្រមាណ១ម៉ឺននាក់ ក្នុងនោះភាគច្រើនជាជនជាតិវៀតណាម និងជនជាតិចិន។
កន្លងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានថ្លែងថា អ្នកជាប់ពន្ធនាគារសរុបក្នុងឆ្នាំ២០២៣ គឺមានចំនួនជាង ៤ម៉ឺន ២ពាន់នាក់ (៤២.២៣៤) ហើយជាងពាក់កណ្ដាល នៃអ្នកជាប់ឃុំទាំងនោះ គឺពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។