អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា ដុតបំផ្លាញចោលគ្រឿងញៀនប្រមាណ ៦៣គីឡូក្រាម នៅខេត្តបាត់ដំបង ដែលសមត្ថកិច្ចបង្ក្រាបបានចាប់ពីឆ្នាំ២០២០ ក្នុងខេត្តចំនួន៦ មាន ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តប៉ៃលិន។
អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វិរិទ្ធ ប្រាប់វិទ្យអាស៊ីសេរី នៅថ្ងៃទី២៩ កក្កដាថា ការដុតបំផ្លាញគ្រឿងនេះ គឺចង់បង្ហាញប្រជាពលរដ្ឋទូទៅ ឲ្យជ្រាបថា រាល់គ្រឿងញៀនដែលសមត្ថកិច្ចចាប់បានទាំងអស់ គឺត្រូវបំផ្លាញចោលជាសាធារណៈ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ លោកបញ្ជាក់ថា ការដុតបំផ្លាញចោលនេះ ដោយសាតែអាជ្ញាធរ គ្មានកន្លែងទុកដាក់គ្រឿងញៀន ដូចអ្វីដែលមតិពលរដ្ឋមួយចំនួនបានលើកឡើងនោះទេ។
លោកឲ្យដឹងថា ក្នុងខែកក្កដានេះ អាជ្ញាធរបានបំផ្លាញគ្រឿងញៀនជិត ៨តោន នៅរាជធានីភ្នំពេញ និង ១៣៣គីឡូក្រាម នៅខេត្តត្បូងឃ្មុំ តាមសាលក្រមស្ថាពររបស់តុលាការ ដែលចាប់យកពីក្រុមជនល្មើស។
ទោះបីជាយ៉ាងណា អ្នកឃ្លាំមើលបញ្ហាសង្គម សង្កេតឃើញថា បញ្ហាគ្រឿងញៀន ដែលមិនចេះថមថយទាំងនៅទីក្រុង និងទីជនបទដាច់ស្រយាល គឺដោយសារតែការអនុវត្តច្បាប់ទន់ខ្សោយ ដែលធ្វើឲ្យមេឈ្មួញជួញដូរគ្រឿងញៀន នៅតែមានសេរីភាពអាចធ្វើអាជីវកម្មនេះបានដដែល។
ប្រធានមជ្ឈមណ្ឌលដើម្បីប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍ លោក យង់ គឹមអេង យល់ថា អាជ្ញាធរមានសមត្ថកិច្ច បន្តស្វែងចាប់ខ្លួនមេជួញដូរគ្រឿងញៀនធំៗ ដែលសម្ងំលាក់ខ្លួនក្នុងប្រទេស មកដាក់ទោសតាមច្បាប់ ឲ្យខាងតែបាន ដើម្បីបញ្ឈប់ការចែកចាយគ្រឿងញៀននៅទូទាំងប្រទេស។
អគ្គស្នងការនគរបាលជាតិ ឲ្យដឹងថា រយៈពេល ៦ខែ ក្នុងឆ្នាំ២០២១ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួនជាង ៣ពាន់ករណី ដោយឃាត់ខ្លួនជនសង្ស័យជាង ៧ពាន់នាក់ និងចាប់យកគ្រឿងញៀនបានសរុបជាង ៨៥០គីឡូក្រាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។