អាជ្ញាធរ​បន្ត​​បង្រ្កាប​​ក្រុម​​កូដករ​​ណាហ្គាវើលដ៍​​មិន​​ឱ្យ​​តវ៉ា​​ទាមទារ​​ដំណោះ​ស្រាយ​​នៅ​​ថ្ងៃទី១៤​មីនា​

0:00 / 0:00

អាជ្ញាធរ​ក្រុងភ្នំពេញ​​រាប់រយនាក់​​នៅតែបន្ត​រារាំងបំបែក​ក្រុមកូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga World) មិនឱ្យ​ប្រមូលផ្ដុំគ្នា​ ដោយ​សន្តិវិធីដើម្បី​ទាមទារ​ដំណោះ​ស្រាយ​​ការងារ​ពី​ភាគី​ក្រុមហ៊ុន​។ សង្គមស៊ីវិលថា​ អាជ្ញាធរ​កំពុង​តែ​អនុវត្ត​តួនាទី​ផ្ទុយ​ពីច្បាប់​ និង​បង្ក​បរិយាកាសកាន់​តែ​អាក្រក់​ក្នុងការ​ដោះស្រាយ​វិវាទការងារ​មួយនេះ​។

ក្រុមកងកម្លាំងអាជ្ញាធរ​រាប់រយនាក់​​បាន​រារាំង​ស្រែកសម្លុត​ និង​បង្រ្កាប​ដោយ​ប្រើអំពើ​ហិង្សា​ចាប់ទាញ​អូសសែង​ក្រុមកូដករ​មិន​ឱ្យ​ប្រមូលផ្តុំគ្នា​នៅក្បែរអគារ​ក្រុម​ហ៊ុន​បនល្បែង​ណាហ្គាវើលដ៍​ (Naga World)​ នៅថ្ងៃទី១៤ ខែមីនា​។ អាជ្ញាធរ​បាន​រុញច្រាន​កូដករ​បោកនឹងថ្នល់​ និង​បាន​ចាប់ខ្លួនកូដករ ១៦២​នាក់​ ​ញាត់​​ចូល​រថយន្តក្រុង​ទាំងកម្រោល​ដឹកទៅ​មណ្ឌលចត្តាឡីស័ក​ព្រែកព្នៅ​ដូចសព្វដង​។

កូដករនិង​ជាបុគ្គលិកក្រុមហ៊ុន​កាស៊ីណូណាហ្គាវើលដ៍​ កញ្ញា ណុប រ៉ាំរ៉ាវ​ ប្រាប់​វិទ្យុអាស៊ីសេរី​នៅថ្ងៃទី១៤ ខែមីនា​ថា​ ក្រុមកូដករ​បាន​ព្យាយាមឈរ​ទាំង​កណ្ដាលថ្ងៃក្តៅ​នៅ​មុខ​អគារក្រុមហ៊ុន​ស្រែក​ឱ្យ​ថៅកែចេញមុខ​មកដោះស្រាយ​។ ប៉ុន្តែ​មិន​ដល់ ៥នាទី​ផង​ កញ្ញា​ថា ​ក្រុមប៉ូលីស​ពាក់ឯកសណ្ឋាន​ស៊ីវិលជាច្រើននាក់​សម្រុក​មក​បង្ក្រាប​រុញច្រានកូដករ​ទាំងកម្រោល​​ដោយ​​បង្ខំ​ឱ្យ​ឡើង​រថយន្តក្រុង​។

កញ្ញា​ចាត់ទុកការ​បង្ក្រាបមក​លើក្រុមកូដ​ករដដែល​នេះថា ជា​អំពើ​ឃោរឃៅ​ធ្វើបាប​ក្រុមស្ត្រី​ទន់ខ្សោយ​ ដែល​គ្រាន់​តែទាមទារ​ឆ្នាំងបាយ​ បញ្ឈប់​ការរើសអើស​សហជីព​​ និង​​ដោះលែងតំណាង ១១នាក់​ដែល​កំពុង​ជាប់​ឃុំ​ទាំង​អយុត្តិធម៌​៖ «យើង​ជា​ប្រជាជន​មាន​បញ្ហា​អី​មួយ​តែងតែ​ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​។ ពួកខ្ញុំ​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន​សោះ​ អាជ្ញាធរ​ចេញ​មុខការពារ​ក្រុមហ៊ុន​បែបនេះ​ ពួកខ្ញុំ​ទទួល​យក​អត់​បានទេ​។ អាជ្ញាធរ​ធ្វើ​ទង្វើបែប​នេះ​សាហាវ ​គឺគាត់​ធ្វើ​យ៉ាងម៉េច​ទាញពួកកូដករ​ចេញ​ពី​ក្រុមហ៊ុនណាហ្គាវើលដ៍​ចូល​រថយន្ត​ទោះបី​មាន​អ្នកទម្ងន់​ក៍ដោយ​ »

កូដករម្នាក់ទៀត​ កញ្ញា ចាន់ ស្រីម៉ុម​ ថា​មាន​កម្លាំងស្លៀក​ឯកសណ្ឋានពេទ្យ​ពីរនាក់គ្មាន​អត្តសញ្ញាណច្បាស់លាស់​បាន​ចាប់ទាញ​អូសនាង​តាម​បណ្តោយ​ថ្នល់​ញាត់បញ្ចូល​រថយន្ត​ទាំង​កម្រោល​ និង​បាន​ដាល់​នាង​ចំ​កណ្កាល​មុខ​បណ្ដាល​ឱ្យ​រងបួសមាន​ស្នាម​ជាំ​លើ​ផ្ទៃមុខ​។ កញ្ញា​បន្ត​ក្រុម​អាជ្ញាធរ​កំពុងតែ​ព្យាយាម​បង្កើត​រូបភាព​កាន់​​តែ​​អាក្រក់​ ដើម្បី​ឈរកាង​អំណាច​ឱ្យ​ក្រុមហ៊ុន​ ហើយ​បន្ត​ធ្វើ​បាប​ក្រុម​កូដករ​ទាំងអយត្តិធម៌​៖ « មាន​កម្លាំង ២នាក់​ពាក់ខោអាវពេទ្យ​មានម្នាក់​មកវាយ​ខ្ញុំចំច្រម្រុះ​ឡើងក្រហម​។ អាជ្ញាធរចង្អុលផង​ គំរាមផង ពួកយើង​គ្រាន់តែ​ទាមទារសិទ្ធ​ លើកដៃ​រកវាយ​ទៀតផង តែ​ឃើញពួកខ្ញុំ​ថត​អត់ហ៊ាន​ដែរ​ »

ការ​បង្រ្កាបរបស់កម្លាំង​ចម្រុះរបស់រដ្ឋាភិបាល​លោកហ៊ុន សែន ២ថ្ងៃជាប់​គ្នាមក​នេះ​ មានកូដករ​ជាច្រើននាក់​អះអាងថា​ ពួកគេ​កំពុង​មានសភាពទ្រុឌទ្រោម​និង​មាន​​ស្នាមជាំពេញ​រូបរាងកាយ​ដោយ​សារ​តែរងអំពើហិង្សា​ពី​សំណាក់​អាជ្ញាធរ​។ ក្រុមសហជីព​ និង​កូដក​ចាត់​ទុក​ការបង្ក្រាប​ទាំង​ប្រើ​អំពើហិង្សា​របស់អាជ្ញាធរ​ចម្រុះទាំង​នោះ​ថា​ជា​មន្រ្តីគ្មាន​ក្របខណ្ឌ​ច្បាស់លាស់ ​​​​​​អនុវត្តតួនាទី​គ្មានវិជ្ជាជីវៈ​ និង​ស្នើឱ្យ​ក្រសួងកិច្ចការនារី​មាន​ចំណាត់ឱ្យ​មានប្រសិទ្ធ​ទៅ​លើជនដៃ​ដល់​ទាំងនោះ​។

លើសពីនេះ​ អាជ្ញាធរក្រុងភ្នំពេញ​ក៍បាន​ពង្រាយកងកម្លាំង​រាប់រយនាក់ស្រែក​សម្លុត​អ្នកឃ្លាំមើល​ដំណើរការ​ធ្វើ​កូដកម្ម​នៅបរិវេណ​ក្រុមកូដករ​ទាមទារដំណោះស្រាយ​​នៅក្បែរ​អគារ​បន​ល្បែង​ណាហ្គាវើលដ៍​ផងដែរ​។ អាជ្ញាធរបាន​គំរាមកំហែង​រឹតត្បិត​អ្នកសារព័ត៌មានជាតិ​និងអន្តរជាតិ​ មន្ត្រីសង្គមស៊ីវិល​ និង​អ្នកឃ្លាំមើលសិទ្ធិមនុស្សអង្គការ​សហប្រជាជាតិ​ (UN) មិន​ឱ្យ​ចូលថត​ផ្តិតរូបភាព​ការធ្វើ​កូដកម្ម​របស់​ក្រុមកូដករ​ឡើយ​។

វិទ្យុអាស៊ីសេរីមិនអាចទាក់ទង​ អ្នកនាំពាក្យក្រសួងការងារ​លោក ហេង សួរ​ និង​អ្នកនាំពាក្យស្នងការដ្ឋាន​នគរបាលរាជធានី​ភ្នំពេញលោក សាន សុខសីហា​ ដើម្បី​បំភ្លឺបញ្ហា​នេះ​បាន​ទេ​នៅថ្ងៃទី១៤ ខែមីនា​។

កាលពីថ្ងៃទី​៩ ខែមីនា​​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង​ បាន​កោះប្រជុំជាមួយក្រសួងពាក់ព័ន្ធ​ច្រើនស្ថាប័ន​ ដើម្បី​ដោះស្រាយវិវាទការងារ​មួយនេះ​។ ប៉ុន្តែ​មកដល់ពេល​នេះ​ក្រុមកូដករ​ឱ្យដឹង​ថា​ មិន​ទាន់​មាន​ក្រសួងណាមួយ​ជំរុញ​ឱ្យ​មានការដោះលែងតំណាង​ពួកគេ​កំពុង​ជាប់​ឃុំដើម្បី​មក​ចរចាជា​មួយថៅកែ​ដោះស្រាយ​វិវាទ​នេះ​ឡើយ​ ក្រៅ​ពីការ​ធ្វើទុកបុកម្នេញ​លើ​ក្រុមកូដករ​ឥត​ស្រាកស្រាន្ត​។

ទាក់ទងបញ្ហានេះ​ នាយក​​ទទួល​​បន្ទុក​កិច្ច​ការ​​ទូទៅ​​នៃ​​អង្គការ​​លីកាដូ (LICADO) ​​លោក អំ សំអាត​ មាន​ប្រសាសន៍​ថា ការបង្រា្កបទាំងអំពើហិង្សា​មកក្រុមកូដករ​បែបនេះ​ កាន់​តែបង្កភាពតានតឹង​និង​បានរំលោភសិទ្ធិមូលដ្ឋាន​របស់​ក្រុមកូដករ​។ លោកសង្កេតឃើញ​ថា ​អាជ្ញាធរហាក់​មិនបាន​យក​ជួយរកយុត្តិធម៌​ឱ្យ​ក្រុមកូដករ​​ឡើយ​ ប៉ុន្តែ​បែរ​ជា​ប្រឹងប្រែង​ធ្វើបាបកូដករ​ ព្រម​ទាំងរឹតត្បិត​អ្នកសារព័ត៌មានជាតិ​អន្តរជាតិ​ដែល​បំពេញតួនាទី​ទៅ​តាមវិជ្ជាជីវៈ​កាន់​តែ​ខ្លាំង​។ លោករិះគន់​ថា​ ចំណាត់ការ​បែរនេះកាន់​តែ​មាន​ការថ្កោលពី​សហគមន៍ជាតិ​ និងអន្តរជាតិ​បន្ថែមទៀត​៖ « អាជ្ញាធរហាមមិនឱ្យ​ថតរូប​ គឺ​គាត់មាន​ចេតនារុញច្រាន​លើក្រុមកូដករ​ ឬធ្វើអីខ្លាចកាមេរ៉ា​។ ព្រោះនេះ​មិនមែនបង្ក្រាប​បទល្មើសឧក្រិដ្ឋ​ បទល្មើសមជ្ឈិម​ ឬ​ការស៊ើបអង្កេត​ដែលពាក់ព័ន្ធប៉ះពាល់​ដំណើរការ​នីតិវិធីអាជ្ញាធរ​ទេ​។ ប៉ុន្តែអាជ្ញាធរ​ខ្លាចនឹង​ការឃ្លាំមើល​ និងការថតរូប​ »

ក្រុម​កូដករ​នៅតែ​បញ្ជាក់​ជំហរ​ថា ពួកគេ​នឹង​នៅ​តែ​បន្ត​តស៊ូ​ធ្វើកូដកម្ម​ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ចេញ​មុខ​ដោះស្រាយ​ និង​មាន​ដោះ​លែង​តំណាង​សហជីព​ទាំង ១១នាក់​ឱ្យ​មាន​សេរីភាព​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ។ ក្រុមសហជីព​ និង​អង្គ​ទូត​បណ្ដា​ប្រទេស​លោក​សេរីធំៗ និងឧត្តម​ស្នងការសិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​​ថា ​កំពុង​ប្រើច្បាប់កូវិដ​ដើម្បីគាបសង្កត់​រឹតត្បិត​សិទ្ធិ​បញ្ចេញ​មតិ​ និង​ការប្រមូលផ្តុំដោយ​សន្តិវិធី​របស់ក្រុម​កូដករ​។ ពួកគេទទូច​ដល់​រដ្ឋាភិបាល​កម្ពុជាឱ្យ​បញ្ចប់ការបង្ក្រាបទាំង​នេះ និង​ដោះលែង​តំណាងសហជីព ១១នាក់​នោះ​ឱ្យ​មាន​សេរីភាព​វិញ ព្រម​ទាំង​កោះហៅ​ភាគី​ក្រុម​ហ៊ុន​មកដោះស្រាយ​វិវាទការងារមួយ​នេះ​ស្របតាមច្បាប់​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។