អាជ្ញាធរ​នៅ​តែ​បន្ត​បង្ក្រាប ក្រុម​កូដករ​ណាហ្គាវើលដ៍ ជិត ៨០នាក់

0:00 / 0:00

អាជ្ញាធរ​ក្រុង​ភ្នំពេញ​រាប់​រយ​នាក់ នៅ​រសៀល​ថ្ងៃ​ទី១០ ខែមិថុនា​នេះ បាន​ប្រើ​អំពើ​ហិង្សា​រុញ​ច្រាន និង​បង្ខំ ឲ្យ​ក្រុម​កូដករ​ណាហ្គាវើលដ៍ (Nagaworld) ៧៧នាក់ ឡើង​រថយន្ត​ក្រុង ដឹក​យក​ទៅ​ទម្លាក់​ចោល​នៅ​ជាយ​ក្រុង​ដូច​សព្វដង ដោយ​បង្ក្រាប​មិន​ឱ្យ​តវ៉ា​នៅ​ក្បែរ​អាគារ​ក្រុមហ៊ុន​នោះ​ឡើយ។

កូដករ​ម្នាក់​នៃ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ គឺ​កញ្ញា ចាន់ ណារឿន ប្រាប់​វិទ្យុ​អាស៊ី​សេរី​មុន​ការ​ផ្សាយ​នេះ​បន្តិច​ថា អាជ្ញាធរ​បាន​ទាត់​កញ្ញា​ពី​ក្រោយ នៅ​ពេល​កំពុង​ឡើង​រថយន្ត​ក្រុង។ កញ្ញា​ថា ការ​ប្រើ​អំពើ​ហិង្សា​នេះ គឺជារឿងអមនុស្សធម៌ និង​មិន​អាច​អត់ឱន​បាន​ឡើយ៖ « ពួក​ខ្ញុំ​ទៅ​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​មាន​សហជីព នៅ​កន្លែង​ធ្វើ​ការ ហើយ​អាជ្ញាធរ តែងតែ​កៀង​ពួក​ខ្ញុំ ឲ្យ​ឡើង​ឡាន​គាត់។ ដូច្នេះ គ្មាន​ដំណោះស្រាយ​ទេ។ ពួក​ខ្ញុំ​ក៏​ឡើង​ឡាន​ទៅ ហើយ​ក៏​មាន​អាជ្ញាធរ​ស្ត្រី ចាប់​ដៃ​ខ្ញុំ​ជាប់ ខ្ញុំ​ប្រាប់​ថា លែង​ដៃ​ខ្ញុំ​ទៅ ហើយ​ស្រាប់​តែ​មាន​អាជ្ញាធរ​គាត់​មក​ពី​ក្រោយ ឡើង​ជង្គង់​វាយ​ឆ្មក់​ខ្ញុំ​ពី​ក្រោយ »
ស្រប​ពេល​ដែល​ក្រុម​កូដករ​នាំ​គ្នា​បន្ត​ការ​តវ៉ា​ប្រមាណ​ជាង ៥ខែ​មក​នេះ ការ​ចរចា​ជា​ច្រើន​លើក​ច្រើន​សា រវាង​ភាគី​សហជីព​តំណាង​បុគ្គលិក​កម្មករ និង​ភាគី​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ (Nagaworld) នៅ​តែ​គ្មាន​ដំណោះស្រាយ​ដដែល។ ក្រុមហ៊ុន​នៅ​តែ​បន្ត​បដិសេធ មិន​ព្រម​ទទួល​យក​បុគ្គលិក​ឱ្យ​ចូល​ធ្វើ​ការ​វិញ ចំនួន​ជិត ២រយ​នាក់​ ក្រោម​ហេតុ​ផល​ថា ក្រុមហ៊ុន​មាន​បុគ្គលិក​ច្រើន​លើស​តម្រូវការ។ ភាគី​ទាំង២ គ្រោង​ជួបគ្នា​ចរចា​ជា​ថ្មី​ទៀតនៅ​ថ្ងៃ​ពុធ ទី២២ ខែមិថុនា​ខាង​មុខ។

ការជួបជុំ​តវ៉ា​កន្លង​មក​នេះ ក្រុមកូដករ​មិន​ត្រឹម​តែ​មិន​ទទួល​បាន​ដំណោះស្រាយ​សមរម្យ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ទទួល​រង​អំពើ​ហិង្សា និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​ក្រុងភ្នំពេញ​ជា​ហូរហែ។ ក្រុម​កូដករ​អះអាង​ថា ពួក​គេ​នៅ​តែ​បន្ត​ការ​តវ៉ា រហូត​ដល់​មាន​ដំណោះស្រាយ​សមរម្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។