កិច្ចប្រជុំ​គ្មាន​លទ្ធផល ខណៈ​ការ​ធ្វើ​ទុក្ខបុកម្នេញ​បន្ត​កើត​មាន​លើ​កូដករ​ណាហ្គាវើលដ៍

កិច្ច​ប្រជុំ​រក​ដំណោះស្រាយ​វិវាទ​ការងារ​​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ (Nagaworld) ដែល​ត្រូវ​បាន​រៀបចំ​ដោយ​ក្រសួង​ការងារ​នៅ​រសៀល​ថ្ងៃ​ទី១៨ ឧសភា​នេះ បាន​បញ្ចប់​ទៅ​ដោយ​មិន​ទទួល​បាន​លទ្ធផល​អ្វី​នោះ​ឡើយ។

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា កិច្ចប្រជុំ​នេះ​ប្រើ​ពេល​ត្រឹម​តែ​កន្លះម៉ោង​ប៉ុណ្ណោះ ដោយសារ​មិន​មាន​អ្វី​ត្រូវ​និយាយ ព្រោះ​ភាគី​ក្រុមហ៊ុន​នៅតែ​ប្រកាន់​ជំហរ​មិន​ព្រម​ទទួល​យក​បុគ្គលិក​ប្រមាណ ២រយនាក់ ឱ្យ​ចូល​ធ្វើ​ការ​វិញ​នោះ​ទេ។ កញ្ញា​បន្ត​ថា កិច្ចប្រជុំ​បន្ទាប់​ទៀត​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៧ ឧសភា សប្ដាហ៍​ក្រោយ​នេះ។

ស្រប​ពេល​ដែល​កិច្ចប្រជុំ​រក​ដំណោះស្រាយ​មិន​ទទួល​បាន​ផ្លែផ្កា​នេះ ក្រុម​កូដករ​ ១២៥នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ក្បែរ​អាគារ​ក្រុមហ៊ុន​ណាហ្គាវើលដ៍។ ដូច​សព្វ​ដង​ដែរ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​បន្ត​រារាំង និង​គំរាម​កូដករ​មិន​ឱ្យ​ឈរ​តវ៉ា និង​លើក​បដា​នៅ​ក្បែរ​អាគារ​ក្រុមហ៊ុន​ឡើយ។

អាជ្ញាធរ​បាន​បង្ខំ​ក្រុម​កូដករ​ឱ្យ​ឡើង​ឡាន​ក្រុង​ដឹក​យក​ទៅ​ទុក​ចោល​នៅ​កន្លែង​ស្ងាត់​ក្នុង​ខណ្ឌ​ព្រែកព្នៅ រហូត​ដល់​ម៉ោង​ជាង ៤រសៀល​ទើប​ដឹក​ពួកគាត់​មក​ទម្លាក់​នៅ​ចំណត​ឡាន​ក្រុង​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ខណ្ឌឫស្សីកែវ​វិញ។

កូដករ​មួយ​រូប កញ្ញា ពៅ រស្មី រិះគន់​ថា អាជ្ញាធរ​គួរណាស់តែ​ជួយ​រក​ដំណោះស្រាយ​ឱ្យ​កូដករ មិនមែន​តាម​ធ្វើ​ទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត​លើ​ពួកគាត់​ពួកគាត់​យ៉ាង​ដូច្នេះ​ឡើយ៖ « ខ្ញុំ​ពិត​ជា​សោកស្ដាយ​ខ្លាំង​ណាស់​ចំពោះ​ទង្វើ និង​ពាក្យ​សម្ដី​របស់​អាជ្ញាធរ ដែល​គាត់​តែងតែ​និយាយ​ថា គាត់​មក​ការពារ​ពួក​ខ្ញុំ។ តែ​ទង្វើ និង​កាយវិការ​មក​ការពារ​ណាហ្គា វើលដ៍ សុទ្ធសាធ គ្រាន់តែ​កូដករ​ទៅ​ណាហ្គា ក៏​មិន​​ឱ្យ​ទៅ​ដែរ។ គោលជំហរ​របស់​ពួក​ខ្ញុំ គឺ​នៅ​ដដែល។ ដរាប​ណា​​គ្មាន​ដំណោះស្រាយ ពួក​ខ្ញុំ​នៅតែ​ចេញ​តវ៉ា​រហូត ព្រោះ​នេះ​ជា​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ជាមួយ​បុគ្គលិក។ អ៊ីចឹង​ណាហ្គាវើលដ៍ ត្រូវតែ​ចេញ​មុខ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នេះ អត់​ត្រូវ​អូស​បន្លាយ ហើយ​អត់​ត្រូវ​រុញច្រាន​វិវាទ​នេះ​ទៅ​ជា​វិវាទ​អ្វី​ផ្សេង​នោះ​ទេ ព្រោះ​នេះ​ជា​វិវាទ​ការងារ​ទាំងអស់ »

ក្រុម​បុគ្គលិក​កាស៊ីណូ​ណាហ្គាវើលដ៍​បាន​ចាប់​ផ្ដើម​ធ្វើ​កូដកម្ម​តាំង​ពី​ខែ​ធ្នូ ឆ្នាំ២០២១ ដើម្បី​ទាមទារ​ដំណោះស្រាយ​វិវាទ​ការងារ​ជាមួយ​ភាគី​ក្រុមហ៊ុន ដែល​ពួកគាត់​ចោទ​ថា បាន​រំលោភ​សិទ្ធិ និង​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​ទាក់ទង​នឹង​ការ​បញ្ឈប់​បុគ្គលិក និង​សហជីព​ពី​ការងារ។ ក្នុង​ការ​តវ៉ា​ប្រមាណ ៥ខែ​មក​នេះ ពួក​គាត់​មិន​ត្រឹម​តែ​មិន​ទទួល​បាន​ដំណោះស្រាយ​សមរម្យ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ទទួល​រង​អំពើ​ហិង្សា និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ឥត​ឈប់ឈរ​ពី​សំណាក់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។