សមត្ថកិច្ច​បន្ត​បង្ក្រាប​ប្រើ​អំពើ​ហិង្សា​លើ​ក្រុម​កូដករ​ណាហ្គាវើលដ៍​ ​២០០ ​នាក់​​ដឹក​​ទម្លាក់​​មណ្ឌល​ចត្តាឡីស័ក

0:00 / 0:00

ក្រុមកម្លាំង​អាជ្ញាធរ​ចម្រុះ និង​ក្រុម​ស្លៀកពាក់​ស៊ីវិល​នៅ​តែ​បន្ត​តាម​យាយី​ស្រែក​សម្លុត និង​ ប្រើ​អំពើ​ហិង្សា​រុញ​ច្រាន​ក្រុម​កូដករ​បុគ្គលិក​ណាហ្គាវើលដ៍ (Naga World)​ ​មិនឱ្យ​តវ៉ា​ទាមទារ​រក​ដំណោះ​ស្រាយ​នៅ​ក្បែរ​អគារ​ក្រុម​ហ៊ុន​ទេ នៅថ្ងៃទី១៦ ខែមីនា។ ទន្ទឹមគ្នានេះ អាជ្ញាធរ​បាន​ចាប់​បង្ខំ​កូដករ​២​រយ ​(២០០) នាក់​រុញបញ្ចូល​ក្នុង​រថយន្ត​ក្រុង​ដឹក​ទម្លាក់​នៅ​មណ្ឌល​ចត្តាឡីស័ក​ក្នុង​ខណ្ឌ​ព្រែកព្នៅ​ម្តង​ទៀត។

ក្រុម​កងកម្លាំង​ចម្រុះរាប់រយនាក់​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​ក្រុម​ពាក់​ឯកសណ្ឋាន​ស៊ីវិល​គ្មាន​អត្តសញ្ញាណ​ច្បាស់លាស់​បន្តប្រើ​អំពើ​ហិង្សា​ដោយ​ស្រែក​សម្លុត​ជេរប្រមាថ​លើ​ក្រុម​កូដករ​ដែល​ភាគ​ច្រើន​ជាស្ត្រីនិង​បាន​រុញច្រាន​កូដករ​ខ្ទប់​នឹង​រថយន្ត​ដឹក​ទម្លាក់​ចោល​ក្នុង​មណ្ឌល​ចត្តាឡីស័ក​ក្នុង​ខណ្ឌ​ព្នៅនៅ​ថ្ងៃទី១៦ ខែមីនា។

កូដករ និង​ជា​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​លោកស្រី ចន្ថា ប្រាប់​វិទ្យុអាស៊ី​សេរីថា កម្លាំង​អាជ្ញាធរ​នៅតែ​ប្រឹង​រារាំង​កាងអំណាច​ឱ្យ​ក្រុមហ៊ុន​ដោយ​បាន​ប្រើ​អំពើ​ហិង្សា​រុញ​ច្រាន​ធ្វើបាប​ក្រុម​កូដករ​មិន​ឱ្យ​រក​ដំណោះស្រាយ​នៅ​ក្បែរ​អគារ​ក្រុមហ៊ុន​ឡើយ។លោកស្រី​បន្តថា​ក្រុម​កូដករ​នៅតែ​បន្ត​ចេញ​កូដកម្មរ​ហូត​មាន​ដំណោះស្រាយនិងទាមទារ​ឱ្យថៅកែ​ក្រុមហ៊ុន​នេះបញ្ឈប់​ការរើសអើង​សហជីព​ក្នុង​កន្លែង​ធ្វើការ៖ « កូដករ​ដូចពួក​ខ្ញុំ​ត្រូវ​បាន​ធ្វើបាប​លើរូបរាង​កាយពី​ក្រុមអាជ្ញាធរ​​ និង​ ជន​ស៊ីវិល​អី ​ហ្នឹង​។ មិនដឹង​ខាងណា​ជួល​មក​ទេ​ មិន​ថាខាងក្រុមហ៊ុន​ ឬ​មួយ​ជា​ កងកម្លាំង​ស្លៀក​ពាក់​ស៊ីវិល ​ឬយ៉ាងម៉េច​។ ពេល​មក​ដឹង​តែរុញ​ច្រាន​ឆក់​ទូរស័ព្ទ​កូដករ​ដែរ​ថត​ »

វិទ្យុអាស៊ី​សេរី​មិន​អាច​ទាក់ទង​ អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ​ និង​អ្នក​នាំពាក្យ​ស្នងការ​ដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញលោក សាន សុខសីហា​ ដើម្បី​បំភ្លឺបញ្ហា​នេះ​បាន​ទេ​នៅថ្ងៃទី១៦ ខែមីនា។

នៅថ្ងៃ​ដដែល​នេះក្រុម​កូដករ​បុគ្គលិក​ក្រុមហ៊ុន​បនល្បែង​កាស៊ីណូ​ណាហ្គាវើលដ៍ (Naga World)​ក៍​បាន​ធ្វើយុទ្ធនាកា​ផុស​តាម​បណ្ដាញ​សង្គម​បញ្ជាក់​ជំហរថា ពួកគេ​នៅតែ​បន្តទាមទារ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​លើ​តំណាង​ទាំង​១១​នាក់​និង​ស្នើឱ្យ​ក្រសួង​ការងារ​ជំរុញ​ឱ្យថៅកែ​ចេញ​មុខ​ចូល​តុចរចា​ជាមួយ​តំណាង​សហជីព​រកដំណោះស្រាយ​ទាំង​៩​ចំណុច​ប្រកប​ដោយ​ភាព​ស្មោះត្រង់។ ក្រុមកូដករ ក៍ទាមទារ​ឱ្យថៅកែ​បនល្បែង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ព្រមទទួល​យក​បុគ្គល​ជាង​៣រយ (៣៦៥) នាក់​ដែល​បាន​បញ្ឈប់​ពី​ការងារ​ឱ្យ​ចូល​ធ្វើការ​វិញនិង​ត្រូវ​បញ្ឈប់​ការរើសអើង​សហជីព​ក្នុង​កន្លែង​ធ្វើការ។

កាលពីថ្ងៃទី១៥ ខែមីនា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បានថ្លែប្រាប់​តាម​កិច្ចពិភាក្សា​តាម​ប្រព័ន្ធវីដេអូ​ទៅ​កាន់​អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​លោក វិទិត មុនតាប៊ន​ (Vitit Muntabhorn) ថាលោកបាន​ជំរុញឱ្យ​ភាគីពាក់ព័ន្ធប្រកាន់​យកការ​ចរចា​ដើម្បី​ឈាន​ទៅ​រក​ដំណោះ​ស្រាយ។ លោក ស ខេង បញ្ជាក់ថា ការដោះលែង​តំណាងមួយ​ចំនួន​ឱ្យនៅក្រៅ​ឃុំជា​បណ្ដោះ​អាសន្នគឺ​ដើម្បី​ស្វែង​រកការចរចា​ក្រោម​ការ​សម្របសម្រួល​ពី​ក្រសួង​ការងារនិង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈដើម្បីឈាន​ទៅ​បញ្ចប់​វិវាទ​ការងារ​នេះ​ឱ្យ​បាន​ឆាប់​ដែរ។

កាលពី​ថ្ងៃទី១៥ ខែមីនា​ រដ្ឋាភិបាល​បាន​ចេញសេចក្តី​ថ្លែងការណ៍​មួយ​ អះអាងថា​ ក្រសួង​ការងារ​កំពុង​ខិតខំ​ដោះស្រាយវិវាទ​ការងារនេះ។ បើតាម​រដ្ឋាភិបាល​ អតីត​បុគ្គល​ក្រុមហ៊ុនណាហ្គាវើលដ៍​ជាង​១រយនាក់(១៥៣)​ ក្នុង​ចំណោម​បុគ្គលិកជិត៤រយនាក់ (៣៧៣)​ បានយល់​ព្រមទទួល​យក​ការ​ទូរទាត់​ប្រាក់បំណាច់​បញ្ចប់​កិច្ចសន្យាការងារ​ជាមួយក្រុមហ៊ុន​ និង​នៅសល់​អតីតបុគ្គលិក​ជាង២​រយ​នាក់ (២២០) ​ដែល​មិនព្រម​ទទួល​យកសំណង​។

ចំណែកឯ​សំណើ​របស់​កូដករ៣នាក់​ដែលកំពុង​ជាប់ឃុំ​ក្រោមបទល្មើសវិធាន​សុខាភិបាល​ ក្រសួងការងារ​កំពុងរៀបចំ​ស្នើទៅកាន់​ក្រសួងយុត្តិធម៌​ និង​ក្រសួងសុខាភិបាល​ ដើម្បី​ពិនិត្យ​អន្តរាគមន៍​ដោះលែង​តាម​នីតិវិធីច្បាប់​។

សេចក្តីថ្លែងការណ៍​ដដែល​របស់​រដ្ឋាភិបាល បាន​លើកឡើង​ជំនួស​ភាគីក្រុមហ៊ុន​ថា ដោយសារតែ​វិបត្តិជំងឺកូវីដ១៩​ ប៉ះពាល់​ធ្ងន់ធ្ងរ​មកលើ​វិស័យទេសចរណ៍ ក្រុមហ៊ុន​ណាហ្គាវើលដ៍​ បាន​កាត់បន្ថយ​បុគ្គលិក​ប្រហែល​ ២៥ភាគរយ​ មកនៅ​ត្រឹមជាង​ ៦ពាន់នាក់។ ក៏ប៉ុន្តែ ​ជាក់ស្តែង​ ផ្ទុយ​ពីការ​លើកឡើងនេះ​ ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​នេះ​ កំពុង​ផ្សាយពាណិជ្ជកម្ម​ជ្រើសរើស​បុគ្គលិកបន្ថែម​នៅលើ​គេហទំព័រ​របស់ខ្លួន​។

ក្រសួងការងារ​បាន​ចេញ​សេចក្តីជូនដំណឹង​មួយនៅថ្ងៃទី១៦ ខែមីនា​ ថាខ្លួន​សោកស្តាយ​ដែល​តំណាង​ភាគី​កម្មករនិយោជិត​មិន​បាន​មក​ចូលរួម​ប្រជុំ​ស្វែងរក​ដំណោះស្រាយ​ចំពោះវិវាទ​ការងារ​នេះ​នៅទីស្តីការ​ក្រសួង​នៅថ្ងៃទី១៦ ខែមីនា។ ក្រសួងការងារ​បន្ត​អំពាវនាវ​ឱ្យ​ភាគីតំណាង​កម្មករនិយោជិត​មកចូលរួម​ប្រជុំ​នៅថ្ងៃស្អែក​ ទី១៧ ខែមីនា​ ដើម្បី​ដោះស្រាយ​បញ្ចប់​ករណីវិវាទការងារ​រួមនេះ។

ក្រោយពី​អាជ្ញាធរពន្ធនាគារ​ដោះលែង​តំណាងសហជីពទាំង៨នាក់​ឱ្យនៅក្រៅឃុំ​បណ្ដោះអាសន្ន​កាលពីថ្ងៃទី១៤មីនា​ ក្រសួងការងារក៍​បានទទួល​ស្គាល់ពីការ​ចុះបញ្ជី​សមាសភាព​ដឹកនាំ​អង្គការ​សហជីពថ្មី។ ក្រុមកូដករ​ បដិសេធ​ចំពោះ​ការចាត់​តាំងតំណាងសហជីពថ្មី​នេះ​ ដោយ​ក្រុមកូដករប្រកាន់ជំហរ​ថា​ក្រុមបុគ្គលិក​ណាហ្គាវើលដ៍​មានសហជីព​តែមួយគត់​គឺ កញ្ញា ​ឈឹម ស៊ីថរ​ ដែល​កើត​ចេញ​ពីការ​បោះឆ្នោត​ធ្វើ​ជា​តំណាង​របស់ពួកគេ​។

ជុំវិញ​នឹង​បញ្ហានេះ នាយកទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​​(LICADO)​ លោក អំ សំអាត ​យល់ថា​ ការណ៍​ដែល​ក្រុម​កូដករ​នៅតែ​បន្ត​ចេញ​ធ្វើ​កូដកម្មដោយសារ​ពួកគាត់​មិន​ទាន់​មាន​ជំនឿ​ចិត្ត​លើ​ភាគី​ក្រុមហ៊ុន​ក្នុងការ​អូសបន្លាយ​ពេល​វិវាទ​ការងារ​មួយ​នេះ។ចំណែកឯ​កូដករ​៣​នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ប៉េហ្ស៊ី (PJ) ក៍មិន​ទាន់ត្រូវ​បាន​ដោះលែង​ក្រោយ​ពី​ពួកគាត់​បាន​ស្នើ​ទៅ​ក្រសួង​ការងារ​សុំនៅ​ក្រៅ​ឃុំបណ្ដោះ​អាសន្ន៖ «នៅពេល​ដោះលែង​តំណាងម៉េច​កូដករ​មិន​បញ្ឈប់ការ​ធ្វើកូដកម្ម​ ខ្ញុំ​គិតថា​មក​ពីមិន​ទាន់មាន​ជំនឿ​ទុកចិត្ត​ពី​ក្រុមហ៊ុន​ដោយ​វិវាទ​នេះអូសបន្លាយ​ពេលយូរ​ពេក​។ ពីមុន​មក​ការ​ចរចាមាន​ តែ​ក្រោយ​មក​គ្មានលទ្ធផល​ ហើយ​តំណាងពួកគាត់​ត្រូវ​បាន​ចាប់ឃុំក្នុង​ពន្ធនាគារ​ទាំង១១នាក់​។ បើ​និយាយ​ពី​តម្លាភាព​ សុច្ចរិតភាព​ និង​យុត្តិធម៌​ការ​ចរចា​ទ័ល​តែ​តំណាង​កូដករ​មាន​សេរីភាព​ពេញលេញ​ ដើម្បី​ភាព​យុត្តិធម៌​ពេញ​លេញ​គួរតែ​ទម្លាក់​ចោល​បទ​ចោទ​ »

មន្ត្រីឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះរំពឹងថា ក្រសួង​ពាក់ព័ន្ធ​នឹង​ឈរ​លើភាព​អព្យាក្រឹត្យ​មាន​ឆន្ទៈ​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ការងារ​មួយ​នេះ​ដោយ​ភាព​ស្មោះត្រង់ តម្លាភាព និងយុត្តិធម៌។

ក្រុមកូដករ សហជីព និងអ្នកជំនាញ​សិទ្ធិមនុស្ស​បន្តទាមទារ​ឱ្យតុលាការ​ទម្លាក់​ចោល​បទចោទ​ប្រកាន់​ម​កលើ​តំណាង​ទាំង​១១នាក់និង​ដោះលែង​កូដករ​៣នាក់​កំពុង​ឃុំក្នុង​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ប៉េហ្ស៊ី (PJ) ឱ្យមាន​សេរីភាព​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ។ចំណែកឯ​ក្រុម​កូដករ​២​រយ​ (២០០) ដែល​អាជ្ញាធរ​ដឹក​ទម្លាក់​នៅ​មណ្ឌល​ចត្តាស័ក​ក្នុង​ខណ្ឌ​ព្រែកព្នៅ​មក​ដល់​ពេល​នេះ​អាជ្ញាធរ​មិន​ទាន់​ដោះលែង​ពួកគាត់​ឱ្យ​ត្រឡប់ទៅ​ផ្ទះវិញ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។