អាជ្ញាធរប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាបបានក្រុមឧក្រិដ្ឋជនចិន ៣នាក់បន្ថែមទៀត ពាក់ព័ន្ធការដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនចូលកម្ពុជាជិត ៦០០គីឡូក្រាមនៅថ្ងៃទី២៦ ខែមីនា។
អាជ្ញាធរបង្ក្រាបបានក្រុមឧក្រិដ្ឋជនទាំងនោះស្ថិតនៅទីតាំង ៤កន្លែងផ្សេងគ្នា ក្នុងនោះ ៣ទីតាំងស្ថិតនៅរាជធានីភ្នំពេញ និងមួយទីតាំងទៀតស្ថិតនៅខេត្តព្រះសីហនុ។
គេហទំព័រស្នងការនគរបាលជាតិឱ្យដឹងនៅថ្ងៃទី២៦ ខែមីនាគ្រឿងញៀនជិត ៦០០គីឡូក្រាមរបស់ក្រុមឧក្រិដ្ឋជនចិនទាំង៣នាក់នោះ គឺពួកគេ បម្រុងរៀបចំដឹកជញ្ជូនទៅកាន់ប្រទេសទី៣។
កាលពីថ្ងៃទី២៥ខែមីនា អាជ្ញាធរក៏បានបង្រ្កាបឧក្រិដ្ឋជនគ្រឿងញៀនជនជាតិចិនតៃវ៉ាន់៣នាក់ស្ថិតនៅចំណុច៣ទីតាំងផ្សេងគ្នាដែរដោយមួយទីតាំងស្ថិតនៅ ស្រុកអង្គស្នួល ខេត្តកណ្តាល និងពីរទីតាំងទៀតស្ថិតនៅរាជធានីភ្នំពេញ ដោយរឹបអូសគ្រឿងញៀនបានជាង ១រយគីឡូក្រាម។
គ្រឿងញៀនដែលសមត្ថកិច្ចរឹបអូសបាន ២ថ្ងៃជាប់គ្នានេះ ភាគច្រើនជាប្រភេទ កេតាមីន (Ketamine) អ៊ិចស្តាស៊ី (MDMA) និងមេតំហ្វេតាមីន (WY) សរុបជាង ៧០០គីឡូក្រាម។ សមត្ថកិច្ចអះអាងថា ក្រុមឧក្រិដ្ឋជន និងគ្រឿងញៀនទាំងនោះ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។