អាជ្ញាធរ​បរាជ័យ​តាម​ចាប់​មេខ្លោង​ឧក្រិដ្ឋជន​គ្រឿងញៀន

0:00 / 0:00

នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ឧក្រិដ្ឋកម្ម​គ្រឿងញៀន​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​តាមរយៈ​ក្រុម​ឈ្មួញ​ដឹក​ឆ្លងដែន និង​លួច​បើក​រោងចក្រ​ផលិត​នៅ​សង្គម​កម្ពុជា។ ថ្វី​ដ្បិត​តែ មាន​ការ​បង្ក្រាប​ជន​ល្មើស​ជា​ហូរហែ​ក្ដី ប៉ុន្តែ​ឧក្រិដ្ឋជន​គ្រឿងញៀន​ដែល​ជា​មេខ្លោង​ធំៗ ហាក់​ពុំ​ខ្លាច​ញញើត​ច្បាប់​កម្ពុជា​នោះ​ទេ។ អាជ្ញាធរ​ថ្នាក់​ជាតិ​ឱ្យ​ដឹង​ថា កាល​ពី​ឆ្នាំ២០២២ កន្លង​ទៅ មាន​មេខ្លោង​ជាច្រើន​នាក់​បាន​រត់​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស ក្រោយ​ពី​ពួក​គេ​ប្រតិបត្តិការ​លើ​អាជីវកម្ម​ជួញដូរ និង​ផលិត​គ្រឿងញៀន​នៅ​កម្ពុជា។

ក្រុម​ឧក្រិដ្ឋជន​ជា​មេខ្លោង​គ្រឿងញៀន​មួយ​ចំនួន ដែល​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​នៅ​ទីតាំង​ដូចជា ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និង​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ឆ្នាំ២០២២ កន្លងទៅ​បាន​រត់​គេច​ខ្លួន​នៅ​ក្រៅ​ប្រទេស។

អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក មាស វីរិទ្ធ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១ ខែមីនា ថា ក្រុម​ឧក្រិដ្ឋជន​រត់​គេច​ខ្លួន​ទាំងនោះ​គឺ​ជន​បរទេស និង​ជនជាតិ​ខ្មែរ​ផង។ លោក​មិន​បាន​បញ្ជាក់​ពី​ចំនួន​ក្រុម​ឧក្រិដ្ឋជន​ដែល​រត់​គេច​ខ្លួន​នោះ​ទេ ប៉ុន្តែ​លោក​អះអាង​ថា ពួកគេ​ប្រព្រឹត្ត​បទល្មើស​នៅ​កម្ពុជា​ច្រើន​ករណី​ទៀត ក្រៅ​ពី​ពួកគេ​ប្រតិបត្តិការ​ជួញ​ដូរ​គ្រឿងញៀន​នៅ​កម្ពុជា។

លោក​អះអាង​ទៀត​ថា កាល​ពី​ឆ្នាំ​កន្លងទៅ សមត្ថកិច្ច​កម្ពុជា​បាន​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ​អាំងទែប៉ូល (Interpol) ច្រើន​ករណី ទាក់ទង​នឹង​ការ​ស្នើ​សុំ​ចេញ​និវេទន៍​ក្រហម (Red Notice) ចាប់​ខ្លួន​ពួកគេ។ លោក​អះអាង​ថា ក្រុម​ឧក្រិដ្ឋជន​ទាំង​នោះ​អាច​ប្រើ​រយៈ​ពី ៣ឆ្នាំ ទៅ ៥ឆ្នាំ ដើម្បី​ចាប់​ខ្លួន​ពួក​គេ ដ្បិត​ក្រុម​ឧក្រិដ្ឋជន​មាន​កលល្បិច​ច្រើន និង​មាន​ឥទ្ធិពល។

លោក មាស វីរិទ្ធ៖«កាលណា​មាន​បទល្មើស រក​ជនល្មើស​ដែល​គេច​ខ្លួន​ពី​កន្លែង​ប្រព្រឹត្ត​បទល្មើស​អាច​ទៅ​នៅ​ប្រទេស​ផ្សេង។ អ៊ីចឹង ដើម្បី​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​ហ្នឹង យើង​ត្រូវ​សុំ​និវេទន៍​ក្រហម សុំ​ដីកា​ចាប់ខ្លួន​ពី​សមត្ថកិច្ច​នគរបាល​អន្តរជាតិ។ មក​ដល់​ឥឡូវ​យើង​មិន​ទាន់​ទទួល​ព័ត៌មាន​ពី​ប្រទេស​ណា​មួយ​ចាប់ ប៉ុន្តែ​កន្លង​មក​យើង​ធ្លាប់​ចាប់​បាន​ជា​បន្តបន្ទាប់។ គ្រាន់​ថា ពេល​ខ្លះ​ប្រើប្រាស់​រយៈ​ពេល​យូរ»។

ថ្វីដ្បិត លោក មាស វីរិទ្ធ មិន​បាន​បញ្ជាក់​អំពី​ជនបរទេស ដែល​រត់គេច​ខ្លួន និង​បាន​បើក​រោងចក្រ​ផលិត​គ្រឿងញៀន​នៅ​កម្ពុជា​កន្លង​ទៅ​ក្ដី ក៏​របាយការណ៍​របស់​សមត្ថកិច្ច​ពេល​ចុះ​បង្ក្រាប​បង្ហាញ​ថា អ្នក​ប៉ុនប៉ង​ផលិត​គ្រឿងញៀន​នៅ​កម្ពុជា​ភាគច្រើន​ប្រព្រឹត្ត​ដោយ​ជនជាតិ​ចិន​មួយ​ចំនួន ដែល​ល្មើស​ច្បាប់​កម្ពុជា។

កាលពី​ឆ្នាំ២០២២ កន្លង​ទៅ បទល្មើស​គ្រឿងញៀន​កើត​មាន​ឡើង​ច្រើន​ករណី ដូច​ក្រុម​ឈ្មួញ​ដឹក​ឆ្លង​ដែន និង​នាំ​សារធាតុ​គីមី ដើម្បី​ផលិត​ជា​គ្រឿងញៀន​លើ​ទឹកដី​ខ្មែរ។ គោលដៅ​សំខាន់ ដែល​ក្រុម​ឧក្រិដ្ឋជន​បើក​រោងចក្រ​ដើម្បី​ផលិត​គ្រឿងញៀន មាន​ដូចជា ខេត្តព្រះសីហនុ កំពង់ស្ពឺ ស្វាយរៀង ព្រៃវែង កណ្ដាល និង​នៅ​រាជធានី​ភ្នំពេញ​ជា​ដើម។

កាល​ពី​ខែធ្នូ ឆ្នាំ២០២១ អាជ្ញាធរ​កម្ពុជា​បាន​បិទ​រោងចក្រ​ផលិត​ដំណាប់​ស្វាយ​មួយ​កន្លែង នៅ​ខេត្តកំពង់ស្ពឺ ក្រោយ​ពី​រក​ឃើញ​ថា ក្រុម​ឈ្មួញ​ជនជាតិ​ចិន​ប្រមាណ ១០នាក់ លួច​ផលិត​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ។ រហូត​ដល់​ខែមករា ឆ្នាំ២០២២ ក្រុម​ឧក្រិដ្ឋជន​បាន​លួច​ផលិត​នៅ​ខេត្តកំពង់ស្ពឺ​ទ្រង់ទ្រាយ​ធំ​ជា​លើក​ទីពីរ ហើយ​សមត្ថកិច្ច​រឹបអូស​ផលិត​ថ្នាំ​កេតាមីន ថ្នាំ​សំយោគ និង​សារធាតុ​ផ្សំ​ផ្សេងៗ សរុប​ចំនួន​ ៦១,៧តោន ក្នុង​នោះ​មាន​សារធាតុ​ដើម​កេតាមីន (Ketamine) ៧៥០គីឡូក្រាម និង​ជា​កាក​សំណល់ កេតាមីន ចំនួន​ ៥,២២តោន។ ជាមួយ​គ្នា​នេះ ក្នុង​ខែមករា ឆ្នាំ២០២២ ដដែល សមត្ថកិច្ច​បាន​បិទ​ឃ្លាំង​ស្តុក​ទំនិញ​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ ក្រោយ​រក​ឃើញ​សារធាតុគីមី​ ១៤៩តោនទៀត។

ដោយឡែក កាល​ពី​ខែឧសភា ឆ្នាំ២០២២ អាជ្ញាធរ​ថ្នាក់​ជាតិ​បង្ក្រាប​កន្លែង​កែច្នៃ​គ្រឿងញៀន​ខុស​ច្បាប់​មួយ​ទៀត ហើយ​រឹបអូស​បាន​ថ្នាំ​កេតាមីន ៤០,៥គីឡូក្រាម សារធាតុ​រំលាយ​ចម្រុះ ដែល​មាន​ផ្ទុក​គ្រឿងញៀន​ជាង ១តោន (១,៤២៥) និង​សារធាតុគីមី​ផ្សេង​ទៀត​ ១១តោនកន្លះ។ នៅ​ខែ​កក្កដា ឆ្នាំ២០២២ អាជ្ញាធរ​បង្ក្រាប​កន្លែង​កែច្នៃ​មួយ និង​កន្លែង​ស្តុក​ទុក​ចំនួន ៦កន្លែង ហើយ​រឹបអូស​បាន​ថ្នាំ កេតាមីន បាន​ ១,៨តោន និង​សារធាតុគីមី និង​សមាស​ធាតុគីមី​ផ្សេង​ទៀត ២២៧តោន។ នៅ​ខែសីហា ឆ្នាំ២០២២ ថ្នាំ​កេតាមីន ៨៧១គីឡូក្រាម​ទៀត ត្រូវ​បាន​រឹបអូស។ គ្រឿងញៀន និង​សារធាតុ​ផ្សំ​ទាំងនោះ​សមត្ថកិច្ច​រក​ឃើញ​នៅ​រោងចក្រ​កិនស្រូវ ខេត្តស្វាយរៀង ព្រៃវែង និង​នៅ​ឃ្លាំង​ជួល​ក្នុង​ខេត្តព្រះសីហនុ។

ករណី​ចុងក្រោយ កាល​ពី​ចុង​ឆ្នាំ២០២២ អាជ្ញាធរ​បាន​បិទ​ឃ្លាំង​ផ្ទុក​ទំនិញ​ក្នុង​ខេត្តព្រះសីហនុ​ដែរ ក្រោយ​រក​ឃើញ​ផ្ទុក​គ្រឿងញៀន​ប្រភេទ​កេតាមីន​ជិត ១តោន។

កាល​ពី​ឆ្នាំ២០២២ កន្លងទៅ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ល្មើស​គ្រឿងញៀន​រឹបអូស​បាន​គ្រឿងញៀន​បាន​ប្រមាណ ១៦តោន ដែល​ភាគច្រើន​ជា​ប្រភេទ​ថ្នាំ កេតាមីន (Ketamine)។

ថ្វិត្បិត​តែ​អាជ្ញាធរ​បាន​បង្ក្រាប និង​អះអាង​ថា បាន​បញ្ជូន​ជន​សង្ស័យ​ទៅ​កាត់​ទោស​នៅ​តុលាការ​ក្ដី ប៉ុន្តែ​អាជ្ញាធរ​ថ្នាក់​ជាតិ និង​ស្ថាប័ន​តុលាការ​ពុំ​ដែល​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ឱ្យ​សាធារណជន​បាន​ដឹង​អំពី​កម្រិត​នៃ​ទោស ដែល​ពួកគេ​បាន​ប្រព្រឹត្ត​នោះ​ទេ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា គឺ​ជា​រឿង​គួរ​ឱ្យ​ព្រួយបារម្ភ​សម្រាប់​ប្រជាជាតិ​ទាំង​មូល។ ក្រៅ​ពី​នេះ លោក​រិះគន់​ថា ការ​បង្ក្រាប​របស់​អាជ្ញាធរ​កន្លង​ទៅ នៅ​មាន​ចន្លោះ​ប្រហោង​ច្រើន ដោយសារ​តែ​ឧក្រិដ្ឋជន​ដែល​ជា​មេខ្លោង​ធំៗ នៅ​តែ​អាច​រត់គេច​ខ្លួន​បាន។

លោក អំ សំអាត៖«ហើយ​ការ​បង្ក្រាប​កន្លងទៅ​សមត្ថកិច្ច​មាន​ការ​បង្ក្រាប និង​មាន​ការ​ចាប់ ប៉ុន្តែ​មេធំៗ នៃ​ឧក្រិដ្ឋជន​ធំៗ ដូចជា មាន​បណ្ដាញ​ចាក់ស្រេះ​នៅ​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក ដែល​ទាមទារ​ឱ្យ​កម្ពុជា​យើង​មាន​ការ​ប្ដេជ្ញា និង​តាំងចិត្ត​ខ្ពស់​ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អន្តរជាតិ និង​ជាមួយ​បណ្ដា​ប្រទេស​ជិត​ខាង​នៅ​ក្នុង​តំបន់ ជាពិសេស​គឺ​ប៉ូលិស​អាំងទែប៉ូល ដើម្បី​ធ្វើ​ការ​ចាប់​នូវ​ឧក្រិដ្ឋជន ដែល​ពាក់ព័ន្ធ​ជាមួយ​បញ្ហា​ជួញដូរ​គ្រឿងញៀន»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ថ្មីៗ នេះ ទទួល​ស្គាល់​ថា ឧក្រិដ្ឋកម្ម​គ្រឿងញៀន​នៅ​កម្ពុជា នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​បាន​កើន​ឡើង និង​គួរ​ឱ្យ​ព្រួយបារម្ភ។ លោក ហ៊ុន សែន បញ្ជា​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​សិក្សា និង​ត្រួតពិនិត្យ​ច្បាប់​ឡើង​វិញ​មុន​នឹង​អនុញ្ញាត​ឱ្យ​ក្រុម​ឈ្មួញ​នាំ​សារធាតុ​គីមី​ចូល​ស្រុក។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ លើកឡើង​ថា បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា​នៅតែ​បន្ត​កើត​មាន​ដោយ​តែ​ក្រុម​ឈ្មួញ​មាន​ឥទ្ធិពល និង​ផ្ដល់​ផល​ប្រយោជន៍​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន។

កន្លងទៅ​កាសែត​អន្តរជាតិ​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ព្រោងព្រាត​អំពី​រឿងរ៉ាវ​អាស្រូវ​របស់​ក្មួយ​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ថា មាន​ជាប់ពាក់ព័ន្ធ​ការ​រត់ពន្ធ​ថ្នាំញៀន​ទៅ​កាន់​ប្រទេស​អូស្ត្រាលី (Australia)។ លើស​ពី​នេះ កន្លង​ទៅ តុលាការ​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​លោក ហ៊ុន សែន ថែម​ទាំង​ជួយ​សម្រួល​ដល់​ក្រុម​ឧកញ៉ា ដែល​ជួញដូរ​ថ្នាំញៀន​រួច​ផុត​ពី​ការ​អនុវត្ត​ទោស និង​សំណាញ់​ច្បាប់​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។