សមត្ថកិច្ចមិន​ទាន់​រក​ឃើញ​ក្រុម​ខ្មាន់កាំភ្លើង​​ដែល​រំដោះ​អ្នកទោសគ្រឿងញៀនជនជាតិ​​តៃវ៉ាន់

មន្ត្រី​ពន្ធនាគារ ឲ្យដឹង​ថា សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​ក្រុម​ខ្មាន់កាំភ្លើង ដែល​រំដោះ​អ្នកទោសតៃវ៉ាន់​ម្នាក់​ជា​មេខ្លោង​គ្រឿងញៀន​ដែល​ជាប់​ទោស​ជាង​៥០ឆ្នាំ​​ នៅ​ខេត្ត​សៀមរាប។ មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​សមត្ថកិច្ច ស៊ើបអង្កេត រឿង​នេះ​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​កុំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ថា ករណី​រំដោះ​អ្នកទោស​តៃវ៉ាន់នេះ មាន​ការ​គប់គិត​គ្នា​រវាង​ក្រុម​ខ្មាន់កាំភ្លើង​និង​មន្ត្រី​ពន្ធនាគារ។

សមត្ថកិច្ច នៅ​មិនទាន់​រក​ឃើញ​ក្រុម​ខ្មាន់កាំភ្លើង​ចំនួន​ ៥នាក់ និង​អ្នកទោស​ជា​មេខ្លោង​គ្រឿង​ញៀន​ម្នាក់​ជា​ជន​ជាតិ​តៃវ៉ាន់ម្នាក់ ដែល​បាន​រត់គេច​ខ្លួន​នៅ​ឡើយ​ទេ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី១៧ ខែសីហា។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ លោក នុត សវនា ថ្លែង​ថា សមត្ថកិច្ចកំពុង​ខ្នះខ្នែង​តាម​ចាប់ខ្លួន​ជនល្មើស​ទាំង​នោះ​មកវិញ ប៉ុន្តែ​លោកសុំ​មិនបង្ហាញ​ថា តើ​សមត្ថកិច្ច​រក​ឃើញ​តម្រុយ​ហើយ​ឬ​នៅ​នោះ​ទេ។ លោកបញ្ជាក់​ថា អ្នក​ទោស​ដែល​បក្ខ​ពួក​ប្រដាប់​ដោយ​អាវុធ​​ចូល​ទៅ​រំដោះ​​​ក្នុង​ពេល​មន្ត្រី​ពន្ធនាគារ​បញ្ជូន​ចេញ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ធ្មេញ​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំខ្លួន​តាំង​ពី​ឆ្នាំ​២០០៩ ​ហើយ​ជាប់​ទោស​ចំនួន​ ៥២ឆ្នាំ​ពី​បទ​ជួញដូរ​គ្រឿង​ញៀន។

លោក នុត សវនា៖«មូលហេតុ​ដែល​វា​រំដោះ​បាន មក​ពី​វា​ប្រើ​អាវុធ​ភ្ជង់​គំរាម​មន្ត្រី​របស់​យើង ហើយ​ឱ្យ​គ្នា​ធ្វើ​ម៉េច តដៃ​ជាមួយ​វា ឱ្យ​​គេ​បាញ់»។

ចំពោះ​ការ​ចោទ​ប្រកាន់​ថា ​ករណី​ខ្មាន់​កាំភ្លើង ​អាច​មាន​លទ្ធភាព​រំដោះ​អ្នក​ទោស​ចិន​បាន​ ដោយសារ​មាន​ការ​គប់គិត​ជាមួយ​មន្ត្រី​ពន្ធនាគារ​នោះ លោក នុត សវនា អះអាង​ថា សមត្ថកិច្ច​ជំនាញ​នឹង​ស៊ើប​អង្កេត​ករណី​នេះ។

លោក នុត សវនា៖«រឿង​នេះ ក្រុមការងារ​ជំនាញ​ពី​អគ្គនាយកដ្ឋាន​នឹង​ចុះ​ទៅ ស្រាវជ្រាវ​បញ្ហា​ទាំង​អ្នក​ពាក់ព័ន្ធ និង​មូលហេតុ​ ហើយ​នឹង​ដំណើរ​រឿង​នេះ​យ៉ាង​ម៉េចៗ ដើម្បី​យក​មក​ពិនិត្យ​ថា អ្នក​ណា​មាន​ពាក់ព័ន្ធ​ខ្លះ ហើយ​ត្រូវ​ផ្ដន្ទាទោស​អី​យ៉ាង​ម៉េច​តាម​ផ្លូវ​រដ្ឋបាល ឬ​ខាង​ផ្លូវ​ព្រហ្មទណ្ឌ​អី អា​ហ្នឹង ទាល់តែ​ក្រុមការងារ​គេ​ទៅ បង្ហើយ​ការងារ​សិន»។

កាលពី​ព្រឹកថ្ងៃទី១៧ សីហា ជន​ល្មើស​មាន​គ្នា​ ៥នាក់​ពាក់​ស្រោម​មុខ​ប្រដាប់​ដោយ​កាំភ្លើង​ត​កាណុង​គ្រប់​ដៃ បាន​សម្រុក​ចូល​ទៅ​រំដោះ​អ្នកទោស​ជា​ជនជាតិ​តៃវ៉ាន់​ម្នាក់ ចេញ​ពី​គ្លីនិក​ធ្មេញ​ជុំ​ចិន្ដា ស្ថិតនៅ​ភូមិ​តា​ភុល សង្កាត់​ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ករណី​នេះ​​កើត​ឡើង ​ដោយសារ​មន្ត្រី​ពន្ធនាគារ​ ៤​នាក់ នាំ​អ្នក​ទោស​រូប​នេះ​ទៅ​ព្យាបាល​ធ្មេញ​។ អ្នកទោស​ដែល​បក្ខពួក​រំដោះ​រូប​នោះ​មាន​ឈ្មោះ​ ឆេន ស៊ីន​ហាន (Chen hsin han) ជា​ជនជាតិ​តៃវ៉ាន់ អាយុ ៤៥ឆ្នាំ​ជាប់​ទោស​ចំនួន​ ៥២ឆ្នាំ ​ពី​បទ​ជួញដូរ​គ្រឿង​ញៀន។ រូបភាព​ពី​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​គ្លីនិក​ធ្មេញ​​បង្ហាញថា ក្រុម​ខ្មាន់​កាំភ្លើង​បាន​ភ្ជង់​កាំភ្លើង​និង​បាន​យក​ខ្សែ​រូត​ចងដៃ​មន្ត្រី​ពន្ធនាគារ ដែល​កំពុង​​អង្គុយ​រង់ចាំ​អ្នក​ទោស​រូប​នោះ​ព្យាបាល​ធ្មេញ​ក្នុង​បន្ទប់។ បន្ទាប់មក ខ្មាន់កាំភ្លើង​ទាំង ៥នាក់ ​បាន​នាំ​អ្នកទោស​ឡើង​ជិះរថយន្ត​ឡិច​សីស ​(Lexus) ពាក់​ស្លាក​លេខ ​ភ្នំពេញ 2AA-4315​ ចេញ​ទៅ​បាត់​តែម្តង។ ប៉ុន្មាន​ម៉ោងក្រោយ​ សមត្ថកិច្ចបាន​រក​ឃើញ​រថយន្ត​ ដែល​ក្រុម​ជន​ល្មើស​យក​ទៅ​ទុកចោល និង​បន្សល់​ទុក​កាំ​ភ្លើង​ខ្លី​ ៥ដើម ស្រោម​មុខ ​ខោអាវ ​និង​សម្ភារ​មួយ​ចំនួន​ទៀត​ក្នុង​រថយន្ត។​

វិទ្យុអាស៊ីសេរី មិនទាន់​អាច​សុំ​ការ​ឆ្លើយតប​បន្ថែម​ពី​ស្នងការ​នគរបាល​ខេត្ត​សៀម រាប លោក តេង ច័ន្ទណាត និង​អភិបាលខេត្ត​សៀមរាប លោក ទៀ សីហា បាន​នៅ​ឡើយ​ទេ ជុំវិញ​ករណី​ខ្មាន់​កាំភ្លើង​ចូល​រំដោះ​អ្នកទោស​ដែល​មាន​ឈុត​ឆាក​ដូច​នៅ​ក្នុង​​ខ្សែ​ភាព​យន្ត​ចិន​ហុងកុង​នេះ។

ជុំវិញ​ករណី​នេះ អ្នក​សម្រប​សម្រួល​អង្គការ​លីកាដូ​ប្រចាំ​ខេត្តសៀមរាប​លោក ស វណ្ណារ៉ា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ខ្មាន់​កាំភ្លើង​ទាំង ៥នាក់​នោះ គឺ​ជា​ជនជាតិ​តៃវ៉ាន់​ដូច​គ្នា។ លោក​ថា កន្លងមក អ្នកទោស​តៃវ៉ាន់​រូប​នោះ ក៏​ធ្លាប់​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​បញ្ជូន​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​រ៉ូយ៉ាល់ ដែល​ជា​មន្ទីរ​ពេទ្យ​ឯកជន​ទំនើប​និង​​ថ្លៃ​បំផុត ប៉ុន្តែ​នៅ​ពេល​នោះ​មិន​មាន​បញ្ហា​អ្វី​ទេ។

ទន្ទឹម​គ្នា​នេះ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែន​ករុណា មាន​ប្រសាសន៍​ថា ករណី​រំដោះ​អ្នកទោស​តៃវ៉ាន់​នេះ ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន ក្នុង​ការ​គ្រប់​គ្រង​ពន្ធនាគារ។ ទី១ លោក​សង្កេត​ឃើញ​ថា មន្ត្រី​ពន្ធនាគារ តែង​សម្រួល​​ឲ្យ​អ្នក​ទោស​ដែល​មាន​លុយ​មាន​អំណាច​ អាច​ចេញ​ទៅ​ព្យាបាល​ជំងឺ​ខាងក្រៅ​ពន្ធនាគារ​ដោយ​ងាយៗ ទោះបី​អ្នក​ទាំង​នោះ ជា​ឧក្រិដ្ឋជន​មាន​ទោស​ធ្ងន់​រឿង​សម្លាប់​មនុស្ស និង​ជួញដូរ​គ្រឿង​ញៀន​ទ្រង់ទ្រាយ​ធំ​ ដូចជា​កន្លងមក​ឧកញ៉ា ថោង សារ៉ាត និង​ឧកញ៉ា គិត ធាង ជាដើម។ ចំណែក​អ្នកទោស​នយោបាយ​វិញ ទោះ​បី​ពួក​គាត់​មាន​ជំងឺ​ធ្ងន់ធ្ងរ​បែប​ណា ក៏​មន្ត្រី​ពន្ធនាគារ តែងតែ​បដិសេធ​សំណើ​របស់​ពួក​គេ​មិន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាង​ក្រៅ​ដែរ។ ទី២ លោក​យល់​ថា សាធារណជន​អាច​សង្ស័យ​អំពី​ការ​គប់គិត​គ្នា​រវាង​ឧក្រិដ្ឋជន​ដែល​មាន​លុយ និង​មន្ត្រី​ពន្ធនាគារ ទើប​មាន​ការ​សម្រួល​ចេញ​ពី​ពន្ធនាគារ​ដោយ​ងាយៗ ដូច្នេះ​លោក ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ស្រាវជ្រាវ​រឿង​នេះ​ឲ្យ​បាន​ដិតដល់។

លោក ស៊ឹង សែន​ករុណា៖«យើង​ដឹង​ហើយ​ថា​ឧក្រិដ្ឋជន​ដែល​មាន​ទោស​រាប់​សិប​ឆ្នាំ​បែប​នេះ គប្បី​មាន​ការ​ប្រុងប្រយ័ត្ន មិន​ចេះ​តែ​ងាយស្រួល​ក្នុង​ការ​បញ្ជូន​ចេញ​ទៅ​ព្យាបាល​ទេ ព្រោះ​ឧក្រិដ្ឋជន គេ​មាន​គំនិត​ល្បិចកល និង​បក្ខពួក​ច្រើន។ យើង​ក៏​មាន មន្ទិល​សង្ស័យ​ដែរ​អំពី​ភាព​ងាយស្រួល​ក្នុង​ការ​បញ្ជូន​ចេញ​ទៅ​ព្យាបាល​ខាង​ក្រៅ​នេះ​ថា តើ​មាន​អ្វី​ពី​ក្រោយ​ខ្នង។ ដូច្នេះ​ចំណុច​នេះ​ក៏​មាន​ជា​មន្ទិលសង្ស័យ គប្បី​ស្ថាប័ន​ពាក់ព័ន្ធ និង​ស្ថាប័ន​ថ្នាក់​ជាតិ ដែល​មាន​អ្នក​ជំនាញ​បច្ចេកទេស គួរ​ចុះ​ធ្វើការ ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​លាស់​អំពី​បញ្ហា​ហ្នឹង រក​អំពី​ការ​ពិត​ករណី​ទាំងអស់​ហ្នឹង ថា​តើ​មាន​ការ​គប់គិត​គ្នា​នូវ​ផលប្រយោជន៍​ណាមួយ លុយកាក់​អី​ទេ ឬ​ក៏​អំពើ​ពុក​រលួយ​អី​ទេ គួរតែ​មាន​ការ​ពិនិត្យ​មើល​ឡើងវិញ ហើយ​បើ​រក​ឃើញ​ជន​នោះ ក៏​ត្រូវ​ទទួល​ទោស​ទណ្ឌ​តាម​ច្បាប់​ដែរ»។

លោក ស៊ឹង សែន​ករុណា បន្ថែម​ថា ករណី​ដែល​ជនល្មើស​បន្សល់​ទុក​រថយន្ត​និង​អាវុធ​ទំនើបៗ នេះ​ អាច​ជួយ​សម្រួល​ការងារ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច​បន្ថែម​ទៀត​ ដើម្បី​ស្វែងរក​ជនល្មើស ​និង​អ្នក​ពាក់ព័ន្ធ​។ លោកបន្ត​ថា ករណី​នេះ​ប្រសិនបើ​សមត្ថកិច្ច ​មិន​ស៊ើប​អង្កេត​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ នឹង​ធ្វើឲ្យ​​សាធារណជនរិះគន់ និង​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ដោយសារ​ជនបរទេស អាច​រត់គេច​ពី​សំណាញ់​ច្បាប់ និង​អាច​ប្រើ​អាវុធ​ទំនើបៗ ក្នុង​ទឹកដី​កម្ពុជា​ដោយ​គ្មាន​ខ្លាច​ញញើត។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​កម្ពុជា ហាក់​បង់​អ្នកជំនួញ​សុចរិត បែរជា​កើន​ឡើង​អ្នកជំនួញ​ទុច្ចរិត​ ដែល​បើក​ការ​រកស៊ី​មាន​ដូចជា​ការ​ជួញ​ដូរ​មនុស្ស ការ​បង្ខាំង​មនុស្ស​ខុសច្បាប់ ការ​ឆបោក​តាម​អនឡាញ ការ​ជួញដូរ​គ្រឿងញៀន និង​ចាប់ជំរិត និង​ការ​បាញ់​បោះ​ដ៏​គួរ​ឲ្យ​ព្រឺព្រួច​ជា​ដើម ដែល​ភាគ​ច្រើន​ជាប់​ពាក់​ព័ន្ធ​នឹង​ជនជាតិ​ចិន។ អ្នក​ឃ្លាំមើល​យល់​ថា ករណី​នេះ ដោយសារតែ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​សម្លាប់​ប្រជាធិបតេយ្យ ហើយ​ងាក​ទៅ​ប្រើ​នយោបាយ​បើក​ជំហរ​ជើង​មេឃ​ដល់​ជន​ជាតិ​ចិន និង​ស្និត​ស្នេហ៍​ជាមួយ​រដ្ឋាភិបាល​ចិន៕

កំណត់​ចំណាំ៖ អត្ថបទនេះ​ត្រូវ​បាន​កែតម្រូវបន្ថែមពាក្យបញ្ជាក់ ចិនតៃវ៉ាន់ ត្រង់សញ្ជាតិ​របស់អ្នកទោសឈ្មោះ​ ឆេន ស៊ីន​ហាន (Chen hsin han)។

​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។