អាជ្ញាធរខេត្តកំពង់ឆ្នាំង និងកម្លាំងសមត្ថកិច្ចចម្រុះ កំពុងពន្លឿនការរៀបចំសណ្ដាប់ធ្នាប់ និងកែលំអសោភ័ណភាពផ្សារមួយចំនួននៅក្នុងខេត្ត ដើម្បីត្រៀមប្រកួតប្រជែងទីផ្សារស្អាត ដែលនឹងរៀបចំដោយក្រសួងទេសចរណ៍ នៅឆ្នាំ២០១៦។ ក្រុមអាជីវករសាទរចំពោះចំណាត់ការរបស់អាជ្ញាធរនេះ ប៉ុន្តែពួកគេមិនសង្ឃឹមថា នឹងអាចយកឈ្នះទីផ្សារនៅខេត្តដទៃទេ។
អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការរៀបចំសណ្ដាប់ធ្នាប់ផ្សារលើខេត្តកំពង់ឆ្នាំង ឲ្យដឹងនៅថ្ងៃទី៣០ ខែកក្កដា ថា ក្រុមការងារនឹងលើកយកលក្ខណៈផ្សារលើ និងផ្សារបីផ្សេងទៀតជូនអភិបាលខេត្តពិនិត្យសម្រេចដាក់បញ្ចូលក្នុងបញ្ជីប្រកួតប្រជែង នៅគ្រាដែលកម្លាំងចម្រុះរៀបចំប្រព័ន្ធអគ្គិសនី និងសណ្ដាប់ធ្នាប់ផ្សារលើ។ ផ្សារទាំងបួន គឺមានផ្សារលើ ផ្សារពន្លៃ ផ្សារសាលាលេខ៥ និងផ្សារព្រៃខ្មែរ។
អភិបាលរងខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ មានប្រសាសន៍ថា ចំពោះផ្សារលើនៅមានបញ្ហាសំខាន់បី គឺដំបូលធ្លុះធ្លាយ និងសំយាបសងខាងផ្សារលយចេញក្រៅ និងការលក់ដូរមិនសូវរៀបរយ។ ក្រុមការងារនឹងដោះស្រាយបញ្ចប់បញ្ហាទាំងនេះយ៉ាងយូររយៈពេលមួយខែទៀត មុនគណៈកម្មការចុះវាយតម្លៃលក្ខណៈសម្បត្តិផ្សារស្អាត៖ « ហើយនឹងឲ្យក្រុមការងារជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ។ ឧទាហរណ៍ថា ខាងសុខាភិបាលពិនិត្យលើអនាម័យ ខាងកាំកុងត្រូលពិនិត្យទៅលើគុណភាព មន្ទីរទេសចរណ៍ពិនិត្យ និងអប់រំឲ្យអាជីវករលក់ដូរមានស្តង់ដារ មន្ទីរផ្សព្វផ្សាយពីធុងសំរាមអី ហើយខាងប៉ូលិស ប៉េអិម ពិនិត្យពីសុវត្ថិភាព បើមានករណីចោរប្លន់ក្នុងផ្សារ ត្រូវដោះស្រាយរបៀបម៉េច »។
ទាក់ទងបញ្ហានេះ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង លោក សេង សាលី ថ្លែងថា មន្ទីរជំនាញនឹងផ្សព្វផ្សាយជាសាធារណៈនូវលក្ខណៈសម្បត្តិផ្សារស្អាតចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ដោយមិនទាន់កំណត់ពេលវាយតម្លៃប្រកួតប្រជែង។ លក្ខណៈសម្បត្តិត្រឹមត្រូវ ឬផ្សារដែលជាប់ចំណាត់ថ្នាក់ទីផ្សារស្អាត គឺត្រូវមានប្រាំមួយចំណុចសំខាន់ៗ ដូចជា ការគ្រប់គ្រងសំរាម ឬអនាម័យបានល្អ និងសន្តិសុខសណ្ដាប់ធ្នាប់ជាដើម។ លោកថា ដោយនៅក្នុងខេត្តពុំទាន់មានផ្សារទំនើប គណៈកម្មការនឹងជ្រើសរើសយកតែផ្សារសាធារណៈរបស់រដ្ឋ និងម៉ាត (Mart) មួយចំនួនប៉ុណ្ណោះ៖ « ផ្សព្វផ្សាយថ្ងៃទី១២ ខែសីហា រួច គឺយើងចាប់ផ្ដើមឲ្យបេក្ខជនដែលជាផ្នែកឯកជន អ្នកម៉ៅការផ្សារ ឬម៉ាត ដាក់ពាក្យមក ដើម្បីរៀបចំប្រមូលផ្ដុំឯកសារ និងវាយតម្លៃដាក់ចំណាត់ថ្នាក់ឲ្យគាត់ »។
ក្រុមអាជីវករលក់ខោអាវ និងគ្រឿងអលង្ការខ្លះក្នុងផ្សារលើ សម្ដែងការសប្បាយចិត្ដដែលអាជ្ញាធររៀបចំសណ្ដាប់ធ្នាប់ និងសោភ័ណភាពផ្សារ តាមរយៈការដាក់ប្រឡងប្រណាំងទីផ្សារស្អាតនេះ។
អាជីវករលក់ស្បែកជើងនៅប៉ែកខាងត្បូងផ្សារម្នាក់ លោកស្រី ហេង ស្រីមុំ មានប្រសាសន៍ថា បើកម្មវិធីប្រកួតប្រជែងផ្សារស្អាតកើតមែន នោះផ្សារលើនឹងកាត់បន្ថយការលក់ដូរគ្មានសណ្ដាប់ធ្នាប់ និងមានសោភ័ណភាពល្អ។ លោកស្រីថា ទន្ទឹមគ្នានេះ ប្រធានផ្សារ និងអាជ្ញាធរត្រូវចុះរៀបចំសណ្ដាប់ធ្នាប់ជាប្រចាំ បើមិនដូច្នោះទេ ការប្រឡងប្រណាំងមិនមែនជាផ្នែកមួយនៃការជំរុញឲ្យមានទីផ្សារស្អាតឡើយ៖ « ខ្ញុំចង់ផ្សារលើមានភាពស្អាត មានផ្លូវចេញចូលស្រួលអ៊ីចឹង ប៉ុន្តែដូចឃើញរៀបបានតែមួយសារៗ ហើយរញ៉េរញ៉ៃដដែល។ សំខាន់លើអ្នកដែលរៀបចំផ្សារ បើគេរៀបចំឲ្យស្អាត ខ្ញុំជាអាជីវករចង់ឲ្យស្អាតទាំងអស់គ្នា »។
ប្រធានមន្ទីរទេសចរណ៍ លោក សេង សាលី បញ្ជាក់ថា ការប្រឡងនៅពេលនេះ ធ្វើឡើងត្រឹមថ្នាក់ខេត្តប៉ុណ្ណោះ ប៉ុន្តែចំពោះផ្សារ ឬម៉ាត (Mart) មានលក្ខណៈសម្បត្តិត្រឹមត្រូវ ឬបានជាប់នៅក្នុងការប្រកួតប្រជែងនេះ នឹងទទួលបានលិខិតសរសើរចេញដោយក្រសួងទេសចរណ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។