អាជ្ញាធរខេត្តបន្ទាយមានជ័យមិនទាន់កំណត់អត្តសញ្ញាណសពអ្នកស្លាប់ទាំង៦នាក់នៅឡើយ
2023.01.09
អាជ្ញាធរខេត្តបន្ទាយមានជ័យមិនទាន់កំណត់អត្តសញ្ញាណសពជនរងគ្រោះស្លាប់ ក្នុងករណីឆេះកាស៊ីណូហ្គ្រេន ដាយមិន ស៊ីធី (Grand Diamond City)នៅក្រុងប៉ោយប៉ែតដែលបានសម្លាប់មនុស្សជិត៣០នាក់នៅឡើយ។ មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរគួរពន្លឿនការធ្វើកោសល្យវិច័យសពអ្នកស្លាប់ ដែលនៅសល់ ដើម្បីឱ្យសាច់ញាតិ និងក្រុមគ្រួសារយកសាកសពទៅធ្វើបុណ្យ និងទទួលសំណងពីអ្នកទទួលខុសត្រូវក្នុងសោកនាដកម្មអគ្គីភ័យនេះ។ អាជ្ញាធរកម្ពុជា និងអាជ្ញាធរថៃ នៅមិនទាន់បង្ហាញព័ត៌មានជាក់លាក់ណាមួយពាក់ព័ន្ធសាកសពឆេះខ្លោចទាំង៦នាក់ ដែលគ្មានអត្តសញ្ញាណច្បាស់លាស់នោះទេ។
អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក សេក សុខុម ប្រាប់វិទ្យុអាស៊ីសេរីថ្ងៃទី៩ មករា ថា អ្នករងរបួសដោយសារអគ្គីភ័យបានព្យាបាល និងធ្វើដំណើរទៅផ្ទះអស់ហើយ។ លោកថា អាជ្ញាធរកម្ពុជា និងអាជ្ញាធរថៃគ្មានការលាក់បាំងព័ត៌មានដូចការចោទប្រកាន់កន្លងមកនោះឡើយ។ លោកបន្តថា សាកសពជនរងគ្រោះទាំង៦នាក់ កំពុងដាក់ក្នុងទូររក្សា ប៉ុន្តែមិនទាន់មានកំណត់អត្តសញ្ញាណច្បាស់លាស់នោះទេ ព្រោះកំពុងបន្តនីតិវិធីស្រាវជ្រាវ។
លោក សេក សុខុម៖ «ឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម គាត់និយាយជាផ្លូវការអ្នកសារព័ត៌មានយើងទាំងអស់ ដែលថ្ងៃបិទបញ្ចប់ការរុករកហ្នឹងគាត់ប្រកាសហើយ សាកសពរកឃើញតែ ២៦នាក់ទេ ក្នុងនោះ៦នាក់ គឺអត់ស្គាល់អត្តសញ្ញាណទេ ប៉ុន្តែអាជ្ញាធរមិនទាន់ប្រកាសថា អ្នកស្លាប់២៦នាក់ហ្នឹងមានខ្មែរទេ ថាអត់មាន។ អ្វីដែលយើងដឹងៗពីការប្រកាសព័ត៌មានរបស់អាជ្ញាធរកម្ពុជា បើថៃគេផ្សាយរឿងរបស់ថៃអ៊ីចឹង។ តាមខ្ញុំសន្និដ្ឋានបើសិនជាមានខ្មែរមែន ប្រហែលជានៅក្នុង ៦នាក់ហ្នឹងឯង បើសិនមានខ្មែរស្លាប់បាត់ខ្លួនមែនណា។ ខាងខ្មែរយើងប្រកាសដូចអ៊ីចឹងដែរ ថា ៦នាក់ដែលយើងអត់ដឹងអត្តសញ្ញាណហ្នឹងយើងកំពុងដាក់ក្នុងទូត្រជាក់នៅប៉ោយប៉ែតហ្នឹង»។
ទោះមានការលើកឡើងរបស់អ្នកនាំពាក្យសាលាខេត្តបែបនេះក្ដី ប៉ុន្តែសាច់ញាតិអ្នកបាត់ខ្លួននៅតែទទូចដល់អាជ្ញាធរ ពន្លឿនការស្វែងរក និងកំណត់អត្តសញ្ញាណសាកសព។
ពលរដ្ឋបាត់បង់សមាជិកគ្រួសារលោក ឃឹម វង្ស ថ្លែងថា តាំងពីមានអគ្គីភ័យឆេះកាស៊ីណូ នៅក្រុងប៉ោយប៉ែតមក អាជ្ញាធរមិនទាន់បានទំនាក់ទំនងមកលោក ដើម្បីសាកសួរព័ត៌មានពីសមាជិកគ្រួសារ ដែលបាត់នោះឡើយ។ លោកថា នៅពេលដែលឡានពេទ្យថៃដឹកសាកសពខ្លោចមកដាក់នៅប៉ោយប៉ែត លោកធ្លាប់សាកសួរគ្រូពេទ្យ ដើម្បីសុំឱ្យពិនិត្យឌីអិនអេ (DNA) រកប្រពន្ធរបស់លោកដែរ ប៉ុន្តែពេទ្យថាត្រូវបង់ប្រាក់ជាង៥រយដុល្លារ(៥០០$) ប៉ុន្តែលោកគ្មានលទ្ធភាពនោះទេ។ លោកអំពាវនាវដល់អាជ្ញាធរ និងម្ចាស់កាស៊ីណូជួយពន្លឿនស្វែងរក និងកំណត់អត្តសញ្ញាណសាកសពនៅសល់ ដើម្បីឱ្យប្រពន្ធលោកបានធ្វើបុណ្យពេញលេញតាមប្រពៃណី។
លោក ឃឹម វង្ស៖ «សំណូមពរឱ្យពួកគាត់ជួយរុករក ឆែកមើលឱ្យអ៊ីចឹងណាបង ដូចថាយើង ស្លាប់ក៏ស្លាប់ដឹង ដឹងរស់ឱ្យដឹងរស់អ៊ីចឹងណាបង ព្រោះអីលឺគេថាគេបញ្ជូនទៅថៃទៅអីច្រើនខ្ញុំទៅឆែកខ្លួនឯងអ៊ីចឹងសង្ស័យវាពិបាកណាបង។ ចង់អង្វរឱ្យគេជួយស្នើឆែកនៅខាងថៃខាងអីឱ្យអ៊ីចឹងណាបង ហើយ និងធ្វើកោសល្យវិច័យ។ ហៃមុនដែលគេដឹកសាកសពមកថា ដែលថាឆេះខ្លោចអស់ហ្នឹង ខ្ញុំចង់សួរគេ ចង់ឱ្យគេពិនិត្យឌីអិនអេ(DNA) តែគេថាអស់លុយអ៊ីចឹងណាបង។ ទាល់យើងអ្នកប្ដឹង ទៅអីយើង ទៅរកបណ្ដោយ បើថាយើងគ្មានណាគេមកដល់ផ្ទះយើងផងបង ប្រាប់ហើយបង តែគេប្រាប់ថាចាំថ្នាក់លើគេរៀបចំម៉េចៗ ដឹងម៉េចទេបងខ្ញុំពិបាកដែរ»។
ហេតុការណ៍ឆេះកាស៊ីណូហ្គ្រេន ដាយមិន ស៊ីធី នៅក្រុងប៉ោយប៉ែតកម្លាំងសមត្ថកិច្ចកម្ពុជា និងថៃរកឃើញអ្នកស្លាប់២៦នាក់។
រដ្ឋលេខាធិការអចិន្ត្រៃយ៍ក្រសួងសុខាភិបាលប្រទេសថៃ លោកវេជ្ជបណ្ឌិត អូប៉ាស់ ការីឃ្វីនផុង(Ophas Karykwinpong) កាលថ្ងៃទី៨ ខែមករា បានបង្ហាញរបាយការណ៍ពីអគ្គីភ័យនៅ សណ្ឋាគារ Grand Diamond City & Casino Poipet ថាមានមនុស្សរងរបួសស្រាលជាង ១រយនាក់(១១៥) និងស្លាប់នៅកម្ពុជា២៥នាក់ ហើយស្លាប់នៅមន្ទីរពេទ្យថៃ ១នាក់ ហើយ១៩នាក់ជាជនជាតិថៃ។ របាយការណ៍ដដែលបញ្ជាក់ថា អាការៈជនរងគ្រោះ ដែលស្ថិតក្រោមការព្យាបាល គឺមានបញ្ហាផ្លូវដង្ហើមរងប៉ះពាល់ពីផ្សែង ៧៦% បញ្ហាឆ្អឹង១២% និងរលាកភ្លើង១២%។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមអាដហុក(Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា អាជ្ញាធរគួរមានការប្រាស្រ័យទាក់ទងជាមួយគ្រួសារអ្នកបាត់ខ្លួន និងពន្លឿនការធ្វើកោសល្យវិច័យសព ដើម្បីឱ្យក្រុមគ្រួសារជនរងគ្រោះ និងសាច់ញាតិអ្នកបាត់ខ្លួនអស់ចិត្ត។ លោកថា អាជ្ញាធរត្រូវឆ្លើយតបជាក់លាក់ណាមួយ ទាក់ទងអត្តសញ្ញាណជនរងគ្រោះ ទៅកាន់សាច់ញាតិពួកគាត់ ដោយសារពេលវេលាកើតហេតុកន្លងទៅជិត២សប្តាហ៍មកហើយ។ លោកបន្តថា ករណីនេះ មានអ្នកស្លាប់ជាជនជាតិផ្សេងច្រើន ហើយសមត្ថកិច្ចកម្ពុជា គួរយកចិត្តទុកដាក់បង្ហាញសមត្ថភាពស្រាវជ្រាវស៊ើបអង្កេត ដើម្បីបង្កើនទំនុកចិត្តដល់ប្រទេសជិតខាងមកកម្សាន្តកម្ពុជា។
លោក ស៊ឹង សែនករុណា៖ «បើសិនជាការធ្វើចំណាត់ការ និងវិធានការ ដែលមិនត្រឹមត្រូវ និងមិនអាចទុកចិត្តបានបែបនេះ។ ចង់មិនចង់ក៏ជាផ្នែកមួយ នៃការកាត់បន្ថយ ឬក៏បណ្ដាប្រទេស ដែលជាមិត្តអន្តរជាតិទាំងអស់ហ្នឹង អាចគេណែនាំទៅដល់ប្រជាពលរដ្ឋគេ មិនឱ្យមកកម្សាន្ត មកប្រទេសកម្ពុជាយើងវិញ។ ដោយសារតែការទទួលខុសត្រូវរបស់យើង មិនបង្ហាញឱ្យគេមានជំនឿ និងទុកចិត្តបាន នៅពេលដែលមានឧបទ្ទវហេតុ ឬក៏គ្រោះថ្នាក់អ្វីមួយកើតឡើងបាទ»។
គិតមកត្រឹមថ្ងៃទី៩ មករា អគ្គីភ័យឆេះកាស៊ីណូនៅក្រុងប៉ោយប៉ែតមានរយៈពេល ១០ថ្ងៃហើយ ប៉ុន្តែសាច់ញាតិអ្នកធ្វើការនៅអាគារទាំងនេះមិនទាន់រកឃើញនៅឡើយ។ គ្រួសារជនរងគ្រោះ រិះគន់អាជ្ញាធរកម្ពុជាថា ធ្វើការយឺត និងមិនសូវអើពើជួយរកអ្នក ដែលបាត់ខ្លួននោះទេ និងឆាប់បិទបញ្ចប់ការរុករក។
កន្លងមកបុគ្គលិកមួយចំនួនដែលរស់រានគិតថា ជាការធ្វេសប្រហែសរបស់ក្រុមហ៊ុន ដែលគ្មានប្រព័ន្ធការពារសុវត្ថិភាព និងការជូនដំណឹងដល់អ្នកនៅក្នុងអាគារ ហើយការជួយសង្គ្រោះរបស់អាជ្ញាធរមិនទាន់ពេលវេលា ទើបបណ្ដាលឱ្យមានមនុស្សស្លាប់ច្រើន។
សង្គមស៊ីវិល និងសាច់ញាតិរបស់អ្នកបាត់ខ្លួន ទទូចដល់អាជ្ញាធរប្រទេសទាំងពីរភាគីអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងពន្លឿនការបញ្ជាក់អត្តសញ្ញាណអ្នកស្លាប់ និងអ្នកបាត់ខ្លួន ដើម្បីយកទៅធ្វើបុណ្យពេញលេញតាមប្រពៃណី ហើយផ្ដល់យុត្តិធម៌ដល់អ្នកស្លាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។