អាជ្ញាធរខេត្តបន្ទាយមានជ័យមិនទាន់កំណត់អត្តសញ្ញាណសពជនរងគ្រោះស្លាប់ ក្នុងករណីឆេះកាស៊ីណូហ្គ្រេន ដាយមិន ស៊ីធី (Grand Diamond City)នៅក្រុងប៉ោយប៉ែតដែលបានសម្លាប់មនុស្សជិត៣០នាក់នៅឡើយ។ មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរគួរពន្លឿនការធ្វើកោសល្យវិច័យសពអ្នកស្លាប់ ដែលនៅសល់ ដើម្បីឱ្យសាច់ញាតិ និងក្រុមគ្រួសារយកសាកសពទៅធ្វើបុណ្យ និងទទួលសំណងពីអ្នកទទួលខុសត្រូវក្នុងសោកនាដកម្មអគ្គីភ័យនេះ។ អាជ្ញាធរកម្ពុជា និងអាជ្ញាធរថៃ នៅមិនទាន់បង្ហាញព័ត៌មានជាក់លាក់ណាមួយពាក់ព័ន្ធសាកសពឆេះខ្លោចទាំង៦នាក់ ដែលគ្មានអត្តសញ្ញាណច្បាស់លាស់នោះទេ។
អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក សេក សុខុម ប្រាប់វិទ្យុអាស៊ីសេរីថ្ងៃទី៩ មករា ថា អ្នករងរបួសដោយសារអគ្គីភ័យបានព្យាបាល និងធ្វើដំណើរទៅផ្ទះអស់ហើយ។ លោកថា អាជ្ញាធរកម្ពុជា និងអាជ្ញាធរថៃគ្មានការលាក់បាំងព័ត៌មានដូចការចោទប្រកាន់កន្លងមកនោះឡើយ។ លោកបន្តថា សាកសពជនរងគ្រោះទាំង៦នាក់ កំពុងដាក់ក្នុងទូររក្សា ប៉ុន្តែមិនទាន់មានកំណត់អត្តសញ្ញាណច្បាស់លាស់នោះទេ ព្រោះកំពុងបន្តនីតិវិធីស្រាវជ្រាវ។
លោក សេក សុខុម៖ «ឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម គាត់និយាយជាផ្លូវការអ្នកសារព័ត៌មានយើងទាំងអស់ ដែលថ្ងៃបិទបញ្ចប់ការរុករកហ្នឹងគាត់ប្រកាសហើយ សាកសពរកឃើញតែ ២៦នាក់ទេ ក្នុងនោះ៦នាក់ គឺអត់ស្គាល់អត្តសញ្ញាណទេ ប៉ុន្តែអាជ្ញាធរមិនទាន់ប្រកាសថា អ្នកស្លាប់២៦នាក់ហ្នឹងមានខ្មែរទេ ថាអត់មាន។ អ្វីដែលយើងដឹងៗពីការប្រកាសព័ត៌មានរបស់អាជ្ញាធរកម្ពុជា បើថៃគេផ្សាយរឿងរបស់ថៃអ៊ីចឹង។ តាមខ្ញុំសន្និដ្ឋានបើសិនជាមានខ្មែរមែន ប្រហែលជានៅក្នុង ៦នាក់ហ្នឹងឯង បើសិនមានខ្មែរស្លាប់បាត់ខ្លួនមែនណា។ ខាងខ្មែរយើងប្រកាសដូចអ៊ីចឹងដែរ ថា ៦នាក់ដែលយើងអត់ដឹងអត្តសញ្ញាណហ្នឹងយើងកំពុងដាក់ក្នុងទូត្រជាក់នៅប៉ោយប៉ែតហ្នឹង»។
ទោះមានការលើកឡើងរបស់អ្នកនាំពាក្យសាលាខេត្តបែបនេះក្ដី ប៉ុន្តែសាច់ញាតិអ្នកបាត់ខ្លួននៅតែទទូចដល់អាជ្ញាធរ ពន្លឿនការស្វែងរក និងកំណត់អត្តសញ្ញាណសាកសព។
ពលរដ្ឋបាត់បង់សមាជិកគ្រួសារលោក ឃឹម វង្ស ថ្លែងថា តាំងពីមានអគ្គីភ័យឆេះកាស៊ីណូ នៅក្រុងប៉ោយប៉ែតមក អាជ្ញាធរមិនទាន់បានទំនាក់ទំនងមកលោក ដើម្បីសាកសួរព័ត៌មានពីសមាជិកគ្រួសារ ដែលបាត់នោះឡើយ។ លោកថា នៅពេលដែលឡានពេទ្យថៃដឹកសាកសពខ្លោចមកដាក់នៅប៉ោយប៉ែត លោកធ្លាប់សាកសួរគ្រូពេទ្យ ដើម្បីសុំឱ្យពិនិត្យឌីអិនអេ (DNA) រកប្រពន្ធរបស់លោកដែរ ប៉ុន្តែពេទ្យថាត្រូវបង់ប្រាក់ជាង៥រយដុល្លារ(៥០០$) ប៉ុន្តែលោកគ្មានលទ្ធភាពនោះទេ។ លោកអំពាវនាវដល់អាជ្ញាធរ និងម្ចាស់កាស៊ីណូជួយពន្លឿនស្វែងរក និងកំណត់អត្តសញ្ញាណសាកសពនៅសល់ ដើម្បីឱ្យប្រពន្ធលោកបានធ្វើបុណ្យពេញលេញតាមប្រពៃណី។
លោក ឃឹម វង្ស៖ «សំណូមពរឱ្យពួកគាត់ជួយរុករក ឆែកមើលឱ្យអ៊ីចឹងណាបង ដូចថាយើង ស្លាប់ក៏ស្លាប់ដឹង ដឹងរស់ឱ្យដឹងរស់អ៊ីចឹងណាបង ព្រោះអីលឺគេថាគេបញ្ជូនទៅថៃទៅអីច្រើនខ្ញុំទៅឆែកខ្លួនឯងអ៊ីចឹងសង្ស័យវាពិបាកណាបង។ ចង់អង្វរឱ្យគេជួយស្នើឆែកនៅខាងថៃខាងអីឱ្យអ៊ីចឹងណាបង ហើយ និងធ្វើកោសល្យវិច័យ។ ហៃមុនដែលគេដឹកសាកសពមកថា ដែលថាឆេះខ្លោចអស់ហ្នឹង ខ្ញុំចង់សួរគេ ចង់ឱ្យគេពិនិត្យឌីអិនអេ(DNA)តែគេថាអស់លុយអ៊ីចឹងណាបង។ ទាល់យើងអ្នកប្ដឹង ទៅអីយើង ទៅរកបណ្ដោយ បើថាយើងគ្មានណាគេមកដល់ផ្ទះយើងផងបង ប្រាប់ហើយបង តែគេប្រាប់ថាចាំថ្នាក់លើគេរៀបចំម៉េចៗ ដឹងម៉េចទេបងខ្ញុំពិបាកដែរ»។ហេតុការណ៍ឆេះកាស៊ីណូហ្គ្រេន ដាយមិន ស៊ីធីនៅក្រុងប៉ោយប៉ែតកម្លាំងសមត្ថកិច្ចកម្ពុជា និងថៃរកឃើញអ្នកស្លាប់២៦នាក់។
រដ្ឋលេខាធិការអចិន្ត្រៃយ៍ក្រសួងសុខាភិបាលប្រទេសថៃ លោកវេជ្ជបណ្ឌិត អូប៉ាស់ ការីឃ្វីនផុង(Ophas Karykwinpong) កាលថ្ងៃទី៨ ខែមករា បានបង្ហាញរបាយការណ៍ពីអគ្គីភ័យនៅ សណ្ឋាគារ Grand Diamond City & Casino Poipet ថាមានមនុស្សរងរបួសស្រាលជាង ១រយនាក់(១១៥) និងស្លាប់នៅកម្ពុជា២៥នាក់ ហើយស្លាប់នៅមន្ទីរពេទ្យថៃ ១នាក់ ហើយ១៩នាក់ជាជនជាតិថៃ។ របាយការណ៍ដដែលបញ្ជាក់ថា អាការៈជនរងគ្រោះ ដែលស្ថិតក្រោមការព្យាបាល គឺមានបញ្ហាផ្លូវដង្ហើមរងប៉ះពាល់ពីផ្សែង៧៦% បញ្ហាឆ្អឹង១២% និងរលាកភ្លើង១២%។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមអាដហុក (Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា អាជ្ញាធរគួរមានការប្រាស្រ័យទាក់ទងជាមួយគ្រួសារអ្នកបាត់ខ្លួន និងពន្លឿនការធ្វើកោសល្យវិច័យសព ដើម្បីឱ្យក្រុមគ្រួសារជនរងគ្រោះ និងសាច់ញាតិអ្នកបាត់ខ្លួនអស់ចិត្ត។ លោកថា អាជ្ញាធរត្រូវឆ្លើយតបជាក់លាក់ណាមួយ ទាក់ទងអត្តសញ្ញាណជនរងគ្រោះ ទៅកាន់សាច់ញាតិពួកគាត់ ដោយសារពេលវេលាកើតហេតុកន្លងទៅជិត២សប្តាហ៍មកហើយ។ លោកបន្តថា ករណីនេះ មានអ្នកស្លាប់ជាជនជាតិផ្សេងច្រើន ហើយសមត្ថកិច្ចកម្ពុជា គួរយកចិត្តទុកដាក់បង្ហាញសមត្ថភាពស្រាវជ្រាវស៊ើបអង្កេត ដើម្បីបង្កើនទំនុកចិត្តដល់ប្រទេសជិតខាងមកកម្សាន្តកម្ពុជា។
លោក ស៊ឹង សែនករុណា៖ «បើសិនជាការធ្វើចំណាត់ការ និងវិធានការ ដែលមិនត្រឹមត្រូវ និងមិនអាចទុកចិត្តបានបែបនេះ។ ចង់មិនចង់ក៏ជាផ្នែកមួយ នៃការកាត់បន្ថយ ឬក៏បណ្ដាប្រទេស ដែលជាមិត្តអន្តរជាតិទាំងអស់ហ្នឹង អាចគេណែនាំទៅដល់ប្រជាពលរដ្ឋគេ មិនឱ្យមកកម្សាន្ត មកប្រទេសកម្ពុជាយើងវិញ។ ដោយសារតែការទទួលខុសត្រូវរបស់យើង មិនបង្ហាញឱ្យគេមានជំនឿ និងទុកចិត្តបាន នៅពេលដែលមានឧបទ្ទវហេតុ ឬក៏គ្រោះថ្នាក់អ្វីមួយកើតឡើងបាទ»។
គិតមកត្រឹមថ្ងៃទី៩ មករា អគ្គីភ័យឆេះកាស៊ីណូនៅក្រុងប៉ោយប៉ែតមានរយៈពេល ១០ថ្ងៃហើយ ប៉ុន្តែសាច់ញាតិអ្នកធ្វើការនៅអាគារទាំងនេះមិនទាន់រកឃើញនៅឡើយ។ គ្រួសារជនរងគ្រោះ រិះគន់អាជ្ញាធរកម្ពុជាថា ធ្វើការយឺត និងមិនសូវអើពើជួយរកអ្នក ដែលបាត់ខ្លួននោះទេ និងឆាប់បិទបញ្ចប់ការរុករក។
កន្លងមកបុគ្គលិកមួយចំនួនដែលរស់រានគិតថា ជាការធ្វេសប្រហែសរបស់ក្រុមហ៊ុន ដែលគ្មានប្រព័ន្ធការពារសុវត្ថិភាព និងការជូនដំណឹងដល់អ្នកនៅក្នុងអាគារ ហើយការជួយសង្គ្រោះរបស់អាជ្ញាធរមិនទាន់ពេលវេលា ទើបបណ្ដាលឱ្យមានមនុស្សស្លាប់ច្រើន។
សង្គមស៊ីវិល និងសាច់ញាតិរបស់អ្នកបាត់ខ្លួន ទទូចដល់អាជ្ញាធរប្រទេសទាំងពីរភាគីអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងពន្លឿនការបញ្ជាក់អត្តសញ្ញាណអ្នកស្លាប់ និងអ្នកបាត់ខ្លួន ដើម្បីយកទៅធ្វើបុណ្យពេញលេញតាមប្រពៃណី ហើយផ្ដល់យុត្តិធម៌ដល់អ្នកស្លាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។