អាជ្ញាធរ​ចុះ​បង្ក្រាប​ក្លឹប​កម្សាន្ត ២​កន្លែង និង​ឃាត់ខ្លួន​មនុស្ស​ជិត​២៥០​នាក់​ករណី​គ្រឿងញៀន

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ទទូច​ឲ្យ​រដ្ឋាភិបាល​លុបបំបាត់​អំពើពុករលួយ និង​អំពើ​និទ្ទណ្ឌភាព ដើម្បី​លុប​ការ​ជួញដូរ​គ្រឿងញៀន​នៅ​កម្ពុជា។

ប្រធាន​សមាគមនិស្សិត​បញ្ញវន្ត​ខ្មែរ​លោក កើត សារ៉ាយ ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​៥ វិច្ឆិកា ថា លោក​បារម្ភ​ចំពោះ​អនាគត​យុវជន នៅពេល​គ្រឿងញៀន​នៅតែ​មាន​ចរាចរណ៍​នៅ​កម្ពុជា។ លោក​បន្ត​ថា បញ្ហា​គ្រឿងញៀន​នេះ បណ្ដាល​មក​ពី​ការ​គ្រប់គ្រង​ទំនិញ​ចេញចូល​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន និង​ការ​អនុវត្ត​ច្បាប់​ធូររលុង។

លោក កើត សារ៉ាយ៖ «នេះ​ហើយ​គឺ ជា​ក្ដី​បារម្ភ​ហើយ​មិនមែន​ជា​ការ​បារម្ភ​សម្រាប់​តែ​ខ្ញុំ​ម្នាក់​ទេ តែ​សង្គម​ស៊ីវិល​តែ​ម្នាក់​ទេ តែ​ត្រូវតែ​ជា​ការ​បារម្ភ​របស់​រាជ​រដ្ឋាភិបាល ហើយក៏​ដូចជា​ការ​បារម្ភ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ដែរ។ នៅ​ពេល​ដែល​គ្រឿងញៀន ចាប់​បានតែ​អ្នកប្រើប្រាស់ ប៉ុន្តែ​អ្នក​ចែកចាយ អ្នក​ជួញដូរ​ហ្នឹង គឺ​មិនអាច​ចាប់បាន ហើយ​បើ​ចាប់បាន គឺ​ផ្នែក​មួយ​តូច​បំផុត​ហើយ​យើង​ក៏​មើល​ឃើញ​ថា កំណើន​នៃ​ការ​ចែកចាយ​គ្រឿងញៀន​នៅតែ​ផុលផុស​ដដែល»។

ការ​លើក​ឡើង​នេះ ក្រោយ​កម្លាំង​មន្ទីរ​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កាលពី​យប់​ថ្ងៃទី​០៣ វិច្ឆិកា បាន​ចុះ​បង្ក្រាប​ក្លឹប​កម្សាន្ត​ពីរ​កន្លែង​គឺ ក្លឹប​កម្សាន្ត​ណាំប៊ឺរណាញ (Number 9) ស្ថិតនៅ​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌចំការមន និង​ក្លឹប​កម្សាន្ត​ឌ្រីប​១៣ (DRIP13) ស្ថិតនៅ​សង្កាត់​វត្តភ្នំ ក្នុង​រាជធានី​ភ្នំពេញ និង​បាន​ឃាត់ខ្លួន​មនុស្ស​២៤៧ នាក់ ដើម្បី​សាកសួរ ធ្វើតេស្ត​រក​សារធាតុ​ញៀន ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ។

វិទ្យុ​អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​ទាក់ទង​អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួលបន្ទុក​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន លោក ម៉ក់ ជីតូ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ពី​បញ្ហា​នេះ បន្ថែម​បានទេ​នៅ​ថ្ងៃទី​៥ វិច្ឆិកា។

ការ​បង្ក្រាប​ករណី​គ្រឿងញៀន​នេះ ត្រូវ​បាន​សង្គម​រិះគន់​ថា ជា​ការ​ឃាត់ខ្លួន​បាន​ត្រឹមតែ​អ្នកប្រើប្រាស់ និង​អ្នក​ចែកចាយ​តែប៉ុណ្ណោះ ចំណែកឯ​មេខ្លោង​ជួញដូរ ដែល​ជា​អ្នកមាន​លុយ មានអំណាច អាជ្ញាធរ​គ្មាន​សមត្ថភាព​ឃាត់ខ្លួន​នោះ​ទេ​។ បើ​ទោះ​ជា​ឃាត់ខ្លួន​អ្នក​ទាំង​នោះ​បាន​ក្ដី ក៏​ពួកគេ​អាច​រួចខ្លួន​វិញ បន្ទាប់ពី​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​មួយ​រយៈ ដូច​ករណី​បងប្រុស​ឧកញ៉ា គិត ម៉េង គឺ​ឧកញ៉ា គិត ធាង ដែល​ចាត់ចែង​សម្របសម្រួល​ឲ្យ​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ និង​សមគំនិត ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ជិត​៥០ (៤៩,៤៤) គីឡូក្រាម នៅក្នុង​ក្លឹប​កម្សាន្ត​មួយ​កន្លែង​នៅ​ភ្នំពេញ ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​កាត់ទោស​ជាប់​ពន្ធនាគារ​ត្រឹមតែ​រយៈពេល​៤​ឆ្នាំ និង​ត្រូវ​សាលាឧទ្ធរណ៍​ដោះលែង ក្រោយ​ពី​អនុវត្ត​ទោស​ត្រឹមតែ ២​ឆ្នាំ​ប៉ុណ្ណោះ នៅ​បន្ទប់​ពិសេស នៃ​មន្ទីរពេទ្យ​មួយ​កន្លែង​ក្រៅ​ពន្ធនាគារ។

របាយការណ៍​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បង្ហាញ​ថា នៅក្នុង​ឆ្នាំ២០២២ មាន​មនុស្ស​ជាង​១​ម៉ឺន​៥​ពាន់​នាក់ (១៥.០០០) ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន និង​រឹបអូស​បាន​គ្រឿងញៀន​ជិត​១៥​តោន ព្រមទាំង​សារធាតុ​គីមី​ផ្សំ​ចំនួន​ជាង ៥០៤​តោន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។