សមត្ថកិច្ចខេត្តព្រះសីហនុចាប់ខ្លួនបុរសជនជាតិចិន ៤នាក់ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនជាច្រើនប្រភេទ ដែលលាក់ទុកក្នុងបន្ទប់ជួល ២កន្លែងផ្សេងគ្នា នៅសង្កាត់លេខ២ និងសង្កាត់លេខ៤ ក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី១២ តុលា។
ប្រភេទគ្រឿងញៀនដែលសមត្ថកិច្ចរកឃើញនោះ មានម្សៅក្រាម ស ថ្លា រុក្ខជាតិក្រៀម ថ្នាំគ្រាប់មេតំហេ្វតាមីន ថ្នាំញៀនអ៊ិចស្តាស៊ីប្រភេទទឹក និងម្ស៉ៅ (MDMA) និងម្សៅក្រាមពណ៌ប្រផេះ សង្ស័យជាសារធាតុញៀន សរុបចំនួន ៣៧កញ្ចប់តូចៗ។
បច្ចុប្បន្ន ជនជាតិចិនទាំងនោះ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង និងបញ្ជូនខ្លួនទៅតុលាការខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនីតិវិធី។
វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមរឿងនេះ ពីស្នងការខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានទេ នៅថ្ងៃទី១៣ តុលា ដោយហៅទូរស័ព្ទចូល តែពុំមានអ្នកទទួលមានទទួល។
ទាក់ទងនឹងបញ្ហានេះ ប្រធានមជ្ឈមណ្ឌលដើម្បីប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍ លោក យង់ គឹមអេង សង្កេតឃើញថា បញ្ហាគ្រឿងញៀន ដែលមិនចេះថមថយនេះ គឺដោយសារតែការអនុវត្តច្បាប់ទន់ខ្សោយ ដែលធ្វើឲ្យឈ្មួញជួញដូរគ្រឿងញៀន នៅតែមានសេរីភាពអាចធ្វើអាជីវកម្មនេះបានដដែល។
លោកស្នើដល់អាជ្ញាធរមានសមត្ថកិច្ច បន្តស្វែងរកចាប់ខ្លួនមេជួញដូរគ្រឿងញៀនធំៗ ដែលសម្ងំលាក់ខ្លួនក្នុងប្រទេស មកដាក់ទោសតាមច្បាប់ ឲ្យខាងតែបាន ដើម្បីបញ្ឈប់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅទូទាំងប្រទេស។
ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២១ អាជ្ញាធរកម្ពុជាបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ៩.៨២៨នាក់និងគ្រឿងញៀនសរុប ១.០៤៩គីឡូក្រាម។ ក្នុងចំណោមជនសង្ស័យទាំងនោះ មានមនុស្ស ៦.០៤៤នាក់ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ហើយមនុស្ស ៣.៧៨៤នាក់រួមទាំងជនបរទេស ២១៧នាក់ទៀត ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានបណ្ដេញចេញជនជាតិចិនសរុបចំនួន ៧៥នាក់ ក្នុងនោះមានស្ត្រីចំនួន ៨នាក់ ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២១ នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។