អាជីវករ​លក់​បន្លែ​មិន​អនុញ្ញាត​ឲ្យ​លក់​បោះ​ដុំ និង​យក​ទៅ​លក់​បន្ត​បាន​ទេ ក្នុង​ពេល​បិទ​ខ្ទប់​ភ្នំពេញ

ក្នុង​អំឡុង​រដ្ឋ​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ​ទាំងមូល ក្រុម​អាជីវករ​លក់​បន្លែ​បោះ និង​អ្នក​យក​បន្លែ​ទៅ​លក់​បន្ត​តាម​ភូមិ លើកឡើង​ថា អាជ្ញាធរ ដែល​ឈរជើង​យាម​តាម​ដងផ្លូវ​រារាំង​ពួកគាត់ ដោយ​ឃាត់ខ្លួន​ទុក​អស់​ជាច្រើន​ម៉ោង ទើប​ដោះលែង​វិញ ទោះ​មាន​លិខិតស្នាម​ចេញ​អាជ្ញាធរ​មូលដ្ឋាន​ក៏ដោយ​។ ពួកគាត់​ស្នើសុំ​អាជ្ញាធរ​រិះរក​ទីតាំង​ណាមួយ​ក្នុង​ទីក្រុង ឲ្យ​ក្រុម​អាជីវករ​លក់​បន្លែ ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព និង​បំពេញ​តម្រូវការ​ប្រចាំថ្ងៃ​ដល់​អ្នក​ទិញ។

ការ​បិទ​ខ្ទប់​ទីក្រុង​ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​ជំងឺ​កូវីដ១៩ មួយ​រយៈពេល​មក​នេះ បង្ក​ឲ្យ​អាជីវករ​លក់​បន្លែ ខាតបង់​ដើម​ទុក​អស់​ច្រើន ដោយសារ​ពួកគេ​មិន​ដឹក​បន្លែ​លក់​ចែកចាយ​បាន​ក្នុង​ក្រុង បាន​ដូច​ពីមុន។

អ្នក​ចែកចាយ​បន្លែ​បោះ​ដុំ លោក ស៊ុន សំបូរ ឲ្យ​ដឹង​កាល​ពី​ថ្ងៃទី​២១ មេសា ថា កម្លាំង​សមត្ថកិច្ច​ប្រចាំការ​នៅ​ស្ពាន​ក្បាលថ្នល់ ឃាត់​ដំណើរ​លោក មិន​ឲ្យ​ដឹក​ត្រកួន កញ្ឆែត និង​ភ្លៅ​កង្កែប ប្រមាណ​ជាង​៤០០​គីឡូក្រាម តាម​រ៉ឺម៉ក ទៅ​លក់​នៅ​ផ្សារ​នាគមាស ក្រោម​ហេតុផល​ថា ហាម​រាល់​ការ​ធ្វើ​ដំណើរ​ទាំងអស់ ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ១៩ តាម​បម្រាប​របស់​រដ្ឋាភិបាល។

លោក​បន្ត​ថា ខាង​អាជ្ញាធរ​មិន​ប្រាប់​ពី​តាំង​ជាក់លាក់​ណាមួយ ដែល​អាច​ឲ្យ​ពួកគាត់​លក់​បន្លែ​ដើម្បី​បំពេញ​តម្រូវ​អ្នកទិញ​បាន​ឡើយ ក្រៅពី​ដេញ​ពី​មួយ​កន្លែង​ទៅ​កន្លែង​ទៀត​។ បុរស​វ័យ​៣៦​ឆ្នាំ​រូប​នេះ បញ្ជាក់​ថា បើ​លោក​កាត់​បន្លែ​ទាំងនោះ​យក​មក​ដុំ នៅ​តាម​ផ្សារ​ធំៗ​ទេ អាច​នឹង​ត្រូវ​ខូច​រង​ដាំ​បន្លែ ដោយ​ចំណាយ​លុយ​ច្រើន​ជួល​កម្លាំង​មនុស្ស​ស្ដារ​រង និង​ទិញ​ពូជ​ដាំ​សា​ឡើងវិញ៖ «ទៅ​ទាំង​ពិបាក​ដូចគ្នា​អ៊ីចឹង​បង។ ទៅ​គេ​ដេញ​ដូច​តែ​គ្នា​។ ដូច​១​រយ ២​រយ​គីឡូ​អ៊ីចឹង ចេះតែ​ដើរ​ដឹក​តាម​គ្រប់​ផ្សារ តាមផ្លូវ​អី​មាន​នរណា​សួរ​ទិញៗ​ទៅ​។ តាំងពី​ផ្ទុះ​ជំងឺ​ហ្នឹង​មក រកស៊ី​អត់​ទៅ​មុខ​ទេ នៅ​ជំពាក់​គេ​ថែម​។ ទី​១​យើង​មាន​បន្លែ យើង​លក់​អត់​ចេញ ដោយសារ​បងប្អូន​មួយចំនួន គេ​បិទ​តំបន់​គាត់​ឈឹងៗ​អ៊ីចឹង​ទៅ​។ អ៊ីចឹង​គាត់​អត់​បាន​ចេញ​ទិញ​អី​ទេ​។ ពួកគាត់​អត់​បាន​ឡើង​មក​ដែរ​។ នៅ​ភ្នំពេញ​មិនមែន​លក់​តែ​យើង​ឯណា ព្រោះ​យើង​លក់​អត់​អស់។ វា​ប្រឈម​មុខ​នឹង​ការ​ខាត​ច្រើន»។

ស្រដៀង​គ្នា​នេះ អាជីវករ​ម្នាក់ទៀត ដែល​ធ្វើ​ដំណើរ​ទៅ​ទិញ​បន្លែ​បោះ​ដុំ​នៅ​ផ្សារ​ដើម​គ យក​មក​លក់រាយ​នៅ​សង្កាត់​ដង្កោ លោក អ៊ី រ៉េន ថ្លែង​ថា សមត្ថកិច្ច​ឃាត់ខ្លួន​លោក​ទុក​អស់​ជាង​១២​ម៉ោង រួច​ដោះលែង​វិញ ដោយ​ព្រមាន​ឲ្យ​ធ្វើ​កិច្ចសន្យា​ឈប់​ធ្វើ​ដំណើរ​ទៀត ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​ទីក្រុង​នេះ​។ ក្នុង​ពេល​ឃាត់ខ្លួន​នោះ លោក​ក៏​បាន​បង្ហាញ​លិខិត​ធ្វើដំណើរ​ចេញ​ដោយ​ចៅសង្កាត់ ជូន​សមត្ថកិច្ច​មើល​ដែរ ប៉ុន្តែ​ពួកគេ​ហាក់​មិន​ខ្វល់​នឹង​លិខិត​នោះ​ទេ ហើយ​ថែមទាំង​ប្រើ​ពាក្យ​មិន​សមរម្យ​ទៀត​។​លោក អ៊ី រ៉េន ដែល​មាន​កូន​៣​នាក់​រស់នៅ​ផ្ទះ​ជួល ស្នើសុំ​អាជ្ញាធរ​គួរ​កំណត់​យក​ទីតាំង​ណាមួយ ដើម្បី​ឲ្យ​ពលរដ្ឋ​អាច​ទិញ​បន្លែ​យក​ទៅ​លក់​ត​នៅ​ភូមិ ដើម្បី​បំពេញតម្រូវការ​ហូបចុក​របស់​ពលរដ្ឋ​ដែល​កំពុង​ជាប់​ខ្ទប់​ដោយសារ​ជំងឺ​កូវីដ៖ «​ចង់​ថា ឲ្យ​អាជ្ញាធរ​ប្រកាស​ទៅ ដាក់​ទីតាំង​កន្លែង​ណា​ឲ្យ​ប្រជា​ពលរដ្ឋ ទៅ​យក​បន្លែ​កន្លែង​ហ្នឹង​ទៅ​។ ឥឡូវ​ដូច​ថា ផុត​ផ្សារ​ដើម​គ អ៊ីចឹង ផុត​ផ្សារ​ណាមួយ​ស្ដុក​បន្លែ​ទៅ ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ទិញ​កន្លែង​ហ្នឹង​ទៅ​។ ដល់​គាត់​បិទ​អ៊ីចឹង ប្រជាពលរដ្ឋ​ធ្លាប់​ទៅ​ទិញ​បន្លែ​នៅ​ផ្សារ​ដើម​គ ឲ្យ​ពលរដ្ឋ​ទៅ​ទិញ​បន្លែ​នៅ​កន្លែង​ណា​ទៅ។ យប់មិញ ខ្ញុំ​ទាល់​ចំណេះ​ហើយ លើកដៃ​សំពះ​ប៉ូលិស​ហើយ​គេ​ថា​ឲ្យ​យើង​ខ្លាំងៗ​ដែរ ពួក​ឯង​ហ្នឹង គេ​ប្រាប់​ហើយ​នៅតែ​មិន​ស្ដាប់​គេ​ទេ បាន​តែ​ប្រទះ​រនាប ទាត់​ហ្អែង​ឲ្យ​ឆ្អល់ៗ​។ គាត់​និយាយ​អ៊ីចឹង​ហ្មង​។ ពួក​សមត្ថកិច្ច​ណា៎​បង» ។

ទាក់ទង​នឹង​រឿង​នេះ អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃទី​២២ មេសា ថា ចំពោះ​ពលរដ្ឋ​ដែល​មាន​លិខិតស្នាម ឬ​ប័ណ្ណ​ដោយ​អាជ្ញាធរ​មូលដ្ឋាន ខាង​សមត្ថកិច្ច​ប្រចាំការ​តាម​គោល នៅតែ​អនុញ្ញាត​ឲ្យ​ពួកគាត់​ធ្វើដំណើរ​បាន​។ លោក បញ្ជាក់​ថា ការ​ឃាត់ខ្លួន​សួរនាំ​ពី​សមត្ថកិច្ច ដោយ​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា អំឡុង​ពេល​បិទ​ខ្ទប់​ទីក្រុង​នេះ ដោយសារតែ​ពួកគាត់​គ្មាន​លិខិត​ដែល​ដោយ​ចេញ​អាជ្ញាធរ​សង្កាត់ ឬ​ខណ្ឌ ដែល​ពួកគាត់​រស់នៅ៖ «មិនមែន​ទេ បើសិនជា​ជាក់ស្ដែង​មាន​អ្វី​ថា ខាង​អាជ្ញាធរ​ណែនាំ​ឲ្យ​គាត់​មាន​លិខិត​ត្រឹមត្រូវ ព្រោះ​មូលដ្ឋាន​ឥឡូវ​គេ​ឲ្យ​បញ្ជាក់​ចេញ​តាម​សាលា​ខណ្ឌ​។ បើ​គាត់​មាន​លិខិត​ត្រឹមត្រូវ មិន​មាន​អ្នក​ទៅ​ឃាត់​ទេ​។ បើ​គាត់​ត្រឹមត្រូវ យើង​អនុញ្ញាត​ឲ្យ​គាត់​ធ្វើដំណើរ លើកលែងតែ គាត់​ចេញ​គឺ​អត់​មាន​ឯកសារ​អ្វី​ទាំងអស់​។ យើង​ឃាត់​ដើម្បី​ចាប់​ពិន័យ​អន្តរកាល។ មិនមែន​យើង​ចេះតែ​ពិន័យ​ទេ បើសិន​គាត់​មាន​ឯកសារ​គ្រប់គ្រាន់​តាម​វិធានការ​របស់​រដ្ឋបាល»។

អាស៊ីសេរី មិនអាច​សុំ​ការ​ឆ្លើយ​តប ទាក់ទង​នឹង​សំណើ​របស់​ក្រុម​អាជីវករ​នេះ ពី​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង នៅ​ថ្ងៃទី​២២ មេសា បានទេ ដោយ​ទូរស័ព្ទ​រោទ៍​តែ​ពុំ​មាន​អ្នក​ទទួល។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ លើកឡើង​ថា ក្នុង​ដំណាក់កាល​ពិបាក​ស្វែងរក​បន្លែ​ត្រី​សាច់​បរិភោគ​នេះ អាជ្ញាធរ​គួរ​សម្រួល​ជួយ​ដល់​ក្រុម​អាជីវករ ដែល​ដាំ​បន្លែ​បាន​ផ្គត់ផ្គង់​តម្រូវ​ការ​ចាំបាច់ ដោយ​ផ្ដល់​ទីតាំង​ណាមួយ​សម្រាប់​ចែកចាយ ដល់​អ្នកទិញ​យក​ទៅ​លក់​បន្ត៖ «ខ្ញុំ​ថា វា​ជា​រឿង​មួយ​ដែល​ធ្វើ​មិន​សម​ហេតុផល ព្រោះ​ប្រជាពលរដ្ឋ​លក់​បន្លែ តាម​ផ្សារ របស់​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​លក់​បន្លែ​ត្រី​សាច់ ហូប​ចុក​ប្រចាំថ្ងៃ ប៉ុន្តែ​ហេតុអ្វី​មក​ដេញ​គាត់​អ៊ីចឹង វា​មិន​ទៅ​តាម​អ្វី​ដែល​ប្រមុខ​រដ្ឋាភិបាល​លើកឡើង​កាល​ពី​មុន​នោះ​។ អ៊ីចឹង​ ! ត្រូវ​បង្ក​លក្ខណៈ​ឲ្យ​ពួកគាត់​បាន​លក់​ផង​។ រាល់ថ្ងៃ​នេះ សូម្បី​កន្លែង​ខ្ញុំ​រក​បន្លែ​ទិញ​ក៏​អត់​មាន​ដែរ​។ ត្រូវ​ឲ្យ​គាត់​លក់ មិន​គួរ​ដេញ​គាត​អ៊ីចឹង​ទេ​ !»។

ចាប់​តាំង​ផ្ទុះ​ជំងឺ​កូវីដ​ខ្លាំង និង​ចេញ​បម្រាប​បិទ​ទីក្រុង អាជ្ញាធរ​សម្រេច​បិទ​ផ្សារ​មួយ​ចំនួន មាន ផ្សារ​ដើម​គ ផ្សារ​អូរឫស្សី ផ្សារ​អូឡាំពិក ផ្សារ​កណ្ដាល ផ្សារ​ត្រពាំង​ថ្លឹង ផ្សារ​ឯករាជ្យ​៣ ផ្សារ​បឹងត្របែក​ផ្លា​ហ្សា និង​ផ្សារ​ទួល​សង្កែ ជា​បណ្ដោះអាសន្ន ក្រោយពី​រក​ឃើញ​អាជីវករ និង​ពលរដ្ឋ​មួយចំនួន​មាន​វិជ្ជមាន​វីរុស​កូវីដ-១៩ នៅ​តាម​ទីតាំង​ទាំងនោះ។

ក្រុម​អាជីវករ​ទទូច​ស្នើសុំ​ទីតាំង​ថ្មី​ដើម្បី​លក់ដូរ ដោយ​កំណត់​គម្លាត​អាជីវករ​លក់​បន្លែ​ត្រី​សាច់​ដល់​ប្រជា​ពលរដ្ឋ​ទូទៅ តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។