អាជ្ញាធរកម្ពុជាត្រៀមបញ្ជូនជនជាតិចិន ៣៦នាក់ ត្រឡប់ទៅប្រទេសចិនវិញ ក្រោយពេលពួកគេលួចចូលក្នុងខេត្តព្រះសីហនុ ដោយខុសច្បាប់ តាមកប៉ាល់ធំមួយគ្រឿង មានដោតទង់ជាតិកម្ពុជា។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងសាកសួរជនជាតិចិនទាំងនោះនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ចំណែកកប៉ាល់ដែលលួចដឹកជនជាតិចិននោះ ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុ រក្សាទុកបណ្ដោះអាសន្ន នៅទីបញ្ជាការអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ។
អាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមលើរឿងនេះ ពីអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន្តលោក កែវ វណ្ណថន និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៧ ខែកក្កដា ដោយទូរស័ព្ទចូលជាច្រើនដង តែពុំមានអ្នកទទួល។
អគ្គស្នងការនគរបាលជាតិ ផ្សាយឲ្យដឹងថា កម្លាំងល្បាតរបស់អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ឃាត់កប៉ាល់មួយគ្រឿង ឈ្មោះ តុងហាយ (Tong Hay) ដែលមានជនជាតិចិន ៣៦នាក់ និងខ្មែរ ២នាក់ ធ្វើដំណើរចេញពីកំពង់ផែហ៊្វូអាន (Fou An) ខេត្តហ៊្វូចៀន (Fou Chean) ចូលក្នុងភូមិសាស្ត្រកោះរុងសន្លឹម ក្រុងកោះរុង ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែកក្កដា។
ជុំវិញរឿងនេះ សង្គមស៊ីវិលលើកឡើងថា ជនជាតិចិនទាំងនោះ គួរតែត្រូវបានតុលាការជំនុំជម្រះពីបទឆ្លងដែនខុសច្បាប់ជាមុនសិន មុននឹងសម្រេចបញ្ជូនពួកគេចេញទៅប្រទេសកំណើតវិញ។
អនុប្រធានអង្គការលីកាដូទទួលបន្ទុកសិទ្ធិមនុស្សលោក អំ សំអាត មានប្រសាសន៍ថា ប្រសិនមានមន្ត្រីណាជាប់ពាក់ព័ន្ធអំពើពុករលួយអនុញ្ញាតឱ្យជនជាតិចិនចូលមកកម្ពុជាបាន តាមផ្លូវទឹកឬផ្លូវគោក ដោយគ្មានឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនត្រឹមត្រូវ មន្ត្រីនោះត្រូវតែទទួលខុសត្រូវតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩។
គិតក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២១ នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានបណ្ដេញចេញជនជាតិចិនសរុបចំនួន ៧៥នាក់ ក្នុងនោះមានស្ត្រីចំនួន ៨នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។