អាជ្ញាធរ​កម្ពុជា និង​វៀតណាម​ជួយសង្គ្រោះ​ជនជាតិ​វៀតណាម​ដែល​ចាញ់​បោក​គេ​ជាង​៦០០​នាក់

អាជ្ញាធរ​កម្ពុជា និង​វៀតណាម បាន​សហការ​គ្នា​ជួយសង្គ្រោះ​ពលរដ្ឋ​វៀតណាម​ជាង​៦០០​នាក់ ដែល​ចាញ់បោក​គេ​ឲ្យ​មក​ធ្វើការ​នៅ​កម្ពុជា។

សារព័ត៌មាន​វៀតណាម (VietNam News) បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​២ កញ្ញា ថា​មនុស្ស​ជាង​៦០០​នាក់​នេះ ត្រូវ​បាន​ចាញ់បោក និង​ការ​ល្បួង​ឲ្យ​ចូល​មក​ធ្វើការ​នៅ​កម្ពុជា​ខុសច្បាប់​។ អាជ្ញាធរ​កម្ពុជា និង​ទីភ្នាក់ងារ​តំណាង​របស់​វៀតណាម​បាន​សហការ​ជាមួយ​ក្រសួង​ការបរទេស​កម្ពុជា កំពុង​រៀបចំ​បញ្ជួន​ពួកគេ​ទៅ​ប្រទេស​វៀតណាម​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ។

ទោះបីជា​យ៉ាងនេះ​ក្ដី សារព័ត៌មាន​ដដែល​មិន​បាន​បញ្ជាក់​ច្បាស់​ជនជាតិ​វៀតណាម​ជាង ៦០០​នាក់ ត្រូវ​បាន​គេ​ជួយសង្គ្រោះ​ពី​ទីតាំង​ណា ហើយ​ឥលូវ​នេះ​គេ​យក​ទៅ​ដាក់​កន្លែង​មាន​សុវត្តិភាព​ណា​នៅ​ឡើយ​ទេ។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ដើម្បី​សុំ​សួរ​អំពី​បញ្ហា​នេះ​បន្ថែម​បាន​ទេ កាលពី​យប់​ថ្ងៃទី​២ កញ្ញា។

កាលពី​ថ្ងៃទី​១ ខែកញ្ញា​អាជ្ញាធរ​កម្ពុជា​ប្រគល់​ពលរដ្ឋ​វៀតណាម​ចំនួន ២៦ នាក់​ដែល​ចាញ់បោក​គេ​មក​ធ្វើការ​នៅ​កម្ពុជា ឲ្យ​ទៅ​ឆ្មាំ​ព្រំដែន​ខេត្ត អាន យ៉ាង (An Giang) នៃ​ខេត្ត​តាម​ដង​ទន្លេមេគង្គ​និង​កងកម្លាំង​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ Tinh Bien។

ប្រធាន​ប៉ុស្តិ៍​ការពារ​ព្រំដែន​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ តិញបៀ​ន (Tịnh Biên) លោក​វរសេនីយ៍ទោ លោក ត្រាំង ហូហៀប (Trần Hoa Hiệp) បាន​ប្រាប់​សារព័ត៌មាន​វៀតណាម​ថា ក្នុងចំណោម​មនុស្ស​ទាំង​២៦​នាក់​នេះ មាន​ស្ត្រី ៣​នាក់ និង​បុរស ២៣ នាក់ ក្នុង​នោះ​មាន ១១​នាក់​ពាក់ព័ន្ធ​កាស៊ីណូ Rich World ដែល​កម្មករ​ជាច្រើន​បាន​ព្យាយាម​រត់​ចេញ​ពី​ទីកន្លែង​បង្ខាំង​នៅក្នុង​កាស៊ីណូ កាល​ពី​ថ្ងៃទី​១៨ សីហា​កន្លង​ទៅ។

កាលពី​ថ្ងៃទី​១៨ ខែ​សីហា មនុស្ស​ចំនួន​៤០​នាក់ ក្នុង​នោះ​ប្រុស​៣៥​នាក់ បាន​រត់​គេច​ខ្លួន​ចេញ​កន្លែង​ឃុំឃាំង​នៅក្នុង​កាស៊ីណូ Rich World ស្ថិត​ក្នុង​ឃុំ​សំពៅពូន ស្រុក​កោះធំ ខេត្តកណ្តាល​។ ពួកគេ​បាន​ហែល​ឆ្លងទន្លេ ប៊ិញឌី ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ។ ក្នុង​ពេល​ហែល​ទឹកទន្លេ​នោះ មាន​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត ត្រូវ​បាន​សន្តិសុខ​កាស៊ីណូ​ចាប់​ខ្លួន។

ទាក់ទង​នឹង​ជនជាតិ​ចិន​ឆក​បោក​តាម​អនឡាញ​យក​ជនបរទេស​ឲ្យ​មក​ធ្វើការ​នៅ​កម្ពុជា​ហើយ​ចាប់​បង្ខាំង​នេះ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ឯណោះ​វិញ កាលពី​ថ្ងៃទី​១ កញ្ញា បាន​ប្រកាស​ពី​ការ​រឹត​បន្តឹង​ជនជាតិ​របស់​ខ្លួន​មិន​ឲ្យ​កម្ពុជា​ដែរ។ ការ​ប្រកាស​រឹត​បន្តឹង​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​នេះ នៅ​ក្រោយ​ពី​ជនជាតិ​ឥណ្ឌូណេស៊ី​រាប់​សិប​នាក់ កាលពី​ខែ​សីហា ត្រូវ​បាន​ក្រុម​ជនជាតិ​ចិន​ចាប់​បង្ខាំង​ឲ្យ​ធ្វើការ​នៅ​កាស៊ីណូ​ក្នុង​ខែត្រ​ព្រះសីហនុ ដែល​ជា​តំបន់​អភិវឌ្ឍន៍​កន្លែង​ក្លាយ។

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី អ្នកស្រី រ៉េតណូ ម៉ាស៊ូឌី ( Retno Marsudi) បាន​ប្រាប់​សភា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១ កញ្ញា ថា ពលរដ្ឋ​ឥណ្ឌូណេស៊ី​ជាច្រើន​នាក់ ត្រូវ​បាន​ជន​ឆបោក​ឲ្យ​មក​ធ្វើការ​នៅ​កម្ពុជា តាមរយៈ​ការ​សន្យា​ថា ឲ្យ​ប្រាក់ខែ​ខ្ពស់​។ អ្នកស្រី​បន្ថែម​ថា ការ​ឆបោក​នេះ បាន​កើត​ឡើង​យ៉ាង​គំហុក បើ​ប្រៀបធៀប​កាល​ពី​ឆ្នាំ​២០២១ មាន​ចំនួន ១១៩​នាក់ រីឯ​ឆ្នាំ​២០២២ គិត​ត្រឹម​ខែសីហា​បាន​កើត​ដល់ ៤៤៦​នាក់។

អ្នកស្រី​បន្ថែម​ថា កាល​ពី​ដើម​ខែ​សីហា អ្នកស្រី​បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ អំពី​ការ​ឆបោក​តាម​អនឡាញ ពិសេស​ការ​ចាប់​បង្ខាំ​ពលរដ្ឋ​ឥណ្ឌូណេស៊ី​ឲ្យ​ធ្វើការ​នៅ​ក្រុងព្រះសីហនុ ដែល​រួម​ទាំង​ធ្វើ​ទារុណកម្ម​ផង​នោះ។ អ្នកស្រី​បន្ថែម​ថា នៅក្នុង​ខែ​កក្កដា និង​ខែសីហា អាជ្ញាធរ​បាន​ជួយសង្គ្រោះ​ពលរដ្ឋ​ឥណ្ឌូណេស៊ី​ចំនួន ២៤១​នាក់​ចេញ​ពី​ខែត្រ​ព្រះសីហនុ ដែល​ជា​តំបន់​កាស៊ីណូ​របស់​ចិន។

ក្រសួង​មហាផ្ទៃ​ឱ្យដឹង​ថា គិត​ត្រឹម​ថ្ងៃទី១ ខែ​មករា ដល់​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០២២ សមត្ថកិច្ច​បាន​រក​ឃើញ និង​ជួយសង្គ្រោះ​ជនបរទេស​ចំនួន ៨៧​ករណី ស្មើនឹង​៨៦៥​នាក់ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ តុលាការ​ចំនួន ១៧​ករណី ក្នុង​នោះ​មាន ជនសង្ស័យ​ចំនួន ៦០​នាក់។

របាយការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក​ស្ដីពី​ការ​ជួញដូរ​មនុស្ស​ឆ្នាំ​២០២២ ចេញ​ផ្សាយ​កាល​ពី​ខែ​កក្កដា បាន​ទម្លាក់​ចំណាត់ថ្នាក់​កម្ពុជា​ចុះ​មក​លំដាប់​ទី​៣ ដែល​មានន័យថា អាក្រក់​បំផុត និង​ពុំ​ធ្លាប់​មាន​ទេ ចាប់​តាំង​ពី​ឆ្នាំ​២០១៥ មក។ របាយការណ៍​អាមេរិក​បង្ហាញ​ថា កម្ពុជា​ដើរ​ថយក្រោយ និង​គ្មាន​ឆន្ទៈ​ក្នុង​ការ​លុបបំបាត់​ការ​ជួញដូរ​មនុស្ស ដោយសារតែ​បញ្ហា​អំពើពុករលួយ​ជា​ប្រព័ន្ធ ដែល​បាន​រារាំង​ដល់​ការអនុវត្ត​ច្បាប់​លើ​ក្រុម​ជនល្មើស ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​មនុស្ស​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។