សមត្ថកិច្ច​បាត់ដំបង​បញ្ជូន​អ្នក​សារព័ត៌មាន និង​ពលរដ្ឋ​ ២​នាក់​ទៅ​តុលាការ​រឿង​តវ៉ា​សមត្ថកិច្ច​ឱ្យ​ផ្អាក​ពិនិត្យ​រថយន្ត​ដឹក​កសិផល

0:00 / 0:00

សមត្ថកិច្ច​បញ្ជូន​ប្រជាពលរដ្ឋ ៣​នាក់ ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​រសៀល​ថ្ងៃទី​១២ កក្កដា។ ការ​បញ្ជូន​នេះ​ធ្វើឡើង​បន្ទាប់​ពី​សមត្ថកិច្ច​បញ្ចប់​ការសាកសួរ​ពលរដ្ឋ​ ៤​នាក់​នៅ​ស្រុក​ភ្នំព្រឹក ពាក់ព័ន្ធ​រឿង​កៀរគរ​ពលរដ្ឋ​តវ៉ា​ប្រឆាំង​នឹង​សមត្ថកិច្ច​ដាក់​ជញ្ជីង​ចល័ត​ត្រួត​ពិនិត្យ​រថយន្ត​ដឹក​ពោត​របស់​កសិករ។ សាច់ញាតិ​ពលរដ្ឋ​ចាត់ទុក​ការ​ចាប់​ខ្លួន​នេះ គឺជា​រឿង​អយុត្តិធម៌ និង​ជា​ការ​ធ្វើបាប​កសិករ​ក្រីក្រ។ សង្គម​ស៊ីវិល​យល់​ឃើញ​ថា ការ​ចាប់​ខ្លួន​ពលរដ្ឋ​នេះ គឺជា​ការ​គំរាមកំហែង​ដល់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ ហើយ​អំពាវនាវ​ដល់​សាលាដំបូង​ខេត្ត​បាត់ដំបង​ឱ្យ​ដោះលែង​ប្រជាពលរដ្ឋ​ឱ្យ​មាន​សេរីភាព​វិញ។

ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង បាន​បញ្ជូន​ប្រជា​ពលរដ្ឋ​៣​នាក់ ទៅ​នៅ​សាលាដំបូង​ខេត្ត ក្រោយ​ពី​បាន​ឃុំខ្លួន​សួរ នាំ​ខ្លួន នៅ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​អស់​រយៈ​ពេល​ ២​ថ្ងៃ ពាក់ព័ន្ធ​នឹង​ការ ចោទ​ប្រកាន់​ថា បាន​កៀរគរ​ប្រជាពលរដ្ឋ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា ឱ្យ​អាជ្ញាធរ និង​ក្រុម​ជញ្ជីង​ចល័ត​ផ្អាក​ត្រួត​ពិនិត្យ រថយន្ត​ថៃ​ដឹក​ពោត​របស់​កសិករ​ទៅ​លក់​ប្រទេស​ថៃ។

អាជ្ញាធរ​បាន​ឃាត់ខ្លួន​អ្នក​ទាំង​៣ កាលពី​រសៀល​ថ្ងៃទី​១០ កក្កដា ស្ថិត​ក្នុង​ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក។

​សាច់ញាតិ​អ្នក​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ស្នើ​ដល់​សាលាដំបូង​ពិចារណា ដោះលែង​គ្រួសារ​ពួកគាត់​មកវិញ ព្រោះ​ពួកគាត់​យល់​ថា ការ​ចាប់ខ្លួន​នេះ​ជា​រឿង​អយុត្តិធម៌។

មនុស្ស​៣​នាក់​ដែល​ត្រូវ​បញ្ជូន​ខ្លួន​នៅ​សាលាដំបូង​រួមមាន លោក សែម ឌីយ៉ា អ្នក​សារព័ត៌មាន​បាត់ដំបង​ប៉ុស្តិ៍ លោក ហ៊ឹម ចាន់គ្រឹះ​ស្នា កូន​ម្ចាស់​សៃឡូ ឬ​កន្លែង​ប្រមូល​ទិញ​ពោត និង លោក កែវ វាសនា ជា​កសិករ។ ចំណែក​ប្រពន្ធ​លោក កែវ វាសនា លោកស្រី ដន ឌី សមត្ថកិច្ច​ដោះលែង​ឱ្យ​មាន​សេរីភាព វិញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​១២ កក្កដា។

ម្ចាស់​សៃឡូ ឬ​កន្លែង​ប្រមូល​ទិញ​ពោត ជា​ឪពុក​របស់​លោក ហ៊ឹម ចាន​គ្រឹះស្នា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថ្ងៃ​១២ កក្កដា ថា លោក​មិនទាន់​ដឹង​ថា ចោទប្រកាន់​កូនប្រុស​របស់​លោក ពី​បទ​អ្វី​នោះ​ឡើយ។ លោក​លើកឡើង​ថា កូន​របស់​លោក​មិន​បាន​ប្រព្រឹត្តិ​ខុសច្បាប់​អ្វី​ឡើយ ។ លោក​បញ្ជាក់​ថា រថយន្ត​ដឹក​ពោត​របស់​ជនជាតិ​ថៃ ដែល​ត្រូវ​បាន​សមត្ថកិច្ច និង​ក្រុមការងារ​ជញ្ជីង​ចល័ត​ចាប់​នោះ មិនមែន​ជា​របស់​លោក​ឡើយ៖ «គេ​អត់​ទាន់​បញ្ជូន​ទេ​បង គេ​ថា​បញ្ជូន​ថ្ងៃនេះ ឥឡូវ​ខ្ញុំ​កំពុង​រង់ចាំ​ដែរ​បង ។ គេ​ចោទ​កូន​ខ្ញុំ​យ៉ាងម៉េចៗ ក៏​ខ្ញុំ​មិនទាន់​ដឹង​អ៊ីចឹង​ណា​បង អត់​មាន​អ្នកណាម្នាក់​ប្រាប់​យើង​អ៊ីចឹង​ហាស់ ឥឡូវ​បាន​តែ​រង់ចាំ​មើល ។ ខ្ញុំ​កំពុង​ចាំ​មើល​សំណុំ​បែប​បទ សំណុំរឿង​ហ្នឹង តើ​គេ​ចោទ​កូន​ខ្ញុំ​ទៅជា​យ៉ាងម៉េច អី​ម៉េច ? ព្រោះ​កូន​ខ្ញុំ​គ្នា​នៅ​ក្មេង​ណាស់ ហើយគ្នា​ក៏​គ្មាន​បំណង​ដែរ គ្នា​ដោយ​ខ្វះ​ការចេះដឹង គ្នា​ឡាយ​គ្នា​អី​លេង អ៊ីចឹង​គ្នា​មិនមែន​ជា​អ្នក​កៀរគរ មិនមែន​ជា​អ្នក​ញុះញង់​ទេ តើ​ច្បាប់​ត្រូវ​កាត់​ទោស​គ្នា​យ៉ាងម៉េច ខ្ញុំ​ក៏​ចាំ​មើល​អ៊ីចឹង​ណា​បង»។

លោក​សំណូមពរ​ដល់​សាលាដំបូង​ខេត្ត​បាត់ដំបង ឱ្យ​ដោះលែង​កូនប្រុស​របស់​លោក។ លោក​ក៏​សំណូមពរ​ឱ្យ​មន្ត្រី​នៃ​ក្រុម​ជញ្ជីង​ចល័ត បន្ធូរបន្ថយ​ការ​ត្រួតពិនិត្យ​មួយ​រយៈ ដើម្បី​ឱ្យ​កសិករ​ប្រមូល​ផល​ពោត​រួចរាល់​សិន ព្រោះ​កសិករ​ទើបតែ​រងគ្រោះ​ព្រោះ​វិបត្តិ​កូវីដ​-១៩ មិន​ទាន់​បញ្ចប់ ស្រប​ពេល​មាន​ភ្លៀង​ខ្លាំង​បន្តបន្ទាប់​ធ្វើ​ឱ្យ​ដំឡូង​រលួយ​អស់ ឥឡូវ​ទើប​បាន​ប្រមូល​ផល​ពោត ដែល​កសិករ​គិត​ថា​បាន​តម្លៃ​ខ្ពស់​អាច​ទប់ទល់ និង​ដោះស្រាយ​បំណុល​ធនាគារ​បាន។

ពាក់ព័ន្ធ​ករណីនេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង ព្រះរាជអាជ្ញា កែវ សុជាតិ ស្នងការរង​នគរបាល​ខេត្ត​បាត់ដំបង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ លោក លឹម ពុទ្ធីឡា និង​នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតស្រាល លោក ឈឿន គឹមសុង ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​១២ កក្កដា ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។ ប៉ុន្តែ​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្ត​បាត់ដំបង លោក កែវ សុជាតិ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ហ្វ្រេសញូវ (Fresh News) អាជ្ញាធរ​បាន​បញ្ចប់​ការ​សាកសួរ​ពលរដ្ឋ​ ៤​នាក់ ដែល​ប៉ូលិស​ចាប់ខ្លួន​នោះ​ហើយ តែ​ត្រូវ​បញ្ជូន​បន្ត​ចំនួន ៣​នាក់ ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង។ លោក​បន្ត​ថា ម្នាក់​ដែល​ត្រូវ​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​នោះ ឈ្មោះ ដន ឌី រស់​នៅ​ឃុំ​ពេជ្រចិន្តា ស្រុក​ភ្នំព្រឹក។

កន្លងមក​ព្រះរាជអាជ្ញា កែវ សុជាតិ ក៏​ធ្លាប់​ចេញ​ដីកា​ចាប់ខ្លួន​អ្នក​សារព័ត៌មាន​គេហទំព័រ​កម្ពុជា​រាល់ថ្ងៃ គឺ​លោក សុខ សារ៉ាន់ ដែល​ធ្វើ​ការ​ឡាយ​ហ្វេសបុក (Facebook) ដោយ​ចោទ​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ ព្រោះ​លោក សុខ សារ៉ាន់ បាន​ទៅ​យក​ព័ត៌មាន​ពលរដ្ឋ​តវ៉ា​នៅ​តំបន់៣ ​ព្រៃ​លិច​ទឹក ស្ថិតនៅ​ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង កាល​ពី​ដើម​ខែ​មករាកន្លង​ទៅ និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ៦​ខែ អនុវត្ត​ទោស​ ៥​ខែ ហើយ​ទោស​នៅសល់​ត្រូវ​បាន​ព្យួរ​ទោស។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​សមាគម​កា​រពារ​សិទ្ធិមនុស្ស​អាដហុក ខេត្តបាត់ដំបង លោក យិន ម៉េង​លី ប្រាប់​អាស៊ីសេរី ថា ការ​ដឹក​លើស​ទម្ងន់ មិនមែន ទើបតែ​ពេលនេះ​ទេ គឺ​រាល់​រដូវ​ប្រមូល​ផល រថយន្ត​ថៃ​តែងតែ​ចូល មក​ដឹកជញ្ជូន​កសិផល​ទៅ​លក់​នៅ​ប្រទេស​ថៃ ។ លោក​បន្ត​ថា ហេតុអ្វី​ការ​ដឹក​ជញ្ជូន​ពីមុនៗ​មក គ្មាន​វិធានការ​ត្រួតពិនិត្យ​របស់​ក្រសួង​ពាក់ព័ន្ធ​ក្រុម​ជញ្ជីង​ចល័ត បែរ​ជា​ពេល​ប្រមូល​ផល​ទើប​មានការ​ត្រួតពិនិត្យ។ លោក យិន ម៉េងលី លើកឡើង​ថា អាជ្ញាធរ​ចាប់ខ្លួន​អ្នក​សារព័ត៌មាន​ចុះ​យក​ព័ត៌មាន​នៅ​ពេល​មាន​បញ្ហា​កើតឡើង ទៅ​តាម​ក្រមសីលធម៌ វិជ្ជាជីវៈ គឺជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ៖ «មន្ទីរ​សាធារណការ​ដែល​ជា​សេនាធិការ ថ្នាក់​ក្រោយ​ជាតិ លោក​ធ្វើ​អី​បាន​ចាំបាច់​ពីលើ​មក ធ្វើ​អី​តិច​ក៏​យើង ចាំបាច់​តែ​ថ្នាក់​ជាតិ​ស្អែក ថ្នាក់​ជាតិ​បញ្ជា​មក​បាន​ធ្វើ យើង​មិន​​​ចាំបាច់​ឱ្យ​មាន​នូវ​ថ្នាក់ក្រោម​ជាតិ​ទេ អ្វីៗ​យើង​ទុក​ឱ្យ​នៅ​លើ​តែ​ថ្នាក់​ជាតិ​ទាំងអស់​ទៅ អាហ្នឹង​វា​ចូល​ទៅ​របៀប​វិមជ្ឈការ វា​ចូល​ជា​មជ្ឈការ ។ ទី​២ បើសិនជា​អ្នក​សារព័ត៌មាន​ហ្នឹង​គាត់​មិន​ទៅ​ឡាយ គាត់​មិន​ចុះទៅ​រក​ព័ត៌មាន​ដល់​កន្លែង​កើត​ហេតុ​ទេ ធ្វើ​ម៉េច​បាន​យក​បាន​ព័ត៌មាន​ពិត ឬក៏​សារ​ព័ត៌មាន​ហ្នឹង​នៅ​អង្គុយ​នៅ​ការិយាល័យ ចាំ​ឱ្យ​អាជ្ញាធរ​បាញ់​ព័ត៌មាន​ឱ្យ ចាំ​ឱ្យ​សមត្ថកិច្ច​បាញ់​ព័ត៌មាន​ឱ្យ ហើយ​សារ​ព័ត៌មាន​គាត់​ផ្សាយ​តាម តែ​អាហ្នឹង​ជា​ព័ត៌មាន​ពិត​ទេ អ៊ីចឹង​តួនាទី​របស់​អ្នក​សារ​ព័ត៌មាន គឺ​គាត់​ចុះ​ទៅដល់​កន្លែង​កើតហេតុ ដើម្បី​ស្វែងរក​ព័ត៌មាន​ពិត ស្វែងរក​ការពិត ដើម្បី​យក​មក​ធ្វើការ​ផ្សព្វផ្សាយ»។

លោក យិន ម៉េងលី បន្ថែម​ថា រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​មាន​ផែនការ​យុទ្ធសាស្ត្រ​ច្បាស់លាស់ ស្វែងរក​ទីផ្សារ​លក់​កសិផល និង​បង្កើត​រោងចក្រ​សំរាប់​កែច្នៃ​កសិផល ដើម្បី​ជួយ​លើក​កម្ពស់​ដល់​ជីវភាព​កសិករ។

សមត្ថកិច្ច​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បាន​ចាប់ខ្លួន ប្រជាពលរដ្ឋ​៤​នាក់ ដើម្បី​សាកសួរ ពាក់ព័ន្ធ​ការ​ឡាយ​ហ្វេសប៊ុក កៀរគរ​ពលរដ្ឋ​មក​តវ៉ា លើ​ការ​ហាមឃាត់​ក្រុម​ជញ្ជីង​ចល័ត​ចាប់​ឡាន​ដឹក​ពោត​របស់​កសិករ​ទៅ​លក់​នៅ​ប្រទេស​ថៃ ។ ពលរដ្ឋ​មើល​ឃើញ​ថា មូលហេតុ​ដែល​តម្លៃ​ពោត​ចុះថោក និង​គ្មាន​អ្នកទិញ គឺ​មកពី​សមត្ថកិច្ច បន្ត​ដាក់​ជញ្ជីង​ចល័ត​។ កសិករ​បាន​នាំ​គ្នា​តវ៉ា​ទាមទារ​ឱ្យ​សមត្ថកិច្ច​បញ្ឈប់​ការ​ដាក់​ជញ្ជីង​ចល័ត​ត្រួត​ពិន​និត្យ​រថយន្ត​ដឹក​ពោត​របស់​កសិករ​កាល​ពី​យប់​ថ្ងៃទី​៩ កក្កដា និង​ព្រឹក​ថ្ងៃ​១០ កក្កដា ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។