មន្ត្រី​សង្គម​ស៊ីវិល ស្នើ​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ចុះ​អប់រំ​ប្រជាពលរដ្ឋ ដើម្បី​ទប់​ស្កាត់​កុំ​ឱ្យ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ប្រទេស​ជិត​ខាង

ដោយ ហេង រស្មី
2021-06-09
Share
មន្ត្រី​សង្គម​ស៊ីវិល ស្នើ​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ចុះ​អប់រំ​ប្រជាពលរដ្ឋ ដើម្បី​ទប់​ស្កាត់​កុំ​ឱ្យ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ប្រទេស​ជិត​ខាង នគរបាល​ការពារ​ព្រំដែន​នៅ​ប៉ុស្តិ៍សង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ​ឃាត់​ខ្លួន​មេខ្យល់​ម្នាក់ ដែលនាំ​ពលករ​​ទាំង ១៥នាក់ ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ នៅ​ថ្ងៃ​ទី៩ ខែមិថុនា ឆ្នាំ២០២១។
រូប៖ គេហទំព័រនគរបាល​ជាតិ

អ្នក​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ស្នើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​បន្ត​ចុះ​អប់រំ​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ ដើម្បី​ទប់​ស្កាត់​ការ​នាំ​ពលករ​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ទៅ​ក្រៅ​ប្រទេស។

លោក​បន្ត​ថា ពលករ​ខ្មែរ ដែល​មាន​ជីវភាព​លំបាក នៅ​តែ​បន្ត​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ បើ​ទោះ​បី​ជា​ពួក​គាត់​ដឹង​ថា មាន​គ្រោះ​ថ្នាក់ និង​ប្រឈម​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ក៏​ដោយ។ លោក​ថា ប្រសិន​បើ​អាជ្ញាធរ​មូលដ្ឋាន​ ចុះ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ពី​បញ្ហា​ទាំង​នេះ​ ប្រហែល​ជា​អាច​ទប់ស្កាត់​ការ​ឆ្លង​ដែន​បាន​ខ្លះ​ដែរ៖ «អ្វី​ដែល​សំខាន់​ពី​មុន​មក​ឃើញ​ខាង​អង្គការ​សង្គម​ស៊ីវិល​ ក្រសួង​កិច្ច​ការ​នារី​ និង​មន្ត្រី​រដ្ឋាភិបាល​ចុះ​ទៅ​ណែនាំ។ ប៉ុន្តែ​កន្លង​មក​ដល់​សម័យ​កូវីដ​ នេះ​អត់​មាន​ការ​ណែនាំ​អ្វី​ទេ​ ឱ្យ​តែ​ឆ្លង​ដែន​គឺ​ចាប់​តែ​ម្ដង។ ពីមុន​មក​រក​ឃើញ​ពាក់​ព័ន្ធ​ អ្នក​ដែល​មេខ្យល់​នាំ​ឆ្លងដែន​ គឺ​ពិបាក​រក​ណាស់។​ មូលហេតុ​អ្វី​ គឺ​ដោយ​សារ​អ្នក​ដែន​នាំ​ឆ្លងដែន​ នៅ​កន្លែង​ហ្នឹង​មាន​ខាង​យោធា​ បោះតង់​ជួយ​មើល​ផ្លូវ​ទៀត»

សមត្ថកិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ នៅ​ថ្ងៃ​ទី៩ មិថុនា បាន​ឃាត់​ខ្លួន​មេខ្យល់​ម្នាក់​ទៀត​ក្រោយ​ពី​បាន​នាំ​ពលករ​ចំនួន ១៥នាក់ ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ តាម​ច្រក​ព្រំដែន​ស្រុក​ ម៉ាឡៃ ខេត្ត​បន្ទាយ​មានជ័យ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង មេបញ្ជាការ​វេរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក ៨១៥ លោក​ សួង សៅ បាន​ទេ ដោយ​ទូរស័ព្ទ​ហៅ​ចូល​ហើយ តែ​លោក​និយាយ​ថា ស្ដាប់​មិន​ឮ។ ចំណែក​ស្នងការ​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ លោក សិទ្ធិ ឡោះ ថា លោក​កំពុង​ស្រាវជ្រាវ​ករណី​នេះ​សិន។

តុលាការ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ខែ​ឧសភា បាន​សម្រេច​ឃុំ​ខ្លួន​មេខ្យល់ ៣នាក់ នៅ​ក្នុង​ពន្ធនាគារ​ខេត្ត បន្ទាប់​ពី​សមត្ថកិច្ច​ចាប់ខ្លួន​បាន​កាលពី​យប់​ថ្ងៃ​ទី២២ ឧសភា នៅ​សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត ក្នុង​ពេល​ដែល​ពួក​គេ​កំពុង នាំ​ពលករ​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ចំនួន ១០នាក់​ទៅ​ប្រទេស​ថៃ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល