សមត្ថកិច្ច​ចាប់​ខ្លួន​ជនជាតិ​ចិន​ម្នាក់​ពាក់ព័ន្ធ​បាញ់​សម្លាប់​ជនជាតិ​ចិន​ដូច​គ្នា​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ

ហេង រស្មី
2021-01-21
Share
សមត្ថកិច្ច​ចាប់​ខ្លួន​ជនជាតិ​ចិន​ម្នាក់​ពាក់ព័ន្ធ​បាញ់​សម្លាប់​ជនជាតិ​ចិន​ដូច​គ្នា​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ រថយន្ត​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​រក្សា​ទុក​ជា​ភស្តុតាង​បន្ទាប់​ពី​ហេតុការណ៍​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​​២១មករា​ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។
រូបថត៖​ ពី​គេហទំព័រ​ហ្វេសប៊ុក

សមត្ថកិច្ច​ចាប់​ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់​ព័ន្ធ​នឹង​ករណី​ឃាតកម្ម​បាញ់​សម្លាប់​ជនជាតិ​ចិន​ម្នាក់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​។ សមត្ថកិច្ច​ឱ្យ​ដឹង​ថា​​ ​ជនសង្ស័យ​ និង​ជនរងគ្រោះ​ជា​មនុស្ស​ធ្លាប់​ស្គាល់​គ្នា​ពី​មុន​មក​ប៉ុន្តែ​បដិសេធ​ផ្ដល់​ព័ត៌មាន​លំអិត​។​

​លោក​ ឆាយ គឹមឃឿន​ អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ ឱ្យ​ដឹង​ថា​ សមត្ថកិច្ច​ជឿ​ជាក់​ថា​ មាន​ជនសង្ស័យ​បន្ថែម​ទៀត​ជាប់​ពាក់​ព័ន្ធ​ ក្នុង​ករណី​បាញ់​សម្លាប់​ជនរងគ្រោះ៖​«​ យើង​មិន​ទាន់​បញ្ជាក់​បាន​ថា​​ មូលហេតុ​មក​ពី​អ្វី​នៅ​ឡើយ​ទេ​ ដោយ​សារ​ស្ថិត​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​។​ ប៉ុន្តែ​យើង​មក​ដល់​ពេល​នេះ​ចាប់​បាន​ក្រុម​ជន​ដៃ​ដល់​ម្នាក់​ និង​នៅ​មួយ​ចំនួន​ទៀត​យើង​កំពុង​ស្រាវជ្រាវ​តាម​ចាប់​ខ្លួន។»

ជនរងគ្រោះ​ជា ជាតិ​ចិន​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ បាញ់​សម្លាប់​ កាល​ពី​ថ្ងៃ​ទី​ ២១​ មករា​ កន្លង​ទៅ​នេះ​ នៅ​ពី​មុខ​កាស៊ីណូ​ មួយ​កន្លែង​ ​ក្នុង​សង្កាត់​លេខ​៣​ ខេត្ត​ព្រះសីហនុ។​

​​​​ស្នង​ការ​នគរ​បាល​ខេត្ត​ព្រះសីហនុ​លោក​ ជួន ណារិន​ បញ្ជាក់​ថា​ សមត្ថកិច្ច​បាន​កំណត់​មុខ​សញ្ញា​អស់​ហើយ​ៗ​​អាច​នឹង​ឈាន​ដល់​ការ​ចាប់​ខ្លួន​ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ៖«​ ឥឡូវ​នេះ​យើង​មិន​ទាន់​ដឹង​ថា​ កើត​ចេញ​ពី​រឿង​អ្វី​ទេ​។ ប៉ុន្តែ​យើង​កំពុង​ប្រតិបត្តិការ​ ដើម្បី​បង្ក្រាប​ជនសង្ស័យ។ ជន​រង​គ្រោះ​គឺ​ស្លាប់​ ប៉ុន្តែ​យើង​បាន​ផ្ដើម​ពី​ដំបូង​គឺ​ការ​សង្ស័យ​របស់​សមត្ថកិច្ច​ពាក់​ព័ន្ធ​ទំនាស់​គំនុំ​ រឿង​អ្វី​មួយ។»​​

​ពាក់​ព័ន្ធ​នឹង​រឿង​ ជនជាតិ​ចិន​នេះ​​ផង​ដែរ​ តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​ចិន​ម្នាក់​ពី​បទ​បង្ខាំង​មនុស្ស​ខុស​ច្បាប់​ លើ​ពលរដ្ឋ​ខ្មែរ​​ម្នាក់​នៅ​ក្នុង​សង្កាត់​បឹង​កេងកង​ទី១​ ខណ្ឌ​បឹង​កេងកង​ ក្រុង​ភ្នំពេញ។

ជនរងគ្រោះ​ឈ្មោះ​ ហាក់ បញ្ញាកា​ អាយុ​៣៤​ឆ្នាំ​ ពលរដ្ឋ​ខ្មែរ​រស់​នៅ​សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិសែនជ័យ​ ជា​មន្ត្រី​រាជការ​នៅ​ក្រសួង​ដែន​ដី​ ត្រូវ​បាន​ជនជាតិ​ចិន​ម្នាក់​ ចាប់​បង្ខាំង​ទុក​នៅ​ក្នុង​ផ្ទះ​របស់​ជន​ជាតិ​ចិន​ស្នាក់​នៅ​ក្នុង​ខណ្ឌ​បឹង​កេងកង។

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា​ ដើម​ហេតុ​ដែល​នាំ​ទៅ​រក​ចាប់​មនុស្ស​បង្ខាំង​ខុស​ច្បាប់​នេះ​ គឺ​បាន​កើត​មាន​ឡើង​ដោយ​សារ​តែ​ជនរងគ្រោះ​បាន​ជួល​រថយន្ត​ឱ្យ​ជនជាតិ​ចិន​ជិះ​។​ ក្នុង​អំឡុង​ពេល​កំពុង​ចុះ​កិច្ច​ព្រមព្រៀង​ជួយ​រថយន្ត​នោះ​មិន​ទាន់​ត្រូវ​រ៉ូវ​គ្នា​ផង​ ជនសង្ស័យ​បាន​ចាប់​ម្ចាស់​រថយន្ត​បង្ខាំង​ទុក​ក្នុង​ផ្ទះ​ដើម្បី​បង្ខំ​ទារ​ប្រាក់​ចំនួន​ ៦០០​ ដុល្លារ​ ទើប​អនុញ្ញាត​ឱ្យ​ជនរងគ្រោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ។​

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា​ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​ជនជាតិ​ចិន​ពីរ​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​បន្ទាប់​ពី​ជនរងគ្រោះ​បាន​ដាក់​ពាក្យ​បណ្ដឹង​។​​ ចំណែក​ឯ​ជនសង្ស័យ​ម្នាក់​ទៀត​បាន​គេច​ខ្លួន​បាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល