សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីឃាតកម្មបាញ់សម្លាប់ជនជាតិចិនម្នាក់នៅក្នុងខេត្តព្រះសីហនុ។ សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យ និងជនរងគ្រោះជាមនុស្សធ្លាប់ស្គាល់គ្នាពីមុនមកប៉ុន្តែបដិសេធផ្ដល់ព័ត៌មានលំអិត។
លោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ឱ្យដឹងថា សមត្ថកិច្ចជឿជាក់ថា មានជនសង្ស័យបន្ថែមទៀតជាប់ពាក់ព័ន្ធ ក្នុងករណីបាញ់សម្លាប់ជនរងគ្រោះ៖« យើងមិនទាន់បញ្ជាក់បានថា មូលហេតុមកពីអ្វីនៅឡើយទេ ដោយសារស្ថិតនៅក្នុងការស៊ើបអង្កេត។ ប៉ុន្តែយើងមកដល់ពេលនេះចាប់បានក្រុមជនដៃដល់ម្នាក់ និងនៅមួយចំនួនទៀតយើងកំពុងស្រាវជ្រាវតាមចាប់ខ្លួន។»
ជនរងគ្រោះជា ជាតិចិនម្នាក់ត្រូវបានជនមិនស្គាល់មុខ បាញ់សម្លាប់ កាលពីថ្ងៃទី ២១ មករា កន្លងទៅនេះ នៅពីមុខកាស៊ីណូ មួយកន្លែង ក្នុងសង្កាត់លេខ៣ ខេត្តព្រះសីហនុ។
ស្នងការនគរបាលខេត្តព្រះសីហនុលោក ជួន ណារិន បញ្ជាក់ថា សមត្ថកិច្ចបានកំណត់មុខសញ្ញាអស់ហើយៗអាចនឹងឈានដល់ការចាប់ខ្លួនក្នុងពេលឆាប់ខាងមុខនេះ៖« ឥឡូវនេះយើងមិនទាន់ដឹងថា កើតចេញពីរឿងអ្វីទេ។ ប៉ុន្តែយើងកំពុងប្រតិបត្តិការ ដើម្បីបង្ក្រាបជនសង្ស័យ។ ជនរងគ្រោះគឺស្លាប់ ប៉ុន្តែយើងបានផ្ដើមពីដំបូងគឺការសង្ស័យរបស់សមត្ថកិច្ចពាក់ព័ន្ធទំនាស់គំនុំ រឿងអ្វីមួយ។»
ពាក់ព័ន្ធនឹងរឿង ជនជាតិចិននេះផងដែរ តុលាការក្រុងភ្នំពេញបានសម្រេចឃុំខ្លួនជនជាតិចិនម្នាក់ពីបទបង្ខាំងមនុស្សខុសច្បាប់ លើពលរដ្ឋខ្មែរម្នាក់នៅក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។
ជនរងគ្រោះឈ្មោះ ហាក់ បញ្ញាកា អាយុ៣៤ឆ្នាំ ពលរដ្ឋខ្មែររស់នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ជាមន្ត្រីរាជការនៅក្រសួងដែនដី ត្រូវបានជនជាតិចិនម្នាក់ ចាប់បង្ខាំងទុកនៅក្នុងផ្ទះរបស់ជនជាតិចិនស្នាក់នៅក្នុងខណ្ឌបឹងកេងកង។
សមត្ថកិច្ចបានឱ្យដឹងថា ដើមហេតុដែលនាំទៅរកចាប់មនុស្សបង្ខាំងខុសច្បាប់នេះ គឺបានកើតមានឡើងដោយសារតែជនរងគ្រោះបានជួលរថយន្តឱ្យជនជាតិចិនជិះ។ ក្នុងអំឡុងពេលកំពុងចុះកិច្ចព្រមព្រៀងជួយរថយន្តនោះមិនទាន់ត្រូវរ៉ូវគ្នាផង ជនសង្ស័យបានចាប់ម្ចាស់រថយន្តបង្ខាំងទុកក្នុងផ្ទះដើម្បីបង្ខំទារប្រាក់ចំនួន ៦០០ ដុល្លារ ទើបអនុញ្ញាតឱ្យជនរងគ្រោះត្រឡប់ទៅផ្ទះវិញ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យម្នាក់ក្នុងចំណោមជនជាតិចិនពីរនាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបានបន្ទាប់ពីជនរងគ្រោះបានដាក់ពាក្យបណ្ដឹង។ ចំណែកឯជនសង្ស័យម្នាក់ទៀតបានគេចខ្លួនបាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។