សមត្ថកិច្ច​រក​ឃើញ​សព​ពលរដ្ឋ​ម្នាក់​ទៀត​ដែល​ថ្ម​ភ្នំ​បាក់​សង្កត់​ស្លាប់​នៅ​ខេត្ត​ប៉ៃលិន

ដោយ ហ៊ុំ ចំរើន
2016-11-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គ្រឿងចក្រ​កាយ​រក​សាកសព​ពលរដ្ឋ​ដែល​ត្រូវ​ថ្ម​ភ្នំ​បាក់​សង្កត់​លើ នៅ​ភូមិ​ដីក្រហម សង្កាត់​អូរតាវ៉ៅ ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo Provided
គ្រឿងចក្រ​កាយ​រក​សាកសព​ពលរដ្ឋ​ដែល​ត្រូវ​ថ្ម​ភ្នំ​បាក់​សង្កត់​លើ នៅ​ភូមិ​ដីក្រហម សង្កាត់​អូរតាវ៉ៅ ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo Provided
Photo Provided

ថ្ម​ភ្នំ​បាក់​សង្កត់​ពលរដ្ឋ ២​នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង និង​ខូច​អេស្កាវាទ័រ​មួយ​គ្រឿង និង​ឡាន​ដឹក​ដី​មួយ​គ្រឿង នៅ​ភូមិ​ដីក្រហម សង្កាត់​អូរតាវ៉ៅ ក្រុង​ប៉ៃលិន កាល​ពី​រសៀល​ថ្ងៃ​ទី​២៦ វិច្ឆិកា។ នៅ​យប់​កើត​ហេតុ សមត្ថកិច្ច​ខេត្ត​ប៉ៃលិន ចុះ​ទៅ​ត្រួត​ពិនិត្យ ហើយ​រក​ឃើញ​សព​ម្នាក់​ឈ្មោះ ឆុយ ឆីវ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​ពោធិ៍សាត់ ជា​កម្មករ​បើក​អេស្កាវាទ័រ។ ចំណែក​សព​ម្នាក់​ទៀត​ឈ្មោះ ធី រដ្ឋា ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដីក្រហម សង្កាត់​អូរតាវ៉ៅ ក្រុង​ប៉ៃលិន ដែល​គេ​ទើប​រក​សាកសព​ឃើញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកា ក្រោយ​ពី​កាយ។

អធិការ​នគរបាល​ក្រុង​ប៉ៃលិន លោក លឹម វាសនា មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​២៧ វិច្ឆិកា ថា អ្នក​ទាំង​ពីរ​ត្រូវ​ថ្ម​បាក់​សង្កត់ ដោយ​ម្នាក់​បើក​អេស្កាវាទ័រ​កាយ​ថ្ម​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ថ្ម​ភ្នំ​ឈ្មោះ ឈុន ឆាង និង​ម្នាក់​ទៀត​ជា​អ្នក​ស្រុក​នៅ​ក្បែរ​នោះ​ទៅ​អង្គុយ​មើល​គេ​កាយ​ថ្ម ហើយ​ក៏​ត្រូវ​ថ្ម​បាក់​សង្កត់​ស្លាប់​តែ​ម្ដង៖ «យប់​មិញ​ឯកឧត្ដម​អភិបាល​ខេត្ត និង​លោក​ស្នងការ បាន​ធ្វើ​រក​សព​ផ្ទាល់​រហូត​ដល់​ម៉ោង ១២​យប់ ដោយ​មាន​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត និង​តំណាង​ក្រុមហ៊ុន​វាយ​ថ្ម​ចូលរួម ដើម្បី​ជំរុញ​ឲ្យ​ក្រុមហ៊ុន​នេះ​ធ្វើ​យ៉ាង​ណា​រក​សព​ឲ្យ​ឃើញ។ ក្រោយ​មក​ក៏​រក​សព​ឃើញ​នៅ​ម៉ោង​ប្រមាណ​ជាង ៨​ព្រឹក»

សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ទាំង​ពីរ​ទៅ​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត​រៀងៗ​ខ្លួន កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកា។ លោក លឹម វាសនា បន្ថែម​ថា ម្ចាស់​ក្រុមហ៊ុន​នេះ​ធានា​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូចខាត​ទាំងអស់​ជូន​ដល់​សាច់ញាតិ។ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ថែម​ដើម្បី​ដាក់​បន្ទុក​ឲ្យ​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​បន្ត​ទៀត។

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៦ ថ្ម​ភ្នំ​បាន​បាក់​សង្កត់​មនុស្ស​ស្លាប់ ៣​នាក់ ខណៈ​ពួក​គេ​កំពុង​បើក​អេស្កាវាទ័រ​កាយ​ថ្ម​នៅ​ភ្នំ​ធំ ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល