អាជ្ញាធរ​ខណ្ឌ​ចំការមន​រារាំង​មិន​ឲ្យ​សង់​រោង​បុណ្យ​សព​លោក ប៉ែន សុវណ្ណ នៅ​ក្នុង​វត្ត​ថាន់

0:00 / 0:00

អាជ្ញាធរ​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នាំ​កម្លាំង​សន្តិសុខ​ប្រមាណ ៤០​នាក់​រារាំង​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ សង់​រោង​បុណ្យ​សព​លោក ប៉ែន សុវណ្ណ អតីត​នាយក​រដ្ឋមន្ត្រី​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា នៅ​ក្នុង​វត្ត​នួនមណីរាម ហៅ​វត្ត​ថាន់ រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១ វិច្ឆិកា។

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ម្នាក់​បញ្ជាក់​ថា ការ​រារាំង​នេះ ប្រហែល​ជា​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ព្រួយ​បារម្ភ​ខ្លាច​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​កម្មវិធី​បុណ្យ​ច្រើន។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅ​វត្ត​នួនមណីរាម ហៅ​វត្ត​ថាន់ នា​ខណ្ឌ​ចំការមន ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hum Chamroeun
តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅ​វត្ត​នួនមណីរាម ហៅ​វត្ត​ថាន់ នា​ខណ្ឌ​ចំការមន ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hum Chamroeun (RFA/Hum Chamroeun)

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ មាន​ប្រសាសន៍​ថា កម្លាំង​សន្តិសុខ​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ បាន​បណ្ដេញ​រថយន្ត​ដឹក​សម្ភារៈ​សម្រាប់​សង់​រោង​បុណ្យ​សព​លោក ប៉ែន សុវណ្ណ ប្រមាណ ៣​គ្រឿង ឲ្យ​ចាកចេញ​ពី​វត្ត​នួនមណីរាម ហៅ​វត្ត​ថាន់ ទាំង​បង្ខំ ខណៈ​រថយន្ត​ទាំងនោះ​ចូល​ចត​ក្នុង​វត្ត​ដើម្បី​សង់​រោង​បុណ្យ ក្រោម​ហេតុផល​ពុំ​បាន​សុំ​ច្បាប់​អនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ​ជា​មុន៖ « ចំពោះ​ប្រជាពលរដ្ឋ និង​សកម្មជន គាត់​ហាក់​ដូចជា​ភ្ញាក់​ផ្អើល​ថា​មាន​រឿង​ធំ និង​មាន​ការ​ភ័យ​ខ្លាច ប៉ុន្តែ​តាម​ខ្ញុំ​យល់ ប្រហែល​គេ​ យល់​ថា ​គណបក្ស​សង្គ្រោះ​ជាតិ មុខ​តែ​មក​ជួយ​គ្រួសារ​សព​ក្នុង​ការ​ធ្វើ​បុណ្យ​នេះ​ហើយ ។ ដូច្នេះ​គាត់​ ប្រហែល​ជា ​គាត់​ គិត​ថា ត្រូវ​រក្សា​សុវ ត្ថិ ភាព »

ឆ្លើយតប​នឹង​បញ្ហា​នេះ អភិបាល​ខណ្ឌ​ចំការមន លោក ព្រហ្ម សំខាន់ មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា ករណី​នេះ សមត្ថកិច្ច​នឹង​ដក​កម្លាំង​សន្តិសុខ​ចេញ​វិញ​ភ្លាម ប្រសិន​បើ​អ្នក​រៀបចំ​កម្មវិធី​បុណ្យ​សព​មាន​ច្បាប់​អនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ​ត្រឹមត្រូវ​នោះ៖ « ពីព្រោះ​រឿង​ធ្វើ​រឿង​ធ្វើ​បុណ្យ​ធ្វើ​ទាន ខ្ញុំ​គិត​ថា លិខិត​របស់​រដ្ឋសភា​ដូច​អត់​មាន​ឲ្យ​ធ្វើ​នៅ​វត្ត​ថាន់ គឺ​ឲ្យ​ធ្វើ​នៅ​គេហដ្ឋាន។ អ៊ីចឹង​ទេ ខ្ញុំ​គិត​ថា អត់​ទាន់​មាន​លិខិត​ពី​សាលា​រាជធានី​ភ្នំពេញ ខ្ញុំ​រង់ចាំ​ទទួល​ពី​បញ្ជា​ពី​សាលា​រាជធានី​ភ្នំពេញ បាទ

កម្លាំង​សន្តិសុខ​ខណ្ឌ​ចំការមន មាន​ចំនួន ៣​រថយន្ត ឬ​ស្មើ​នឹង​ប្រមាណ ៤០​នាក់ ដាក់​ប្រចាំ​ការ​ឃ្លាំ​មើល​នៅ​ក្នុង​វត្ត​ថាន់ រហូត​មក​ទល់​ម៉ោង ៦​រសៀល​ថ្ងៃ​ទី​១ វិច្ឆិកា នៅ​ពុំ​ទាន់​ដក​ចេញ​នៅ​ឡើយ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​គ្រប់គ្រង​ការិយាល័យ​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត លើក​ឡើង​ថា ការ​ធ្វើ​បុណ្យ​សព​នៅ​ក្នុង​វត្ត​អារាម ពុំ​ចាំបាច់​សុំ​ច្បាប់​ពី​អាជ្ញាធរ​ឡើយ។ លោក​យល់​ឃើញ​ថា អាជ្ញាធរ​ក្រុង​ភ្នំពេញ​រារាំង​មិន​ឲ្យ​គណបក្ស​ប្រឆាំង​សង់​រោង​បុណ្យ​សព​លោក ប៉ែន សុវណ្ណ នៅ​ក្នុង​វត្ត​ថាន់ ថា​ជា​ករណី​រើសអើង​និន្នាការ​គណបក្ស​នយោបាយ៖ « នេះ​វា​មិន​មែន​ជា​ចេតនា​របស់​មន្ត្រី​រដ្ឋាភិបាល​ថ្នាក់​លើ​ទេ ជួនកាល​ថ្នាក់​ក្រោម​គាត់​ធ្វើ​ហួស​ហេតុ​ពេក ដោយ​ពុំ​ បាន​គិត ហើយ​បើ​យើង​មើល​តែ​ រូបភាព​មិន​បាន ​ជជែក​គ្នា ព្រោះ​នេះ ជា​កម្មវិធី ​បុណ្យ ហើយ​បើ​យើង​និយាយ​ពី​លោក ប៉ែន សុវណ្ណ គឺ​ជា ​សមាជិក​រដ្ឋសភា ដែល​ជា​តំណាង​រាស្ត្រ ​ទូទៅ ហើយ​ មិន​អាច ធ្វើ​បុណ្យ ​បាន​ក្នុង​ទី​វត្ត​ផង ចុះ​ទម្រាំ​ប្រជាពលរដ្ឋ​សាមញ្ញ ទៅ​ជា ​យ៉ាង​ ម៉េច​ វិញ

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា បើ​ទោះ​ជា​អាជ្ញាធរ​ក្រុង​ភ្នំពេញ បញ្ជូន​កម្លាំង​សន្តិសុខ​រារាំង​មិន​ឲ្យ​សង់​រោង​បុណ្យ​ក៏ដោយ ក៏​គណៈកម្មការ​រៀបចំ​កម្មវិធី​បុណ្យ​សព ប្រកាន់​ជំហរ​មិន​បោះបង់​គម្រោង​រៀបចំ​ពិធី​បុណ្យ​សព​លោក ប៉ែន សុវណ្ណ នោះ​ទេ។ លោក ហូរ វ៉ាន់ បន្ថែម​ថា លោក​បាន​ទាក់ទង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ពិធី​បុណ្យ​នេះ​រួច​ហើយ។ លោក​បន្ថែម​ថា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​បុណ្យ​សព​លោក ប៉ែន សុវណ្ណ ចំនួន ៤​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៦ វិច្ឆិកា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។